អ្នកស្រី រឿង ចន្ធី អាយុ៤១ឆ្នាំ ជាកម្មករកាត់ដេរម្នាក់នៅរោងចក្រ Yida ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល កំពុងជួបការលំបាកក្នុងការសងបំណុលធនាគារដល់ទៅជាង១ម៉ឺនដុល្លារ បន្ទាប់ពីស្វាមីអ្នកស្រីបានស្លាប់កាលពីបួនខែកន្លងទៅ។
អ្នកស្រីលើកឡើងថា រដ្ឋាភិបាកគួរតែជួយអន្តរាគមន៍ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបានការលើកលែងខ្លះ ជួយសម្រួលដល់ការលំបាករបស់កម្មករ។
អ្នកស្រីឲ្យដឹងថា៖ «ពីមុន ខ្ញុំរកប្រាក់ពីរនាក់ប្ដី បានប្រហែល ៥០០ដុល្លារក្នុងមួយខែ។ ប៉ុន្តែតាំងពីគាត់ស្លាប់ទៅ ខ្ញុំបានជួបការលំបាកក្នុងការរកប្រាក់សងធនាគារតែម្នាក់ឯង»។ អ្នកស្រីបន្ថែថា៖ «ហើយឥឡូវខ្ញុំត្រូវទទួលបន្ទុកគ្រួសារទាំងមូលទៀត។ ខ្ញុំបានលក់ម៉ូតូដើម្បីសងការប្រាក់ទៅមីក្រូហិរញ្ញវត្ថុកាលឆ្នាំទៅ និងបានខ្ចីប្រាក់ខ្លះពីសាច់ញាតិផងដែរ»។
អ្នកស្រី ចន្ធី បានទទួលការអនុគ្រោះឲ្យបង់តែការប្រាក់លើប្រាក់កម្ចីរយៈពេលមួយឆ្នាំ ដែលនេះជាវិធានការមួយរបស់រដ្ឋាភិបាលជួយសម្រាលបន្ទុកប្រជាពលរដ្ឋកម្ពុជាចំពោះអ្នកជាប់បំណុលធនគារ ឬមីក្រូហិរញ្ញវត្ថុ ក្នុងវិបត្តិកូវីដ-១៩ ហើយការអនុគ្រោះនេះនឹងត្រូវផុតនៅត្រឹមខែមីនា ឆ្នាំ២០២២។ ជាធម្មតាអ្នកស្រី ត្រូវសងបំណុលប្រចាំខែជាការប្រាក់ចំនួន ២០០ដុល្លារ ប៉ុន្តែនៅខែខ្លះ នាពេលកន្លងមកអ្នកស្រីក៏មិនមានលទ្ធភាពសងផងដែរ។
អ្នកស្រីអះអាងថា បើសិនជារោងចក្រមិនមានការងារច្រើនទេ អ្នកស្រីនឹងត្រូវលក់របស់របរក្នុងផ្ទះដើម្បីសងបំណុល។ អ្នកស្រីថា៖ «វាពិបាកណាស់ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ទៀតទេ។ ខ្ញុំប្រហែលជាត្រូវលក់ដីរបស់ខ្ញុំ»។ ដោយអ្នកស្រីបន្ថែមថា៖ «ធនាគារអនុញ្ញាតឲ្យយើងបង់តែការប្រាក់ ប៉ុន្តែពេលយើងបង់យឺត ពួកគេគិតការប្រាក់បន្ថែម…តើឲ្យយើងបង់យ៉ាងម៉េច?»
តាំងពីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ មក អ្នកស្រី ចន្ធី អាចរកប្រាក់បាន នៅខែខ្លះ តិចជាងចំនួនប្រាក់ខែគោលអប្បបរមាផង ដោយសារតែម៉ោងការងារនៅក្នុងរោងចក្រត្រូវកាត់បន្ថយ។ មានកូនពីរនាក់ក្នុងមន្ទុកផង អ្នកស្រីអាចរកប្រាក់ក្នុងមួយខែបានតែចន្លោះពី ១៥០ ទៅ១៨០ដុល្លារក្នុងមួយខែ បើធៀបទៅនឹងពេលមុនមានវិបត្តិកូវីដ-១៩ អ្នកស្រីអាចរកបានជាមធ្យម ៣០០ដុល្លារក្នុងមួយខែ។
អ្នកស្រី ដោក សុវណ្ណ វ័យ ៣៩ឆ្នាំ ជាកម្មករនៅរោងចក្រ Yida ដែរនោះ ក៏បានលើកឡើងពីការលំបាកប្រហាក់ប្រហែលគ្នានេះដែរ។ អ្នកស្រីថា ស្ថានភាពអ្នកស្រីសព្វថ្ងៃកំពុងស្ថិតក្នុងក្ដីបារម្ភដែរ ពិសេសបារម្ភចំពោះវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ដែលថាអាចនឹងនាំឲ្យមានការបិទខ្ទប់ជាថ្មី និងនាំឲ្យបាត់បង់ប្រាក់ចំណូល។
អ្នកស្រីឲ្យដឹងដែរថា កាលដើមឆ្នាំ២០២១ រោងចក្របានផ្អាកការងារកម្មករប្រហែល ២០ភាគរយ។ អ្នកស្រីអះអាងថា ក្រុមកម្មករខ្លះត្រូវបានគេបន្ថែមម៉ោងឲ្យធ្វើ ខណៈក្រុមកម្មករខ្លះមិនមាននោះទេ។ អ្នកស្រី ជាមនុស្សម្នាក់ដែលមានសំណាងដែរ ក្នុងរយៈ ពេលប្រាំមួយខែចុងក្រោយនេះអ្នកស្រីអាចមានការធ្វើច្រើន និងបានថែមម៉ោងចំនួនពីរម៉ោងក្នុងមួយថ្ងៃផងដែរ។
ប៉ុន្តែ ក្ដីបារម្ភពីការថយចុះប្រាក់ចំណូលនៅតែមាន ពិសេសរឿងអ្នកស្រីបានខ្ចីប្រាក់ពីធនាគារចំនួន ១៦ ០០០ដុល្លារ សម្រាប់ធ្វើផ្ទះថ្មីនៅខេត្តកណ្ដាល។ មុនមានវិបត្តិកូវីដ-១៩ អ្នកស្រីអាចរកប្រាក់បាន ៣០០ដុល្លារក្នុងមួយខែ ហើយនៅពេលនេះអ្នកស្រីរកបានតែ ២០០ដុល្លារប៉ុណ្ណោះ។
អ្នកស្រីឲ្យដឹងថា៖ «ក្នុងពេលមានកូវីដ-១៩ ទំនិញឡើងថ្លៃ ប៉ុន្តែកម្មកររកប្រាក់បានតិច ហើយយើងប្រឈមនឹងបំណុលមីក្រូហិរញ្ញវត្ថុទៀត…ខ្ញុំមិនមានលុយសងធនាគារទេ ហើយខាងធនាគារមកសួរនាំរាល់ថ្ងៃ»។
មិនខុសពីអ្នកស្រី ចន្ធី ដែរ អ្នកស្រី សុវណ្ណ ក៏បានលក់ម៉ូតូដើម្បីសងប្រាក់កម្ចីដែរ និងថាបើសិនជាវីរុសបំប្លែងថ្មីអូមីក្រុង រាលដាលទៀត នាំឲ្យមានការបិទខ្ទប់ជាថ្មី អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីលក់ដីរបស់ខ្លួនទេ។
សម្រាប់លោក វ៉ាន់ បូរ៉ា កម្មកររោងចក្រនៅសង្កាត់ចោមចៅ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់រោងចក្ររបស់លោកបានប្រាប់កម្មករកាលពីខែធ្នូ ឆ្នាំ២០២១ ថាចាប់ពីខែកុម្ភៈទៅ ការងារនឹងត្រូវកាត់បន្ថយ ហើយនឹងមិនមានការថែមម៉ោងនោះទេ។
លោកថា៖ «យ៉ាងណាពួកគេមិនបានបញ្ជាក់ពីមូលហេតុទេ ហើយយើងក៏មិនដឹងដែរថា រោងចក្រនឹងផ្អាកការងារកម្មករ ឬអត់»។ លោកបន្ថែមថា ថ្មីៗនេះរោងចក្ររបស់លោកមិនសូវមានការធ្វើច្រើនទេ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានប្រសាសន៍ថា គោលនយោបាយបន្ធូរបន្ធយសម្រាប់អតិថិជន និងការកែសម្រួលកាលវិភាគសងប្រាក់បានបញ្ចប់ត្រឹមឆ្នាំ២០២១។
លោកឲ្យដឹងថា៖ «អតិថិជនជាច្រើនបានជ្រើសយកជម្រើសបង់តែការប្រាក់ ហើយក្នុងករណីពួកគាត់មិនអាចបង់ការប្រាក់បាន ម្ចាស់បំណុលមិនអាចទារថ្លៃការប្រាក់បន្ថែមទេ វាផ្ទុយនឹងគោលការណ៍ ហើយយើងនឹងមិនលើកលែងឲ្យទេបើរកឃើញថាមានការធ្វើបែបនេះ»។
យោងតាមរបាយការណ៍រួមមួយរបស់អង្គការលីកការដូ និងអង្គការសមធម៌កម្ពុជា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលធនគារ និងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុជាង ១១,៨ពាន់លានដុល្លារ។
កាលពីខែកញ្ញា កន្លងទៅរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលគោលអប្បបរមាដល់កម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងចំនួនពីរដុល្លារ នាំឲ្យប្រាក់ឈ្នួលគោលអប្បបរមាប្រចាំខែឡើងដល់ ១៩៤ដុល្លារ តែចំពោះសហជីព និងកម្មករបានទាបទារច្រើនជាងនេះ។ ប្រាក់ឈ្នួលគោលអប្បបរមាប្រចាំខែថ្មីនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
យ៉ាងណា ការណ៍នេះមិនបានជួយអ្វីច្រើនចំពោះផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ នោះទេ ហើយវិស័យកាត់ដេរខ្លួនឯងក៏កំពុងរងផលបះពាល់ដោយសារការដកលក្ខខណ្ឌអនុគ្រោះ ដូចជាកម្ពុជាបានអស់សុពលភាពក្នុងការទទួលបានការលើកលែងពន្ធតាមប្រព័ន្ធGSP របស់អាមេរិក និងមានការដកការអនុគ្រោះពន្ធ ២០ភាគរយរបស់អឺរ៉ុបលើកិច្ចព្រមព្រៀផគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ផងដែរ។
លោក កាំង មូនីកា អគ្គលេខធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC មានប្រសាសន៍ថា រោងចក្រមួយៗមានលក្ខខណ្ឌផ្សេងៗគ្នា ហើយថាផលប៉ះពាល់ក៏ខុសគ្នាដែរ ប៉ុន្តែថារោងចក្រភាគច្រើនកំពុងតែមានភាពល្អប្រសើរឡើងវិញហើយ។
លោកបន្ថែមថា៖ «គិតមកដល់ពេលនេះ វាមិនមានបញ្ហាអ្វីទេ។ រោងចក្រភាគច្រើនបានទទួលការបញ្ជាទិញច្រើន…កាលពីឆ្នាំទៅការបញ្ជាទិញក៏ល្អដែរ ទំនិញក្នុងវិស័យកាត់ដេរកើនឡើងកម្រិតមធ្យម ខាងស្បែងជើងកំណើនល្អ ហើយទំនិញធ្វើដំណើរវិញកើនឡើងគួរឲ្យភ្ញាក់ផ្អើល»។
យ៉ាងណា លោកថា នៅពេលនេះអ្វីដែលសំខាន់ គឺត្រូវរក្សាផលិតកម្មឲ្យមានស្ថិរភាព និងគ្រប់គ្រងឲ្យបានល្អក្នុងពេលមានវិបត្តិកូវីដ-១៩ នេះ។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជាក្នុងឆ្នាំ២០២០ បាននាំចេញតម្លៃជាទឹកប្រាក់ចំនួន ៩ពាន់លានដុល្លារលើទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។
លោក Anthony Galliano នាយកគ្រប់គ្រងផ្នែកសេវាកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Cambodian Investment Management Holding មានប្រសាសន៍ថាវីរុសបំប្លែងថ្មីអូមីក្រុងបានរំខានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២។
លោកបន្ថែមថា៖ «បញ្ហានេះ វាដូចជាដាក់សម្ពាធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ហើយមានតម្រូវការទាប វិស័យកាត់ដេរនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ប្រាប់ខេមបូចា ថាវិស័យកាត់ដេរនៅពេលនេះដូចជាល្អប្រសើរជាងកាលពាក់កណ្ដាលឆ្នាំ២០២១ ដោយថារោងចក្រឥឡូវនេះមានការងារច្រើន ហើយកម្មករអាចធ្វើការថែមម៉ោង។
យ៉ាងណា អ្នកស្រី ក៏ព្រមានដែរថា ៖ «វិស័យកាត់ដេរទាំងមូលមិនទាន់វិលទៅរកភាពប្រក្រតីនៅឡើយ ហើយការបញ្ជាទិញនៅមានភាពមិនច្បាស់លាស់ ពីព្រោះរោងចក្រខ្លះមិនមានការងារឲ្យកម្មករធ្វើ ខណៈរោងចក្រខ្លះបានយកលេសរឿងកូវីដ-១៩ ដើម្បីបិទប្រតិបត្តិការ ដោយគ្មានផ្ដល់សំណងសមរម្យ»។
កម្មករកាត់ដេរនៅតែជាអ្នកងាយរងគ្រោះបំផុតក្នុងវិបត្តិនេះ។ ខណៈមុនពេលមានវិបត្តិកូវីដ-១៩ ពួកគាត់អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រូសារ និងសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន តែតាំងពីមានវិបត្តិនេះមក ពួកគាត់ពិបាករកប្រាក់សងបំណុល ដោយសារតែប្រាក់ចំណូលធ្លាក់ចុះ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យដឹងដែរថា ក្នុងឆ្នាំ២០២១ កម្មកររាប់ពាន់នាក់ត្រូវបានផ្អាក និងបញ្ឈប់ពីការងារ ដោយសារតែរោងចក្រជាច្រើនបិទទ្វារ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment workers struggle to repay debt as pandemic continues to dampen sector