សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករតាមខេត្តមួយចំនួនមិនមានដើមទុនដាំដុះឡើងវិញ ក្រោយសត្វល្អិតបំផ្លាញដំណាំ

កសិករម្នាក់កំពុងតែបាញ់ថ្នាំសម្លាប់សត្វរុយសដែលបំផ្លាញស្រូវរបស់គាត់នៅក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)
កសិករម្នាក់កំពុងតែបាញ់ថ្នាំសម្លាប់សត្វរុយសដែលបំផ្លាញស្រូវរបស់គាត់នៅក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

កសិករនៅតាមខេត្តមួយចំនួនអំពាវនាវសុំជំនួយពីរដ្ឋាភិបាលជាគ្រាប់ពូជ ឬដើមទុន ខណៈមួយចំនួនទៀត​ថា ត្រូវបង្ខំចិត្តលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះយកលុយទិញអង្ករទទួលទាន ក្រោយពេលសត្វល្អិតបំផ្លាញដំណាំខូចខាតធ្ងន់ធ្ងរ។

បើតាមកសិករពីបណ្តាខេត្តនានាឱ្យដឹងថា សត្វល្អិតបំផ្លាញដំណាំក្នុងរយៈពេលប្រមាណ១ខែចុងក្រោយនេះមាន៣ប្រភេទ គឺដង្កូវហ្វូងស៊ីពីខាងក្រៅ ដង្កូវមូរស្លឹកស៊ីខាងក្នុង និងរុយក្បាលស។

ស្ត្រីជនជាតិដើមកួយនៅស្រុករវៀងខេត្តព្រះវិហារអ្នកស្រី យឹម សុផាត ឱ្យដឹងថារូបគាត់ និងកូនៗធ្វើស្រែ និងដាំដំឡូងលើដី៥ហិកតា ប៉ុន្តែត្រូវដង្កូវស៊ីអស់ទាំងស្រូវ និងដំឡូងរយៈពេលប្រមាណកន្លះខែមុន។ អ្នកស្រីថា សកម្មភាពដង្កូវនេះហាក់ចម្លែកស៊ីដំណាំលឿនទប់ស្កាត់មិនឈ្នះទេ។

អ្នកស្រី យឹម សុផាត ថ្លែងថា«លោកគ្រូឯងមើលដង្កូវស៊ីស្រូវ ស៊ីដំឡូងអស់រលីង ស៊ីដល់ដីគ្មានសល់សូម្បីតែគ្រាប់ស្រូវក៏អត់សល់ យប់ឡើងដង្កូវហ្វូងហ្នឹងដូចកណ្តៀចឹង កល់ថាស៊ីមួយយប់១ហាត់»

អ្នកស្រីឱ្យដឹងថា ពេលនេះរូបគាត់ និងកូនៗកំពុងជួបការលំបាកច្របល់ក្នុងចិត្តមិនមានលុយសងបំណុល ហើយខ្វះលុយទិញអង្ករសម្រាប់សមាជិកគ្រួសារប្រមាណ១០នាក់រួមទាំងចៅៗនៅក្នុងបន្ទុក៤នាក់ផង។ អ្នកស្រីឱ្យដឹងថា ដើម្បីដោះទាល់រូបគាត់បានយកទូរសព្ទទៅបញ្ចាំបាន៥ម៉ឺនរៀលទិញអង្ករបរិភោគ​បណ្តោះ​​អាសន្នសិន។

អ្នកស្រី យឹម សុផាត ឱ្យដឹងថា៖«យកទូរសព្ទទៅបញ្ចាំទិញអង្ករ បញ្ចាំបានប្រាំម៉ឺនលោកគ្រូ ហើយកូនទៅស៊ីឈ្នួលបាញ់ថ្នាំឱ្យគេបីថ្ងៃបានលុយយកមក ក៏កូនទៅលស់ឱ្យវិញ»

កសិករនៅស្រុករវៀងម្នាក់ទៀត លោក ណាង លីច ឱ្យដឹងថា ស្រូវរបស់លោកខូចអស់ទាំងស្រុងមួយ​​ហិកតា​។ លោកបន្តថា អ្នកភូមិខ្លះព្យាយាមដាំជាលើកទី២ប៉ុន្តែដង្កូវស៊ីអស់ទៀត។

លោ កណាង លីច បន្តថា ពេលនេះរូបលោក និងកសិករផ្សេងទៀត មិនទាន់ដាំដុះបន្តទេ ដោយសារខ្វះពូជ និងលុយចំណាយផ្សេងៗលើដំណើរការដាំដុះ។​

លោក ណាង លីច ថ្លែងថា«នៅមិនទាន់ធ្វើទៀតទេ ដោយសារខាងខ្ញុំនេះ មនុស្សញ៉ាកដោយសារមានពូជតម្រូវតែប៉ុណ្ណឹង និយាយទៅមានស្រូវសម្រាប់ព្រោះអ៊ីចឹងទៅ គាត់ប្រយ័ត្នណាស់ ដូច្នេះឮសូរតែដង្កូវម្នាក់ៗផ្អាករៀងៗខ្លួន អត់មានអ្នកណាធ្វើទេ ដោយសារមន្ត្រីកសិកម្មគេថា បន្តិចទៀតទៅវាញាស់ទៅជាមេអំបៅអស់ ហើយមានភ្លៀងជោគជាំទៅវាមិនអាចបង្កកំណើតទៀតបាន ហើយដល់ពេលអ៊ីចឹងទៅពួកគាត់ក៏ផ្អាកធ្វើទៅ»

កសិករនៅស្រុករមាសហែក ខេត្តស្វាយរៀង អ្នកស្រី ខៀវ សារុន ឱ្យដឹងថា ដង្កូវស៊ីទាំងស្រូវ ទាំងបន្លែ និងដំឡូង។ អ្នកស្រីឱ្យដឹងថា មន្ត្រីកសិកម្មចុះទៅពិនិត្យ និងជួយបាញ់ថ្នាំដែរ ប៉ុន្តែហាក់ទប់ស្កាត់មិនបានទេ។

អ្នកស្រីឱ្យដឹងថា ដំឡូង ស្រូវ និងបន្លែរបស់អ្នកស្រី រងការបំផ្លាញមកកន្លះខែខូចខាតជិតអស់ហើយ។

អ្នកស្រី ខៀវ សារុន ឱ្យដឹងថា៖«មើលទៅប្រហែលមិនបានហូបទេស្រូវឆ្នាំហ្នឹង។ ដង្កូវច្រើនតើលោកគ្រូសឹងថាគ្រប់ស្រែម៉ងហ្នឹងណា រាំងផងអីផងទៅអាចឹងទៀតទៅ មិនដឹងថាមានវិធីសាស្ត្រអីទេលោកគ្រូ»។​

តំណាងសហគមន៍ស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំលោក សែម ចំណាន ឱ្យដឹងថា មួយរយៈមុននេះ ដង្កូវបានស៊ីស្រូវ ដំឡូង បន្លែងផ្សេងៗ រួមទាំងស្លឹកគ្រៃ និងស្មៅ ដែលកសិករកម្រជួបញ្ហាបែបនេះណាស់។ លោកបន្តថា កសិករជួបបញ្ហាខ្វះខាតខ្លាំងព្រោះដាំដុះ២ដងហើយនៅតែខូចខាត។

លោក សែម ចំណាន ឱ្យដឹងថា«វាស៊ីមែន អូ! ស៊ីច្រើនណាស់មិនថាដំឡូង មិនថាស្អីទេ ស្លឹកអីក៏ស៊ីដែរ ស្លឹកស្មៅ ស្លឹកផ្ទី ស្លឹកដំឡូង មើមដំឡូងអីហ្នឹងឱ្យតែនៅលើដីវាស៊ីទាំងអស់ហ្នឹង»។​

ចំណែកឯកសិករនៅតាមស្រុកមួយចំនួននៅខេត្តតាកែវ និងខេត្តកណ្តាលឱ្យដឹងថា ដង្កូវហ្វូងស៊ីដើមខាងក្រៅបានថយចុះវិញហើយ តែបច្ចុប្បន្នកំពុងជួបបញ្ហាដង្កូវមូរស្លឹកស៊ីបណ្តូលខាងក្នុង និងរុយក្បាលស ពិបាកក្នុងការទប់ស្កាត់។

កសិករនៅស្រុកអង្គរបូរីខេត្តតាកែវ លោក រី សំអាត ឱ្យដឹងថា ស្រូវរបស់លោកជាង៣ហិកតា ចំណាយដើមទុនអស់ប្រមាណ១២លានរៀល។ កសិករវ័យជាង៥០ឆ្នាំរូបនេះឱ្យដឹងថា បច្ចុប្បន្នកំពុងជួបបញ្ហារុយក្បាលស និងដង្កូវមូរស្លឹក ទប់ស្កាត់មិនឈ្នះទេ ដែលធ្វើឱ្យស្រូវ និងដំណាំរួមផ្សំនៅតំបន់លោកខូចខាតប្រមាណពី៦០ទៅ៧០ភាគរយ។

លោក រី សំអាត ឱ្យដឹងថា៖«សំខាន់អាដង្កូវចោះដើម និងមូរស្លឹកហ្នឹងម៉ង វាធ្វើទុក្ខអាហ្នឹងវិញ ដង្កូវចាក់ដើមងាប់។ វាចាក់ដល់បណ្តូលខាងក្នុងងាប់ស្រូវ ហើយវេចស្លឹក ខ្ចប់ស្លឹក ក្រហមតែម៉ងស្រូវ វាអត់មានជីវជាតិ»

លោក ធំ ប្រុស ជាកសិករនៅស្រុកអង្គរបូរីដែរនោះ ឱ្យដឹងថា ស្រូវរបស់លោក ៧ហត្ថកំពុងតែជួបបញ្ហារុយក្បាលស និងដង្កូវមូរស្លឹក។ លោកថា បញ្ហារុយក្បាលស ពេលបាញ់ថ្នាំងាប់ ប៉ុន្តែវាហើរពីតំបន់ផ្សេងមកដដែល ចំណែកដង្កូវមូរស្លឹក បើវាស៊ីបណ្តូលក្នុងហើយស្រូវងាប់តែម្តង។

លោក ធំ ប្រុស រៀបរាប់ថា៖«បាញ់វាងាប់តែវាហើរពីកន្លែងផ្សេងមកទៀតលោកគ្រូ តែដូចថាបើសិនជាយើងបាញ់ទៅស្រូវយើងអត់ខូច ចង់ថាមានតែវាអត់ខូចស្រូវ តែបើយើងអត់បាញ់ខូចម៉ងស្រូវ ច្រើនខូច វាមិនងាយកែឡើងវិញទេ បើវាផ្ទុះហើយនោះ រុយសហ្នឹងច្រើនមែនទែន ដង្កូវយើងបាញ់ងាប់ស្រូវយើងអត់មានបញ្ហាអីទេ ស៊ីស្លឹកស៊ីអី តែអានេះជញ្ចក់ខូចម៉ង»

ចំណែកកសិករនៅក្រុងសំពៅពូន ខេត្តកណ្តាល លោក យី ផល្លា ឱ្យដឹងថា រុយក្បាលស មានច្រើនខែមកហើយ ប៉ុន្តែដល់ពេលនេះកើនឡើងកាន់តែច្រើន។ លោកឱ្យដឹងថា ស្រូវលោកជិត១ហិកតា ខូចខាតស្ទើរទាំងស្រុងហើយ បាញ់ថ្នាំអ្វីក៏មិនបាត់ដែរ។

លោក យី ផល្លា ថ្លែងថា៖ «មមាច(រុយស)នេះគេត្អូញគ្រប់គ្នាថាបាញ់អត់ចេះបាត់សោះ បាញ់ឃើញងាប់ ប៉ុន្តែវាអត់អស់ មិនដឹងថាវាហើរមកពីកន្លែងផ្សេងទៀត ឬមួយក៏កើតនៅហ្នឹងខ្ញុំឆ្ងល់។ ពេលបាញ់ហើយមើលឃើញកន្លែងយើងបាញ់ហើរសំពោងម៉ង ប៉ុន្តែវាធ្លាក់ទឹកពេញហ្នឹងដែរ តែមិនអស់ ពីរបីថ្ងៃទៅវាចស្រូវមើលឃើញវាហើរហុយសំពោងដដែល»

ក្នុងចំណោមកសិករប្រមាណ១០នាក់មកពីខេត្តផ្សេងៗគ្នានេះ អ្នកខ្លះថា កន្លែងពួកគាត់មានមន្ត្រីកសិកម្មចុះទៅអន្តរាគមន៍ប៉ុន្តែទប់ស្កាត់សត្វល្អិតមិនសូវមានប្រសិទ្ធភាពទេ ខណៈកន្លែងខ្លះថា មិនមានមន្ត្រីកសិកម្ម​ចុះទៅទេ គឺគាត់ទៅពិគ្រោះយោបល់ជាមួយដេប៉ូលក់ថ្នាំគីមីកសិកម្មដោយខ្លួនឯង ឬ ខ្លះព្យាយាមលាយបញ្ចូលសារធាតុផ្សេងៗរួមទាំងសាប៊ូ ទឹកខ្មេះ និងថ្នាំបាញ់មូសជាដើម ដែលការណ៍នេះគឺពួកគាត់ធ្វើតាមអ្វីដែលបានដឹងពីអ្នកភូមិតៗគ្នា។

បញ្ហាធំរបស់ពួកគាត់គឺអត់មានលុយធ្វើដើមទុនបន្ត និងរងសម្ពាធពីម្ចាស់បំណុលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តពួកគាត់កាន់តែខ្លាំង។

ស្ថានភាពស្រូវរបស់កសិករ នៅក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ដែលរងការបំផ្លាញដោយសត្វរុយស។ រូបថតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ថ្លែងថា លោកបានដឹងពីសត្វល្អិតបានបំផ្លាញដំណាំទ្រង់ទ្រាយធំ ប៉ុន្តែលោកមិនទាន់មានរបាយការណ៍សរុបជាក់លាក់ទេ។ លោកបន្តថា អ្វីដែលរដ្ឋាភិបាលក៏ដូចជា ក្រសួងកសិកម្មត្រូវធ្វើពេលនេះគឺត្រៀមពូជជួយដល់កសិករដែលខូចខាតធ្ងន់ធ្ងរ​។​

លោក ថេង សាវឿន បន្ថែមថា៖ «ការឆ្លងរាតត្បាតហ្នឹងវាកាន់តែខ្លាំង ហើយការឆ្លើយតបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់ពេលវេលា អ៊ីចឹងក្រសួងត្រូវតែធ្វើយ៉ាងណា គិតគូរទៅលើការត្រៀមគ្រាប់ពូជសម្រាប់បម្រុងទុកអ្នកដែលខាតបង់ ឬខូចខាតធ្ងន់ធ្ងរ»

ប្រធានសមាគមកសិករដំឡូងមីកម្ពុជាលោក អិល ឈិញ ឱ្យដឹងថា ដំឡូងមីនៅកម្ពុជាក៏រងការបំផ្លាញពីសត្វល្អិតរាល់ឆ្នាំដូចដំឡូងមីនៅបណ្តាលប្រទេសនានាលើពិភពលោកដែរ។ លោកថា សត្វល្អិតទាំងនោះមាន ដង្កូវហ្វូងស៊ីដើម រុយស និងពីងពាងក្រហមជាដើម។

លោក អិល ឈិញ ឱ្យដឹងថា ដំឡូងមីរងផលប៉ះពាល់ប្រមាណ២០ទៅ៣០ហិកតា ភាគច្រើននៅខេត្តព្រះវិហារ។ ប៉ុន្តែលោកថា រហូតដល់ថ្ងៃទី១០ ខែកក្កដា ដង្កូវស៊ីដើម និងស្លឹកបានថយចុះ ហើយដំឡូងចាប់ផ្តើម​លូតលាស់ធម្មតាវិញ។

លោក អិល ឈិញ ឱ្យដឹងថា៖«ប្រហែលជា២០ ទៅ៣០ហិកតា អាហ្នឹងខូចខាតធ្ងន់ធ្ងរ តែវាអាចដុះមកវិញ»

បញ្ហាសត្វល្អិតបំផ្លាញដំណាំនេះបានក្លាយជាបញ្ហាធំដែលមានការជជែកវែកញែកច្រើនក្នុងរយៈពេលប្រមាណ​១ខែចុងក្រោយនេះ មានទាំងបញ្ជាពីនាយករដ្ឋមន្ត្រី ចំណែកមន្ត្រីនៅតាមក្រសួង មន្ទីរ និងអាជ្ញាធរ​ខេត្តក៏បានចុះទៅដល់ចម្ការដំណាំ និងវាលស្រែរបស់កសិករជាច្រើនកន្លែងដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវលោក លី សាវេត ឱ្យដឹងថា បញ្ហាដង្កូវហ្វូង និងរុយស បំផ្លាញស្រូវ និងដំណាំកសិករប្រមាណជិត៦ពាន់ហិកតា ប៉ុន្តែលោកថា ដោយមានការសហការរវាងមន្ត្រី និងកសិករ គឺការសង្គ្រោះមកវិញបានច្រើនហើយខូចខាតទាំងស្រុងក្នុងកម្រិតតិចតួច។

លោក លី សាវេត មានប្រសាសន៍ថា៖ «ប៉ះពាល់ទាំងអស់ហ្នឹង គឺ ៥ ៩៨២ហិកតា ប៉ុន្តែវាខូចខាតទាំង​ស្រុង​ដែលយើងសង្គ្រោះអត់បានតែ៣ហិកតាទេ ហើយនៅ២១០ហិកតាជាង យើងកំពុងតែតាមដាន អាហ្នឹងសម្រាប់រុយសហ្នឹងដែរនៅស្រុកគិរីវង់ ស្រុកអង្គរបូរី និងបូរីជលសារអីហ្នឹង ហើយដោយឡែកនៅស្រុកបាទី និងស្រុកសំរោង ដង្កូវហ្វូង ចំនួន១០៣ហិកតា គឺយើងបានជួយសង្គ្រោះទាន់អត់អីទេ»

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង លោក អន ភារៈ ថ្លែងថា អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធបានប្រឹងប្រែងចុះទៅដល់ដំណាំខូចខាតរបស់កសិករដើម្បីសិក្សាស្វែងរកដំណោះស្រាយ។ លោកបន្តថា កន្លែងខ្លះដោះស្រាយបាន និងកន្លែងខ្លះទៀតដាក់របាយការណ៍ទៅក្រសួងកសិកម្មដើម្បីជួយរកដំណោះស្រាយ។

លោក អន ភារៈ មានប្រសាសន៍ថា៖ «ឯកឧត្តមអភិបាលខេត្តចុះរហូត ចុះតាមដានអារឿងហ្នឹង ហើយបើគាត់ដឹងខ្លះ ដឹងព័ត៌មានខ្លះប្រាប់ខ្ញុំផង ដើម្បីខ្ញុំមានវិធានការជួយប្រជាពលរដ្ឋ។ ហើយពាក់ព័ន្ធរឿងនេះរដ្ឋបាលខេត្តបានរាយការណ៍ទៅក្រសួងហើយ ប៉ុន្តែមិនដឹងក្រសួងមានវិធានការយ៉ាងម៉េចខ្ញុំក៏មិនទាន់ដឹងដែរ»

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ស្រូវ និងដំណាំផ្សេងទៀត រងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញនេះប្រមាណ៣ម៉ឺនហិកតា ប៉ុន្តែលោកថា ចំពោះចំនួនខូចខាតទាំងស្រុងនោះនៅមិនទាន់ដឹងនៅឡើយទេ។

លោក ឃឹម ហ្វីណង់ បន្តថា ចំពោះការជួយជាគ្រាប់ពូជដល់កសិករ ក្រសួងកំពុងរៀបចំសិក្សាមើលក្រោយមានការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា៖ «ហើយពាក់ព័ន្ធនឹងការផ្តល់ជូនជាពូជដើម្បីប្រជាកសិករអាចធ្វើស្តារឡើងវិញនេះ គឺមានគោលការណែនាំពីសម្តេចនាយករដ្ឋមន្ត្រីរួចហើយ ហើយក្រសួងក៏បានអនុវត្តនៅលើកន្លែងដែលអាចធ្វើទៅបាន សូមបញ្ជាក់ថាមិនមែនគ្រប់ទីកន្លែងដែលរងការបំផ្លាញសុទ្ធតែអាចធ្វើឡើងវិញទាន់ពេលវេលាទេ កន្លែងខ្លះក៏មិនអាចធ្វើបាន កន្លែងខ្លះក៏មិនទាន់ខូចរហូតដល់ចាំបាច់ត្រូវទៅធ្វើឡើងវិញដែរ ហើយករណីនេះគឺយើងពិនិត្យពិចៃឱ្យបានត្រឹមត្រូវមុននឹងយើងផ្តល់អន្តរាគមន៍ពាក់ព័ន្ធនឹងការផ្តល់ពូជនេះ»

ក្នុងឱកាសទិវាមច្ឆជាតិនៅថ្ងៃទី១ ខែកក្កដា នៅក្នុងខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  បានជំរុញឱ្យមន្ត្រីយកចិត្តទុកដាក់ជួយដល់កសិករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាដល់សន្តិសុខស្បៀង និងចំណូលរបស់កសិករ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកំពុងតែជួយកសិករជាទុន និងរកទីផ្សារ តាមរយៈគម្រោងសហគមន៍កសិកម្ម។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «សហគមន៍កសិកម្មទំនើបនេះដើម្បីធានា និងបង្កើននូវផលិតផល និងផលិតភាពរបស់កសិកររបស់យើង ទី១ បង្កើតជាប្រមូលផ្តុំ ដើម្បីទទួលបាននូវផលជាមួយក្រសួងកសិកម្មក្នុងការបណ្តុះបណ្តាល ការទទួលអីយ៉ាងម៉េច ការអន្តរាគមន៍ជួយហិរញ្ញវត្ថុ ឬមួយក៏ការរកទីផ្សារ ការជួយស្តង់ដា ព្រោះបើយើងនៅដាច់ដោយដុំគឺពិបាកជួយ តែបើយើងចូលជាមួយគ្នាងាយស្រួលក្នុងការជួយ ព្រោះសហគមន៍ប្រមូលផ្តុំគ្នា ទី២ ក៏ងាយស្រួលក្នុងការរកទីផ្សារ»

ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅអាណត្តិទី៧នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជាបានប្រើសារពង្រឹងវិស័យកសិកម្ម គឺជាសារអាទិភាពមួយក្នុងការរកសំឡងឆ្នោត។ នៅក្នុងគោលនយោបាយ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺក្នុងចំណោម៦ចំណុចមាន២ចំណុចដែលនិយាយ​ពីការពង្រឹងវិស័យកសិកម្មរួមមានទម្លាក់កញ្ចប់ថវិកា១០០លានដុល្លារដល់វិស័យកសិកម្ម និងដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់។  

សម្រាប់កសិករដែលផ្តល់បទសម្ភាសន៍ដល់ខេមបូចាអះអាងថា បញ្ហាថ្លៃដើមខ្ពស់ គឺជី១ប៉ាវថ្លៃប្រមាណ២០ម៉ឺនរៀល ថ្នាំកសិកម្មមួយឈុតប្រមាណ២០ម៉ឺនរៀល រួមទាំងការភ្ជួររាស់ថ្លៃខ្ពស់ ប៉ុន្តែថ្លៃកសិផលស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ធ្វើឱ្យពួកគាត់អស់សង្ឃឹមក្នុងការងារកសិកម្ម។ ចំពោះការបំផ្លាញដោយសត្វល្អិត និងខូចខាតដោយគ្រោះធម្មជាតិផ្សេងៗ ធ្វើឱ្យពួកគាត់ខ្វះដើមទុន ជំពាក់បំណុលធ្ងន់ធ្ងរ ខ្លះដាច់បាយ និងខ្លះទៀតបោះបង់របរកសិកម្ម ធ្វើជាពលករចំណាកស្រុកវិញ៕

230 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម