ក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សមួយចំនួនអះអាងថា ពួកគេមិនបានទទួលព័ត៌មានពីកញ្ចប់ថវិកាប្រចាំឆ្នាំនោះទេ ដោយថាមានការលាក់បាំងពីមេឃុំ ឬ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យពួកគេជួបការលំបាកក្នុងការចូលរួមរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ។
អនុប្រធានកិច្ចការរដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃលោក ញ៉ាវ តង បានឱ្យដឹងថា បច្ចុប្បន្នកញ្ចប់ថវិកាឃុំសង្កាត់មានចន្លោះពី៧ម៉ឺនដុល្លារទៅជាង២០ម៉ឺនដុល្លារ។
លោក ញ៉ាវ តង ថ្លែងថា៖ «ទាបបំផុតប្រហែល៧ម៉ឺនដុល្លារ វាមានឃុំខ្ពស់បំផុត១ឬ២ដែរ ដែលខ្ពស់បំផុតហ្នឹងមានដល់ជាង២០ម៉ឺនដុល្លារ ហើយឃុំដែលធម្មតាមានជាង១០ម៉ឺន។ ហើយឃុំជាង២០ម៉ឺនមានតែ២ឃុំទេ មាននៅស្ទឹងត្រង់មួយ និងមាននៅប៉ោយប៉ែតនោះមួយ»។
លោកបញ្ជាក់ថា ការកំណត់ចំនួនថវិកាឃុំ សង្កាត់ប្រចាំឆ្នាំខុសគ្នានេះ ដោយផ្អែកលើដង់ស៊ីតេប្រជាជន ទំហំសេដ្ឋកិច្ច និងទំហំដែនដីឃុំ ឬ សង្កាត់នោះ។
មាត្រា១២នៃអនុក្រឹត្យស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំសង្កាត់បានចែងថា មេឃុំ ចៅសង្កាត់ត្រូវធានាឱ្យមានការចូលរួមពីសាធារណជនមូលដ្ឋានក្នុងដំណើរការរៀបចំថវិកាតាមរយៈវិធានការទាំងឡាយដូចជា គម្រោងថវិកាត្រូវប្រកាសផ្សាយជាសាធារណៈយ៉ាងតិច២សប្តាហ៍ របស់ក្រុមប្រឹក្សាឃុំសង្កាត់។ អង្គប្រជុំរបស់គណៈកម្មាធិការកសាងផែនការ និងថវិកា ត្រូវបើកចំហដល់សាធារណជនដែលចាប់អារម្មណ៍ពិនិត្យលើគម្រោងថវិកានេះ។ ប្រជាពលរដ្ឋត្រូវតែបានផ្តល់កាលានុវត្តភាពក្នុងសម័យប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ដែលបានសម្រេចលើគម្រោងថវិកា។ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបង្កើនយន្តការផ្សេងៗ ដើម្បីឱ្យមានការចូលរួមពីសាធារណ ជនលើកិច្ចការមូលដ្ឋាន។
ទន្ទឹមនឹងច្បាប់ និងអ្នកជំនាញពាក់ព័ន្ធការអភិវឌ្ឍលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយឱ្យទូលំទូលាយនៃកញ្ចប់ថវិកា ឬ គម្រោងថវិកាសម្រាប់ឃុំសង្កាត់នេះក៏ដោយ ក៏ក្រុមប្រឹក្សាមួយចំនួនដែលមានតួនាទីក្នុងការរៀបចំផែនការ និងជំរុញដល់ការអភិវឌ្ឍនៅតាមមូលដ្ឋាននៅតែអះអាងថា ពួកគេមិនបានដឹងច្បាស់ពីគម្រោងថវិកាឃុំសង្កាត់នេះទេ។
លោក អ៊ួន សុផល ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន២អាណត្តិគឺអាណត្តិទី៤ឆ្នាំ២០១៧ និងអាណត្តិទី៥ឆ្នាំ២០២២ នៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ប៉ុន្តែលោកថា ក្នុងពេលបំពេញការងាររបស់លោកទាំង២អាណត្តិនេះ ថវិការបស់ឃុំ មិនត្រូវបានបើកចំហឱ្យរូបលោក និងសាធារណជនបានដឹងទេ។
លោក សុផល បញ្ជាក់ថា៖ «យើងដឹងតែគម្រោងអភិវឌ្ឍន៍រូបវន្តមួយគត់ព្រោះអាហ្នឹងគេដាក់ដេញថ្លៃ ក្រៅពីនោះគឺអត់ទេ។ អត់ដឹងសោះម៉ង»។
លោក សុផល បន្តថា ក្នុងនាមលោកជាជំទប់ទី១នៃឃុំនេះ នៅពេលប្រជុំម្តងៗលោកតែងតែស្នើឱ្យមានការបង្ហាញកញ្ចប់ថវិកាប៉ុន្តែមេឃុំតែងតែលើកហេតុផលផ្សេងៗជាបន្តបន្ទាប់ ហើយមិនព្រមបង្ហាញ។
តំណាងគណបក្សខ្មែររួបរួមជាតិ លោក គឹម ប៊ុនលី ជាប់ឆ្នោតជាជំទប់ទី២ នៅឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។ លោកថា លោកហាក់ត្រូវបានរើសអើងពីមេឃុំ ហើយព័ត៌មានមួយចំនួនរួមទាំងថវិកាឃុំ លោកមិនបានដឹងនោះទេ។ លោកថា លោកបច្ចុប្បន្នរង់ចាំតែចុះហេត្ថលេខាលើឯកសារមួយចំនួនដែលមេឃុំចាត់ចែងឱ្យតែប៉ុណ្ណោះ។
លោក គឹម ប៊ុនលី៖ «ដូចខ្ញុំ ដូចអីគេអត់ឱ្យប៉ះពាល់ក្បែរទេ។ គ្រាន់តែមកស៊ីញ៉េនេះ ថវិកា ចំណាយអី ទទួលស្គាល់[អ៊ី]ចឹងទៅ។ អត់ហ៊ានតវ៉ា ទោះជាតវ៉ាក៏អត់មានជោគជ័យដែរ ខ្ញុំដើរគិតប្រចាំថ្ងៃ ខ្ញុំថាខ្ជិលណាស់ ចាំតែសុខក៏អឺ សៅរ៍ក៏អឺទៅ ទោះបីតវ៉ាក៏អត់មានគេស្តាប់»។
តី ភួន ជំទប់ទី១ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ពីខាងគណបក្សភ្លើងទៀនវិញ ក៏លើកពីបញ្ហាដូចលោក គឹម ប៊ុនលី ដែរ គឺថាខាងមេឃុំមិនបានឱ្យដឹងពីថវិកា និងផែនការផ្សេងៗទេ លោកថានេះជាការលាក់បាំង។
លោក តី ភូន ថ្លែងថា៖ «ដំណើរគេមិនចង់ឱ្យដឹង។ គេមិនចង់ឱ្យដឹង ព្រោះដំណើរការប្រាក់ទាំងឆ្នាំចាស់ និងឆ្នាំថ្មី ខ្ញុំអត់បានដឹងទេ ប្រជុំអីគេអត់បានប្រាប់មកខ្ញុំទេ។ ធ្វើតែគេគ្នាគេទេ»។
ជំទប់ទី២ម្នាក់ទៀតមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ លោក ណូង លុច ថ្លែងថា លោកតែងតែទាមទារចង់ដឹងពីកញ្ចប់ថវិកាឃុំ និងការចាត់ចែងចាយវាយនានា ប៉ុន្តែតែងត្រូវបានបដិសេធពីមេឃុំ។
លោក ណូង លុច បញ្ជាក់ថា៖ «សុំគេ សូម្បីតែគម្រោងថវិកាទាំងអាកែតម្រូវទាំងអាដើមហ្នឹងក៏គេមិនឱ្យមើលផង»។
លោក ខឿន វីរ៉ាត់ ចៅសង្កាត់រងទី២ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ មកពីគណបក្សភ្លើងទៀនថ្លែងថា នៅពេលប្រជុំលោកតែងតែសួរនាំពីគម្រោងថវិកា ប៉ុន្តែខាងចៅសង្កាត់មិនប្រាប់ទេ ដោយថា រង់ចាំរបាយការណ៍ពីថ្នាក់ខណ្ឌ និងរាជធានីសិន ព្រោះថវិកាសង្កាត់នៅក្នុងរាជធានី ខាងខណ្ឌ និងរាជធានីជាអ្នកជួយរៀបចំ។ លោកបញ្ជាក់ថា ថវិកាសង្កាត់ប្រគល់ឱ្យស្ថាប័នថ្នាក់លើជាអ្នករៀបចំ និងការមិនបង្ហាញជាសាធារណៈ នេះជារឿងខុសច្បាប់។
លោក ខឿន វីរ៉ាត់ លើកឡើងថា៖ «បើធ្វើ[អ៊ី]ចឹងវាខុសនីតិវិធីហើយ ខ្ញុំគ្រាន់តែនិយាយ ហើយគេថា កន្លែងហ្នឹងសាលារាជធានីគេបានប្រាប់មកសង្កាត់[អ៊ី]ចឹងថា សាលាខណ្ឌ និងសាលារាជធានីជាអ្នកធ្វើឱ្យ។ ហើយបើតាមនីតិវិធីគឺថា ក្នុងការរៀបចំផែនការថវិការយៈពេល៥ឆ្នាំហ្នឹងគឺសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ហ្នឹងគាត់ត្រូវប្រជុំពិភាក្សាគ្នាតាមរយៈគណៈកម្មាធិការកសាងផែនការ និងអភិវឌ្ឍន៍»។
ចុះបើក្រុមប្រឹក្សាឃុំជាអ្នករៀបចំ និងជំរុញដល់ការអភិវឌ្ឍមិនបានដឹងពីថវិកាឃុំ សង្កាត់ តើមានផលប៉ះពាល់អ្វីដល់ដំណើរការនៃការអភិវឌ្ឍ?
ក្រុមប្រឹក្សាខាងលើលើកឡើងថា ពួកគាត់ជួបការលំបាកក្នុងការលើកផែនការអភិវឌ្ឍដោយសារតែមិនបានដឹងច្បាស់ពីចំនួនហិរញ្ញវត្ថុ ព្រោះមិនដឹងថាលុយមានប៉ុន្មាន? ហើយរាល់ពេលលើកផែនការតែងមិនទទួលបានការគាំទ្រពីមេឃុំ ឬ ចៅសង្កាត់ពីបក្សកាន់អំណាច។
លោក អ៊ួន សុផល លើកឡើងថា លោកជួបការលំបាកខ្លាំងក្នុងការបំពេញការងារអភិវឌ្ឍតាមតម្រូវការរបស់ពលរដ្ឋ ព្រោះមិនបានដឹងពីចំនួនលុយដែលមានប្រចាំឆ្នាំនៅក្នុងឃុំរបស់ លោក។
លោក អ៊ួន សុផល បន្ថែមថា៖ «យើងពិបាក។ ដោយមូលហេតុយើងពិបាក ឧទាហរណ៍យើងអត់ដឹងខ្ទង់លុយ ដល់យើងលើកផែនការទៅ ជួនអីលុយហ្នឹងវាមិនត្រូវផែនការ ជួនអីយើងអត់ដឹងថា លុយមានទេ ដល់ពេលក្រោយមកយើងសម្ងំៗ នៅស្ងៀមអត់បានធ្វើ លុយហ្នឹងសល់»។
លោក តី ភួន ថ្លែងថា ចាប់ពីលោកបំពេញការងារក្រោយជាប់ឆ្នោតប្រហែល៧ខែកន្លងទៅនេះ លោកជួបការលំបាកខ្លាំង ព្រោះមិនបានដឹងពីកិច្ចការសំខាន់ៗនានានៅក្នុងឃុំ រួមទាំងចំណូលនិងចំណាយ។ លោកថា បច្ចុប្បន្នគ្រាន់តែនៅប្រចាំការនៅកន្លែង តាមការប្រាប់របស់មេឃុំតែប៉ុណ្ណោះ។
លោក តី ភួន ឱ្យដឹងថា៖ «ចាប់តាំងពីធ្វើការមកគេឱ្យនៅចាំកន្លែង ដើម្បីបោះត្រា បោះអីជូនប្រជាពលរដ្ឋតែប៉ុណ្ណោះឯង»។
លោក ណូង លុច ថ្លែងថា ការដែលមិនបានដឹងពីកញ្ចប់ថវិកា និងការប្រកាន់បក្ខពួកមិនបែងចែកការទទួលខុសត្រូវច្បាស់លាស់នេះធ្វើឱ្យរូបលោកផ្ទាល់ជួបការលំបាកខ្លាំង។
លោក ណូង លុច៖ «វាលំបាកម៉ែឪអាលំបាកហើយ! មិនដឹងថា ម៉េចទេ? នៅឃុំផ្សេងគេបែងចែកតួនាទីផ្សេងគ្នាច្បាស់លាស់ ដូចថា ជំទប់ទី១ទទួលបន្ទុកសេដ្ឋកិច្ចហិរញ្ញវត្ថុ[អ៊ី]ចឹងទៅ។ ជំទប់ទី២ទទួលបន្ទុករដ្ឋបាលសង្គមកិច្ច សេវាសាធារណៈ និងសណ្តាប់ធ្នាប់[អ៊ី]ចឹងទៅ។ នៅនេះគេអត់ចែក[ភារកិច្ចទទួលខុសត្រូវ]ទេ គេចង់ធ្វើអីទៅលួចធ្វើស្ងាត់ៗគ្នាគេៗទុកឱ្យយើងឯកោ[អ៊ី]ចឹងទៅណា»។
ក្រុមប្រឹក្សាឃុំ សង្កាត់១៥រូបមកពីគណបក្សមិនមែនរដ្ឋាភិបាល ពីរាជធានីខេត្តចំនួន៦ផ្សេងគ្នា ដែលខេមបូចាបានសាកសួររួមមាន ខេត្តកំពត កណ្តាល ព្រះវិហារ កំពង់ធំ រាជធានីភ្នំពេញ និង ខេត្តរតនគិរី ដោយពួកគេខ្លះថា មិនបានដឹងទាំងស្រុងពីថវិកាឃុំ សង្កាត់ មួយចំនួនថា បានដឹងខ្លះ និងមួយចំនួនទៀតថា មានការលាក់បាំងទាំងរបាយការណ៍ថវិកា និងរបាយការណ៍ផ្សេងៗទៀត ពីសំណាក់មេឃុំ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា។
តាមច្បាប់ និងបទប្បញ្ញត្តិនានាបានផ្តល់កញ្ចប់ថវិកា និងសិទ្ធិសម្រេចនានាដល់អាជ្ញាធរថ្នាក់ឃុំ សង្កាត់ ដើម្បីអភិវឌ្ឍន៍ និងដោះស្រាយបញ្ហានៅថ្នាក់មូលដ្ឋានពួកគេឱ្យបានឆាប់រហ័ស និងចំគោលដៅដែលពលរដ្ឋត្រូវការ។ ក្រុមប្រឹក្សាកើតមកពីការបោះឆ្នោតពីប្រជាពលរដ្ឋ ជាតំណាងឱ្យពលរដ្ឋ ឬ ស្មើសមាជិកសភានៅថ្នាក់ឃុំ សង្កាត់ និងជាអ្នកការពារផលប្រយោជន៍ពលរដ្ឋ ចុះបើការកាន់តួនាទីដែលមិនទទួលបានព័ត៌មាននានានៅក្នុងឃុំសង្កាត់តើពួកគេអាចការពារផលប្រយោជន៍ឱ្យពលរដ្ឋបានដោយរបៀបណា?
ទោះយ៉ាងណា មេឃុំ២រូបមកពីណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅក្នុងចំណោមមេឃុំចៅសង្កាត់ដែលរងការចោទប្រកាន់នេះ បានបញ្ជាក់ថា ពួកគេមិនមានការលាក់បាំងរបាយការណ៍ហិរញ្ញវត្ថុ ឬ បង្កើតបក្ខពួករើសអើងបក្សនយោបាយនោះទេ។
លោក ណី នន មេឃុំដំណាក់សុក្រំ បញ្ជាក់ថា ដំណើរការអភិវឌ្ឍន៍ឃុំគឺតែងតែបង្ហាញរបាយការណ៍នានាពីការអភិវឌ្ឍឃុំ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុផងដែរ ប៉ុន្តែលោកថា អាចលោក អ៊ួន សុផល មិនបានកត់ត្រាទើបមិនបានដឹង។
លោក ណី នន បញ្ជាក់ថា៖ «ក្រែងគណបក្សផ្សេងគេស្តាប់មិនច្បាស់ទេ អត់មានលាក់លៀមទេ យើងផ្សព្វផ្សាយកញ្ចប់លុយរួមមានប៉ុន្មាន? ធ្វើអីខ្លះ? ធ្វើអីខ្លះហ្នឹងមានទាំងអស់ គ្រាន់តែគាត់មិនច្បាស់ខ្លួនគាត់។ សូម្បីតែខ្ញុំបានគត់ទុកគ្រាន់តែមិនបើកសៀវភៅមើល ថាមិនត្រូវផង»។
លោក ឈឿន ឡូន មេឃុំរំដោះថ្លែងថា ការរៀបចំក្រុមការងារ និងដំណើរការអភិវឌ្ឍដំណើរការទៅល្អ។ ចំណែកការចោទប្រកាន់ថា មានការលាក់បាំងចំនួនថវិកា ឬ ប្រកាន់បក្ខពួកនោះលោកថា មិនមានទេ។
លោក ឈឿន ឡូន ឱ្យដឹងថា៖ «គ្មានអីលាក់លៀម យើងប្រជុំមុននឹងសម្រេចធ្វើអីមួយ។ យើងប្រជុំក្រុមប្រឹក្សាជាអ្នកអនុម័តណាបង។ អត់លាក់លៀមទេ! អត់អីលាក់លៀមទេ!»។
លោកចាត់ទុកថា ការចោទប្រកាន់នេះថា ជាការវាយប្រហារទេ។ លោក ឈឿន ឡូនបន្ថែមថា៖ «អត់មានអីលាក់លៀមទេបង កុំជឿពួកគាត់ គាត់ចេះតែវាយប្រហារទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនដែលទទួលបានព័ត៌មានពីការចោទប្រកាន់ថា មេឃុំ ឬចៅសង្កាត់ពីគណបក្សលោកលាក់បាំងរបាយការណ៍ថវិកាទេ។ ទោះយ៉ាងណាលោកថា កន្លងមកមេឃុំ ឬចៅសង្កាត់របស់គណបក្សកាន់អំណាចបានអនុវត្តន៍ត្រឹមត្រូវទៅតាមច្បាប់។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «ការចាយវាយថវិកាឃុំសង្កាត់វាមានបែបបទរបស់វាត្រឹមត្រូវ មានការត្រួតពិនិត្យ មានការតាមដាន មានការណែនាំរបៀបប្រើ»។
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនដែលទទួលបានតំណែងជាមេឃុំ ចៅសង្កាត់ ក្នុងចំណោម ឃុំ សង្កាត់ទាំង ១ ៦៥២ នៅទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំចៅសង្កាត់ចំនួន ១ ៦៤៨ ចំណែកគណបក្សភ្លើងទៀនទទួលតំណែងមេឃុំចំនួន៤។
គណបក្សភ្លើងទៀនដឹកនាំស្ថិតនៅក្នុងខេត្តចំនួន២គឺនៅខេត្តកំពង់ធំ៣ និងកំពង់ចាម១។ ក្រុមប្រឹក្សាឃុំនៅកន្លែងដែលគណបក្សភ្លើងទៀនដឹកនាំមិនមានការចោទប្រកាន់ពីការដឹកនាំប្រកាន់បក្ខពួក ឬ លាក់បាំងកញ្ចប់ថវិកាទេ។
លោក យ៉ាប់ យ៉ូត មេឃុំពីគណបក្សភ្លើងទៀន នៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោកថា នៅក្នុងឃុំរបស់លោក ក្រុមប្រឹក្សាឃុំបានដឹងពីកញ្ចប់ថវិកាទាំងអស់គ្នាតាមរយៈការចូលរួមប្រជុំរៀបចំផែនការអភិវឌ្ឍន៍ឃុំ។ លើសពីនេះលោកថា ប្រជាពលរដ្ឋក៏លោកផ្សព្វផ្សាយឱ្យបានដឹងដែរ។
លោក យ៉ាប់ យ៉ូត ថ្លែងថា៖ «ខ្ញុំបានប្រជុំផ្សព្វផ្សាយក្រុមប្រឹក្សាឃុំក៏ដឹង មេភូមិគ្រប់ភូមិក៏ដឹង រហូតដល់ប្រជុំផ្សព្វផ្សាយប្រជាពលរដ្ឋក៏ដឹង»។
លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លើកឡើងថា តាមគោលការណ៍ច្បាប់អាជ្ញាធរឃុំសង្កាត់ត្រូវផ្សព្វផ្សាយជាសាធារណៈឱ្យទាំងពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធបានដឹង។ លោកបន្តថា តាមដំណើរការអភិវឌ្ឍន៍ក្រុមប្រឹក្សាឃុំសង្កាត់ចាំបាច់ត្រូវតែដឹង។
លោក ផានិត លើកឡើងថា៖ «បើក្រុមប្រឹក្សាទៀត គាត់ត្រូវតែដឹងលើដំណើរការហ្នឹង ព្រោះរាល់ថវិកាអនុម័ត ស្នើសុំផ្សេងៗហ្នឹងគេតែងតែលើកមកជជែកគ្នា ពិភាក្សាគ្នាក្នុងការប្រជុំរបស់ឃុំ របស់ស្រុក ដើម្បីឱ្យក្រុមប្រឹក្សាហ្នឹងអនុម័ត ហើយបើគាត់មិនបានដឹងតើវាយ៉ាងម៉េច? ព្រោះខ្ញុំកំពុងឆ្ងល់ ការប្រជុំប្រចាំខែគេអញ្ជើញគ្រប់គណបក្សហើយ ក្រុមប្រឹក្សាមកពីបក្សណាក៏ដោយ មកពីណាមកទៅ ត្រូវមកប្រជុំរួមគ្នា ហើយគេនឹងលើកឡើងពីរបាយការណ៍ផ្សេងៗ»។
លោក ផានិត ជំរុញឱ្យក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ស្វែងយល់ពីច្បាប់ពាក់ព័ន្ធដើម្បីដោះស្រាយពីបញ្ហាមិនយល់គ្នាទាំងនេះ។
លោក ផានិត បន្ថែមថា៖ «នីតិវិធីមួយចំនួននៅកម្រិតឃុំ ស្រុក នេះ សូមឱ្យក្រុមប្រឹក្សាឃុំ មើលវាឡើងវិញ ព្រោះពេលខ្លះ ពេលឆ្លើយមក មិនឱ្យឬក៏គេមិនផ្តល់ជូន គាត់ត្រូវមើលបទបញ្ជាផ្ទៃក្នុង តួនាទីអីហ្នឹងឡើងវិញទាំងអស់បានអាចឆ្លើយឆ្លងជាមួយគ្នាបាន។ គាត់មិនអាចនិយាយតែប៉ុណ្ណឹង ហើយគេយកច្បាប់មកពាំង ហើយគាត់អត់បានមើលដែរក៏ទៅតាមតែគេទៅណា! [អ៊ី]ចឹងមិនខ្វល់អ្នកណា ក្រុមប្រឹក្សាមកពីណាទេសំខាន់គឺអនុវត្តន៍ច្បាប់ទាំងអស់គ្នា»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លើកឡើងថា ការដំឡើងថវិកាឃុំសង្កាត់ គឺជាសញ្ញាវិជ្ជមានមួយនៅក្នុងការអភិវឌ្ឍថ្នាក់មូលដ្ឋាន។ លោកបន្តថា ការផ្សព្វផ្សាយពីចំនួនថវិកាឱ្យសាធារណជនបានដឹងគឺល្អបំផុត។
លោក ពិសី មានប្រសាសន៍ថា៖ «ការផ្សព្វផ្សាយរាល់ឯកសារពាក់ព័ន្ធទាក់ទងថវិកានៅថ្នាក់ក្រោមជាតិ ចាំបាច់ណាស់ដើម្បីឱ្យពលរដ្ឋខ្លួនឯងដែលជាម្ចាស់លុយ ម្ចាស់ថវិកា ដើម្បីឱ្យដៃគូពាក់ព័ន្ធហើយជាពិសេស ដើម្បីឱ្យក្របខណ្ឌគណបក្សនយោបាយដែលមិនមែនរដ្ឋាភិបាលហ្នឹងគាត់ត្រូវដឹង ពីដំណើរការនៃការរៀបចំថវិកា»។
លោក ប៉ិច ពិសី លើកឡើងទៀតថា ការផ្សព្វផ្សាយកញ្ចប់ថវិកាអភិវឌ្ឍន៍ថ្នាក់មូលដ្ឋានជាសាធារណៈនៅមានកម្រិតទាប។
លោក ប៉ិច ពិសី បន្ថែមថា៖ «ការពិភាក្សារៀបចំផែនការថវិកាថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការអនុម័តពីថ្នាក់ជាតិហ្នឹងនៅមានកម្រិតនៅឡើយ។ បើយើងតាមរបាយការណ៍នៃការស្ទង់មតិស្តីអំពីការបើកចំហថវិកា OBS Report ឆ្នាំ២០២១ គឺកម្ពុជាយើងទាក់ទងតម្លាភាពទទួលបានតែ៣៣ លើ១០០ទេ បានន័យថា កម្រិតតម្លាភាពនៃថវិកានៅមាននៅឡើយទី១។ ទី២ ការចូលរួមការចូលរួមជជែកពិភាក្សពីពលរដ្ឋពីដៃគូហ្នឹងគឺ មានកម្រិតទាបមែនទែន នៅឆ្នាំ២០២១នេះ យើងទទួលបាន០លើ១០០»។
ពេលសួរថា តើបើមានការមិនបើកទូលាយរបាយការណ៍ថវិកានៅថ្នាក់ឃុំសង្កាត់នេះ អាចពាក់ព័ន្ធនឹងអំពើពុករលួយឬទេ? លោក ប៉ិច ពិសី បញ្ជាក់ថា បើគ្រាន់តែមិនបើកទូលាយពីព័ត៌មានថវិកានេះ មិនអាចចោទថា ពាក់ព័ន្ធអំពើពុករលួយទេ ប៉ុន្តែលោកថា បើមិនបើកទូលាយនេះ ងាយក្នុងការប្រព្រឹត្តអំពើពុករលួយ។
របាយការណ៍អង្គការតម្លាភាពអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស១៨០នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបើប្រៀបជាមួយបណ្តាប្រទេសទាំង១០នៅអាស៊ានគឺកម្ពុជាមានអំពើពុករលួយជាងគេបំផុត។
មាត្រា៤១នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចែងថា រដ្ឋបាលឃុំ សង្កាត់មានតួនាទីជំរុញ និងគាំពារ អភិបាលកិច្ចល្អ ដោយចាត់ចែង ប្រើប្រាស់ធនធាននានាដែលមាន ប្រកបដោយចិរភាព សម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងឃុំសង្កាត់របស់ខ្លួនបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងគោរពផលប្រយោជន៍របស់ជាតិស្របតាមគោលនយោបាយទូទៅរបស់រដ្ឋ។
លោក ញ៉ាវ តង បានលើកឡើងពីផ្លូវច្បាប់បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំឃុំ សង្កាត់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋ។ លោកបានបញ្ជាក់ថា នៅក្នុងច្បាប់បើថ្នាក់ដឹកនាំ ឃុំសង្កាត់មិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទេ ក៏មិនបានចែងពីការដាក់ទោសទណ្ឌទេ គឺគ្រាន់តែមានការកំណត់ដកពិន្ទុការអនុវត្តការងាររបស់ឃុំ ឬ សង្កាត់នោះតែប៉ុណ្ណោះ។
លោក វណ្ណ ផានិត និងលោក ប៉ិច ពិសី ជំរុញឱ្យច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលកំពុងដំណើរការរៀបចំនេះ មានការដាក់បញ្ចូលពីទោសទណ្ឌថ្នាក់ដឹកនាំឃុំសង្កាត់ ដែលមិនបានបំពេញកាតព្វកិច្ចផ្សព្វផ្សាយពីថវិកាអភិវឌ្ឍន៍នៅកន្លែងដែលពួកគេគ្រប់គ្រង៕