សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករសំណង់៤នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ដោយសារដាច់ខ្សែកាបយោងជណ្ដើរយន្តពីកម្ពស់១៥ជាន់

អាជ្ញាធរខេត្តព្រះសីហនុចុះទៅពិនិត្យនិងប្រមូលព័ត៌មាននៅការដ្ឋានសំណង់ដែលបណ្តាលឱ្យកម្មករ៤នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ ខណៈសាច់ញាតិអ្នករងគ្រោះកំពុងយំក្បែរសពជនរងគ្រោះ។ រូបថតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ រូបថតពីហ្វេសប៊ុកស្នងការនគរបាលខេត្តព្រះសីហនុត
អាជ្ញាធរខេត្តព្រះសីហនុចុះទៅពិនិត្យនិងប្រមូលព័ត៌មាននៅការដ្ឋានសំណង់ដែលបណ្តាលឱ្យកម្មករ៤នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ ខណៈសាច់ញាតិអ្នករងគ្រោះកំពុងយំក្បែរសពជនរងគ្រោះ។ រូបថតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ រូបថតពីហ្វេសប៊ុកស្នងការនគរបាលខេត្តព្រះសីហនុ

កម្មករសំណង់ចំនួន៤នាក់ស្លាប់និងម្នាក់របួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯរាជធានី​ភ្នំពេញ បន្ទាប់ពីជួបគ្រោះថ្នាក់ដាច់ខ្សែកាបយោងជណ្តើរ​យន្តពីកម្ពស់១៥ជាន់ នៅការដ្ឋាន​កំពុង​សាងសង់មួយកន្លែងក្នុងក្រុងព្រះសីហនុកាលពីថ្ងៃសុក្រ។

ហេតុការនេះកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងការដ្ឋានមួយកន្លែងដែល​កំពុងសាងសង់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អគារដែល​សាង​សង់បាន​កម្ពស់១៩ជាន់នេះ មានម្ចាស់ជាជនជាតិខ្មែរ ដោយគ្រោងសាងសង់ឡើង​ដើម្បីធ្វើ​ជាខុនដូ ដែលមានកម្ពស់២១ជាន់។

លោកបន្តថា អាជ្ញាធរកំពុងស្វែងរកមេការសាងសង់ និងម្ចាស់អគារ ខណៈអគារនេះបាន​ផ្អាកដំណើរការសាងសង់នៅឆ្នាំ២០១៩ និងបានបើកដំណើរការឡើងវិញនៅឆ្នាំ២០២០។

លោកប្រាប់ថា៖«យើងសួរបានមេការម្នាក់(អ្នកមើលការនៅអគារ)អ្នកទទួលខុសត្រូវនេះ ឥឡូវយើងកំពុងបន្តរកមេការអគារ(ម្ចាស់អគារ)និងកំពុង​រកមេការសាងសង់»។

លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា កម្មករខ្មែរដែល​រងគ្រោះចំនួន៥នាក់ ក្នុងនោះកម្មករប្រុស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង​ស្រី​ម្នាក់ស្លាប់អំឡុងពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខណៈកម្មករប្រុសម្នាក់ទៀត​ដែលរងរបួស​ធ្ងន់​កំពុងបញ្ជូនមកព្យាបាលនៅឯរាជធានីភ្នំពេញ។  

លោកបន្តថា ហេតុដែលនាំឱ្យដាច់ខ្សែនេះ បណ្ដាលមកពីបញ្ហាបច្ចេកទេស​ក្នុងការដំឡើង​ខ្សែ​កាបយោងជណ្តើរយន្តរបស់អ្នកគ្រប់គ្រងការសាងសង់។

លោកឱ្យដឹងថា៖«ពាក់ព័ន្ធនឹងការធ្វើកោសលវិច្ច័យទៅវាដាច់ខ្សែកាប។ ចឹងខាងកម្មករគាត់​ដឹង​តែធ្វើទេ អ្នកគ្រប់គ្រងគាត់ខាងបច្ចេកទេសខាងដំឡើងប្រដាប់យោងអីឱ្យគាត់»។

អាជ្ញាធរខេត្តព្រះសីហនុចុះទៅពិនិត្យនិងប្រមូលព័ត៌មាននៅការដ្ឋានសំណង់ដែល​បណ្តាលឱ្យកម្មករ៤នាក់ស្លាប់និងរបួសធ្ងន់ម្នាក់​។ រូបថតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។​ រូបថតពីហ្វេសប៊ុកស្នងការនគរបាលខេត្តព្រះសីហនុ

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ មាន​ប្រសាសន៍ថា កម្មករដែលរងគ្រោះទាំងនោះពុំមានប្រើប្រាស់​បេឡាជាតិសន្តិសុខសង្គម​(បបស)ឡើយ។

លោករៀបរាប់ថា៖«កាលណាអត់មាន បបស ត្រូវម្ចាស់ការដ្ឋានគាត់អ្នករ៉ាប់រង​ទាំងស្រុង​តាមផ្លូវច្បាប់ ក្នុងការទូទាត់សំណង»។

បើតាមប្រធានមន្ទីរការងាររូបនេះ បានអះអាងថា ពុំមានតួលេខណាមួយច្បាស់លាស់​អំពី​ចំនួន​កម្មករសំណង់ដែលកំពុងធ្វើការនៅខេត្តព្រះសីហនុ ដោយសារតែជាវិស័យសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។

លោក ខេមរា បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុ មានចំនួន២ករណី​គ្រោះថ្នាក់នៅឯការដ្ឋានសំណង់ គឺទី១ ការឆក់ខ្សែភ្លើងបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និង​លើកទី២ គឺការដាច់ខ្សែកាបយោងជណ្តើរយន្តនេះតែម្ដង។

លោក សួ ឆ្លូញ អនុប្រធានសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា មានប្រសាសន៍ថា ការដាច់ខ្សែកាបយោងជណ្តើរយន្តពីកម្ពស់១៥ជាន់នេះ ជាការឆ្លុះបញ្ចាំងពីភាពចន្លោះ​ប្រហោងរបស់អាជ្ញាធរលើការអនុវត្តការងារខ្លួន។

លោក ឆ្លូញ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងលើមន្ត្រីអធិការកិច្ច ក្នុងការចុះពិនិត្យ​និង​តាមដានសុវត្ថិភាពរបស់កម្មករគ្រប់ការដ្ឋានសាងសង់ទាំងអស់។

លោកនិយាយថា៖«ការដាច់ខ្សែរយោងនេះ ខ្ញុំយល់ថាជាកង្វះការយកចិត្តទុកដាក់មួយ​ទៅ​លើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ពីព្រោះកម្មករមានតួនាទីក្នុងការបំពេញការងារ។ តែអ្វី​ដែលសំខាន់ក្រសួងនិងក្រុមហ៊ុនទាំងអស់នោះត្រូវ បំពេញបន្ថែមនូវគណៈកម្មការសុខភាព​សុវត្ថិភាព ក៏ដូចជាអ្នកដែលត្រូវចុះអធិការកិច្ចទៅលើប្រព័ន្ធសុវត្ថិភាពភាពរបស់កម្មករ»។

សង្គមស៊ីវិលធ្វើការលើវិស័យការងារ បានរកឃើញថា កម្មករក្នុងវិស័យសំណង់នៅកម្ពុជាជាង​២០ម៉ឺននាក់កំពុងប្រឈមគ្រោះថ្នាក់ការងារក្នុងអត្រាខ្ពស់បំផុត បើធៀបនឹងវិស័យការងារ​ផ្សេង​ទៀត ខណៈពួកគេទទួលបានការផ្តល់កិច្ចការពារផ្នែកសុខភាពសុវត្ថិភាព និងការធានា​រ៉ាប់រងគ្រោះថ្នាក់ការងារក្នុងកម្រិតមួយទាប។

ប្រភពដដែល ឱ្យដឹងទៀតថា តាមការចុះស្រាវជ្រាវនាចុងឆ្នាំ២០១៧ លើកម្មករ​សំណង់​ជាង​១០០០នាក់ បានរកឃើញថា ក្នុងចំណោមពួកគេ១០០នាក់ មាន១៩នាក់ បានជួបគ្រោះថ្នាក់​នៅពេលបំពេញការងារ ហើយគ្រោះថ្នាក់នេះ មានដល់ថ្នាក់ស្លាប់ដោយឆក់ខ្សែភ្លើង ឬធ្លាក់ពី​លើអគារជាដើម៕

756 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម