សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក ដួង តារា អតីតជំនួយការ លោក ហ៊ុន សែន ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ PJ ក្រោយជាប់ចោទពីបទឆបោក

លោក ដួង តារា ជំនួយការរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួនសាកសួរពីបទឆបោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយបង្ហោះរូបថតលើហ្វេសប៊ុករបស់លោក។
លោក ដួង តារា ជំនួយការរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួនសាកសួរពីបទឆបោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយបង្ហោះរូបថតលើហ្វេសប៊ុករបស់លោក។

លោក នុត សវនា អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា លោក ដួង តារា ជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់ថា PJ។

លោក សវនា បានប្រាប់ ខេមបូចា ថា៖ «បាទ តាមខ្ញុំចាំ គាត់ត្រូវបានគេបញ្ជូនទៅពន្ធនាគារ PJ នៅម៉ោង៨យប់ ថ្ងៃចន្ទ»

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិយាយកាលពីសប្តាហ៍មុនថា លោក តារា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យកណ្តាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរជាលើកដំបូង បន្ទាប់ពីលោកត្រឡប់មកពីប្រទេសចិន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មានប្រសាសន៍ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចបើកការស៊ើបសួរលើលោក តារា ហើយក្រោយមកលោក តារា ត្រូវបានចោទប្រកាន់ពីបទឆបោក តាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ទោះ​យ៉ាង​ណា​ លោកសុផល ​មិន​បាន​បញ្ជាក់​ច្បាស់លាស់ចំពោះ អ្នកដែលបាន​ដាក់​ពាក្យ​បណ្តឹងប្តឹងលើ​លោក តារា នោះ​ទេ។

យោងតាមបណ្តាញសារព័ត៌មាន កោះសន្តិភាព បានឲ្យដឹង នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថា សមត្ថកិច្ចបានអនុវត្តដីកានាំខ្លួន លោក តារា មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណលើបុគ្គលណាម្នាក់នោះទេ។

លោក តារា គឺជាអ្នកបង្កើតទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន ហើយក្រោយមកលោកក៏បានក្លាយជាជំនួយការផ្ទាល់ របស់លោក ហ៊ុន សែន។ នៅខែវិច្ឆិកា ឆ្នាំ ២០២០ លោក តារា ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាមបណ្តាញសារព័ត៌មានកម្ពុជាថ្មី លោក តារា ទើបតែបានក្លាយជាម្ចាស់រថយន្តស៊េរីទំនើបមួយគ្រឿង ហើយលោកបានដើរចែកចាយលុយដល់ជនក្រីក្រនៅតាមដងផ្លូវដែលរូបភាពទាំងនោះបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់លោកជាហូរហែ។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយមួយនេះបានសរសេរចោទប្រកាន់ លោក តារា ថា៖ «នៅពីក្រោយនៃទង្វើល្អរបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះគឺ លោកបានជាប់ពាក់ព័ន្ធនឹងការឆបោកទ្រង់ទ្រាយធំ ដែល​បណ្តាលឱ្យមនុស្សរាប់រយនាក់នៅខេត្តស្វាយរៀង បានទទួលរងគ្រោះ»

ក្នុង​ហេតុការណ៍​ស្រដៀង​គ្នា​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក​ជាច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប ពី​បទ​ឆបោក ពាក់ព័ន្ធនឹងការ​វិនិយោគ និងការ​ឆបោក​តាមប្រព័ន្ធ​អ៊ីនធឺណិត​កាល​ពី​ខែ​មីនា ឆ្នាំ​នេះ។

កាល​ពី​ខែ​សីហា អាជ្ញាធរ​បាន​ចាប់​ខ្លួន ​លោក គុយ វ៉ាត អតីត​អគ្គនាយក​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) ពី​បទ​ឆបោក​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ បន្ទាប់​ពី​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។

មុនពេលការចាប់ខ្លួននេះ លោក តារា ត្រូវបានគេចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ លាងលុយកខ្វក់ ដែលប្រជាពលរដ្ឋជាច្រើននាក់ បានដាក់លុយវិនិយោគលើគម្រោងដី និងផ្ទះ ដែលមានឈ្មោះថា ភូមិខ្មែរគ្រុប ក្នុងខេត្តស្វាយរៀង ខណៈប្រជាពលរដ្ឋទាំងនោះបានចោទប្រកាន់ថា ចាញ់បោកក្នុងគម្រោងនោះ។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក តារា បានឈរនៅចំពោះមុខ អ្នកវិនិយោគទាំងអស់ ដោយ «ធានា» ដល់ពួកគេថា ភូមិខ្មែរគ្រុប ដែលមានប្អូនប្រុសរបស់លោក ឈ្មោះ ដួង វីរ៉ាត់ គឺជាម្ចាស់ភាគហ៊ុនម្នាក់ដែរនោះ នឹងមិន «បោកប្រាស់ពួកគេ» នោះទេ។ លោក តារា ដែល​ធ្លាប់​បានធានាលើ​សកម្មភាព​ផ្សេងៗ របស់​ក្រុមហ៊ុន​បាន​បដិសេធ​ថា​ លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស លីកាដូ ជឿជាក់ថា ករណីក្លែងបន្លំភាគច្រើន គឺប្រព្រឹត្តដោយមនុស្សដែលមានការអប់រំខ្ពស់ និងអ្នកដែលស្និទ្ធស្នាលនឹងអ្នកមាន និងអ្នកមានអំណាច។

លោកសំអាតនិយាយថា៖ «​ពួកគេ​ឆ្លៀតឱកាស​ដើម្បី​យក​អំណាចកសាង​ទំនុកចិត្ត​ដើម្បី​បោកប្រាស់​ប្រជាជន​ស្លូតត្រង់​»​

ខណៈពេលដែលលោក សំអាត បានគាំទ្រចំពោះចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងនឹង «អ្នកបោកប្រាស់» ប៉ុន្តែលោកយល់ថា ការផ្អែកលើផ្លូវច្បាប់តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដោយបន្ថែមលើចំណាត់ការផ្លូវច្បាប់លើជនបោកប្រាស់នោះ គឺគួរ​មាន​សំណង​សម្រាប់​ជន​រង​គ្រោះ ដោយសារ​ពួកគេ «​ធ្លាក់​ក្នុងការ​ជំពាក់​បំណុល​វ័ណ្ឌករ ហើយ​បាត់បង់​ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់​ជីវភាព​រស់នៅ​»

លោក សំអាត ថ្លែងថា៖ «ខ្ញុំគាំទ្រចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាលចំពោះមន្ត្រីជាន់ខ្ពស់ ឬអ្នកកាន់អំណាចដែលប្រើតួនាទីរបស់ខ្លួន និងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋដោយការបោកប្រាស់ពួកគេ»។ ប៉ុន្តែ លោកបន្ថែមថា៖ «បញ្ហាក៏ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលផងដែរ»

លោក សំអាត សង្កត់ធ្ងន់ថា៖ «តុលាការគួរតែបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុន ឬលក់ទ្រព្យសម្បត្តិដែលក្រុមហ៊ុនមាន ដើម្បីទូទាត់សំណងសម្រាប់ជនរងគ្រោះ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former Hun Sen’s Assistant Duong Dara Sent to PJ Prison On Fraud Charges

1,137 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម