ភាគីពាក់ព័ន្ធមកពីវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារជាង២០០នាក់ បានជួបប្រជុំគ្នានៅរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែសីហា ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក និងបន្តឡើងវិញនូវកិច្ចពិភាក្សារកវិធីកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយអាហារនៅក្នុងប្រទេសកម្ពុជា។
ដោយអាហារនៅក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រពីអង្គការអន្តរជាតិមួយចំនួន រួមទាំងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ការប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤នេះត្រូវបានដឹកនាំរៀបចំធ្វើដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ហើយនៅឆ្នាំនេះ ផ្តោតលើប្រធានបទ «ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ»។
ស្របពេលដែលការប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកកាលពីថ្ងៃពុធសប្តាហ៍មុនបានផ្តល់ពេលវេលា ដើម្បីអបអរសាទរការរីកចម្រើនតាមកម្រិតដែលបានរៀបចំទុកក្នុងការការពារប្រព័ន្ធម្ហូបអាហារកម្ពុជា វាគ្មិនសំខាន់ៗជាច្រើនបានបញ្ជាក់ជាថ្មីអំពីតម្រូវការវិធានការរួមក្នុងចំណោមអ្នកបង្កើតគោលនយោបាយ និងភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវប្រព័ន្ធកែលម្អប្រកបដោយចីរភាពនៅទូទាំងខ្សែសង្វាក់តម្លៃម្ហូបអាហាររបស់កម្ពុជាទាំងមូល។
ដោយសារកុមារកម្ពុជាជាច្រើននៅតែបន្តខ្វះអាហារូបត្ថម្ភ ហើយភាគច្រើនមិនអាចមានលទ្ធភាពទទួលបានរបបអាហារដែលធ្វើឱ្យមានសុខភាពល្អ អ្នកជំនាញសុខភាពសាធារណៈបានស្នើយ៉ាងទទូចឱ្យពង្រឹងអធិបតេយ្យភាពអាហាររបស់ប្រទេសនេះ និងរឹតបន្តឹងការគ្រប់គ្រងលើផលិតផលអាហារដែលនាំចូល ដែលប្រហែលមិនបានត្រួតពិនិត្យ។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ជាអង្គការដែលផ្តល់សេវាថែទាំសុខភាពដល់សហគមន៍នៅតាមជនបទ និងតំបន់ដាច់ស្រយាល បានប្រាប់ខេមបូចាថា សមត្ថភាពក្នុងការគ្រប់គ្រងគុណភាពម្ហូបអាហាររបស់កម្ពុជានៅមានកម្រិត ដូចជាបន្លែ និងសាច់ ដែលនាំចូលពីបណ្តាប្រទេសជិតខាងជាច្រើន ហើយដែលប្រហែលមិនបានឆ្លើយតបតាមស្តង់ដារកូដិច ជាបណ្តុំ នៃគោលការណ៍ណែនាំ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងដោយអង្គការ FAO និងអង្គការ WHO ដើម្បីធានាសុវត្ថិភាព និងគុណភាពនៅក្នុងពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ។
បើតាមលោក វុទ្ធី ការនាំចូលផលិតផលដែលមិនបានត្រួតពិនិត្យដូចជាផ្លែឈើ បន្លែ និងសាច់ដែលមានមេរោគ ឬម្ហូបអាហារកែច្នៃខ្លាំងពេក អាចមានសារធាតុគីមីដែលបង្កឱ្យកើតជំងឺ។
ជាពិសេស ការហូរចូលម្ហូបអាហារកែច្នៃ ដែលមានតំលៃថោក បង្កក្តីបារម្ភចំពោះប្រជាពលរដ្ឋកម្ពុជា ដែលការចំណាយមានកម្រិត។ បើទោះបីជាការផ្គត់ផ្គង់ម្ហូបអាហារបែបសន្សំសំចៃ គឺរឿងចាំបាច់ក៏ដោយ ក៏វាសំខាន់ផងដែរក្នុងការរក្សាគុណភាពអាហាររូបត្ថម្ភ និងសុខភាព។
យោងតាមផែនទីបង្ហាញផ្លូវរបស់កម្ពុជាស្តីពីប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ជាក្របខណ្ឌយុទ្ធសាស្រ្ត ដែលសំដៅសម្រេចបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅត្រឹមឆ្នាំ២០៣០បានបង្ហាញថា ប្រជាជនកម្ពុជា២២ភាគរយមិនអាចមានលទ្ធភាពទទួលបានរបបអាហារដែលធ្វើឱ្យមានសុខភាពល្អទេ។

អ្នកស្រី ម៉ិច សៀងហៃ ជាកម្មកររោងចក្រនៅភ្នំពេញបានសម្តែងការព្រួយបារម្ភអំពីការមិនមានលទ្ធភាពទិញផលិតផលស្រស់ និងតម្លៃសមរម្យនៅក្នុងរាជធានី ហើយផ្ទុយទៅវិញ ត្រូវពឹងផ្អែកលើសាច់និងអាហារកែច្នៃ ដែលនាំចូល ដើម្បីបំពេញចំណែកភាគច្រើននៃរបបអាហាររបស់អ្នកស្រី។
កញ្ញា អុល មេត្តា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ក៏បានសម្តែងកង្វល់ផងដែរចំពោះការមិនអាចទទួលបានអាហារប្រកបដោយសុវត្ថិភាពពីកសិករ និងអាជីវករក្នុងស្រុក។
កញ្ញា មេត្តា បានប្រាប់ខេមបូចាថា កសិករនៅក្នុងសហគមន៍របស់កញ្ញាបានបង្កើនការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ហើយទិន្នផលរបស់ពួកគាត់បានថយចុះ ធ្វើឱ្យអ្នកភូមិជាច្រើនស្វែងរកបន្លែ និងសាច់ពីទីកន្លែងផ្សេង។
ផលវិបាកនៃគម្លាតរបបអាហារទាំងនេះ គឺធំធេង ដោយសារអត្រាកង្វះអាហារូបត្ថម្ភនៅតែមានកម្រិតខ្ពស់ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។
គិតត្រឹមឆ្នាំ២០២២ កុមារកម្ពុជាប្រមាណ ២២ភាគរយ មានជំងឺក្រិសក្រិន ១៦ភាគរយ ស្គមស្គាំង និង ១០ភាគរយខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នេះបើយោងតាមការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពដែលរៀបចំធ្វើឡើងដោយរដ្ឋាភិបាល។
ខណៈពេលដែលសុវត្ថិភាព និងសន្តិសុខស្បៀងអាហារមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា ក្តីបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក គឺតែងតែកើតមាន។
នៅទូទាំងពិភពលោក មនុស្ស៦០០លាននាក់កើតជំងឺ ដែលបង្កឡើងពីអាហារជារៀងរាល់ឆ្នាំ ដោយមានមនុស្សប្រហែល ៤២០ ០០០នាក់បានស្លាប់រៀងរាល់ឆ្នាំ ដែលក្នុងនោះ៣០ភាគរយ គឺជាកុមារ អាយុក្រោម៥ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
នៅតាមបណ្តាប្រទេសដែលមានចំណូលកម្រិតទាប និងមធ្យមដូចជាកម្ពុជា ទឹកប្រាក់១១០ពាន់លានដុល្លារត្រូវបានខាតបង់រៀងរាល់ឆ្នាំទៅលើផលិតភាព និងការចំណាយលើថ្លៃព្យាបាលជំងឺ ដោយសារការទទួលទានម្ហូបអាហារគ្មានសុវត្ថិភាព។
នៅក្នុងពិធីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនេះដែរ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) បានសង្កត់ធ្ងន់ថា សុវត្ថិភាពម្ហូបអាហារបានក្លាយជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ទាំងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងពិភពលោក។
អំឡុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ដែលបានប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១៨ និងត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមិថុនា លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា «ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់យើង»។
ព្រឹត្តិការណ៍នេះ ក៏បានរំលេចពីតម្រូវការសំខាន់នៃកិច្ចសហការគ្នាក្នុងចំណោមអ្នកបង្កើតគោលនយោបាយ អ្នកផលិតម្ហូបអាហារ អ្នកកែច្នៃ អ្នកចែកចាយ អ្នកលក់រាយ និងអ្នកប្រើប្រាស់ ដើម្បីធានាបាននូវលទ្ធភាពទទួលបានអាហារដែលមានសុវត្ថិភាព ជាពិសេសនៅក្នុងកាលៈទេសៈ ដែលមិនអាចទាយទុកមុនបាន។
លោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានជំរុញឱ្យភាគីពាក់ព័ន្ធប្រុងប្រយ័ត្នចំពោះវិបត្តិនៃសុវត្ថិភាពម្ហូបអាហារ ព្រោះថា វាប៉ះពាល់ដល់ដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់។
ថ្លែងទៅកាន់អង្គពិធី ដែលសម្បូរដោយវត្តមានអ្នកបង្កើតគោលនយោបាយ និងអ្នកប្រឹក្សាយោបល់ លោកស្រី រេប៊ែកកា ប៊ែល មានប្រសាសន៍ថា៖ «នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងជាសកល ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក គ្រោះថ្នាក់នៃសុវត្ថិភាពអាហារអាចកើនឡើងយ៉ាងឆាប់រហ័សពីកម្រិតមូលដ្ឋានទៅជាវិបត្តិអន្តរជាតិ ដែលតម្រូវឱ្យមានការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ជាងពេលណាទាំងអស់»។
លោកស្រីបានបន្ថែមថា៖ «សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយគ្របដណ្តប់លើដំណាក់កាលនៃខ្សែសង្វាក់ម្ហូបអាហារទាំងមូល គិតរាប់ចាប់ពីអ្នកផលិតរហូតដល់អ្នកប្រើប្រាស់ និងស្ថាប័នត្រួតពិនិត្យ។ យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច»។
ការទទួលខុសត្រូវរួមគ្នាសម្រាប់សុវត្ថិភាពម្ហូបអាហារក្នុងប្រទេសកម្ពុជាបានកើនឡើង បន្ទាប់ពីការអនុម័តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារក្នុងឆ្នាំ២០២២ ដែលគេរង់ចាំជាយូរមកហើយនោះ ។ ច្បាប់នេះបានពង្រីកបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មលក់រាយម្ហូបអាហារ ដោយបញ្ចូលអ្នកលក់តាមចិញ្ចើមផ្លូវផងដែរ។

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) ជាទីភ្នាក់ងាររបស់ក្រសួងពាណិជ្ជកម្មដែលយកចិត្តទុកដាក់ក្នុងការធានាសុវត្ថិភាពអ្នកប្រើប្រាស់បានប្រាប់ខេមបូចាថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារពាក់ព័ន្ធនឹងការត្រួតពិនិត្យពីក្រសួងចំនួនប្រាំមួយ។
លោក ផាន អូន បានមានប្រសាសន៍ថា៖ «ភារកិច្ចរបស់ CCF គឺពិនិត្យមើលគ្រប់មុខទំនិញដែលកំពុងចរាចរ ដូចជាបន្លែ ផ្លែឈើ របស់របរប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងផ្សំម្ហូបអាហារ និងទំនិញផ្សេងៗទៀតដែលចរាចរនៅគ្រប់ទីផ្សារ ដូចជាផ្សារទំនើបជាដើម»។
លោកបានបន្ថែមថា៖ «[យើងមានភារកិច្ច] ត្រួតពិនិ្យមើលទំនិញ ដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬប្រើប្រាស់សារធាតុគីមី ដែលគ្រប់គ្រងបានលើសពីកម្រិតដែលច្បាប់កំណត់»។
ខណៈពេល ដែលរដ្ឋាភិបាលកម្ពុជាពង្រីកក្រុមការងារត្រួតពិនិត្យរបស់ខ្លួន កម្ពុជាក៏កំពុងអនុវត្តផែនការអភិវឌ្ឍន៍ឆ្ពោះទៅខាងក្រៅសម្រាប់ប្រព័ន្ធស្បៀងអាហារ ដោយទទួលយកធាតុចូលពីបណ្តាអង្គការអន្តរជាតិ។ ការសម្រេចបាននូវចក្ខុវិស័យនៃការផ្តល់អាហារូបត្ថម្ភពេញលេញដល់ប្រជាពលរដ្ឋទាំងអស់នៅត្រឹមឆ្នាំ២០៣០ ទាមទារឱ្យមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាច្រើន។
អ្នកបង្កើតគោលនយោបាយ និងអ្នកប្រឹក្សាយោបល់អន្តរជាតិបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកលទ្ធភាពទទួលបានអាហារូបត្ថម្ភ និងសេវាជំនួយសង្គម ក៏ដូចជាការធានាថា ខ្សែសង្វាក់តម្លៃអាហារមានភាពសម្បូរបែប មាននិរន្តរភាព និងគាំទ្រដល់របបអាហារដែលជួយដល់សុខភាព ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Food Safety Day: Tackling Nutrition and Contamination Challenges by 2030