សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បទល្មើសព្រៃឈើនៅតែបន្តកើតឡើងនៅសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ខណៈប្រជាសហគមន៍ប្រទះឃើញពេលចុះល្បាត

សកម្មភាពដឹកក្តារបន្ទះដែលកម្មករស៊ីឈ្នួលអាររូច នៅក្នុងតំបន់ព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរូបថតនេះត្រូវបានបង្ហោះលើគេហទំព័រ ព្រៃឡង់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ គេហទំព័រ Prey Lang)
សកម្មភាពដឹកក្តារបន្ទះដែលកម្មករស៊ីឈ្នួលអាររូច នៅក្នុងតំបន់ព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរូបថតនេះត្រូវបានបង្ហោះលើគេហទំព័រ ព្រៃឡង់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ គេហទំព័រ Prey Lang)

បណ្ដាញសហគមន៍ព្រៃឡង់ចំនួន៣៤នាក់ចុះល្បាតពីថ្ងៃទី១១ដល់ទី១៤ ខែមិថុនា បានរក​ឃើញបទល្មើស​ថ្មីជាច្រើនករណី ដែលក្រុមជនល្មើសចូលទៅសម្ងំកាត់ឈើ និង​ដឹកជញ្ជូន​យ៉ាងសកម្ម ក្រោមរូបភាព​មាន​មេការត់ការ និងកម្មករស៊ីឈ្នួលអារ ដឹកឈើយ៉ាង​រលូនមិនញញើត​មន្រ្តី​បរិស្ថាន​នោះឡើយ។ យោងតាម​ប្រជាសហគមន៍ព្រៃឡង់លើកឡើង។

បើតាមរបាយការណ៍ គឺបណ្តាញសហគមន៍ព្រៃឡង់ បទល្មើសរកឃើញថ្មីទាំងអស់នោះ រួមមានគល់ឈើ​កាត់ថ្មីៗចំនួន២៥០គល់ ឈើអារជាក្តារបន្ទះចំនួន២១៦សន្លឹក និងឈើអារឃ្លុំជាបួនជ្រុង ពុំទាន់ដឹកចេញ​ចំនួន២៤។ ឈើទាំងនោះជាប្រភេទដើមឈើទាល ផ្តៀក ដួងចែម និងដើមគគីរ ។ រួមទាំងក្រុមជនល្មើស​ចំនួន២២នាក់ ប្រើប្រាស់រណាយន្តចំនួន៧គ្រឿង គោយន្តចំនួន៦គ្រឿង ម៉ូតូចំនួន៦គ្រឿង និងអាវុធកែច្នៃ​ចំនួន៨ដើម ដើម្បីសម្ងំកាប់ឈើក្នុងព្រៃឡង់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលថ្មីៗបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម គណៈកម្មការជាតិ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងអភិបាលខេត្ត​ពាក់ព័ន្ធបង្ក្រាប​ការ​កាប់​បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីរដ្ឋ ដែលតែងតែកើតមានអំឡុងពេលមានការបោះឆ្នោត។

ដោយឡែកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានថ្លែងថា គណៈកម្មការ​ដែលមាន​សមាសភាពពាក់ព័ន្ធបានកោះប្រជុំភ្លាមៗ និងចុះធ្វើការជាប្រចាំផងដែរ ដោយប្រើយន្តការអប់រំ ណែនាំ​​ដល់ប្រជាពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបមេខ្លោងនៅពីក្រោយ។

លោក សុខា ក៏បានប្រតិកម្មផងដែរ ទៅនឹងការ​លើកឡើង​ពីសង្គមស៊ីវិលពីរបាយការណ៍បទល្មើសព្រៃឈើ​នេះ ដោយលោកស្នើ​ឱ្យចង្អុលប្រាប់​លោកចំៗ​ថាតើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញ​ព្រៃឈើ​នេះ។ ក្នុងប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ ក្នុងរយៈពេលចុងក្រោយនេះសមត្ថកិច្ច​នៅមិនទាន់​ចាប់​បាន​ជនល្មើសណាម្នាក់នៅឡើយ។

លោក ចាន់ សារិន ដែលបានចូលរួមល្បាតព្រៃឈើលើកឡើងថា គល់ឈើអារជាបន្ទះក្តារចំនួន២១៦សន្លឹក  និងឈើអារឃ្លុំជាបួនជ្រុងចំនួន២៤ ដែលជនល្មើសបានកាប់បំផ្លាញនោះ គឺទុកនៅទីតាំងកើតហេតុ​ដដែល​ដោយខាង​សហគមន៍មិនមានសិទ្ធិក្នុងការចាប់ និងរឹបអូសទេ។ លោកបន្តថា ពួកគាត់ត្រឹមតែ​ថតទុក​ជា​ឯកសារ សួរនាំថាឈើហ្នឹងដឹកនាំទៅណា? ហើយនរណាជាអ្នកឱ្យធ្វើ? និងយកទៅលក់នៅឯណាជាដើម?

លោកបន្តថា៖ «ទាក់ទងនឹងអាជ្ញាធរមូលដ្ឋានហ្នឹង យើងធ្លាប់រាយការណ៍ ធ្លាប់សុំកម្លាំងសហការដែរ ប៉ុន្តែ​គាត់​មិនមានលទ្ធភាពក្នុងការចូលរួមជាមួយពួកយើងទេ។ បើដូចមន្ត្រីបរិស្ថានអី! គាត់តែងតែនិយាយថា រវល់ ឬក៏គាត់ទៅនុះទៅនុងអញ្ចឹង គាត់មិនអាចទៅជាមួយយើងទេ។ ជាក់ស្តែងថ្មីៗនេះដែរ ពួកខ្ញុំរៀបនឹងចុះ ក៏ស្នើទៅដល់មន្ត្រីបរិស្ថានដែលនៅតាមច្រកព្រៃឡង់នីមួយៗដែរ ប៉ុន្តែពួកគាត់រវល់ទៅវាស់ដីវាស់ព្រៃ»។

លោក សារិន បន្ថែមថា ការអនុវត្តច្បាប់ក្នុងការការពារព្រៃឈើនៅធូររលុងនៅឡើយ ហើយបើការ​អនុវត្ត​ច្បាប់រឹងមាំ តឹងរឹងមែន ប្រហែលព្រៃឈើមិនអស់ច្រើនដូចសព្វថ្ងៃនេះទេ។ លោកទាមទារឱ្យមានការ​អនុវត្ត​ច្បាប់ជារឿយៗ ដូចភ្លៀងរលឹម កុំផ្អើលមួយពេលៗតាមសម្តីនាយកមន្ត្រី ហើយស្ងាត់ទៅវិញ នោះ​ព្រៃឈើ​នឹង​បន្ត​បំផ្លិចបំផ្លាញទៀត។

ទន្ធឹមនឹងនេះដែរ លោក ស្រី ថី សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​​ប្រចាំ​ខេត្ត​ព្រះ​វិហារ បាន​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​របាយការណ៍​បឋម​ថា ​មាន​ករណី​លួ​ចកាប់​ឈើ​ខុសច្បាប់​ជាង​៥០០​ករណីគិត​តាំង​ពី​ដើម​ឆ្នាំ​២០២៣​ មក​។ បើ​តាម​អ្វី​ដែល​ពួក​លោក​បាន​ជួប​ប្រទះ​ពេល​ចុះ​ល្បាត​ ​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់​បាន​ប្រើ​គោយន្ត​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ដែល​ទើប​កាប់​ថ្មីៗ​ដែល​មាន​ប្រវែង​រហូត​ដល់​ប្រាំពីរ​ម៉ែត្រ និង​ជាពូជឈើ​ប្រណិត​ប្រភេទ​ផ្សេងៗ​គ្នា​។​

លោក​ ថី បញ្ជាក់ថា៖ «វា​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពីព្រោះ​ថា​រាល់ខែ​មាន​សេចក្ដី​រាយការណ៍​ពី​បទល្មើស​ថ្មីៗ​ពី​សហគមន៍​ ដែល​នេះ​ជា​កង្វល់​សម្រាប់​តំបន់​ព្រៃ​ឡង់​របស់​យើង​»។ លោក ថី ​បន្ថែម​ថា៖ «ពេល​ចុះ​ល្បាត​ម្ដងៗ​ ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព និង​អាយុជីវិត ពីព្រោះ​ពួក​គេ​មាន​កាំ​ភ្លើង​ច្រើន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តស៊ូ​ការពារ​ព្រៃ​ឡង់ ដើម្បី​អនាគត​ក្មេងៗ​ជំនាន់​ក្រោយ​»​។​

ឈើជ្រុងៗដែលជនល្មើសអារទុកមិនទាន់ដឹកចេញពីតំបន់ព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរូបថតនេះត្រូវបានបង្ហោះលើគេហទំព័រព្រៃឡង់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ គេហទំព័រ Prey Lang)

កន្លងមកសកម្ម​ជន​បរិស្ថាន ក្រុម​ជនជាតិ​ដើម​ភាគ​តិច និង​សហគមន៍​នាំ​គ្នា​ចុះ​ល្បាត​ជា​ប្រចាំ​​ដើម្បី​ជួយ​ផ្ដល់​ជា​ដំណឹង​ដល់​រដ្ឋាភិបាល​អំពី​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ប៉ុន្តែ​ថា​អ្នក​ទាំង​នោះ​ច្រើន​ជួប​ការ​រំខាន និង​រារាំង​មិន​ឱ្យ​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​ពួកគេ​។​​ ដែលនេះអាចជាដើមហេតុចម្បងមួយ នាំឱ្យជនល្មើស និងអ្នកនៅពីក្រោយករណីទាំងអស់នេះ បន្តកាប់បំផ្លាញព្រៃឈើ ដោយគ្មានខ្លាចនរណាសោះ។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ចន្ទសុជាតិ ​បដិ​​​សេធ​​ចំពោះលើកឡើងរបស់ប្រជាសហគមន៍​ដោយលោក​​អះអាងថា វាមិនមានសកម្មភាពនៃការរារាំង និងហាមឃាត់ក្នុងការចុះល្បាតនេះទេ។ លោក​បញ្ជា​​​​​ក់ថា មន្រ្តីបរិស្ថានតែងបើកសិទ្ធិ​ និងចង់ចូ​ល​រួមសហការជាមួយសហគមន៍ជានិច្ច ក្នុងន័យ​ដើ​​ម្បី​​​​ចូលរួម​ទប់​ស្កាត់បទល្មើស សំខាន់ឱ្យតែសហគមន៍ផ្តល់កិច្ចសហការជាមួយមន្រ្តីឧទ្យានុរក្ស។

លោកបន្តថា៖ «ការចូលល្បាតព្រៃរបស់សហគមន៍យើងមិនដែលឃាត់ទេ ជាក់ស្តែងពីខែបីថ្ងៃទី២​​០​​​ ជាង​នេះ​គាត់ចូលទៅបំបួសព្រៃឈើនៅក្នុងព្រៃព្រះរកា យើមិនបានឃាត់ឃាំងគាត់ណា៎»។

ចំណែកឯលោក អូត ឡាទីន ជាមន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)​លើក​ឡើងថា បញ្ហាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារហាក់កើតមានស្ទើររាល់ថ្ងៃ បើតាមការរក​ឃើញ​របស់​បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត។ លោកបន្តថា បញ្ហាបទល្មើសព្រៃឈើទាំងនេះ​ជាសញ្ញា​មួយ​បញ្ជាក់ថាបទបញ្ជារបស់រដ្ឋាភិបាលដែលប្រកាសក្តែងៗឱ្យមន្រ្តីថ្នាក់ក្រោមអនុវត្តការចុះបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើហាក់ឆ្ងាយដូចជើងមេឃ។

លោកបញ្ជាក់ថា៖ «ជាសញ្ញាបង្ហាញថាចំណាត់ការរបស់រាជរដ្ឋាភិបាលនៅមិនទាន់អនុវត្តបានល្អប្រសើរ​នៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទប់ស្កាត់​និងបង្រ្កាបបទល្មើស​ទូទាំងប្រទេស»។

លោកបន្ថែមថា៖ «ប្រសិនបើមិនមានការយកចិត្តទុកដាក់ឱ្យបានល្អប្រសើរហើយមិនធ្វើការអនុវត្តច្បាប់​ឱ្យមានភាពប្រាដកប្រជានិងឱ្យបានម៉ឹងម៉ាត់ បញ្ហាការកាប់បំផ្លាញព្រៃឈើនៅនឹងតែបន្តកើតមាន​ហើយ​និងជាបញ្ហាធំនៅថ្ងៃក្រោយ»។

យោងតាមទិន្នន័យ​​ចេញ​ផ្សាយ​ដោយ​​អង្គការ​ Global Forest Watch តំបន់​ព្រៃ​ការពារ​ព្រៃ​ឡង់​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​កម្ពុជារហូត​ដល់​ជាង ​៤៣០ ០០០​ហិកតា ក៏​មានការ​បាត់​បង់​ដីព្រៃ​​ប្រហែល ​៨ ៣០០​ហិកតា​ដែរ​ក្នុង​ឆ្នាំ​២០២២ តែតួលេខនេះ​តិច​ជាង​ឆ្នាំ​២០២១។ ប៉ុន្តែ​​តំបន់​នេះ​​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ចំនួន​ដើម​ឈើ​បាត់​បង់​ខ្ពស់​បំផុត​មួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម