សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេឃុំចំនួនបួនក្នុងខេត្តកំពង់ធំរបស់បក្សកាន់អំណាចត្រូវសម្របខ្លួនធ្វើការដោយសារមិនមានសំឡេងភាគច្រើននៅ​ក្នុងក្រុមប្រឹក្សាឃុំ

មន្រ្តីឃុំសាគ្រាមកំពុងជួបជុំគ្នានៅសាលាឃុំសាគ្រាម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
មន្រ្តីឃុំសាគ្រាមកំពុងជួបជុំគ្នានៅសាលាឃុំសាគ្រាម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ក្រុមប្រឹក្សាឃុំចំនួន៤ក្នុងខេត្តកំពង់ធំដែលមកពីចម្រុះគណបក្សនយោបាយប្ដេជ្ញាចិត្តធ្វើការ​រួម​គ្នា​​ដើម្បីអភិវឌ្ឍឃុំឱ្យមានការរីកចម្រើន ដោយសារបក្សកាន់អំណាចទទួលបានតំណែងមេឃុំ ប៉ុន្តែពុំ​ទទួល​បានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំ។

លោក ណំ សុត មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កូតាគណបក្សប្រជាជនកម្ពុជា មាន​ប្រសាសន៍ថា ក្រោយពីចូលកាន់តំណែង គ្រប់គណបក្សនយោបាយដែលទទួលបានអសនៈ​ក្នុងក្រុមប្រឹក្សាគឺត្រូវបម្រើរាស្រ្តដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លោកបន្ត​ថា លោកធ្លាប់ធ្វើការចម្រុះគណបក្សនយោបាយប្រមាណ២០ឆ្នាំមកនេះ រាល់ការដាក់សំណើរ​ទៅកាន់ក្រុមប្រឹក្សាឃុំដើម្បីអនុម័ត គឺបានពិភាក្សាគ្នារួចជាស្រេច ហើយពុំដែលត្រូវ​បានច្រាន​ចោលឡើយ។

លោក ណំ សុទ្ធ​ ថ្លែងថា៖ «ការងារអ្វីក៏ដោយទាល់តែយើងចេះរួបរួមគ្នា ចេះយល់គ្នា បើថា​យើង​សម្រាប់ប្រឆាំងគ្នាទាំងអស់គឺធ្វើអត់ចេញ»។

ទោះជាបែបនេះក្ដី មេឃុំរុងរឿងរូបនេះ ហាក់មិនប្រកដក្នុងចិត្តថាតើអាចនឹងមានការ​បដិសេធ​សំណើរដែរឬអត់នាពេលខាងមុខ ខណៈសំឡេងគណបក្សប្រជាជនកម្ពុជាមានតិចជាង​ពាក់​កណ្ដាល​ក្នុងក្រុមប្រឹក្សាឃុំ។

លោកបន្ថែមថា៖ «វាត្រូវការសំឡេង៥០បូក១ រាល់ការអនុម័ត បើអត់មានសំឡេង​៥០បូក១​វា​អត់​បានទេ។ និយាយត្រង់នេះវាមិនទាន់ដំណើការ[ការងារ] ចាំតាមដានពិនិត្យមើលបន្ត​ទៀត»។

លោក ក្ដិប រឿន ជំទប់ទី១ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កូតាគណបក្សហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍ថា លោកបានត្រៀមខ្លួនរួចរាល់ក្នុងការបម្រើប្រជាពលរដ្ឋ ខណៈលោកសង្កេត​ឃើញថានៅឃុំរុងរឿងមានផ្លូវមួយខ្សែពីស្រុកស្ទោងមកគឺពិបាកក្នុងការធ្វើដំណើរ ព្រមទាំងមណ្ឌលសុខភាពមិនទាន់មាននៅឡើយ។

លោក រឿន​ និយាយថា៖ «យើងប្ដេជ្ញាចិត្តដើម្បីកុំឱ្យមានការប្រកាន់បក្សពួក យើងជាប់ឆ្នោត​ដើម្បីបម្រើប្រជាពលរដ្ឋដែលនៅក្នុងឃុំសង្កាត់របស់យើង»។

ចំណែកជំទប់ទី១នៃឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កូតាគណបក្សភ្លើងទៀន លោក ឃី សុនី មានប្រសាសន៍ថា សេវាសាធារណៈ គ្រឿងញៀនជាអ្វីដែលលោកនឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។

លោក សុនី ឱ្យដឹងថា លោកនឹងចាត់វិធានការចំពោះក្រុមហ៊ុនចំការកៅស៊ូមួយដែលរឹតបន្តឹង​ការធ្វើ​ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋដើម្បីទៅធ្វើស្រែចំការ។ លោកបន្ថែមថា អនុវិទ្យាល័យ​សំបួរ ដែលនៅក្នុងឃុំពពក ខ្វះបន្ទប់សិក្សាសម្រាប់សិស្ស ព្រមទាំងកន្លែង​ស្នាក់នៅ​សម្រាប់គ្រូបង្រៀនដែលមកពីចម្ងាយផងដែរ។

លោកនិយាយថា៖ «ឥលូវចុង៧(ខែកក្កដា)នេះ ប្រជុំក្រុមប្រឹក្សាឃុំ ខ្ញុំនឹងជជែកគ្នាស្នើសុំ គ្រាន់​តែ​សុំច្បាប់សាងសង់ទេ ថវិកាគ្រូៗគេមានកញ្ចប់សាងសង់»។

មន្រ្តីឃុំរុងរឿង កំពុងផ្ដល់សេវារដ្ឋបាលទៅកាន់ប្រជាពលរដ្ឋ នៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

លោក ជឿន ណាស៊ី ជំទប់ទី២ ក្នុងឃុំសាគ្រាម នៅស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ មកពី​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថា លោកមានការសប្បាយចិត្ត​នៅពេលបានឃើញ​សំឡេងចម្រុះនៅក្នុងក្រុមប្រឹក្សាឃុំ ដែលនាំឱ្យបក្សកាន់អំណាចពុំអាច​ធ្វើអ្វីតាមតែ​អំពើចិត្ត​ឡើយ។

លោក ណាស៊ី មានប្រសាសន៍ថា៖ «រាល់ការអនុម័តផែនការកន្លែងណាដែល​មិនចំ​អាទិភាព​របស់ពលរដ្ឋ កន្លែងណាយើងយល់ថាវាអត់ចំណេញដល់ប្រយោជន៍ប្រជាពលរដ្ឋ អាហ្នឹង​យើង​ត្រៀមខ្លួនសម្រាប់ជំទាស់ យើងអត់ឯកភាពបានទេ បើវាមានភាពមិនប្រក្រតី។ បើមាន​ចំណុចណាមានប្រយោជន៍ដល់ប្រជាពលរដ្ឋ អាហ្នឹងយើងលើកដៃឯកភាព»។

លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា រាល់ក្រុមប្រឹក្សាឃុំសង្កាត់ដែលជ្រើសរើសដោយប្រជាពលរដ្ឋ មិនថាមកពីគណបក្ស​ណាក៏​ដោយ​ត្រូវបម្រើឱ្យផលប្រយោជន៍រាស្រ្ត។

លោក សូរីដា ថ្លែងថា៖ «គោលការណ៍អនុវត្តទូទៅសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង១៦៥២ មានគោលការណ៍កំណត់ទូទៅដោយក្រសួងមហាផ្ទៃតាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោម ជាតិ»។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) យល់ឃើញថា រាល់ឃុំសង្កាត់ណា​ដែលមាន​ចម្រុះនៃគណបក្សនយោបាយ ទើបហៅថាជាដំណើរការនៃគោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។

លោកបន្តថា រាល់ឃុំសង្កាត់មានតែគណបក្សនយោបាយមួយដឹកនាំ បណ្ដាលឱ្យ​អ្នក​អនុវត្ត​គោលនយោបាយហាក់មិនសូវបារម្ភពីការរិះគន់ឡើយ។

លោក និយាយថា៖«តំណាងនីមួយៗគាត់តែងតែពិនិត្យមើលផលប្រយោជន៍របស់អ្នក​បោះឆ្នោត​ដែលគាំទ្រខ្លួនហ្នឹងដែរ។ ចឹងហើយកាលណាមានចម្រុះគណបក្សនយោបាយ​វាប្រសើរជាជាងឃុំសង្កាត់ដែលមានតែមួយគណបក្សនយោបាយ វាអត់បានធ្វើការចម្រុះ​សំឡេង»។

យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឱ្យដឹងថា មានឃុំចំនួន៤ ក្នុងចំណោមឃុំ-សង្កាត់ចំនួន១៦៤៨ របស់គណបក្ស​ប្រជាជនកម្ពុជា ដែលឈ្នះបានតំណែងមេឃុំចៅ-សង្កាត់ ពុំទទួលបានសំឡេងភាគច្រើននៅ​ក្រុមប្រឹក្សាឡើយ។ ឃុំទាំង៤នោះ គឺស្ថិតនៅក្នុងខេត្តកំពង់ធំដូចគ្នាគឺ ឃុំឈូកនៅក្នុងស្រុកប្រាសាទសំបូរ ឃុំសាគ្រាមនៅក្នុង​ស្រុក​ប្រាសាទបល្ល័ង្ក និងឃុំពពក, ឃុំរុងរឿងនៅក្នុងស្រុកស្ទោង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ ដោយឡែកការ​ពិនិត្យ​មើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ ប្រភពដដែល បានឱ្យដឹងទៀតថា ក្នុងចំណោមគណបក្ស​នយោបាយ​ចំនួន១៧ដែលបានចូលរួមប្រកួតប្រជែងបោះឆ្នោតឃុំសង្កាត់ មានត្រឹម​គណបក្ស​នយោបាយចំនួន៩ដែលបានទទួលអសនៈក្រុមប្រឹក្សា។

យោងតាមមាត្រា៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ បានឱ្យដឹងថា ក្រុមប្រឹក្សាឃុំ​សង្កាត់ ជាអង្គការតំណាងប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន និងមានបេសកកម្ម​បម្រើ​ផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់ខ្លួន។

ចំណែកមាត្រា២២ បានឱ្យដឹងថា ការប្រជុំក្រុមប្រឹក្សាឃុំសង្កាត់នឹងយកជាការបាន លុះត្រាតែ​មានចំនួនលើសពីពាក់កណ្ដាលនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងមូលចូលរួម។

ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការបោះឆ្នោតអនុម័តដោយសំឡេងភាគច្រើនដាច់ខាតនៃ​សមាជិកក្រុមប្រឹក្សាទាំងមូល ដើម្បីសម្រេចបញ្ហាណាមួយដូចជាៈ ១.អនុម័តលើគំរោងផែន​ការ​អភិវឌ្ឍឃុំសង្កាត់ ២.អនុម័តលើគំរោងថវិកាឃុំសង្កាត់ ៣.កំណត់តម្លៃ​សារពើពន្ធ​មូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាននិងកំរៃសេវាផ្សេងៗ ៤.អនុម័តបទបញ្ជាផ្ទៃក្នុងនិងដីកាឃុំសង្កាត់ ៥.កិច្ចការផ្សេងទៀតដែលកំណត់ដោយក្រសួងមហាផ្ទៃ។

ក្នុងពេលអនុម័ត ប្រសិនបើមានសំឡេងឆ្នោតស្មើគ្នាសំឡេងរបស់អធិបតីនៃអង្គប្រជុំ​មាន​សិទ្ធិសម្រេចជាអាទិភាព។ ចំពោះមាត្រា៦៦ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការតាមដានត្រួតពិនិត្យនិងវាយតម្លៃ​រាល់ការ​អនុវត្ត​ផែនការ កម្មវិធី គម្រោងនិងការផ្ដល់សេវានានាប្រកបដោយតម្លាភាពនិងមានការ​ទទួលខុសត្រូវខ្ពស់៕

599 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម