ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីជាមួយក្រសួងការពារជាតិ ក្នុងខេត្តកណ្តាល នៅរង់ចាំសំណង និងដំណោះស្រាយបន្ទាប់ពីរយៈពេល៦សប្តាហ៍ នៃផ្ទុះអំពើហិង្សា។
ប្រជាពលរដ្ឋមកពី៧ភូមិក្នុងឃុំទួលពេជ្រ ស្រុកអង្គស្នួល បានជាប់គាំងក្នុងជម្លោះជា មួយក្រសួងការពារជាតិជុំវិញដីទំហំ២៨០ហិកតាចាប់តាំងពីចុងឆ្នាំ២០២០ នៅពេល ដែលទាហានចាប់ផ្តើមហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើស្រែចម្ការនៅលើដីនោះ។
កាលពីដើមខែមិថុនា ប្រជាពលរដ្ឋជាង៣០០គ្រួសារបានផ្ទុះការតវ៉ា បន្ទាប់ពីទាហាន បានប្រើគ្រឿងចក្រឈូសឆាយដីនៅតំបន់នោះ។ ជាការឆ្លើយតប ក្រុមទាហាន បានបាញ់ទៅលើក្រុមអ្នកតវ៉ាបណ្តាលឲ្យបុរសម្នាក់រងរបួស។
បន្ទាប់ពីការតវ៉ា អាជ្ញាធរមូលដ្ឋានបានវាស់វែងដី ដោយសន្យាផ្តល់សំណង ដោយបានចេញ ឯកសារទទួលស្គាល់ការកាន់កាប់ដី និងអាស្រ័យផលរបស់អ្នកភូមិចំពោះដីនោះ។ ប៉ុន្តែអ្នកភូមិមិនទាន់ទទួលបានសំណងណាមួយទេ ខណៈអាជ្ញាធរ នៅតែត្រូវបានហាមឃាត់មិន ឱ្យធ្វើស្រែចម្ការនៅលើដីនោះ។
អ្នកស្រី យ៉ាន សុខេម មកពីភូមិអង្គតាសិតបាននិយាយថា អ្នកភូមិមិនបានទទួល ព័ត៌មានថ្មីៗអំពីស្ថានភាពនេះទេ។
អ្នកស្រីបាននិយាយថា៖ «យើងបានពិភាក្សាគ្នារួចហើយថា នឹងទៅសាលាឃុំ ដើម្បីសាកសួរព័ត៌មាននេះ ពីព្រោះអាជ្ញាធរគួរតែពន្លឿនការដោះស្រាយ។ យ៉ាងហោច ណាស់ ពួកគាត់គួរតែជូនដំណឹង ដល់ប្រជាពលរដ្ឋពីពេលវេលាជាក់លាក់មួយថា តើពួកគាត់នឹងទទួលបានសំណងនៅពេលណា»។
អ្នកស្រី បាននិយាយថា នៅពេលអ្នកស្រីទទួលបានសំណង អ្នកស្រីនឹងយកលុយនេះទៅ ទិញដីនៅកន្លែងផ្សេងទៀតសម្រាប់ធ្វើស្រែចម្ការ។
អ្នកស្រីបានបន្ថែមថា៖ «ប្រជាពលរដ្ឋពឹងផ្អែកលើការធ្វើស្រែចម្ការ ប៉ុន្តែឥឡូវនេះយើង មិនអាចធ្វើស្រែបានទេ ខណៈពេលនៅរង់ចាំសំណង។ ឥឡូវដោយសារជំងឺកូវីដ-១៩ គ្រួសារខ្ញុំមានការលំបាកក្នុងការរកប្រាក់ ហើយក៏ត្រូវបង់អង្គការ (ធនាគារ) ទៀត »។
លោក ផាន់ ផាន អនុប្រធានភូមិអង្គតាសិតបានមានប្រសាសន៍ថា នៅក្នុងភូមិ របស់គាត់មានប្រជាពលរដ្ឋតែ៧០គ្រួសារ ដែលកំពុងរង់ចាំសំណងដែល បានសន្យា។
លោកបានមានប្រសាសន៍ថា៖ «អ្នកភូមិតែងតែមកសួរខ្ញុំ [អំពីព័ត៌មានថ្មីៗ] ប៉ុន្តែខ្ញុំក៏មិនដឹងដែរ។ ខ្ញុំបានទៅសួរអាជ្ញាធរឃុំ ប៉ុន្តែពួកគាត់បានប្រាប់ខ្ញុំថា ពួកគាត់ក៏មិនទាន់ទទួលបានព័ត៌មានពីថ្នាក់លើដែរ»។
លោកថា ប្រសិនបើដំណោះស្រាយត្រូវចំណាយពេលយូរ អាជ្ញាធរគួរតែអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើស្រែជាបណ្តោះអាសន្ននៅលើដីនោះ។
លោកបានបន្ថែមថា៖ «ពួកគេមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើស្រែនៅលើដីនោះទេ ប៉ុន្តែពួកគេក៏មិន ទាន់បានផ្តល់ដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋដែរ ហើយឥឡូវនេះ ប្រជាពលរដ្ឋមិនអាចធ្វើអ្វីបានឡើយ។ យើងអំពាវនាវឲ្យអាជ្ញាធរប្រញាប់ ដោះស្រាយបញ្ហានេះ»។
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ទីតាំងដីដែលមានជម្លោះនេះគ្របដណ្តប់ដោយដីស្រែ ព្រៃឫស្សីនិងដើមអាកាស្យារាប់រយហិកតា។ កាលពីចុងឆ្នាំមុន ទាហានបានបោះតង់នៅទីនោះ ហើយបានប្រកាសថា ពលរដ្ឋនៅភូមិទាំងនោះនឹងមិនអាចធ្វើ ស្រែបានទៀតទេ។
អាជ្ញាធរខេត្តបានអះអាងថា ដីដែលពីមុនហៅថា«ចំការបារាំង» គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវបានបម្រុងទុកសម្រាប់ទីតាំងចាក់សំរាមដើម្បីកែច្នៃ និងសម្រាប់ការប្រើប្រាស់របស់យោធា។ តំបន់នេះត្រូវបានគេមើលឃើញថា មានការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស។
អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា គណៈកម្មាធិការអន្តរ ក្រសួងទទួលបន្ទុករកដំណោះស្រាយនោះ មិនទាន់បានជួបប្រជុំ ដើម្បីពិភាក្សា អំពីបញ្ហានេះនៅឡើយទេ។ ប៉ុន្តែលោកបានសន្យាថា បញ្ហានេះនឹងត្រូវបាន ដោះស្រាយឆាប់ៗ។
លោកបានមានប្រសាសន៍ថា៖ «មិនទាន់មានកិច្ចប្រជុំនៅឡើយទេ ប៉ុន្តែអាជ្ញាធរមិនព្រ ងើយកន្តើយចំពោះបញ្ហានេះទេ ពីព្រោះគណៈកម្មាធិការត្រូវការពេលវេលា ដើម្បីពិភាក្សា ហើយឥឡូវ បញ្ហានេះស្ថិតនៅក្រោមការគ្រប់គ្រង។ ជាធម្មតាដីរដ្ឋការផ្ដល់សំណងនឹងផ្អែកលើគោលការណ៍របស់រដ្ឋ»។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ខណៈដំណោះស្រាយអាចត្រូវការពេលវេលាយូរ មន្ត្រីគួរតែធ្វើបច្ចុប្បន្ន ភាពដល់អ្នកដែលរងផលប៉ះពាល់ ដោយផ្តល់ព័ត៌មានច្បាស់លាស់ ដូច្នេះពួកគាត់មានទំនុកចិត្តលើដំណើរការនេះ។
លោកបានមានប្រសាសន៍ថា៖«នៅពេលអាជ្ញាធរគ្រាន់តែទទួលលិខិតស្គាល់ការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ វាមិនមែនជាដំណោះស្រាយចុងក្រោយទេ វាគ្រាន់តែជាការបញ្ជាក់របស់អាជ្ញាធរប៉ុណ្ណោះ ហើយអ្វីដែលសំខាន់គឺថា តើពួកគេនឹងផ្តល់ដំណោះ ស្រាយយ៉ាងដូចម្តេច។ ប្រសិនបើពួកគេអូសបន្លាយពេលផ្តល់ដំណោះស្រាយ បញ្ហានឹងមិនចប់ទេ។ ដំណោះស្រាយគួរតែសមស្របនិងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់ »៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Families affected by land dispute with Defense Ministry still wait for compensation