បេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សលោក ឡឹក សុធារ បានសុំចូលគណបក្សប្រជាជនកម្ពុជា។
ថ្លែងតាមរយៈកិច្ចសម្ភាសន៍ដោយផ្ទាល់នៅក្នុងបរិវេណស្នាក់ការកណ្ដាលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា លោកបានដាក់ពាក្យចូលគណបក្សប្រជាជនកម្ពុជាគឺដើម្បីចូលរួមជំរុញវិស័យស្រូវអង្ករដែលកំពុងតែជួបបញ្ហា។
លោក សាំងកុមារ ថ្លែងថា៖«កាលពីប៉ុន្មានថ្ងៃមុនខ្ញុំជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម ខ្ញុំបានបង្ហាញគម្រោងរបស់ខ្ញុំជូនរដ្ឋមន្ត្រីកសិកម្ម(លោក ឌិត ទីណា) ។ គាត់ក៏ប្រាប់វិញថាឱ្យខ្ញុំមកធ្វើគម្រោងនេះ ដោយផ្ទាល់តែម្ដងទៅ ខ្ញុំក៏ឆ្លើយថាព្រមទើបឱ្យគេរៀបចំលិខិតនេះ»។
លោក សាំងកុមារ អះអាងថា លោកបានឱ្យសហការីម្នាក់រៀបចំលិខិតសុំចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានអនុវត្តគម្រោងការជួយផ្នែកកសិកម្ម។ លោកថា ខ្លួននឹងត្រៀមប្រាប់សមាជិកបក្ស GDP សិន មុនប្រកាសជាសាធារណៈ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកឡើយព្រោះខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានផ្ដល់លិខិតនោះទៅសារព័ត៌មានដើម្បីឱ្យចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា នោះតែម្ដង។
លោក សាំងកុមារ បន្ថែមថា៖ «ខ្ញុំនិងលោកសុធា(ឡឹក សុធារ)មានពីរនាក់ហ្នឹងទៅ គឺទៅដើម្បីបានគ្នា។ ខ្ញុំគ្មានបំណងចង់ធ្វើធំអីទេ ពួកយើងគិតថានឹងឱ្យគេប្រកាសនៅថ្ងៃទី២ធ្នូ តែស្រាប់តែកាសែតចេញថ្ងៃនេះតែម្ដង។ អីចឹងនៅក្នុងបក្សនេះគេគ្រប់គ្នា ភ្ញាក់ផ្អើល»។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែវិច្ឆិកា បានបញ្ចេញលិខិតសុំចូលបក្ស CPP របស់លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ទៅឱ្យសា្ថប័នសារព័ត៌មានហ្វ្រែសញូយ៍។ ក្នុងលិខិតលោកបណ្ឌិត យ៉ង សាំង កុមារ បញ្ជាក់ថា លោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សាំងកុមារ លើកឡើងថា៖ «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក យសុធារ មិនលើកទូរសព្ទឆ្លើយសំណួរឡើយនៅថ្ងៃទី២៧ ខែវិច្ឆិកា។ ប៉ុន្តែលោកបានអះអាងក្នុងលិខិតរបស់ខ្លួនថា មូលហេតុដែលនាំឱ្យលោកសុំចូលរួមជីវភាពនយោបាយ ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ។
លោក សុធារ ថ្លែងថា៖ «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។
ក្រៅពីលិខិតសុំចូលរួមជាមួយគណបក្សបក្ស លោក សាំងកុមារ និងលោក សុធារ ក៏ស្នើសុំចូលធ្វើការជាមួយរដ្ឋាភិបាលដែរ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបើកកិច្ចប្រជុំវិសាមញ្ញមួយដោយមានការចូលរួមពីក្បាលម៉ាស៊ីនដឹកនាំបក្ស និងប្រធានប្រតិបត្តិគណបក្សបណ្ដាខេត្តនានាមកចូលរួម។ កិច្ចប្រជុំបិទទ្វារពេញមួយរសៀលនោះបានបង្កក្ដីសោកសៅដល់មេដឹកនាំបក្សប្រជាធិតេយ្យមូលដ្ឋាន ដែលខិតខំដើរតាមគោលនយោបាយកណ្ដាលនិយមនេះអស់ជាច្រើនឆ្នាំ។
ទឹកមុខស្ងួត ដកដង្ហើមធំ មន្ត្រីជាន់ខ្ពស់បក្សម្នាក់ បានដើរចេញពីស្នាក់ការបក្ស ហើយប្រាប់អ្នកកាសែតថា៖ «វិចារអើយខ្ញុំអស់រលីងតែម្ដងខំតស៊ូ៧ឆ្នាំ ស្រាប់តែគេលេងមួយក្បាច់ហួសចិត្ត បើចង់ចូលអីចឹងមិនចូលតាំងពីក្រុមប្រឹក្សាពិរោះយោបល់? ខ្ញុំនិយាយអីលែងចេញ»។
អនុប្រធានគណបក្សលោក សាម ស៊ុនដឿន បដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ខណៈដែលប្រធានគណបក្សលោក យ៉េង វីរៈក៏សុំមិនផ្ដល់បទសម្ភាសន៍ដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំខេត្តកំពតដែលស្និទនឹងលោក យ៉ង សាំងកុមារ គឺលោក អ៊ួន សុផល ប្រាប់ថា លោកហួសចិត្តនៅពេលទទួលបានដំណឹងនេះ។ លោក សុផល ជិះម៉ូតូពីឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ដើម្បីចូលរួមប្រជុំបិទទ្វានៅថ្ងៃទី២៧នេះ។
លោក សុផល ឱ្យដឹងថា៖ «គាត់ចូលបក្សណាជាសិទ្ធិរបស់គាត់ ប៉ុន្តែខ្ញុំស្លុតចិត្តដែលលឺដំណឹងភ្លាមៗបែបនេះ»។
ក្រៅពីសុំចូលបក្សប្រជាជនរួចហើយនោះ លោក សាំងកុមារ និងសហការី ក៏សុំការងារធ្វើក្នុងជួររដ្ឋាភិបាលដែរតាមរយៈលិខិតដាច់ដោយឡែកមួយម្នាក់ទៀត។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី បានថ្លែងថា លោកសុំផ្ដល់យោបល់ខ្លីត្រឹមបីចំណុចរួមមាន៖ «ចំណុចទី១ខ្ញុំគោរពសិទ្ធិលោក កុមារ ដែលចង់ជួយក្រសួងកសិកម្មព្រោះជាជំនាញរបស់គាត់ផង ទី២ខ្ញុំសុំបដិសេធមិនជឿលើហេតុផលដែលគាត់អះអាងទេ និងទី៣ នៅពេលដែលខ្ញុំឃើញលិខិតសុំចូលបក្សកាន់អំណាចធ្វើឱ្យខ្ញុំនឹករលឹកលោកបណ្ឌិតកែមឡីខ្លាំងណាស់បាទ»។
អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា ការចុះចូលCPPរបស់លោកកុមារជាគំរូអាក្រក់ដែលបំបាក់ស្មារតីអ្នកស្រឡាញ់លិទ្ធិប្រជាធិបតេយ្យជំនាន់ក្រោយ។
លោក គឹម សុខ បន្តថា៖ «ប្រជាពលរដ្ឋអាចបារម្ភថាអ្នកនយោបាយជំនាន់ថ្មីៗអាចដូចលោក យ៉ង សាំងកុមារ អីចឹងបង្កើតបក្សហើយខំធ្វើឱ្យបក្សរឹងមាំបន្តិចក៏ទៅចុះចូល។ អ្នកនយោបាយជំនាន់ក្រោយត្រូវចំណាយពេលយូរណាស់ដើម្បីឱ្យពលរដ្ឋទុកចិត្ត»។ លោកបន្ថែមថា៖ «គណបក្សនេះតែងប្រើវិធានទាក់ទាញ អ្នកទាំងឡាយថា បើមានគម្រោងល្អគេនឹងសហការជាមួយបាន។ បើចូលហើយទោះបីជាបក្សប្រជាជនផ្ដល់ឱ្យធ្វើគម្រោងដែលបានបង្ហាញពីមុនក៏ដោយក៏នៅតែធ្វើអ្វីមិនកើតហួសពីអ្វីដែលបក្សប្រជាជនកម្ពុជាអនុវត្តដដែលជាដដែលទេ»។
ខេមបូចា មិនអាចទាក់ទងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដើម្បីបរិយាជុំវិញបញ្ហានេះបានទេ នៅត្រឹមព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា។ ទោះជាយ៉ាងណាលោកថ្លែងប្រាប់កាសែតក្នុងស្រុកថា បក្សប្រជាជនកម្ពុជាស្វាគមន៍ទាំងអស់។
លោក យ៉ង សាំងកុមារ ជាសហស្ថានិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានរួម បណ្ឌិត កែម ឡី លោក យ៉េង វីរៈ លោកបណ្ឌិត សាម អ៊ីន អ្នកស្រី ប្រុក វាន់នី លោក សាម ស៊ុនដឿន និងក្រុមយុវជនបញ្ញវន្តមួយចំនួនទៀតក្រោមហេតុផលថា បង្កើតជម្រើសថ្មីឱ្យអ្នកបោះឆ្នោតចៀសវាងបក្សនិយមនិងផ្តាច់ការនិយម៕