អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលគេស្គាល់ថាបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងសមាជិកគ្រួសាររបស់បក្សកាន់អំណាច ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី។ លោកនឹងត្រូវធ្វើបត្យាប័នមកកម្ពុជាដើម្បីប្រឈមមុខនឹងនីតិវិធីផ្លូវច្បាប់ បន្ទាប់ពីមានសំណើពីអាជ្ញាធរកម្ពុជាដោយបានដាក់ឈ្មោះលោកនៅក្នុងសេចក្តីជូនដំណឹងក្រហម ឬនិវេទក្រហមរបស់ប៉ូលិសអន្តរជាតិ អាំងទែប៉ូល។
លោក សិទ្ធី ដែលតែងតែបង្ហោះសារចោទប្រកាន់ទាំងនេះទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលនៅលើគណនីហ្វេសប៊ុករបស់លោក ប៉ុន្តែរយៈពីរថ្ងៃចុងក្រោយនេះ គណនីរបស់លោកមិនមានសកម្មភាពអ្វីទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា លោក សិទ្ធី ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ហើយថាកម្ពុជាកំពុងបំពេញនីតិវិធីជាមួយប្រទេសដែលលោក សិទ្ធី ត្រូវបានចាប់ខ្លួន។ បើតាមសារព័ត៌មាន Fresh News លោក សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី។
ទោះយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃបាននិយាយថា ការចាប់ខ្លួននេះមិនមែនដោយសារតែ លោក សិទ្ធី បរិហារថ្នាក់ដឹកនាំរដ្ឋាភិបាលទេ ប៉ុន្តែដោយសារតែគាត់គេចពីដីកាចាប់ខ្លួន និងពាក្យបណ្តឹងផ្សេងទៀតរបស់តុលាការកាលពីក្នុងខែវិច្ឆិកា។
លោក សុខៈ ថ្លែងថា៖ «ការចាប់ខ្លួននេះមិនមែនមកពីគាត់ទៅបរិហារដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទេ ប៉ុន្តែគាត់គេចខ្លួនពីការតាមចាប់របស់តុលាការដែលបានចេញដីកាកាលពីមុន»។
កាលពីខែវិច្ឆិកា លោក Phua Gek Seng ជាពលរដ្ឋសិង្ហបុរី ដែលមានសញ្ជាតិខ្មែរ បានដាក់ពាក្យប្ដឹងលោក សិទ្ធី ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងជំរិតទារប្រាក់។ បណ្ដឹងនេះបានធ្វើឡើងក្រោយការចោទប្រកាន់របស់លោក សិទ្ធី ទៅលើលោក Phua ថា បានប្រតិបត្តិការបណ្តាញកាស៊ីណូអនឡាញធំជាងគេនៅកម្ពុជា ធ្វើសកម្មភាពលាងលុយកខ្វក់ និងបានបង់ប្រាក់ចំនួន៥លានដុល្លារដល់អគ្គស្នងការនគរបាលជាតិលោក ស ថេត ដើម្បីប្រឌិតរបាយការណ៍មិនពិតដើម្បីចាប់ខ្លួនលោក។
លោក សិទ្ធី ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យដែលមានងារជាអ្នកឧកញ៉ាត្រូវបានព្រះមហាក្សត្រដកហូតតំណែងកាលពីចុងខែធ្នូ ឆ្នាំ២០២៤ រូបនេះ ក៏បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតផងដែរ ពីបទពុករលួយ និងជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
លោកបានចោទថា លោក គួច ចំរើន ដែលបច្ចុប្បន្នជាអភិបាលខេត្តកណ្តាល មានលុយរាប់រយលានដុល្លារជារូបិយប័ណ្ណគ្រីបតូក្នុងពេលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ (២០១៩-២០២៤)។ លោក សិទ្ធី បានចោទលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើពុករលួយ។ លើសពីនេះ លោកបានចោទប្រកាន់អ្នកឧកញ៉ា ហ៊ុន តូ ដែលជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានលួចប្រាក់៩លានដុល្លារពីអ្នកវិនិយោគចិន ដើម្បីសុំការអនុម័តគម្រោងជីករ៉ែ។
ជាការឆ្លើយតបលោក គួច ចំរើន លោក ស ថេត លោក ស សុខា និងលោក ហ៊ុន តូ សុទ្ធតែបានបដិសេធការចោទប្រកាន់ទាំងនេះ។
មុនពេលចាប់ខ្លួន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តីជូនដំណឹងដល់ស្ថានទូតកម្ពុជានៅបរទេសទាំងអស់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនរបស់លោក សិទ្ធី ដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍។
លោកបន្ថែមថា លើសពីនេះ លោក សិទ្ធី ក៏បានបរិហារកម្ពុជាថា ជាប្រទេសដែលពោរពេញដោយឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញ ឬ Call Center ដែលលោកយល់ថា នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជានៅលើឆាកអន្តរជាតិ ប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងភ្ញៀវទេសចរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ex-Tycoon Heng Sithy Who Accused Top Officials Arrested at Russian Border