នៅក្នុងវ័យ ១៦ឆ្នាំ ចរិយា បានបោះបង់ការសិក្សា ហើយបានចាប់ផ្តើមទៅធ្វើការ ព្រោះគ្រួសារប្រឈមមុខនឹងវិបត្តិថវិកា។ ដោយបានឮថា ការងារទីនោះ មានប្រាក់ខែខ្ពស់ និងលក្ខខណ្ឌល្អប្រសើរ ចរិយា ដែលបច្ចុប្បន្ន មានអាយុ២២ ឆ្នាំ បានសម្រេចចិត្តទៅធ្វើការនៅប្រទេសថៃដោយឥតរុញរា។ នាងបានការងារធ្វើនៅរោងចក្រមួយកន្លែង ហើយបានស្នាក់នៅទីនោះ អស់រយៈពេល៥ឆ្នាំ រហូតដល់ខែសីហា ឆ្នាំ២០២១។ ក្រោយមកនាងត្រូវបានបង្ខំចិត្តឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដោយសារ ការរីករាលដាលនៃមេរោគកូវីដ-១៩។
កញ្ញា ចរិយាបានលើកឡើងថា៖ «ខ្ញុំមានការភ័យខ្លាចឆ្លងមេរោគនៅពេលនោះ ដូច្នេះហើយខ្ញុំបានប្រញាប់ប្រញាល់ត្រឡប់មកប្រទេសកម្ពុជាយ៉ាងលឿនតាមតែអាចធ្វើទៅបាននៅពេលដែលព្រំដែនបានបើក»។
កញ្ញា ចរិយា បានប្រាប់ខេមបូចាថា នាងរកចំណូលបាន ៥០០ដុល្លារក្នុងមួយខែ នៅពេលនាងធ្វើការនៅរោងចក្រមួយនៅឯប្រទេសថៃ។
នាងបានបន្តថា៖ «ក្នុងអំឡុងពេលខ្ញុំនៅទីនោះ ខ្ញុំអាចរកចំណូលបានសមរម្យដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារខ្ញុំដែលកំពុងរស់នៅខេត្តព្រះសីហនុ។ ហើប្រសិនបើយើងចង់បានចំណូលបន្ថែមទៀត យើងក៏អាចធ្វើការបន្ថែមម៉ោងផងដែរ វាគឺមានភាពងាយស្រួលណាស់»។
បន្ទាប់ពីនាងបានត្រឡប់មកដល់ស្រុកកំណើតវិញ នាងត្រូវចំណាយពេល ៤ខែដើម្បីស្វែងរកការងារធ្វើ។
ចរិយាបានបន្តថា៖ «ខ្ញុំត្រូវពឹងផ្អែកក្រុមគ្រួសារខ្ញុំស្ទើរតែទាំងស្រុង បន្ទាប់ពីខ្ញុំបានត្រឡប់មក កម្ពុជាវិញ ដោយសារខ្ញុំមិនអាចរកការងារធ្វើបាន។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានការងារធ្វើជាមួយ បងប្រុសរបស់នាងខ្ញុំ នៅឯកាស៊ីណូមួយកន្លែង។ បើទោះបីជាដូច្នេះក៏ដោយ ប្រាក់ខែដែលនាងខ្ញុំទទួលបាននៅទីនេះ ទាបជាងនៅប្រទេសថៃ»។
ដោយសារតែការបាត់បង់ការងារ ការរឹតបន្តឹងផ្នែកសេដ្ឋកិច្ច និងការដាក់ប្រទេសក្នុងគ្រាអាសន្ន នៅក្នុងប្រទេសថៃ ពលករកម្ពុជាចំណាកស្រុកប្រហែលជា ២០ម៉ឺននាក់ត្រូវបានបញ្ជូនមកប្រទេសកំណើតវិញ តាំងពីការចាប់ផ្តើមការផ្ទុះនៃជំងឺរាតត្បាតសកលនេះ នៅដើមឆ្នាំ ២០២០។ កាលពីខែមិថុនា ឆ្នាំ ២០២០ ជិត ៣០% នៃគ្រួសារពលករចំណាកស្រុកមិនមានប្រាក់ចំណូលទាល់តែសោះ និង ច្រើនជាង ៥០%នៃពលករចំណាកស្រុកដែលបានត្រឡប់មកវិញ គឺស្ថិតនៅក្នុងស្ថានភាពជំពាក់បំណុល នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
បញ្ហាប្រឈមទាំងនេះ បានបង្កើតឲ្យមានការបន្តឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ
លោក អ៊ឺម កុសល អ្នកនាំពាក្យស្នងការដ្ឋាននគបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាស្របពេលជាមួយគ្នានេះ លោកគ្មានទិន្នន័យច្បាស់លាស់ទេ ប៉ុន្តែតាមការឃ្លាំមើលរបស់លោក ចំនួនពលករចំណាកស្រុកឆ្លងដែនទៅប្រទេសថៃមានការកើនឡើង។ លោកបានបន្តថា៖ «យើងមានចំណាត់ការគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារកុំឲ្យមាន ការឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ឬ ត្រឡប់មកកម្ពុជាវិញ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ នៅតែស្វែងរកមធ្យោបាយដោយខ្លួនឯង»។
លោកបានបន្ថែមថា៖ «យើងបានពន្យល់ពី ហានិភ័យក្នុងការឆ្លងដែនខុសច្បាប់ជូនពួកគាត់ និងសង្ឃឹមថាពួកគាត់នឹងយល់»។

លោក កុយ គួង អតីតអ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ពលករចំណាកស្រុកកម្ពុជា ៤០នាក់ ត្រូវបានឃាត់ខ្លួន ដោយសារការឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ចន្លោះថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែមករា។ ក្នុងកំឡុងពេលដូចគ្នា មានពលករចំណាក់ស្រុកកម្ពុជា ចំនួន ១៧០នាក់ កំពង់ធ្វើការនៅប្រទេសថៃ កំពង់ស្វែងរកជំនួយត្រឡប់មកកម្ពុជាវិញ។
លោកបានបន្តថា៖ «ពួកគាត់មិនអាចស្វែងរកការងារធ្វើនៅឯប្រទេសថៃបាន ដោយសារតែ វិបត្តិកូវីដ-១៩ ហើយនេះជាមូលហេតុដែលនាំឱ្យពួកគាត់សម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ»។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ បានថ្លែងថា កម្មករដែលបានត្រឡប់មកវិញកំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងស្រុក។
លោក តុលា បានបន្តថា៖ «វាពិបាកក្នុងការគណនាចំនួនពលករខ្មែរឆ្លងព្រំដែនខុសច្បាប់ទៅប្រទេសថៃ ប៉ុន្តែយើងជឿថាវានៅតែកើនឡើង»។
បើតាម លោក តុលា មានពលករខ្មែរចំណាកស្រុកជិត ៣លាននាក់កំពុងធ្វើការនៅប្រទេសថៃ ហើយជាង ២០%នៃពួកគាត់គ្មានឯកសារត្រឹមត្រូវ។
ក្រុមសិទ្ធិមនុស្ស បានលើកឡើងថា ស្រ្តីទំនងជាប្រឈមមុខនិងការលំបាកក្នុងការស្វែងរកការងារធ្វើ បន្ទាប់ពីត្រឡបមកស្រុកកំណើតវិញ។
កម្មវិធីរួមគ្នាមួយដែលត្រូវបានទទួលជំនួយពីមូលនិធិពហុភាគីរបស់អង្គការសហប្រជាជាតិ (United Nations Multi-Partner Trust Fund)បានផ្តល់ជំនួយជាសាច់ប្រាក់ដើម្បីទ្រទ្រង់សកម្មភាពបង្កើតប្រាក់ចំណូល សម្រាប់ពលករស្ត្រីចំនួន ៧២៧នាក់។
Marta Walkowiak មន្ត្រីអភិវឌ្ឍន៍កម្មវិធី និងទំនាក់ទំនងនៃអង្គការ IOM បាននិយាយថា៖ «ការរកប្រាក់ចំណូល [សកម្មភាព] ត្រូវបានជ្រើសរើសដោយសហការជាមួយអ្នកទទួលផលគម្រោង ហើយរួមបញ្ចូលការចិញ្ចឹមមាន់ ការដាំបន្លែ និងភាពជាម្ចាស់អាជីវកម្មខ្នាតតូច»។
លោកស្រីបានបញ្ជាក់ប្រាប់ ខេមបូចា ថា កម្មវិធីនេះត្រូវបានអនុវត្តនៅចន្លោះខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០២០ នៅក្នុងខេត្តចំនួនបីដែលមានចំនួនជនចំណាកស្រុកត្រឡប់មកពីប្រទេសថៃច្រើនជាងគេ។ លោកស្រីបានបន្ថែមថា៖ «កម្មវិធីនេះត្រូវបានគេមើលឃើញថា គម្រោងនេះអាចពង្រីកទៅខេត្តផ្សេងទៀតជាមួយនឹងជនចំណាកស្រុកដែលត្រឡប់មកវិញ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ក្រសួងការងារក៏បានបង្កើតឲ្យមានលទ្ធភាពទទួលបានការសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈដែរ។ ប៉ុន្តែលោកកត់សម្គាល់ថា ពលករភាគច្រើនចូលចិត្តត្រឡប់ទៅប្រទេសថៃវិញប្រសិនបើពួកគេអាចធ្វើបាន។
លោកបានបន្ថែមថា៖ «ពលករចំណាកស្រុកដែលត្រឡប់មកវិញ ភាគច្រើនធ្វើការក្នុងការដ្ឋានសំណង់ និងកសិកម្ម។ ហើយដោយសារ COVID-19 អាចគ្រប់គ្រងបានកាន់តែច្រើន ហើយពួកគេត្រូវបានចាក់វ៉ាក់សាំងរួចហើយ ពួកគេភាគច្រើនបានត្រឡប់ទៅប្រទេសថៃវិញហើយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Female migrant workers struggle to find jobs after returning home