រដ្ឋាភិបាលបានប្រកាសពីការចាប់ផ្ដើមដំណើរការលើប្រព័ន្ធសន្តិសុខសង្គមប្រាក់សោធន ដែលអាចផ្ដល់អត្ថប្រយោជនដល់និយោជិតក្នុងវិស័យឯកជននៅពេលចូលនិវត្តន៍ ហើយកម្មវិធីនេះបានទទួលការសាទរពីក្រុមអង្គការសង្គមស៊ីវិល និងកម្មករផងដែរ។
រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាសរួមមួយ ស្តីពីប្រាក់សោធននឹងចាប់អនុវត្តពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ខណៈក្រុមហ៊ុន សហគ្រាសនានានៅមានពេលពីរ ទៅបីខែទៀតដើម្បីចាប់អនុវត្តលើកម្មវិធីនេះ។
លោក ហេង សុផាណារិទ្ធ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម ប្រាប់ខេមបូចា ថា ការបង់ភាគទាននឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។
លោកឲ្យដឹងថា៖ «ពេល[និយោជិត] ដល់វ័យ៦០ឆ្នាំ [ប.ស.ស] នឹងគណនាប្រាក់ខែប្រាំមួយខែចុងក្រោយរបស់អ្នកទាំងនោះ[ដើម្បីកំណត់ប្រាក់សោធន]»។ លោកបន្ថែមទៀតថា បើសិនជានិយោជិតស្លាប់មុនវ័យ ៦០ឆ្នាំ គ្រួសារសពនឹងទទួលប្រាក់សោធននោះសម្រាប់រយៈពេលមួយឆ្នាំ។
លោកឲ្យដឹងដែរថា សម្រាប់អ្នកដែលមានបណ្ណ ប.ស.ស ដែលគ្របដណ្ដប់លើថ្លៃថែទាំសុខភាព និងគ្រោះថ្នាក់ការងារ នៅថ្ងៃទី១ ខែតុលា អ្នកទាំងនោះនឹងត្រូវបានចូលដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធប្រាក់សោធននេះ។
លោកពន្យល់បន្ថែមថា កម្មវិធីប្រាក់សោធននេះ គឺខុសពីរបបសន្តិសុខសង្គមដែលគាំពារលើគ្រោះថ្នាក់ការងារ និងថែទាំសុខភាព។ លោកថា ពីរករណីនេះ ភាគីនិយោជកជាអ្នកបង់ភាគទាន។
លោកបញ្ជាក់ថា៖ «សម្រាប់កម្មវិធីប្រាក់សោធននេះ និយោជិតនឹងត្រូវបង់ភាគទាន ២ភាគរយនៃប្រាក់ខែ ហើយនិយោជក[បន្ថែម] ២ភាគរយទៀត»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ស្វាគមន៍ទៅនឹងកម្មវិធីប្រាក់សោធននេះ ប៉ុន្តែថាវាហាក់ដូចជាយឺតបន្តិចក្នុងការជួយដល់និយោជិតមានវ័យចំណាស់។
លោកបន្ថែមថា៖ «ភាពយឺតយ៉ាវនៃការអនុវត្តកម្មវិធីប្រាក់សោធននេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ ឬកម្មករ ឬនិយោជិតវ័យចំណាស់ មានឱកាសខ្លីក្នុងការចូលរួមភាគទាន ហើយអ្នកទាំងនោះ ក៏នឹងទទួលបានភាគរយនៃប្រាក់សោធនតិចទៅតាមហ្នឹងដែរ»។
យ៉ាងណា លោក ថាអ្នកទាំងនេះ ក៏មិនត្រូវបានគេកាត់ចេញទាំងស្រុងដែរ ដោយច្បាប់បានកំណត់បញ្ញត្តិសម្រាប់អ្នកទាំងឡាយណាដែលបានចុះឈ្មោះនៅវ័យចំណាស់ អាចត្រូវគិតពីប្រាក់សោធនទៅលើពេលកន្លងមកដែលពួកគាត់បានបង់ភាគទានដែរ។
លោក អាត់ ធន់ ថានិយោជិតនឹងទទួលបានប្រាក់សោធននៅពេលពួកគេចូលនិវត្តន៍ឬដល់វ័យ៦០ឆ្នាំ។ ប្រាក់សោធននឹងអាចទទួលបាន ៥០ភាគរយនៃប្រាក់ខែរបស់ពួកគាត់។
បើតាមអនុក្រឹត្យលេខ ៣២ ស្ដីពីកម្មវីប្រាក់សោធន បានបញ្ជាក់ថានិយោជិតអាចទទួលប្រាក់សោធនបាននៅអាយុយ៉ាងតិច ៦០ឆ្នាំ ឬបានចូលរួមបង់ភាគទាន ១២ខែ។
អនុក្រឹត្យដដែលចែងថា ក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជីជាមួយ ប.ស.ស ត្រូវតែចុះឈ្មោះនៅត្រឹមបំណាច់ខែនេះ ហើយបុគ្គលិករបស់ក្រុមហ៊ុនទាំងនោះត្រូវតែចុះឈ្មោះក្នុងរង្វង់បីថ្ងៃបន្ទាប់ពីចាប់ផ្ដើមការងារ។
លោក សុផាណារិទ្ធ ឲ្យដឹងដែរថា រដ្ឋាភិបាលមានគម្រោងអនុវត្តកម្មវិធីប្រាក់សោធននេះតាំងពីឆ្នាំ ២០១៩ ប៉ុន្តែថាត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះការរាលដាលជំងឺកូវីដ-១៩ និងផលប៉ះពាល់របស់វាលើវិស័យឯកជន។
លោកបន្ថែមថា៖ «បើសិនជាយើងនៅទុកវាបន្តទៅទៀត វានឹងប៉ះពាល់ដល់និយោជិតវ័យចំណាស់ មានន័យថានៅពេលដល់វ័យ ៦០ឆ្នាំ ពួកគេនឹងបាត់បង់សិទ្ធិ។ ដូចនេះ យើងត្រូវតែអនុវត្តវា ដូចនេះពួកគាត់អាចទទួលប្រាក់សោធននេះបាន»។
អ្នកសារព័ត៌មាន វីអូឌី លោក ញឹម សុខន ដែលមានវ័យ ៥៤ឆ្នាំហើយនោះ លើកឡើងថាថ្វីបើលោកអាចបាត់បង់អត្ថប្រយោជន៍ខ្លះ តែថានេះជាជំហានដ៏ល្អមួយ។
លោកបន្ថែមថា៖ «វាយឺតបន្តិចហើយ មិនមែនតែខ្ញុំទេដែលបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតដែលស្ថិតក្នុងវ័យប្រហាក់ប្រហែលខ្ញុំ»។
លោកបន្តថា៖ «[ប៉ុន្តែ] វាក៏ជារឿងត្រឹមត្រូវមួយដែលរដ្ឋាភិបាលមានឆន្ទៈធ្វើរឿងនេះ ហើយខ្ញុំគិតថារដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងការប្រមូលពន្ធ និងផ្ដល់ប្រាក់ទាំងនោះត្រឡប់វិញឲ្យប្រជាពលរដ្ឋដើម្បីទ្រទ្រង់ជីវភាព»។
លោក គី សារឿន វ័យ៥២ ឆ្នាំ ជាសន្តិសុខឯកជនមួយរូបធ្វើការក្នុងស្រុកបាទី ខេត្តតាកែវ ថាលោកមិនបានដឹងពីកម្មវិធីថ្មីនេះទេ។
លោកឲ្យដឹងថា៖ «បើសិនជាសេចក្ដីសម្រេចនេះចេញលឿនជាងនេះបន្តិច វាជារឿងល្អណាស់ ពីព្រោះខ្ញុំអាចទទួលបានអត្ថប្រយោជន៍ច្រើន ប៉ុន្តែពេលនេះខ្ញុំចាស់ហើយ ហើយអត្ថប្រយោជន៍ក៏អាចនឹងទទួលបានតិច»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា សាធារណជនមានការងើយឆ្ងល់លើការគ្រប់គ្រងមូលនិធិនេះ ដែលរដ្ឋាភិបាលអាចកាត់បន្ថយការសង្ស័យបានតាមរយៈការវិនិយោគប្រកបដោយតម្លាភាព។
លោក បន្ថែមថា៖ «វាជារឿងល្អសម្រាប់ជាតិ ដែលរដ្ឋាភិបាលអាចបង្កើតមូលនិធិនេះសម្រាប់វិនិយោគ និងទទួលចំណូល ហើយអាចសន្សំសម្រាប់ពលរដ្ឋនៅពេលដល់អាយុចូលនិវត្តន៍»។
លោកបន្តថា៖ «ប្រជាពលរដ្ឋនៅតែបារម្ភ ថាតើពួកគេបង់ភាគទាន២ភាគរយនៃប្រាក់ខែ ហើយការគ្រប់គ្រងថវិកាទាំងនេះបែបម៉េចវិញ»។
លោកបានលើកឡើងថា៖ «តើយើងអាចធានាពីតម្លាភាព និងគណនីយភាពខ្ពស់លើការគ្រប់គ្រងថវិកានេះបានទេ? បើសិនជាយើងបង់គិតតាំងពីវិស័យឯកជន ក្រុមអង្គការសង្គមស៊ីវិល ឬក្រសួងទាំងអស់ រដ្ឋាភិបាលអាចប្រមូលទុនបានច្រើនសម្រាប់ប្រយោជន៍រួម ប៉ុន្តែរដ្ឋអាចធានាបានទេ?»
បើតាមអនុក្រឹត្យ អត្រាបង់ភាគទាននឹងត្រូវធ្វើឡើងជាបីដំណាក់កាល។ ដំណាក់កាលដំបូង ភាគទាននឹងត្រូវធ្វើឡើង ៤ភាគរយនៃប្រាក់ខែ ដោយ២ភាគរយយកពីនិយោជិត និង ២ភាគរយពីនិយោជក។
បន្ទាប់ពីប្រាំឆ្នាំ តួលេខនឹងឡើងដល់ ប្រាំបីភាគរយសម្រាប់រយៈពេលប្រាំឆ្នាំ។ ក្រោយពីនោះ តួលេខនឹងកើនឡើង ២,៧៥ភាគរយរាល់១០ឆ្នាំម្ដង។
សម្រាប់អ្នកបង់ភាគទានដែលបាត់បង់ការងារមុនអាយុ ៦០ឆ្នាំ នឹងនៅតែអាចបន្តបង់ភាគទានបាន ហើយក៏នឹងអាចទទួលបានប្រាក់សោធននៅវ័យ ៦០ឆ្នាំដែរ៕
(រាយការណ៍បន្ថែមដោយ ទ្រី ថានី និងឃាង សុខមាន)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government kicks off pension scheme for private sector