សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានតុលាការសម្រេចឃុំខ្លួន បន្ទាប់ពីបញ្ជូនមកពីរុស្ស៊ី

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ក្រោមការធ្វើបត្យាប័នរវាង​រដ្ឋាភិបាលប្រទេសកម្ពុជា និងរុស្ស៊ី។ (រូបភាព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ)
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ក្រោមការធ្វើបត្យាប័នរវាង​រដ្ឋាភិបាលប្រទេសកម្ពុជា និងរុស្ស៊ី។ (រូបភាព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចឃុំខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពាក់ព័ន្ធនឹងបទ​«គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស» បន្ទាប់លោកត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ក្រោមការធ្វើ​បត្យាប័ន​រវាង​រដ្ឋាភិបាលប្រទេសកម្ពុជា និងរុស្ស៊ី។

លោក សិទ្ធី ត្រូវបានសម្រេចឱ្យឃុំខ្លួនដោយចៅក្រមស៊ើបសួរ យី សុខវួច នៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស។យោងតាមដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។

យោងតាម មាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ គឺបទ «គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស» លោក សិទ្ធី អាយុ៣៦ឆ្នាំ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ​ពី៥ឆ្នាំទៅ១០ឆ្នាំ។

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួន នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី នៅថ្ងៃ១៣ ខែមករា ឆ្នាំ២០២៥ តាមសំណើរបស់កម្ពុជា។ លោកត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេស​កម្ពុជា និងរុស្ស៊ី។

យោងតាមហ្វេសប៊ុកផេករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងនគរបាលជាតិ បានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃយប់ថ្ងៃទី២៤ ខែឧសភា កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការទទួលជនសង្ស័យម្នាក់ឈ្មោះ ហេង សិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស។

ក្រោយពីចៅក្រមបានធ្វើការសាកសួររួច ចៅក្រមបានសម្រេចធ្វើការឃុំខ្លួនជនសង្ស័យឈ្មោះ ហេង សិទ្ធី តាមដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ របស់លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា កាលខែមករា ឆ្នាំ២០២៥ លោក សិទ្ធី ដែលតែងតែបង្ហោះសារចោទប្រកាន់លើថ្នាក់ដឹកនាំរដ្ឋាភិបាលនៅលើគណនីហ្វេសប៊ុក​របស់លោក ប៉ុន្តែ​រយៈពេលពីរថ្ងៃចុងក្រោយបន្ទាប់ពីបង្ហោះនេះ គណនីរបស់លោកមិនមានសកម្មភាពអ្វីទេ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់​ថា លោក សិទ្ធី ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ហើយថាកម្ពុជាកំពុងបំពេញនីតិវិធីជាមួយប្រទេសដែលលោក សិទ្ធី ត្រូវបានចាប់ខ្លួន។

ទោះយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃបានលើកឡើងថា ការចាប់ខ្លួននេះមិនមែនដោយសារតែ លោក សិទ្ធី បរិហារថ្នាក់ដឹកនាំរដ្ឋាភិបាលទេ ប៉ុន្តែដោយសារតែគាត់គេចពីដីកាចាប់ខ្លួន និងពាក្យបណ្តឹងផ្សេងទៀតរបស់តុលាការកាលពីក្នុងខែវិច្ឆិកា។

កាល​ពី​ខែ​វិច្ឆិកា លោក Phua Gek Seng ជា​ពលរដ្ឋ​សិង្ហបុរី ដែល​មាន​សញ្ជាតិ​ខ្មែរ បាន​ដាក់​ពាក្យ​ប្ដឹង​លោក សិទ្ធី ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ជំរិត​ទារ​ប្រាក់។ បណ្ដឹងនេះបានធ្វើឡើងក្រោយការចោទប្រកាន់របស់លោក សិទ្ធី ទៅលើលោក Phua ថា បានប្រតិបត្តិការបណ្តាញកាស៊ីណូអនឡាញធំជាងគេនៅកម្ពុជា ធ្វើសកម្មភាពលាងលុយកខ្វក់ និងបានបង់ប្រាក់ចំនួន៥លានដុល្លារដល់អគ្គស្នងការនគរបាលជាតិលោក ស ថេត ដើម្បីប្រឌិតរបាយការណ៍​មិនពិតដើម្បីចាប់ខ្លួនលោក។

លោក សិទ្ធី ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យដែលមានងារជាអ្នកឧកញ៉ាត្រូវបានព្រះមហាក្សត្រដកហូតតំណែងកាលពីចុងខែធ្នូ ឆ្នាំ​២០២៤ រូបនេះ ក៏បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតផងដែរ ពីបទពុករលួយ និងជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត​៕

66 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម