សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

មន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការកាប់ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃសង្ឃ​រុក្ខាវ័ន្ត

ផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ក្នុងខេត្តឧត្តរមានជ័យ។ រូបថតនៅពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ (រូបថត៖ ទ្រី ថានី)
ផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ក្នុងខេត្តឧត្តរមានជ័យ។ រូបថតនៅពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ (រូបថត៖ ទ្រី ថានី)

សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាឃុំខ្លូនមន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀត​ កាលថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ពីបទដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល​ និង​អនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត ដែលប្រព្រឹត្តស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ស្ថិតនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី៤ ខែមករា​ អ្នកទាំងបួនត្រូវបានឃាត់ខ្លួនក្រោមបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា៨៥០ ចំណុច​ង​នៃក្រមបរិស្ថាន ដោយមានការប្រព្រឹត្តស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ត្រង់ចំណុចផ្លូវបំបែកស្នាក់ការស្រោងស្រឡៅ ស្ថិតនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

យោងតាម​ដីកាបង្គាប់ឱ្យឃុំខ្លួនបានបញ្ចាក់ថា ជនជាប់ចោទមានឈ្មោះ​ សាល វ៉ាន់សារិទ្ធ មានអាយុ៣៧ឆ្នាំជាមន្ត្រីរាជការនៅសាលាខេត្ត  លោក រឹប រ័ត្ន មានអាយុ៤៤ឆ្នាំ លោក ផាន់ រ័ត្ន អាយុ៤២ឆ្នាំ និង លោក ឈាំង ឈឿន មានអាយុ៣៦ឆ្នាំ អ្នកទាំងបីជាកសិករ។

ព្រះតេជគុណមួយអង្គ ដែលចូលរួមការពារព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន្ត​ សុំមិនបញ្ជេញ​ឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បាន​​មានសង្ឃដីកាថា បុគ្គលទាំងបួនខាងលើ បានកាប់​និងដឹកប្រមូលឈើប្រណិតដោយគ្មានការអនុញ្ញាត​។

ព្រះតេជគុណក៏មានសង្ឃដីកាថា​៖ «ថ្ងៃទី៥ អ្នកទាំងបួនប្រគល់ឱ្យមន្ទីរបរិស្ថាន ដែលឃាត់​ខ្លួននៅកន្លែងជាក់ស្តែងនៅ​គោយន្តនិងមនុស្ស នៅវេលាម៉ោង៦​ និង១៥នាទី»

លោក ហេង គឹមហុង ប្រធានប្រត្តិបត្តិសមាគមបណ្តាញយុវជនកម្ពុជា បានថ្លែង​ថា ទាក់​ទង​សកម្មភាពល្មើសនិងការប្រព្រឹត្តបទល្មើសនៅក្មុងតំបន់ការពារធម្មជាតិដែលកើតឡើង​ដោយ​សារ​តែការប្រម៉ាញ់ បរបាញ់ និងការកាប់បំផ្លាញព្រៃឈើគួរតែមានការរឹតបន្តឹង។

លោកបានបញ្ចាក់បន្តថា៖ «ជាពិសេសបើសិនជារកឃើញថាមានអំពើវិនាសកម្មធ្ងន់ធ្ងរ​ទៅ​ដល់​ធនធានធម្មជាតិ ជីវចម្រុះនិងព្រៃឈើ ជនល្មើសគួរតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយខានពុំបាន នេះជាអ្វីដែលយើងគួរតែគិតនិងជំរុញ»

លោកបន្តថា នៅពេលការអនុវត្តច្បាប់កាន់តែថមថយក្រុមអ្នកប្រព្រឹត្តបទល្មើសនៅបន្ត​។

លោកលើកឡើងថា៖ «ខ្ញុំគិតថាជារឿងត្រឹមត្រូវដែលយើងយកវិធានការច្បាប់មកទប់ស្កាត់​ទៅ​លើសកម្មភាព​ ជាពិសេសការប្រើវិធានការតុលាការ​ និងអនុវត្តយន្តការ​ច្បាប់ប្រឆាំង​ទៅជន​ទាំងឡាយណាដែលបំផ្លិតបំផ្លាញ ធនធានធម្មជាតិនៅប្រទេសកម្ពុជា»

លោក ម៉េត មាសភក្តី នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ សុំមិនផ្តល់ព័ត៌មាន​ដល់អ្នកហត្ថការខាងផ្នែកព័ត៌មាននៃ​សារព័ត៌មានខេមបូចា ប៉ុន្តែទោះបីជាអ្នកសារព័ត៌មានខេមបូចា បានទាក់ទងលោកតាមតេឡេក្រាម ហើយគាត់នៅតែមិនឆ្លើយតបដដែល។

គម្របព្រៃឈើជាង ៣៥ ០០០ ហិកតាបានបាត់បង់នៅឆ្នាំ២០២២ ទោះបីជាទាបជាងកាលពី ២ឆ្នាំមុនក៏ដោយ ដែលឆ្នាំនីមួយៗមានលើសពី ៤០ ០០០ ហិកតា។

តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ទាំង​៤​នោះ​មាន ឧទ្យានជាតិ​បុទុមសាគរ ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរ។

យោងតាមអង្គការឃ្លាំមើលព្រៃឈើពិភពលោក(Global Forest Watch) ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើចំនួន ១២១ ០០០ ហិកតា។ ទំហំនៃការបាត់បង់គឺស្មើនឹងតំបន់នៃទីក្រុង Los Angeles ក្នុងសហរដ្ឋអាមេរិក៕

832 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម