សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីឃុំ និងជនជាតិដើមភាគតិចមួយចំនួននៅខេត្តរតនគិរីបារម្ភយ៉ាងខ្លាំងពីបញ្ហាគ្រឿងញៀនក្នុងសហគមន៍

ពលរដ្ឋ២នាក់កំពុងជិះម៉ូតូឆ្លងកាត់មុខសាលាឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ពលរដ្ឋ២នាក់កំពុងជិះម៉ូតូឆ្លងកាត់មុខសាលាឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

មន្ត្រីឃុំ និងជនជាតិដើមភាគតិចចារ៉ាយនៅក្នុងតំបន់មួយចំនួន​នៅក្នុងស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី បារម្ភពីបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់ពួកគាត់​ដែលកំពុងធ្វើឱ្យ​យុវជន​មួយ​ចំនួនខូចសុខភាព បាត់ស្មារតី បង្កហិង្សា និងកើតអំពើចោរកម្មនានា។​

ជំទប់ទី១ឃុំប៉ាតេ ស្រុកអូយ៉ាដាវ លោក ក្លាន ភួន ថ្លែងថា នៅឃុំរបស់លោកនាពេលបច្ចុប្បន្ននេះ​បញ្ហាគ្រឿងញៀនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែមិនមានសមត្ថកិច្ចជំនាញណាធ្វើការ​ទប់​ស្កាត់​​សោះឡើយ ខណៈអាជ្ញាធរថ្នាក់ឃុំបានត្រឹមផ្សព្វផ្សាយអំពីផលប៉ះពាល់។ លោកថាយុវជន​ជាច្រើន​នៅក្នុងឃុំបានបោះបង់ការសិក្សា ក៏ព្រោះតែពួកគាត់ធ្លាក់ខ្លួននៅ​ក្នុងឥទ្ធិពលនៃ​គ្រឿង​ញៀន។

លោក ក្លាន ភួន ថ្លែងថា៖ «មានការប៉ះពាល់ច្រើនដល់ក្មេងជំនាន់ក្រោយ ជាពិសេសភាគច្រើន​យុវជន​​បោះ​​បង់​ការសិក្សាច្រើន។ យូរៗទៅបាត់បង់ធនធានមនុស្ស ព្រោះអីទៅតាម​គ្នាប្រើ​ប្រាស់​គ្រឿង​ញៀន​អី​អស់ លែងមានអ្នករៀនអ្នកសូត្រអីអស់»

លោកបន្តថា កន្លងទៅឃុំបានរាយការណ៍បញ្ហាទាំងនេះទៅដល់ថ្នាក់ស្រុក ដើម្បីសុំឱ្យ​ជួយទប់​ស្កាត់ ​និងបង្ក្រាប ប៉ុន្តែហាក់មិនមានចំណាត់ការអ្វីឡើយ។ លោកអំពាវនាវសុំឱ្យស្ថាប័នពាក់ព័ន្ធ​ជួយទប់ស្កាត់ឱ្យមានប្រសិទ្ធភាពកុំឱ្យបញ្ហាគ្រឿងញៀនបង្កគ្រោះថ្នាក់ក្នុងសហគមន៍កាន់តែធ្ងន់​ធ្ងរ​។

ពលរដ្ឋម្នាក់ដែលជាជនជាតិដើមភាគតិចចារ៉ាយរស់នៅក្នុងឃុំប៉ក់ញ៉ៃដែលជាឃុំមានជាប់ព្រំដែនកម្ពុជា-វៀតណាម នៃស្រុកអូរយ៉ាដាវ  លោក រម៉ាស ស្វាត ថ្លែងថាលោកបារម្ភ​ចំពោះអនាគត​របស់យុវជននៃជនជាតិដើមរបស់លោក ព្រោះក្នុងសហគមន៍របស់​លោកជន់ជោរ​ទៅដោយ​គ្រឿង​​ញៀន ប៉ុន្តែពុំមានការយកចិត្តទុកដាក់បង្ក្រាបពីសំណាក់កម្លាំងអាជ្ញាធរឡើយ។

លោក រម៉ាស ស្វាត បន្តថា៖ «បើអ្នកស្ទាវៗគ្រប់ម៉ង! អត់មានអ្នកណាទប់ស្កាត់ទេអាហ្នឹង។ ខាង​មុខ​វា​នឹង​ប៉ះពាល់តៗគ្នា។ ជំនាន់ក្រោយទៀត វាបន្តហ្នឹងឯង។ ខ្ញុំបារម្ភណាស់​សព្វថ្ងៃ​នេះ​ទាំង​កូន​ស្រី និង​កូន​ប្រុស។ ខ្ញុំក៏បារម្ភដែរ ជំនាន់ក្រោយខ្លាចវាប៉ះពាល់បន្តទៅមុខទៀត។ មុនដំបូងវា​តិច​ទេ ប៉ុន្តែ​ឥឡូវនេះច្រើនទៅៗមិនថាភូមិណាទេ អារឿងគ្រឿងញៀនហ្នឹង»

លោក ស្វាត បន្តថា រូបលោក និងអ្នកភូមិផ្សេងទៀតភ័យខ្លាចព្រោះ ក្រុមអ្នកប្រើប្រាស់​គ្រឿង​ញៀន​បានបង្កហិង្សា និងលួចទ្រព្យសម្បត្តិអ្នកភូមិញឹកញាប់។

ពលរដ្ឋម្នាក់ទៀតដែលជាជនជាតិដើមភាគតិតដែរនោះ រស់នៅក្នុងឃុំបរខាំ លោក រម៉ាម  ញឹង ថ្លែងថា​ក្នុងឃុំរបស់លោកក៏មានការរីកសាយភាយនៃការប្រើប្រាស់គ្រឿងនេះច្រើនដែរ ហើយ​លោកក៏​បារម្ភចំពោះអនាគតកូនៗរបស់លោកដែលកំពុងស្ថិតក្នុងវ័យសិក្សាខ្លាចធ្លាក់​ក្នុងការ​អូស​ទាញ​ពី​មិត្តភក្តិឈានដល់ការប្រើប្រាស់គ្រឿងញៀន។

លោក រម៉ាម ញឹង លើកឡើងថា៖ «ខ្លាចប៉ះពាល់ដល់កូនចៅយើងចឹងហាស! ខ្ញុំភ័យដែរហ្នឹង​ហាស»

ចំណែកជំទប់ទី២ឃុំប៉ាតេ គឺលោក រម៉ាម ខាំផន ឱ្យដឹងថា ចំនួននៃអ្នកប្រើប្រាស់​គ្រឿងញៀន​នៅឃុំរបស់លោកចេះតែកើនឡើងដែលភាគច្រើនអ្នកប្រើប្រាស់អាយុចន្លោះពី១៨ទៅ៣០ឆ្នាំ។ លោកអំពាវនាវទៅអាជ្ញាធរថ្នាក់ស្រុក និងខេត្តជួយទប់ស្កាត់ឱ្យបានទាន់ពេល​កុំឱ្យបញ្ហានេះ​រាល​ដាលកាន់តែខ្លាំងថែមទៀត។​

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា តាម​លោកសង្កេតឃើញអ្នកប្រើប្រាស់គ្រឿងញៀនជាពិសេសយុវជនគឺកម្រក្នុងការកែប្រែ ឬស្តារ​មក​ស្ថានភាពដើមវិញបានណាស់ ដោយអ្នកខ្លះឈានដល់បាត់បង់ស្មារតី​បង្កបញ្ហាក្នុងគ្រួសារ និង​សហគមន៍។​ លោកបារម្ភថា ក្នុងសហគមន៍ជនជាតិដើមភាគតិច​ដែលកំពុងមានការអភិវឌ្ឍន៍​យឺត​ស្រាប់ផងនោះ នឹងកាន់តែមានបញ្ហាប្រឈមច្រើននៅពេលធនធានមនុស្សរងការបំផ្លាញ​ដោយ​សារ​គ្រឿងញៀន។​

អ្នកដែលធ្លាក់ក្នុងអំណាចនៃគ្រឿងញៀនហើយពិបាកនឹងដកខ្លួនវិញណាស់ ដែលអាចធ្វើឱ្យ​ពួក​គេ​ខ្លះ​បាត់បង់នូវស្មារតីឈានដល់ការប្រើប្រាស់អំពើហិង្សានៅក្នុងសហគមន៍ និងពេលខ្លះឈាន​ដល់​ប្រព្រឹត្តនូវអំពើចោរកម្មផ្សេងទៀតផង។ លោកបន្តថា សហគមន៍មួយរីកចម្រើនទៅបាន​ដោយសារក្នុងសហគមន៍នោះសម្បូរទៅដោយធនធានមនុស្សគ្រប់គ្រាន់ដែលធនធានមនុស្សនេះគឺកើតចេញពីការសិក្សា។

លោក ឌិន ខន្នី លើកឡើងថា៖ «អ៊ីចឹងកាលណាដែលក្នុង​សហគមន៍មួយបាត់បង់ការ​សិក្សា​បាត់​បង់​ធនធានមនុស្ស ហើយ យើងអាចនិយាយបានថាស្ទើរតែគ្មានទេនូវភាពរីកចម្រើន ពីព្រោះ​ថា​មិនដឹងរីកចម្រើនទៅលើអី»

លោក ឌិន ខន្នី ថ្លែងថា ពាក់ព័ន្ធនឹងការទប់ស្កាត់នៃបញ្ហាគ្រឿងញៀននេះហាក់មិនពិបាកទេ បើ​សិន​ជាអាជ្ញាធរមានឆន្ទៈក្នុងការបំពេញការងារ ព្រោះថាអាជ្ញាធរ​មាននៅគ្រប់ជាន់ថ្នាក់​ទាំង​អស់។

បើតាមការអះអាងរបស់មន្ត្រីឃុំ និងប្រជាពលរដ្ឋជនជាតិដើមនៅក្នុងស្រុកអូរយ៉ាដាវឱ្យដឹងថា បញ្ហា​គ្រឿងញៀនបានកើតឡើងនៅក្នុងសហគមន៍រយៈពេលប្រមាណ១០ឆ្នាំមុន ហើយ​បញ្ហា​នេះកើតឡើងកាន់តែធ្ងន់ធ្ងរនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។​

ទោះយ៉ាងណាមេឃុំប៉ាតេ លោក ឆាយ ធី បានលើកឡើងថា នៅឃុំរបស់លោកមានករណី​គ្រឿង​ញៀនខ្លះតែមិនមានច្រើនដូចការលើកឡើងរបស់ក្រុមប្រឹក្សាឃុំមួយចំនួននោះទេ។​

លោក ឆាយ ធី បញ្ជាក់ថា៖ «ដូចអត់ទេ ប៉ាតេយើងបើនិយាយទៅដូចជាមនុស្សល្អដែរយុវជន។ យើងឃើញដូចជាអត់សូវមានហិង្សា អត់មានក្មេងទំនើងទេ។ ពួកគាត់ច្រើនលេងកីឡា និយាយ​ទៅវិស័យកីឡារីកដុះដាល។ វាអាចបុគ្គល១ឬ២ជាមុខសញ្ញាអី យើងអាចកំណត់មុខសញ្ញា​ឱ្យ​ប៉ុស្តិ៍និយាយជាមួយអធិការធ្វើការ។ បើថាអ្នកភូមិរអ៊ូរអត់មានទេ បើថាកើនឡើងក៏អត់ដែរ»។

អធិការស្រុកអូរយ៉ាដាវ លោក សយ សំណាង ទទួលស្គាល់ថា បញ្ហាគ្រឿងញៀនពិតជា​មាន​ការ​កើនឡើងនៅក្នុងស្រុករបស់លោកមែន។ ទោះយ៉ាងណាលោកបដិសេធចំពោះការ​ចោទប្រកាន់​ថា​ កម្លាំងសមត្ថកិច្ចលោក​មិនយក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់ និងបង្ក្រាប។​

លោក សំណាង ថ្លែងថា៖ «កន្លងមកបង្ក្រាបតែរហូតមក ហើយមានការចូលរួមពីប្រជាពលរដ្ឋ។ ហើយកូនចៅប្រជាពលរដ្ឋតាមភូមិសុទ្ធតែយើងផ្សព្វផ្សាយអប់រំភូមិឃុំមានសុវត្ថិភាព។ យើង​បង្ក្រាប​​តែរហូតមក បងទៅសួរខាងការិយាល័យគ្រឿងញៀនបានដឹងបង។ បើសួរប្រជាពលរដ្ឋ​គាត់មិនយល់ទេជួនកាលខុសភូមិខុសឃុំគាត់អ៊ីចឹង!»

ចំណែកអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ថ្លែងថា លោកក៏បារម្ភចំពោះបញ្ហាគ្រឿង​ញៀន​​នេះដែរ ហើយអាជ្ញាធរតែងតែណែនាំ ក៏ដូចជាធ្វើការបង្រ្កាបជារៀងរាល់ថ្ងៃ លើក្រុមក្មេង​ទំនើងតាមភូមិ និងក្រុមកម្មករសំណង់ និងចៀរជ័រកៅស៊ូដែលពាក់ព័ន្ធការចែកចាយ និង​ប្រើ​ប្រាស់​​​គ្រឿងញៀន។

លោក ញ៉ែម សំអឿន បន្ថែមថា៖ «ការចរាចរ ការជូញដូរ ការប្រើប្រាស់ ទាំងបីនេះ​យើងប្រយ័ត្ន​ប្រយែងមែនទែន។ យើងបង្ក្រាបបានរាល់ថ្ងៃតើប្អូន ជាពិសេសក្មេងបងតូចបងធំហ្នឹង ពេលចាប់​បានយើងធ្វើតេស្តទឹកនោមព្រោះក្មេងៗអ៊ីចឹងៗនិយាយអត់ស្តាប់គ្នាទេ»

ថ្លែងនៅក្នុងវេទិកាមួយនៅខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បារម្ភពី​អនាគត​ប្រទេសជាតិដោយសារតែយុវជនកាន់តែច្រើនរងការបំផ្លាញដោយគ្រឿងញៀន។ លោក​បន្តថាក្នុងចំណោមអ្នកជាប់ឃុំជិត៤ម៉ឺននាក់គឺជាងពាក់កណ្តាលជាយុវជនពាក់ព័ន្ធគ្រឿងញៀន។ លោកស ខេង បារម្ភពីពន្ធនាគារចង្អៀតអស់កន្លែងឃុំឃាំង។

លោក ស ខេង ថ្លែងថា៖ «យើងថា៥០ភាគរយ ៣ម៉ឺនគឺ១ម៉ឺន៥ពាន់ ហើយនៅ៤ពាន់ទៀត ១ម៉ឺន​៧ពាន់ ទៅ១ម៉ឺន៨ពាន់បាត់ហើយ។ អាហ្នឹងវាប្រាកដប្រជាមនុស្សហ្នឹងនៅក្នុងពន្ធនាគារ ប៉ុន្តែ​អ្នក​អត់ពាក់ព័ន្ធការជួញដូរទេ ចែកចាយទេ ប៉ុន្តែមនុស្សនៅខាងក្រៅវាជក់គ្រឿង​ញៀន។ អ៊ីចឹងបាន​ប្រជាជនគាត់រអ៊ូក៏ត្រូវដែរប៉ុន្តែយើងមិនដឹងដោះយ៉ាងម៉េច? គេថា ចាប់ហើយលែង ចាប់ហើយ​លែងបើចាប់ទាំងអស់​មិនដឹងយកទៅដាក់នៅឯណា? ពន្ធនាគារវាណែនទៅហើយ»

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា នៅឆ្នាំ២០២២​ សមត្ថកិច្ចបង្រ្កាប និងរឹបអូសគ្រឿងញៀន​បានប្រមាណ១៥តោន។ លោក ស ខេង ក៏បានលើកឡើងពីភាពខ្វះចន្លោះ​នៃរបាយការណ៍​នេះ​ថា បង្ក្រាបបានតែចំនួនគ្រឿងញៀន តែចាប់ឈ្មួញដែលផលិត និងជួញដូរមិនបាន៕

208 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម