UPDATES:
ម៉ោង ១១:៤០ យប់៖ ក្រសួងមហាផ្ទៃកម្ពុជាបានឱ្យដឹងថា ប្រជាពលរដ្ឋកើនឡើងដល់ចំនួន ១៧នាក់បានស្លាប់ និង ៧៧នាក់ផ្សេងទៀតរងរបួស គិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃទី១៦ ខែធ្នូ ចាប់តាំងពីការប៉ះទង្គិចគ្នាឡើងវិញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃបានលើកឡើងទៀតថា ជនភៀសសឹកកើនឡើងដល់ចំនួន ១៣១ ៦៧២គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣នាក់ ត្រូវបានភៀសខ្លួន ក្នុងនោះមានស្ត្រី ២២៥ ៥៧២នាក់ និងកុមារ ១៣៤ ៦០២នាក់។
ម៉ោង ៩:៥៧ យប់៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ កងទ័ពថៃ បានបន្តបាញ់ផ្លោងគ្រាប់ ប្រភេទ១៥៥មីលីម៉ែត្រ ចូលតំបន់ស៊ីវិលកម្ពុជា បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរបំផុត ផ្ទះប្រជាពលរដ្ឋ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំងាយប្រហែល ២០គីឡូម៉ែត្រ ពីព្រំដែន។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
ម៉ោង ៥:៤៨ ល្ងាច៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) បានអនុម័តវិធានការពង្រឹងដើម្បីត្រួតពិនិត្យការនាំចូលសាំង និងសម្ភារៈយោធាមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមព័ត៌មានក្នុងស្រុកថៃ។
លោក Chatchai Bangchuad អគ្គលេខាធិការ NSC បានមានប្រសាសន៍ថា កងទ័ពជើងទឹកនឹងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីជូនដំណឹងដល់នាវាថៃដែលចូលទៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ និងធ្វើការជាមួយនាយកដ្ឋានសមុទ្រដើម្បីត្រួតពិនិត្យនាវាដឹកទំនិញថៃដែលធ្វើដំណើរមកកម្ពុជា ដោយធានាថាគ្មានការដឹកជញ្ជូនណាមួយជួយសម្រួលដល់សកម្មភាពហាមឃាត់នោះទេ។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានលើកឡើងពីការព្រួយបារម្ភជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ជុំវិញយោធាថៃដែលបានលើកឡើងថា កំពង់ផែកម្ពុជាអាចត្រូវបានកំណត់ថាជា «ហានិភ័យខ្ពស់» និងការដឹកជញ្ជូនប្រេងឥន្ធនៈត្រូវបានរារាំង។
លោក Casey Barnett ប្រធាន AmCham បានមានប្រសាសន៍ថា៖ «យើងចង់បង្ហាញពីការព្រួយបារម្ភជាបន្ទាន់របស់យើងទាក់ទងនឹងសេចក្តីថ្លែងការណ៍យោធាថៃដែលថា ប្រទេសថៃអាចកំណត់កំពង់ផែកម្ពុជាថាជា «ហានិភ័យខ្ពស់» និងរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត»។
ត្រឹមម៉ោង ៣៖៥០នាទីថ្ងៃទី១៦ ខែធ្នូនេះ ជនភៀសសឹកមានចំនួន ១២៧ ៤៦៩ គ្រួសារស្មើនឹង ៤២៥ ៤៥៣ នាក់ ក្នុងនោះស្ត្រីចំនួន ២១៩ ០៥២ នាក់ និងកុមារចំនួន ១៣១ ២៧០នាក់ ដោយសារការប៉ះទង្គិចរវាងកម្ពុជា និងថៃ។ (យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន)
ម៉ោង ២:៤២ រសៀល៖ យោងតាមក្រសួងអប់រំ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ សិស្សដែលត្រូវបានភៀសខ្លួនប្រមាណ ៦ ៣៨៨នាក់ បានចុះឈ្មោះចូលរៀនជាបណ្ដោះអាសន្ននៅក្នុងស្ថាប័នអប់រំចំនួន ១ ១៦៣ នៅទូទាំងរាជធានីខេត្តចំនួន២០។
ម៉ោង ២:០៣ រសៀល៖ ក្រសួងមហាផ្ទៃបានលើកឡើងថា ចំនួនជនស៊ីវិលស្លាប់នៅក្នុងជម្លោះកម្ពុជា-ថៃ មានចំនួន ១៥នាក់ និង៧៦នាក់ផ្សេងទៀតរងរបួស គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី១៦ ខែធ្នូ ខណៈដែលចំនួនប្រជាជនដែលត្រូវបានភៀសសឹកបានកើនឡើងដល់ជាង ៤២០ ០០០នាក់ ក្នុងនោះមានស្ត្រីចំនួនជិត២២ម៉ឺននាក់ និងកុមារចំនួនជិត១៣ម៉ឺននាក់។
ម៉ោង ១២:៥០ រសៀល៖ ក្រសួងការពារជាតិបានឱ្យដឹងថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងកម្លាំងយោធាថៃបានបន្តការបាញ់ប្រហារលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។
- ម៉ោង ៨:៤៨ ព្រឹក៖ យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។
- ម៉ោង ៩:២៥ ព្រឹក៖ យោធាថៃបានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។
- ម៉ោង ៩:៣០ ព្រឹក៖ រហូតដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើ កម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុក ខ្លាំងនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទី រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។
- ម៉ោង ៨:១៨ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ៩:៤៩ ព្រឹក៖ ម៉ោង ៩:៤៩នាទី រហូតដល់ ១១:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវា ចូលភូមិសាស្ត្រអូរភ្លុកដំរី និងកំពុងបន្តបាញ់ប្រហារនៅឡើយ។
- ម៉ោង ១០: ៥០ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
ក្រសួងការពារជាតិបានគូសបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ នៅគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ម៉ោង ១២:០៤ រសៀល៖ យោងតាមក្រសួងមហាផ្ទៃ បានលើកឡើងថា ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ថៃបានផ្លោងគ្រាប់ចូលតំបន់ស៊ីវិលជាថ្មីទៀត បណ្ដាលឱ្យខូចខាតផ្ទះ និងតូបលក់ដូររបស់ប្រជាពលរដ្ឋ នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំងាយប្រមាណ៣០គីឡូម៉ែត្រពីព្រំដែន។
ម៉ោង ១១:២៤ ព្រឹក៖ យោងតាមក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០ ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។
- ម៉ោង ១:០០ ព្រឹក៖ នៅម៉ោង១រំលងអាធ្រាតយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។
- ម៉ោង ៥:៣០ ព្រឹក៖ យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ៦:០០ ព្រឹក យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី ប្រាសាទតាមាន់ និងថ្មដូន។
- ម៉ោង ៧:២០ ព្រឹក៖ យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់លើរថក្រោះ។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា ដោយគិតចាប់ពីម៉ោង ១៨:00នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។
ម៉ោង ១១:០១ ព្រឹក៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះកម្ពុជា-ថៃ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា យោធាថៃបានវាយប្រហារលើទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់សព្វាវុធ និងសង្គ្រាមផ្លូវចិត្ត។
លោកបានមានប្រសាសន៍ថា យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ដូចជាកាំភ្លើងធំ យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយគ្រាប់បែក និងឧស្ម័នពុល ដោយបន្ថែមថា សង្គ្រាមផ្លូវចិត្តកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា។
លោក ប៉ែន បូណា បានមានប្រសាសន៍ថា៖ «[សង្គ្រាមផ្លូវចិត្ត]នេះមានគ្រោះថ្នាក់ ប្រសិនបើ [ប្រជាពលរដ្ឋ] មិនយល់ និងប្រុងប្រយ័ត្ន ព្រោះវានាំទៅរកអន្ទាក់»។
លោក បូណា បានពន្យល់ថា សង្គ្រាមផ្លូវចិត្តមានគោលបំណងបំបាក់ទឹកចិត្តកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំផ្លាញសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងធ្វើឱ្យប្រទេសចុះខ្សោយ។ លោកបានមានប្រសាសន៍ថា ប្រទេសថៃបានប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន ដូចជាការប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយដែលមានឈ្មោះខ្មែរ ដើម្បីបម្រើគោលបំណងរបស់ពួកគេ។
ជម្លោះតាមព្រំដែនកម្ពុជា-ថៃកំពុងបានឈានដល់ថ្ងៃទី១០ ខណៈដែលកងកម្លាំងយោធាថៃវាយប្រហារមកលើកម្ពុជានៅក្នុងតំបន់យោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា នៅម៉ោងប្រហែល ៧:៣៦ ព្រឹក ថ្ងៃទី១៦ ខែធ្នូ យោធាថៃបានបាញ់ឧស្ម័នពុលចូលទៅក្នុងតំបន់ភូមិព្រៃចាន់ ប៉ុន្តែកន្លែងផ្សេងមានភាពស្ងប់ស្ងាត់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun សង្ឃឹមថា កម្ពុជា និងថៃនឹងមានការអត់ធ្មត់តាមដែលអាចធ្វើទៅបាន ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីបញ្ចប់ការប្រយុទ្ធ និងបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic នៅថ្ងៃទី១៥ ខែធ្នូ បានថ្លែងថា ការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសអំពីស្ថានភាពព្រំដែនប៉ះពាល់ដល់ជនស៊ីវិល ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបញ្ចប់អរិភាពនេះក្នុងពេលឆាប់ៗ។
ចំនួនជនស៊ីវិលស្លាប់នៅក្នុងជម្លោះកម្ពុជា-ថៃ បានកើនឡើងដល់ ១៥នាក់ និង៧៤នាក់ផ្សេងទៀតរងរបួស គិតត្រឹមម៉ោង ៦:០០ ល្ងាចថ្ងៃទី១៥ ខែធ្នូ ខណៈដែលចំនួនប្រជាជនដែលត្រូវបានភៀសសឹកបានកើនឡើងដល់ជាង ៤២០ ០០០នាក់។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Military Fire Toxic Gas at Prey Chan Village As Cambodia-Thailand Border Clashes Continue









