មួយខែក្រោយពីពិធីសម្ពោធបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលមានតម្លៃជាទឹកប្រាក់១,៧ពាន់លានដុល្លារ ពុំទាន់ឃើញមានសកម្មភាពសាងសង់អ្វីនៅឡើយទេ បើទោះបីជាក្រសួងពាក់ព័ន្ធមួយចំនួនបានចាប់ផ្ដើមសម្ភាសជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលទំនងជាពាក់ព័ន្ធនឹងសំណង ប៉ុន្តែ គេនៅមិនទាន់មានព័ត៌មានច្រើនជាងនេះនៅឡើយទេ រហូតមកទល់ពេលនេះ។
កាលពីថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃសម្ពោធបើកការដ្ឋាន គេឃើញមានគ្រឿងចក្រជាច្រើនគ្រឿងតម្រៀបជួរគ្នានៅឯការដ្ឋានព្រែកជីកហ្វូណន ប៉ុន្តែ មួយខែក្រោយមក ទីតាំងដែលជាចំណុចចាប់ផ្ដើមនៃព្រែកជីកនៅឯព្រែកតាកែវ ហាក់មានភាពស្ងប់ស្ងាត់ដោយគេពុំឃើញមានគ្រឿងចក្រ និងសកម្មភាពសាងសង់អ្វីឡើយ ។
ប្រជាពលរដ្ឋបានរាយការណ៍ថា មួយថ្ងៃក្រោយពីពិធីបើកការដ្ឋាន ឧបករណ៍សាងសង់បានត្រូវដកចេញទៅវិញ ហើយនៅចំណុចចាប់ផ្ដើមនៃព្រែកជីក គេពុំឃើញមានសកម្មភាពអ្វីទេ ។
ខុសពីប្រជាជនមកពីខេត្តដទៃទៀតដែលបានមកដល់ទីនេះដើម្បីចូលរួមពិធីសម្ពោធបើកការដ្ឋាន ប្រជាជនដែលរស់នៅជុំវិញទីតាំងគម្រោងមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ ហើយពួកគេព្រួយបារម្ភពីផលប៉ះពាល់នៃការសាងសង់មកលើដីធ្លីផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ។
មួយសប្ដាហ៍ក្រោយពិធីបើកការដ្ឋាន ក្រុមការងារមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានសម្ភាសប្រជាពលរដ្ឋដែលអាចនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីក ប៉ុន្តែ បន្ទាប់ពីសម្ភាសរួចមក ប្រជាពលរដ្ឋមិនទាន់ទទួលបានព័ត៌មានថ្មីអ្វីទៀតទេ ហើយពួកគេកាន់តែព្រួយបារម្ភអំពីអនាគតរបស់គម្រោង។
អ្នកស្រី រី ស៊ីណែត អ្នកភូមិដែលរស់នៅក្បែរទីតាំងគម្រោង បានប្រាប់ ខេមបូចា ថា បន្ទាប់ពីថ្ងៃប្រារព្ធពិធីបើកការដ្ឋានមក ពុំមានឃើញការងារអ្វីនៅលើព្រែកនេះទេ ប៉ុន្តែ មួយសប្ដាហ៍ក្រោយមក ខាងមន្ត្រីមកពី MEF និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានមកសម្ភាសអ្នកភូមិមួយចំនួន ប៉ុន្តែ តាំងពីនោះមក អ្នកស្រីមិនបានទទួលដំណឹងអ្វីពីមន្ត្រីទាំងនោះទៀតឡើយ។
អ្នកស្រី ស៊ីណែត ត្រូវបានសាកសួរអំពីទំហំផ្ទះនិងដី និងប្រភេទដំណាំដែលអ្នកស្រីដាំដុះ ប៉ុន្តែ បងស្រីរបស់អ្នកស្រីដែលក៏នឹងរងផលប៉ះពាល់ពីគម្រោងនេះដែរ ពុំត្រូវបានសម្ភាសទេ ។ អ្នកស្រីសួរមន្ត្រីថា ហេតុអ្វីមិនសម្ភាសបងស្រីរបស់អ្នកស្រី ប៉ុន្តែ ខាងមន្ត្រីបានប្រាប់ថា វា«គ្រាន់តែជាការសម្ភាសជាមូលដ្ឋានដំបូងប៉ុណ្ណោះ» ដោយខាងមន្ត្រីបានប្រាប់អ្នកស្រីថាកុំបារម្ភ។ បើទោះបីក្រុមមន្ត្រីបានចាប់ផ្ដើមការសម្ភាសប្រជាជនក្ដី អ្នកស្រី ស៊ីណែត នៅតែព្រួយបារម្ភ ពីព្រោះសំណងអាចនឹង«មិនគ្រប់គ្រាន់»សម្រាប់យកទៅទិញដីទេ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបារម្ភពីព្រោះយើងអត់មានដីច្រើនទេ។ យើងរស់នៅទីនេះយូរយារមកហើយ ហើយខ្ញុំមិនដឹងថាសំណងនោះមានចំនួនប៉ុន្មាននោះទេ»។ អ្នកស្រីបន្តថា៖ «ខ្ញុំខ្លាចគេសំណងតិច»។
មិនហ៊ានដាំដំណាំ
អ្នកភូមិមួយរូបទៀត លោក លឹម តុងអេង ដែលត្រូវបានអាជ្ញាធរសម្ភាសសាកសួរព័ត៌មានដែរនោះ បានប្រាប់ថា មន្រ្តីទាំងនោះបានសួរលោកអំពីចំណូល ចំណាយ ទំហំដីនិងផ្ទះ ព្រមទាំងដើមឈើ និងដំណាំដែលមាននៅលើដីរបស់លោក។ បន្ទាប់មក ពួកគេបាននាំរូបលោកទៅកាន់សាលាឃុំដើម្បីចុះហត្ថលេខាលើរបាយការណ៍សម្ភាសន៍នោះ ។
លោកបានបន្តថា៖ «ប្រសិនបើគេមិនទាន់ជីកទេ វាមិនអីទេ ប៉ុន្តែ គេគួរគិតគូរពីសំណងដើម្បីកុំឱ្យយើងព្រួយបារម្ភ ពីព្រោះថា ប្រជាជនជាច្រើនពុំមានដីទេ»។
កូនប្រុសរបស់លោក គឺលោក អេង វាសនា បាននិយាយថា មន្ត្រីទាំងនោះបានប្រាប់ថា ពួកគេចុះមកសម្ភាសតាម«បញ្ជាពីថ្នាក់លើប៉ុណ្ណោះ» ដោយពុំមានផ្ដល់ព័ត៌មានជាក់លាក់អំពីសំណងអ្វីទេ គិតមកដល់ពេលនេះ។
«កង្វះព័ត៌មានច្បាស់លាស់»បានធ្វើឱ្យរូបលោក និងអ្នកភូមិដទៃទៀតរារែកមិនហ៊ានដាំដុះដំណាំនៅលើដីទេ ដែលបញ្ហានេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ ។ ពួកគេខ្លាចថាប្រសិនបើគេជីកព្រែកនៅទីតាំងប៉ះចំលើដីពួកគេ ពួកគេអាចនឹងខាតបង់ដំណាំកាន់តែច្រើនថែមទៀត។ ដោយសារហេតុនេះហើយ ទើបរូបលោកមិនបានដាំដុះដំណាំថ្មីអ្វីទៀតទេ ចាប់តាំងពីពិធីបើកការដ្ឋានមក ។
លោកបាននិយាយថា៖ «គាត់[ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល]បានប្រាប់យើងកុំឱ្យបារម្ភ»។ លោកបន្តថា៖ «ប៉ុន្តែ យើងពឹងផ្អែក ១០០% លើការធ្វើចម្ការ ប៉ុន្តែ យើងមិនហ៊ានដាំដំណាំអ្វីទេតាំងពីក្រោយបើកការដ្ឋាន ទោះបីជាពុំទាន់ឃើញមានសាងសង់អ្វីនៅឡើយក៏ដោយ។ ប្រសិនបើយើងដាំដំណាំ យើងខ្លាចថា គេនឹងនិយាយថា គម្រោងបានចាប់ផ្ដើមបើកការដ្ឋានហើយ ហេតុអ្វីនៅតែដាំដុះដំណាំទៀត។ ហេតុនេះហើយទើបយើងរង់ចាំបន្តទៀត»។
លោក ស៊ុន ចាន់ថុល ក៏ជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរនោះ នៅក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ទីតាំងព្រែកជីកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានធានាអះអាងចំពោះប្រជាពលរដ្ឋថា រដ្ឋាភិបាលនឹងផ្ដល់សំណងដល់អ្នកទាំងឡាយដែលរងផលប៉ះពាល់ពីគម្រោងនេះ ដោយសុំឱ្យប្រជាពលរដ្ឋកុំមានការបារម្ភ។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលមិនទាន់បានយកដីនៅឡើយទេ។ សូមកុំបារម្ភ»។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា គេមានចំនួនផ្ទះ ដីចម្ការ និងដីស្រែដែលនឹងរងផលប៉ះពាល់រួចហើយ។ ប៉ុន្តែ ពួកគេមិនទាន់បានជួបជាមួយប្រជាពលរដ្ឋដើម្បីពន្យល់ពីសំណងនេះនៅឡើយទេ។ លោកបានបន្ថែមថា កិច្ចការនេះត្រូវបានប្រគល់ទៅឱ្យក្រសួងសេដ្ឋកិច្ច។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បដិសេធមិនផ្ដល់អត្ថាធិប្បាយទេ ដោយនិយាយថា កិច្ចការនេះ«លែងស្ថិតនៅក្រោមលោកទៀតហើយ»។
លោក ចាន់ថុល បាននិយាយបន្តទៀតថា កន្លែងខ្លះអាចមានទំហំទទឹងខុសគ្នា ពោលគឺអាចពី ១០០ម៉ែត្រទៅ៣០០ម៉ែត្រ។ ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់ទំហំដី ពីព្រោះផ្នែកខ្លះនៃព្រែកជីកត្រូវបានលៃលកទុកសម្រាប់ឱ្យនាវាបត់ចង្កូត ចូលចត និងចាក់ប្រេង។
ការប្ដេជ្ញាចិត្តចំពោះគម្រោង
ខណៈដែលគេពុំទាន់ឃើញមានការសាងសង់នៅផ្នែកខាងដើមនៃព្រែកជីកនៅឡើយក្ដី នៅបន្ទាប់ពីពិធីបើកការដ្ឋានរួចមក លោក ចាន់ថុល បានលើកឡើងថា CDC និង MPWT «កំពុងពិភាក្សាគ្នាដើម្បីកៀរគរមូលនិធិយកមកអភិវឌ្ឍគម្រោងនេះ»។
លោកបានបញ្ជាក់ថា ផ្នែកទីមួយ ដែលលាតសន្ធឹង២១គីឡូម៉ែត្រ ស្ថិតក្រោមការគ្រប់គ្រងរបស់វិនិយោគិនកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនរកស៊ីរួមគ្នាមួយ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ កាន់កាប់ភាគហ៊ុន៥១% ចំណែកឯក្រុមហ៊ុន OCIC កាន់កាប់ភាគហ៊ុន ៤៩% នៅក្នុងក្រុមហ៊ុនថ្មីនេះ ដែលត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចហើយ។
ទាំង CDC ទាំង MPWT កំពុងស្ថិតក្នុងការចរចាដើម្បីបង្កើតក្រុមហ៊ុនមួយសម្រាប់ផ្នែកនៅសល់១៥៩គីឡូម៉ែត្រទៀតនៃព្រីកជីកដែលមានប្រវែងសរុប១៨០គីឡូម៉ែត្រ។ បន្ទាប់ពីបង្កើតក្រុមហ៊ុនរួចរាល់ ពួកគេនឹងរៀបចំជាកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនទាំងពីរខាងលើសម្រាប់ផ្នែកខាងលើ និងផ្នែកខាងក្រោមនៃព្រែកជីក។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ចាន់ថុល និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពីក្រសួងសេដ្ឋកិច្ច បានជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការនៃគណៈកម្មការកែទម្រង់ និងអភិវឌ្ឍជាតិចិន (NDRC) ។
កិច្ចពិភាក្សាបានផ្ដោតលើការជំរុញគម្រោងវិនិយោគសំខាន់ៗនៅប្រទេសកម្ពុជា។ ចំពោះគម្រោងព្រែកជីក NDRC បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលពាក់ព័ន្ធនៅក្នុងគម្រោងនេះ ឱ្យបំពេញការងារឱ្យបានចប់សព្វគ្រប់ទាន់ពេលវេលា ។
ខណៈនៅរង់ចាំកិច្ចព្រមព្រៀងសម្បទាន លោក ចាន់ថុល សង្ឃឹមថា ក្រុមហ៊ុនវិនិយោគនឹង«ខិតខំអស់ពីសមត្ថភាពដើម្បីឆ្លើយតបទៅតាមកាលបរិច្ឆេទកំណត់ឆ្នាំ២០២៨ ដែលបានកំណត់សម្រាប់ការចាប់ផ្ដើមដំណើរការព្រែកជីកនេះ»។
អ្នកនាំពាក្យ MPWT លោក ផន រីម បានបដិសេធការផ្ដល់អត្ថាធិប្បាយ ដោយថា លោក ចាន់ថុល «បានចែករំលែកព័ត៌មានពីវឌ្ឍនភាពរបស់គម្រោងព្រែកជីករួចហើយ»។
លោក ហឿន សំនៀង អគ្គលេខាធិការរងនៃ CDC ក៏សុំមិនផ្ដល់អត្ថាធិប្បាយដែរ ដោយលោកនិយាយថា លោកជាប់រវល់នៅខេត្ត។
លោក យង់ គិមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា រដ្ឋាភិបាលអាចនឹងពន្យារពេលការសាងសង់ព្រែកជីក ដើម្បីវាយតម្លៃទៅលើផលប៉ះពាល់ដែលអាចកើតមាន។
លោកបាននិយាយថា៖ «ប្រសិនបើដូច្នេះមែន វាជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធ ដោយធានានូវការត្រៀមលក្ខណៈឱ្យបានល្អ»។ លោកបន្តថា៖ «ប្រសិនបើត្រៀមលក្ខណៈបានល្អហើយ រួចសឹមចាប់ផ្ដើម[សាងសង់]តាមក្រោយ វានឹងមិនយឺតពេលនោះទេ»។
លោកក៏បានលើកឡើងផងដែរថា ប្រសិនបើមាន«ការសន្យា»ពីមន្ត្រីរដ្ឋាភិបាលអំពីសំណង វាជារឿងល្អ ហើយប្រជាពលរដ្ឋខ្លួនឯងគួរតាមដានវឌ្ឍនភាព ដើម្បីធានាថាដំណោះស្រាយនានាស្របទៅតាមការសន្យាដែលរដ្ឋាភិបាលបានធ្វើឡើង។
លោក គឹមអេង បានបន្តថា ជាងនេះទៀត ដំណោះស្រាយគួរតែមានការចូលរួមពីគ្រប់ភាគីទាំងអស់ និងធានាថាសំឡេងរបស់មនុស្សគ្រប់គ្នាត្រូវបានគេស្ដាប់ ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាជននិងប្រជាជាតិទាំងមូល ។
អ្នកសង្កេតការណ៍ភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាននិយាយថា រដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះគម្រោងព្រែកជីកនេះ បើទោះបីជាមានការជជែកគ្នាថា គម្រោងនេះអាចនឹង«ជាប់គាំងដោយសារកង្វះថវិកា»ក៏ដោយ។
លោក វណ្ណលី មានមតិយ៉ាងដូច្នេះថា៖ «ប្រសិនបើគម្រោងជាប់គាំង វានឹងប៉ះពាល់ទៅដល់មុខមាត់របស់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ ដូច្នេះ ខ្ញុំមិនគិតថា គម្រោងនេះនឹងជាប់គាំងនោះទេ ។ ប៉ុន្តែ ប្រសិនបើមានកង្វះថវិកា នោះវាអាចនឹងចំណាយពេលយូរបន្តិច[ដើម្បីសាងសង់បញ្ចប់]»។
លោកបានបន្តថា រដ្ឋាភិបាល«ប្រយ័ត្នប្រយែងណាស់»ជាមួយគម្រោងនេះ ដែលមានការគាំទ្រច្រើនពីសាធារណជន និងមន្ត្រីរាជការ។ ប្រសិនបើវាជាប់គាំង រដ្ឋាភិបាលនឹងរងការរិះគន់ពីប្រជាជនក្នុងស្រុក និងពីអ្នកសង្កេតការណ៍នៅក្រៅប្រទេស៕
រាយការណ៍បន្ថែមដោយ ពូ សូរាជីនី
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Funan Canal Activity Silent A Month After Groundbreaking; Ministries Start Interviewing Residents