អ្នកធ្វើការងារផ្នែកលើកស្ទួយវិស័យកសិកម្ម និងម្ចាស់ចម្ការមួយចំនួនលើកឡើងថាសកម្មភាពនៃការកាប់រើចម្ការចាស់ហើយដាំដំណាំថ្មីរត់ទៅតាមតម្លៃទីផ្សារនៅតែបន្តកើតមាន ហើយបានធ្វើឱ្យម្ចាស់ចម្ការខាតបង់ ហើយខ្លះធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលធ្ងន់ធ្ងរពីរាប់ម៉ឺនទៅរាប់សែនដុល្លារ និងខ្លះទៀតសម្រេចទុកដីទំនេរចោលហើយរកមុខរបរថ្មីផ្សេងវិញ។ បើទោះជាកសិកម្មត្រូវបានគេចាត់ទុកថា ជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិក៏ដោយ ក៏ហាក់មិនទាន់ឃើញមានវិធានការណាមួយលេចធ្លោក្នុងការដោះស្រាយបញ្ហាដែលកសិករលើកឡើងនេះនៅឡើយ។
អ្នកបច្ចេកទេសបណ្តាញពហុវិស័យ ហេង សុជាតិ បានលើកឡើងថា បច្ចុប្បន្នម្ចាស់ចំការតាង៉ែន ស្វាយចន្ទី ស្វាយកែវល្មៀត ម្រេចជាដើម កំពុងប្រឈមការកាប់រើដំណាំចោលផ្លាស់ទៅរកការដាំដុះដំណាំផ្សេងទៀតដែលពួកគេគិតថាមានតម្លៃសមរម្យ។ លោក សុជាតិបានបន្តថា ការកាប់ដូរមុខដំណាំនេះគឺពួកគាត់ត្រូវចំណាយដើមទុនច្រើនរហូតដល់ធ្លាក់ខ្លួនជំពាក់បំណុលធ្ងន់ធ្ងរ និងខ្លះទៀតលែងមានលទ្ធភាពដាំដុះបន្ត។
លោក សុជាតិ បានមានប្រសាសន៍ថា៖ «ជាទូទៅពួកគាត់ជាប់បំណុលភាគច្រើន។ បំណុលហ្នឹងវាចាប់ពី១ម៉ឺនដុល្លារឡើងទៅ១០ម៉ឺនដុល្លារជាង។ ចឹង១ម៉ឺនដុល្លារសម្រាប់កសិករច្រើនមែនទែន ហើយមានករណីខ្លះ គាត់បង្ខំចិត្តទុកដីហ្នឹងទំនេរចោល»។
លោក សុជាតិ ឱ្យដឹងទៀតថា នៅចុងខែមីនាឆ្នាំ២០២២នេះ លោកបានទៅសិក្សាបញ្ហាកសិករនៅខេត្តបាត់ដំបង និងប៉ៃលិនគឺចម្ការស្វាយ និងតាង៉ែន ដែលកសិករទុកចោលលែងប្រមូលផល និងលែងថែទាំ ខណៈម្ចាស់ចម្ការមួយចំនួនទៀតកំពុងកាប់ដំណាំទាំងនោះចោល។
លោក សុជាតិ បានថ្លែងថា៖ «ស្ថានភាពបច្ចុប្បន្នដោយសារកូវីដហ្នឹងដូចចម្ការស្វាយជាដើមលែងប្រមូលផលហើយ ទុកឱ្យផ្លែជ្រុះចោល។ ថ្មីៗហ្នឹងខ្ញុំទើបមកពីបាត់ដំបង ប៉ៃលិនម្សិលមិញគឺ ចម្ការស្វាយ ហើយនិងតាង៉ែនគឺគាត់ទុកចោល ស្វាយកំពុងផ្តល់ផលពេញហ្នឹង ប៉ុន្តែជ្រុះចោលតែម្តង អត់មានទីផ្សារតែម្តង ខ្លះក៏គាត់ទុកចោល ខ្លះក៏គាត់កាប់ចោល ខ្លះក៏គាត់បង្ខំចិត្តលក់ចម្ការហ្នឹង»។
លោក មឿង មិជ ជាម្ចាស់ចម្ការដំណាំមួយចំនួននៅខេត្តប៉ៃលិន ឱ្យដឹងថា ដំណាំរបស់លោកកាប់ចោលជាបន្តបន្ទាប់ ហើយថ្មីៗនេះលោកកាប់ដើមតាង៉ែន និងស្វាយ ងាកមកដាំល្ហុងវិញ។លោក បន្តថា មូលហេតុនៃការកាប់នេះគឺកាប់ដំណាំដែលមិនមានទីផ្សារ ហើយលោកគិតថា ដាំដំណាំថ្មីប្រហែលមានតម្លៃសមរម្យ។
លោក មឿន មិជ បាននិយាយថា៖ «វាអត់មានតម្លៃ វាថោកពេកចឹងខ្ញុំកាប់ចោលទៅ»។
កសិករវ័យ៥០ឆ្នាំរូបនេះឱ្យដឹងថា តម្លៃស្វាយតែ២០០រៀល និងតាង៉ែន ៨០០រៀលក្នុង១គីឡូគឺមិនត្រឹមតែមិនបានចំណេញទេថែមទាំងខាតបង់ទៀតផង។
លោក មឿន មិជ បានបន្ថែមថា៖ «តាង៉ែនម៉ាគីឡូ ៧០០រៀលទៅ៨០០រៀលហ្នឹង ផ្លែប៉ុនណាណី។ ថោកណាស់មិនរួចទាំងលុយថ្នាំផង។ អ្នកធ្វើខាតគ្រប់គ្នា ក្នុង១ចម្ការ២០០ដើម ខាត៦លាន ទៅ៧លានរៀល»។
ម្ចាស់ចម្ការម្រេចម្នាក់នៅខេត្តត្បូងឃ្មុំអ្នកស្រី រស់ សុខេង ថ្លែងថា ដំបូងឡើយឃើញម្រេចថ្លៃបាន១គីឡូ១៤០០០រៀល។ អ្នកស្រីចាប់ផ្តើមដាំដោយខ្ចីលុយពីបងប្អូន និងធនាគារខ្លះធ្វើដើមទុនបន្ថែមលើលុយផ្ទាល់ខ្លួនសម្រាប់ដាំដុះ។ ប៉ុន្តែអ្នកស្រីថា ពេលដែលម្រេចអ្នកស្រីប្រមូលផលបាននៅអំឡុងឆ្នាំ២០១៨ និង២០១៩ ម្រេចចាប់ផ្តើមធ្លាក់ថ្លៃមកត្រឹម៦០០០រៀលក្នុង១គីឡូ។
អ្នកស្រីបន្តថា ដោយសារបញ្ហាម្រេចធ្លាក់ថ្លៃនេះ រូបគាត់សម្រេចចិត្តរុះរើជន្លង់ម្រេចប្រមាណ២០០០ជន្លង់មកដាំកៅស៊ូបន្តបន្ទាប់វិញ។
ស្ត្រីម្ចាស់ចម្ការរូបនេះបញ្ជាក់ថា រូបគាត់ជួបការលំបាកខ្លាំង ត្រូវដើរស៊ីឈ្នួលតាមចម្ការរបស់គេដើម្បីបានលុយដោះស្រាយជីវភាព ឱ្យកូនរៀន និងបូកផ្សំគ្នាសងបំណុល។
អ្នកស្រី រស់ សុខេង បាននិយាយថា៖ «ឥឡូវស៊ីឈ្នួលគេទាំងអស់គ្នា ដូចថា ដាំបន្លែបន្លុកអីបន្តិចបន្តួច ដើម្បីយកហូបខ្លួនឯងចឹងទៅ ហើយគេហៅទៅកាប់ស្មៅទៅចឹងទៅ បេះម្រេចទៅចឹងទៅ ធ្វើអីក៏ធ្វើដែរ ស៊ីឈ្នួលគេ ឱ្យតែគេហៅ។ មុខរបរទាំងប្តីប្រពន្ធស៊ីឈ្នួលគេដូចគ្នា»។
អ្នកស្រីរស់ សុខេង បន្តថា ជីវិតគាត់ប្រែប្រួលគឺដំបូងឡើយគាត់ជួលគេមកធ្វើការក្នុងចម្ការម្រេចរបស់ខ្លួន ប៉ុន្តែម្រេចចុះថោកហើយវាមានជំងឺងាប់បន្តបន្ទាប់ទៀតធ្វើឱ្យរូបគាត់ផុងខ្លួនជំពាក់បំណុល។
អ្នកស្រីរស់ សុខេង បានបន្ថែមថា៖ «ដំបូងឡើយ ខ្ញុំជួលគេដែរ តាំងពីម្រេចថ្លៃអត់ពិបាកក្នុងអារម្មណ៍ដូចសប្បាយចិត្ត។ ដល់ទទួលម្រេចងាប់ហើយ ខ្ញុំខ្ចីធនាគារដកពីលិចដាក់ទៅកើតខ្ចីពីកើតដាក់ទៅលិច ដំបូងដាំពេញដីគឺ ដី១ហាត់ ដល់ពេលម្រេចងាប់ហើយចុះថោកទៀតចប់តែម្តងខ្ញុំ»។
លោក ជា ត្រង់ ជាពលរដ្ឋម្នាក់នៅខេត្តត្បូងឃ្មុំថ្លែងថា កាលពី១០ឆ្នាំមុន លោកបានកាប់ដើមស្វាយចោលលើដី២ហិកតា ដាំម្រេចវិញដោយសារតែស្វាយថោក។ ប៉ុន្តែលោកថា អំឡុងពេលឆ្នាំ២០២០ និង២០២១ ម្រេចចុះថោកខ្លាំងគឺមួយគីឡូធ្លាក់មកត្រឹម៤០០០រៀល ទៅ៦០០០រៀល។ លោកបន្តថា ការចុះថោកខ្លាំងនេះធ្វើឱ្យរូបគាត់ខាតបង់ច្រើនទោះមិនជំពាក់ធនាគារក៏ខាតបង់លុយផ្ទះ ហើយមិនមានលុយទិញជីដាក់ និងបូមទឹកស្រោចទេ ធ្វើឱ្យផ្លែម្រេចធ្លាក់ដល់ដីអស់ និងមួយចំនួនងាប់។
លោក ជា ត្រង់ បាននិយាយថា៖ «ឆ្នាំទៅខ្ញុំគ្មានលុយស្រោចទឹកក៏ចោលទៅគ្មានផ្លែទេ បើផ្លែមកក៏ជ្រុះអស់ដែរ។ ឆ្នាំទៅថ្លៃ៤០០០ ៥០០០ ឬ ៦០០០ហ្នឹង។ ខាតគឺ ខាតគ្មានចំណេញទេ អស់សង្ឃឹម»។
លោក ជា ត្រង់ ថ្លែងថា ម្ចាស់ចម្ការនៅក្នុងតំបន់លោកនោះស្ទើរគ្រប់គ្នាតែងតែកាប់រើចម្ការ ដូរមុខដំណាំបន្តបន្ទាប់ដេញតាមតម្លៃទីផ្សារ។
លោក ជា ត្រង់ បាននិយាយថា៖ «មានច្រើនណាស់បង និយាយទៅស្ទើរតែទាំងអស់គ្នា មួយភូមិស្ទើរតែទាំងអស់គ្នា»។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោក ម៉ាក នី ថ្លែងថា ចំពោះដំណាំម្រេចជាប្រចាំឆ្នាំនៅទូទាំងប្រទេសផលិតបានប្រមាណ១៧ ០០០តោន ទៅ ២០ ០០០តោន។ លោកបន្តថា គិតចាប់ពីដើមឆ្នាំ២០២២នេះ តម្លៃម្រេចបានឡើងថ្លៃវិញគួរសមគឺ១គីឡូក្រាមបាន១៥០០០រៀល។
លោក ម៉ាក នី បានមានប្រសាសន៍ថា៖ «ឆ្នាំនេះចាប់ពីការប្រមូលផលបានក្នុងរង្វង់១៥០០០រៀល គ្រាន់បើជាងមុន»។
លោក ម៉ាក នី ថ្លែងថា បរិមាណម្រេចឆ្នាំនេះ អាចធ្លាក់ចុះដោយសារតែបញ្ហាអាកាសធាតុ និង បញ្ហាតម្លៃចុះទាបជាងកាលពីឆ្នាំមុនៗដែលនាំឱ្យម្ចាស់ចម្ការមិនប្រឹងថែ។ ប៉ុន្តែថា ឆ្នាំក្រោយៗអាចចំនួននៃការផលិតកើនឡើងវិញដោយសារ តែមានការដាំឡើងវិញច្រើន ហើយម្ចាស់ចម្ការដែលមានម្រេចស្រាប់នោះយកចិត្តទុកដាក់ថែទាំឡើងវិញ។
លោក ម៉ាក នី ថ្លែងថា បញ្ហានៃការកាប់រើដំណាំរត់តាមតម្លៃទីផ្សារហើយនាំឱ្យមានការខាតបង់នោះ លោកថា ដោយសារតែបញ្ហាខ្វះព័ត៌មានពីការដាំដុះ និងទីផ្សារ។ លោកអំពាវនាវឱ្យកសិករ ចងក្រងជាសហគមន៍ ឬ សមាគម ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ទើបការដាំដុះមិនមានការខាតបង់។
លោក ម៉ាក នី បានបន្ថែមថា៖ «ខ្ញុំសំណូមពរដដែលៗធ្វើម៉េចឱ្យគាត់ចងក្រងជាសមាគម សហគមន៍ ហើយប្រឹងប្រែងទាំងអស់គ្នា»។
លោក យ៉ង សាំង កុមារ អ្នកជំនាញកសិកម្ម លើកឡើងថា បញ្ហាកាប់រើចម្ការដំណាំរត់តាមទីផ្សារនេះ ជាបញ្ហាដដែលៗកើតឡើងច្រើនឆ្នាំមកហើយនៅទូទាំងប្រទេស។ លោកបន្តថា បើប្រៀបធៀបប្រទេសនៅក្នុងតំបន់ដូចជា ថៃ និងវៀតណាម គឺកម្ពុជាជួបបញ្ហាកាប់រើចម្ការនេះច្រើនជាងគេ។
លោក យ៉ង សាំង កុមារ បន្តថា ដើម្បីដោះស្រាយបញ្ហានេះ ជំហានដំបូងគឺ ស្ថាប័នជំនាញត្រូវបង្កើនការផ្តល់ព័ត៌មានដល់កសិករ។
លោក យ៉ង សាំង កុមារ បានមានប្រសាសន៍ថា៖ «ទី១ ស្ថាប័នជំនាញគួរជួយផ្តល់ព័ត៌មានទៅគាត់ទាក់ទងតម្រូវការ ទាក់ទងការផលិត ដើម្បីឱ្យកសិករងាយស្រួលក្នុងការសម្រេចចិត្តលើការដាំដុះ។ ទី២ ទាក់ទងផែនការទៅថ្ងៃខាងមុខព្រោះទីផ្សារពិភពលោកមាននិន្នាការរបស់វា កសិករម្នាក់ៗមិនអាចក្តោបព័ត៌មានហ្នឹងបានទេ ចឹងស្ថាប័នជំនាញត្រូវវាយតម្លៃ និងផ្តល់ព័ត៌មានដល់គាត់»។
របាយការណ៍បូកសរុបការងារឆ្នាំ២០២១លើកទិសដៅបន្តឆ្នាំ២០២២របស់ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០២១ ផលិតផលកសិកម្មនាំចេញសរុបបានទឹកប្រាក់១៨ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង៤៣ភាគរយបើប្រៀបធៀបជាមួយឆ្នាំ២០២០។ របាយការណ៍ដដែលបញ្ជាក់ថា ចំនួននេះបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិស្មើនឹង២៤,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្មនេះ លោក យ៉ង សាំង កុមារ កត់សម្គាល់ឃើញថា មិនបានលើកឡើងពីបញ្ហាធំៗដែលកសិករកំពុងជួបប្រទះនោះទេ។
លោក យ៉ង សាំង កុមារ បានមានសប្រសាសន៍ថា៖ «កសិករយើងកំពុងរងគ្រោះដោយសារសំណុំនៃបញ្ហារួមមាន ជី និងប្រេងឡើងថ្លៃ ។ កសិផលខ្វះទីផ្សារ និងតម្លៃទាប បំណុលកាន់តែកាន់កើន ខ្វះសមត្ថភាពរកចំណូលសងបំណុល ខ្វះទឹក ទំនិញ និងសេវាផ្សេងៗឡើងថ្លៃ។ល។»។
លោក យ៉ង សាំង កុមារ ជំរុញ ឱ្យរដ្ឋាភិបាល សិក្សា និងដោះស្រាយបញ្ហាទាំងនេះ ដើម្បីធានាថា កសិករទទួលបានចំណូលពីវិស័យកសិកម្ម។
បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២១ កម្ពុជាមានស្ថានប័នមីក្រូហិរញ្ញវត្ថុចំនួន៧៩ ហើយបានផ្តល់កម្ចីដល់អតិថិជនទឹកប្រាក់ជិត៧ពាន់លានដុល្លារ ក្នុងនោះ កម្ចីលើវិស័យកសិកម្មមានចំនួនជាង១,៣៤ ពាន់លានដុល្លារ ស្នើនឹងប្រមាណ១៩,២ភាគរយ។
ខេមបូចាព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី ដើម្បីសុំការបកស្រាយជុំវិញបញ្ហាកសិករ ដោយលោកទទួលទូរសព្ទស្តាប់សំណួរហើយប្រាប់ឱ្យផ្ញើសំណួរតាមតេឡេក្រាមចាំលោកឆ្លើយតប។ ប៉ុន្តែក្រុមការងារខេមបូចាផ្ញើសំណួរទៅជិត១សប្តាហ៍ហើយមិនមានការឆ្លើយតបទេ។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ថ្លែងថា លោកមិនទទួលបានរបាយការណ៍ពីការកាប់ដំណាំចោលទេ ផ្ទុយទៅវិញលោកថា កសិផលរបស់កម្ពុជាកំពុងមានទីផ្សារល្អពិសេសស្វាយ និងម្រេច។ អ្នកនាំពាក្យរូបនេះយល់ឃើញថា ការលើកឡើងពីការកាប់ដំណាំដោយសារមិនមានទីផ្សារធ្វើឱ្យកសិករខាតបង់នោះគ្រាន់តែជាការផ្សព្វផ្សាយតគ្នាមិនមានព័ត៌មានច្បាស់លាស់។
លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍៖«បាតុភាពការបង្ហោះតាមហ្វេសប៊ុកក្តី តាមបណ្តាញសង្គមក្តី ឬ ពាក្យចរចាមអារាមដែលប្អូនឮក្តីគឺជារឿងដែលមិនមានមូលដ្ឋានពិតប្រាកដច្បាស់លាស់»។
លោក ប៉ែន សុវិជាតិ ក៏ស្នើឱ្យអ្នកមានព័ត៌មានប្រាប់ដល់កសិករកំពុងជួបការលំបាកនេះជួយផ្តល់ព័ត៌មានទៅឱ្យរូបលោកផង។
ជុំវិញបញ្ហាទុកលំបាករបស់កសិករនេះ អ្នកស្រី សែម សុភា ជាសិករនៅក្នុងខេត្តកណ្តាលអះអាង រូបគាត់ និងកសិករផ្សេងទៀតទាំងអ្នកដាំស្វាយ ឬ ធ្វើស្រែកំពុងជួបការលំបាកខ្លាំងដោយសារកសិផលគ្មានទីផ្សារ និងជំពាក់បំណុល។ អ្នកស្រីបន្តថា តំបន់របស់គាត់អ្នកជំពាក់បំណុលស្ទើរ១០០ភាគរយ ប៉ុន្តែមិនដែលឃើញមន្ត្រីពាក់ព័ន្ធណាចុះទៅជួយដោះស្រាយទេ។
អ្នកស្រី សែម សុភា បានលើកឡើងថា៖ «និយាយទៅចេះតែប៉ះពាល់អ្នកធំ គេថា យើងបន្ទោស ហើយបើមិនបន្ទោសម៉េច បើគាត់ជាម៉ែឪយើង ហើយគាត់ធ្វើមើលអត់ឃើញផងហ្នឹង!»។
អ្នកស្រី សុខ ពៅ ជាកសិករនៅខេត្តកណ្តាលមានចម្ការស្វាយ និងធ្វើស្រែ ដាំដុះលើដីជាង១០ហិកតា។ អ្នកស្រីបន្តថា ដោយសារតែបញ្ហាថ្លៃដើម សាំង និងជី ថ្លៃខ្លាំងពេក ហើយតម្លៃកសិផលមិនទៀងទាត់ធ្វើឱ្យគាត់ខាតបង់រាល់ឆ្នាំ។
កសិករវ័យជាង៤០ឆ្នាំរូបនេះ បញ្ជាក់ថា កាលពីដើមឆ្នាំនេះគាត់លក់ដីអស់៣ហិកតា ក្នុងតម្លៃលុយប្រមាណ១០ម៉ឺនដុល្លារ។ អ្នកស្រីបានយកលុយនេះ បង់សងធានាគារបានមួយផ្នែកធំ ហើយនៅសល់ជំពាក់មួយចំនួនទៀត។
អ្នកស្រី សុខ ពៅ បាននិយាយថា៖ «ខ្ញុំលក់ដីអស់៣ហាត់ហើយ លក់យកលុយទៅបង់រដ្ឋ។ យើងធ្វើយើងជំពាក់គេ ហើយបានផលមកសងគេអត់រួច»។
អ្នកស្រីបន្តថា បច្ចុប្បន្ននេះធ្វើស្រូវតែ២ហិកតា ដីខ្លួនឯងទុកទំនេរខ្លះ ហើយដីសាច់ញាតិឱ្យធ្វើដោយមិនគិតឈ្នួលក៏គាត់មិនធ្វើដែរ។ ចំណែកស្វាយវិញអ្នកស្រីថា បានថ្លៃតែមួយគីឡូ១៥០ទៅ២០០រៀលក្នុង១គីឡូ ដូច្នេះរូបគាត់ និងអ្នកភូមិផ្សេងទៀត ទុកចម្ការចោលដោយមិនថែទាំទេ។
កសិករដែលផ្តល់បទសម្ភាសន៍ដល់ក្រុមការងារយើងអះអាងប្រហាក់ប្រហែលគ្នាថា ពួកគាត់ហាក់ទាល់ច្រកហើយ ដោយវិស័យកសិកម្មមិនអាចផ្តល់ចំណូលឱ្យគាត់ចិញ្ចឹមជីវិត ហើយពួកគាត់ក៏មិនមានរបរអ្វីពិតប្រាកដសម្រាប់ជំនួសរបរនេះដែរ៕