សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលបង្ហាញពីសមិទ្ធផលក្រោម​ការ​ដឹក​នាំរយៈពេល​មួយ​ឆ្នាំ​របស់​លោក​ ហ៊ុន ម៉ាណែត ខណៈ​សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​លើកកម្ពស់​សិទ្ធិមនុស្ស​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពីកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនក្នុងខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពីកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនក្នុងខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

រដ្ឋាភិបាល​បាន​ប្រកាស​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត រយៈពេល​មួយ​ឆ្នាំ​មក​នេះ កម្ពុជា​ទទួល​បាន​ទាំង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍជាតិ​គួរ​ឲ្យ​កត់​សម្គាល់​។ យ៉ាងណា សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ថា​នៅ​មាន​បញ្ហា​មិន​ទាន់​បាន​ដោះ​ស្រាយ​។​

ក្នុង​វេទិការសារព័ត៌មាន​កាល​ពី​ថ្ងៃចន្ទ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា និង​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី លោក ហ្សង់ហ្វ្រង់ស័រ តាន់ បាន​គូស​បញ្ជាក់​ពីសមិទ្ធផល​មួយ​ឆ្នាំ​ដំបូង​របស់​រដ្ឋាភិបាល​ថ្មី​ ដោយ​បាន​កត់​សម្គាល់​ពី​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការ​វិនិយោគ​។​

កាលពី​ខែ​កក្កដា ឆ្នាំ​មុន គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូកទឹក​ភ្លូក​ដី ដោយ​ទទួល​បាន​អាសនៈ​នៅ​រដ្ឋសភាចំនួន​១២០ ក្នុង​ចំណោម​អាសនៈ​សរុប​១២៥​ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​អាច​បង្កើត​រដ្ឋាភិបាល​អាណត្តិទី​ប្រាំពីរ ដោយ​មាន​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋ​មន្ត្រី​ត​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន​។ លោក ហ៊ុន ម៉ាណែត ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០២៣​។​

បើ​តាម​លោក ប៉ែន បូណា និង​លោក ហ្សង់ហ្វ្រង់ស័រ តាន់ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក ហ៊ុន ម៉ាណែត គឺ​បន្ត​ភ្ជាប់​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជាមួយ​សាធារណជន និង​បន្ត​ទាក់ទាញ​វិនិយោគពី​បរទេស​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​ជាន់​ខ្ពស់​ដដែល​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​កំពុង​បន្ត​កែទម្រង់​វិស័យ​សុខាភិបាល អប់​រំ និង​កសិកម្ម ក៏​ដូច​ជា​ប្រព័ន្ធ​យុត្តិធម៌​។​

លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​បាន​ពង្រឹង​ធនធានមនុស្ស​តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រ​ជាពល​រដ្ឋ​​រហូតដល់​៥០ ០០០​នាក់​បាន​ទទួល​ជំនាញ​ថ្មី។ ​​​​​លោក​ថា តាម​ផែន​ការគឺ​មាន​គោល​ដៅ​សម្រាប់​ជួយ​ដល់​ប្រជាពល​រដ្ឋ​១,៥លាន​នាក់​។​

គោល​នយោបាយ​មួយ​ទៀត​គឺ​ទាក់​ទង​នឹង​វិស័យ​កសិកម្ម ដែល​បានជួយ​ដល់​កសិករ​ជាង​១១០ ០០០​នាក់ តាម​រយៈ​ការ​ដាក់​ពង្រាយ​​មន្ត្រី​កសិកម្ម​ឃុំ​ជាង​២៥០​នាក់​ទៅ​តាម​មូល​ដ្ឋាន និង​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​កសិករ«​រាប់​ពាន់​ករណី»​។​

ក្រ​សួង​កសិកម្ម​រហូត​មក​ដល់​ពេល​នេះបាន​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​ប្រាំបី​​នៅ​ខេត្ត​ចំនួន​ប្រាំមួយ​ ដោយ​បាន​បែង​ចែក​កសិករ​ជា​ក្រុមៗដើម្បី​លក់​ផលិត​ផល​កសិកម្ម​របស់​​សហគមន៍ និង​ជួយ​គាំទ្រ​គ្នា​ទៅ​វិញទៅ​មក​។​

យ៉ាងណា កសិករ​នៅ​តែ​បន្ត​ជួប​ប្រទះ​បញ្ហា​ធំៗ​មួយ​ចំនួ​ន​អំឡុង​រដូវ​ប្រាំង​កន្លង​មក​នេះ។ កសិករ​បាន​រិះ​គន់​​អាជ្ញាធរ​ថា​មិន​បាន​ជួយ​ពួក​គាត់​ឲ្យ​បាន​តាម​តម្រូវ​ការ ខណៈ​ការ​ខ្វះ​ខាត​ទឹក​នៅ​បន្ត​កើត​មាន​រាល់​ឆ្នាំ​ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ​។​

ក្នុង​ឆ្នាំនេះ កសិករធ្វើ​ស្រូវ​ប្រាំង​លើ​ផ្ទៃ​ដី​ប្រហែល​៧៦០ ០០០​ហិកតា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប៉ុន្តែដោយសារ​ការ​ខ្វះ​ខាត​ទឹក​ធ្ងន់ធ្ងរ និង​មិន​មាន​ការ​ជួយ​ជ្រោម​ជ្រែង​បាន​ទាន់​ពេល​​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ ដែលធ្វើឲ្យ​កសិករ​​មានការ​ព្រួយ​បារម្ភ​រឿង​ខ្វះ​ថវិកា​ដោះស្រាយ​​បំណុល​​។​

ងាក​មកគម្រោង​ព្រែកជីកហ្វូណនតេជោវិញ លោក ប៉ែន បូណា ឲ្យ​ដឹង​ថា​ជា​ «​សមិទ្ធផលធំបំផុត​មួយ» របស់​កម្ពុជា ក្រោមកា​រដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ គម្រោង​នេះ​បាន​ «ទទួល​ការ​ស្វាគមន៍​ពី​ប្រជាពល​រដ្ឋ»​។​

លោក​បន្ត​ថា៖ «ពីមុន​ពិភពលោកគេស្គាល់​ព្រែកជីកស៊ុយអេ ​ព្រែក​ជីក​ប៉ាណាម៉ា ប៉ុន្តែបន្តិចទៀតនេះនៅពេលដែលព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង ពិភព​លោក​នឹង​កត់ត្រា​ព្រែក​ជីកហ្វូណន​របស់​កម្ពុជា»។​

ថ្វីបើ​មានការ​សាទរ​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណនតេជោ ក៏​មាន​ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់​លើ​សំណង​នៅ​ឡើយ ខណៈ​ដែល​ដំណើ​រការ​ជីក​ព្រែកក៏​​បានចាប់​ផ្ដើម​ក្រោយ​​បើក​ការដ្ឋាន​នាពេល​ថ្មីៗ​កន្លង​មក​នេះ។​​

លោក ហ៊ុន ម៉ាណែត ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាលពីថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៤​។(ខេមបូចា/ព្រីង សំរាំង)

លោក ប៉ែន បូណា បញ្ជាក់​ថា​សមិទ្ធ​ផល​ផ្សេង​ទៀត​​សម្រាប់​​រយៈពេល​មួយ​ឆ្នាំ​ដំបូង​ក្នុង​ការ​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត គឺ​រូប​លោក​បាន​ចុះ​ជួប​ប្រជាពល​រដ្ឋ​ចំនួន​១៥២​លើក ដោយ​ពេល​ចុះ​ជួ​ប​ប្រជា​ពល​រដ្ឋ លោក​នាយក​រដ្ឋមន្ត្រី​បាន​ធានា​ចំពោះ​ប្រជាពល​រដ្ឋ​ ហើយ​រដ្ឋាភិបាលបាន​បន្ត​កសាង​ផ្លូវ ស្ពាន សាលារៀន វត្ត​អារាម និង​ផ្ដល់​សេវា​ថែទាំ​សុខភាព​។​

លោក ក៏​បាន​ផ្ដល់​ជា​ដំណោះស្រាយ​ជា​ច្រើន​ដូច​ជា​​ផ្ដល់​សាច់​ប្រាក់ ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​កន្លែង​ទទួល​ទាន​អាហារ ការ​ដឹក​ជញ្ជូន និង​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ ស្រ្តី​មាន​ផ្ទៃពោះ និង​ជន​មាន​ពិការភាព​។​

ធានាដល់ការបញ្ចេញមតិ​ដើម្បីទទួលបានព័ត៌មានពិត​

កាល​ពី​ខែមុន អ្នករាយការណ៍ពិសេស​អង្គការ​សហប្រជា​ជាតិ​លោក Vitit Muntarbhorn  កត់​សម្គាល់​ថា​សេរីភាពស៊ីវិល និង​នយោបាយ ក៏ដូច​ជា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិចត្រូវ​បាន​រឹត​ត្បិត បើ​ទោះ​ជា​​រដ្ឋាភិបាល​ថ្មី​ឡើង​កាន់អំណាច​ក៏​ដោយ​។​

កម្ពុជា​ក៏​នៅ​​តែ​ពិបាក​ក្នុង​ការ​ទាក់​ទាញ​ក្រុម​ហ៊ុន​វិនិយោគ​មកពី​សហរដ្ឋអាមេរិក​ ដោយសារតែ​មាន​ការ​លើក​ឡើងពី​បញ្ហា​នីតិរដ្ឋ និង​អំពើ​ពុក​រលួយ​។​

លោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មាន​ប្រសាសន៍​ថា​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​បាន​បង្ហាញ​ឲ្យ​​សាធារណជន «ឃើញ»​ពី​ភាព​រីក​ចម្រើន ​លោក​ថារដ្ឋាភិបាល​ក៏គួរ​ពិនិត្យ​ឡើងវិញ​លើ​​​សិទ្ធិជា​មូល​ដ្ឋាន​​មួយ​ចំនួន​ដូច​ជា​សេរីភាព​បញ្ចេញ​មតិ សេរីភា​ពនៃការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី សេរីភាព​សារព័ត៌មាន និង​សេរីភាព​ផ្នែក​នយោបាយ។​

លោក​បន្ត​ថាបញ្ហា​នយោបាយ និង​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​ប្រធាន​បទ​ចម្រូង​ចម្រាសរវាង​រដ្ឋាភិបាល និង​សហគម​អន្តរជាតិ។ លោកមានប្រសាសន៍ថា៖ «​ គេ [សហគមអន្តរជាតិ​]នៅតែសម្តែងនូវការព្រួយបារម្ម ហើយនៅតែទទូចឱ្យកម្ពុជាយើងកែលម្អនូវលទ្ធិប្រជាធិបតេយ្យ និង​ការគោរពសិទ្ធិ​មនុស្ស​»។​

​បើ​សិន​ជា​រដ្ឋាភិ​បាល​យក​ចិត្តទុក​ដាក់​លើ​បញ្ហាទាំង​នេះ ជំនួយ​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះពន្ធ​ពីសហគម​អន្តរជាតិ​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​

​ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សមាគម​អាដហុក លោក នី សុខា ប្រាប់​ខេមបូចា​ ថា​រដ្ឋាភិបាល​ថ្មី​មិន​ទាន់​បាន​ធ្វើ​ឲ្យ​ប្រសើរ ឬ​ធ្វើ​ឲ្យ​មាន​ការ​វិវត្ត​ល្អ​​ទាក់ទង​នឹង​ជម្លោះនយោបាយ​ ឬ​ការ​ឃុំ​ខ្លួន​សកម្មជន​សង្គម​នៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖ «​ផ្ទុយទៅវិញយើងឃើញថា បញ្ហានៃការរឹតត្បិតសេរីភាពទាំងអស់ហ្នឹងនៅតែបន្ត ហើយយើងឃើញទាំងអស់គ្នាហើយពាក់ព័ន្ធទៅនឹងសេរីភាពនៅក្នុងការបញ្ចេញមតិ សេរីភាពនៅក្នុងការជួបជុំប្រមូលផ្តុំរហូតមកទល់ពេលនេះ ពិសេសការជួបជុំធ្វើបាតុកម្មដោយអហិង្សា ដោយសន្តិវិធីហ្នឹងស្ទើតែអត់មាន»។​

លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​មក​ដល់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចូល​ស្ដាប់ការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)
លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​មក​ដល់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចូល​ស្ដាប់ការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាល​នៅ​តែ​​ព្យាយាម​បកស្រាយច្បាប់​​​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន និង​អ្នក​នយោបាយ ដែល​វា​មិន​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​រាយការណ៍ពិសេស​អង្គការ​សហប្រជា​ជាតិ​។

លោក នី សុខា ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ផ្នែក​សិទ្ធិ​មនុស្ស​ ជាពិសេស​ការ​រិះគន់​ពីសាធារណជន ឬ​សេរីភាព​នៃការ​បញ្ចេ​ញមតិ​ ដើម្បី​អាច​ឲ្យ​រដ្ឋាភិបាល​អាច​ «ទទួលបាន​ព័ត៌មា​នពិត» និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់​តែការ​ឆ្លើយ​តប​បាន​ល្អ​ចំពោះ​ប្រជា​ពល​រដ្ឋ​។​

លោក​បន្តថា បើ​សិនជា​កម្ពុជាមិន​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិ​ទាំង​នេះ កម្ពុជា​នឹង​ពិបាក​ទាក់ទាញអ្នក​វិនិយោគ​។ ប៉ុន្តែ​ថា​បើ​ស្ថាន​ការណ៍​បាន​ល្អ​ប្រសើរ​ឡើង ការវិនិយោគ​នឹង​កើន​ឡើង​ជា​ស្វយប្រវត្តិ​។ លោក​ថា៖ «​ទាំងអ្នករកស៊ី ទាំងអ្នកវិនិយោគ​[បរទេស]ផ្សេងៗ គេនឹងមានការកក់ក្តៅនៅក្នុងការទំនាក់ទំនង សហការជាមួយរាជរដ្ឋាភិបាលក្នុងការមកដាក់ទុនរកស៊ី​​ មកប្រទេសយើង​»។​

ថ្នាក់ដឹកនាំ​បរទេសមកទស្សនកិច្ច​កម្ពុជាច្រើន តែផ្លែផ្កា​នៅ​មិន​ទាន់​ច្បាស់លាស់​

លោក ហ្សង់ហ្វ្រង់ស័រ តាន់ មាន​ប្រសាសន៍​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទទួលជួប​មេដឹក​នាំ​សំខាន់​ជាង​៥០​រូប រួម​ទាំង​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ការកាន់អំណាច​របស់​លោក​។​

លោក​បន្ថែម​ថា​កម្ពុជា​ស្វាគមន៍​ការ​វិនិយោគ​មក​ពី​គ្រប់​ប្រទេស​ដោយ​មិន​គិត​ពី​មនោគមន៍វិទ្យា​នយោបាយ​។​

រាប់​​ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា​ កម្ពុជា​បាន​ទទួល​ការ​វិនិយោគចំនួន១៩០គម្រោង ​គិត​ជាទឹក​ប្រាក់​សរុប​៣,២​ពាន់​លាន​ដុល្លារ ដោយ​រាប់ទាំង​គម្រោង​វិនិយោគថ្មីៗ និង​ការពង្រីក​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់​។​ ការ​វិនិយោគ​ទាំង​នេះ លោក​ថា​បាន​បង្កើត​ការ​ងារ​ចំនួន​១៦៨ ៥០៧​កន្លែង។ ក្នុង​មួយ​ខែ​កក្កដា ​មាន​គម្រោង​វិនិយោគថ្មី និង​ការ​ពង្រីង​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់​សរុប​៤១​គម្រោង ដែលស្មើនឹងទឹក​ប្រាក់​ប្រហែល​៣៩៦​លាន​ដុល្លារ។​

លោក​បញ្ជាក់ថា​ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​នៃ​ការ​ចូល​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃការ​យោគយល់គ្នា​​លើ​កា​វិនិយោគ ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និង​ថៃ​។​ កិច្ច​ព្រម​ព្រៀង​នេះ​ផ្ដោត​ទៅ​លើ​ច្រើន​វិស័យ រួម​មាន​វិនិយោគ កសិកម្ម អាជីវកម្ម អប់រំ ការពារជាតិ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

នាយក​រដ្ឋមន្ត្រីជប៉ុន​លោក Fumio Kishida (ស្ដាំ) ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

អ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ជឿថា​ការ​បង្ហាញ​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​គួរតែ​បង្ហាញ​ទាំងឯកសារ និង​តួលេខ​ច្បាស់ៗ​​ដើម្បី​ឲ្យ​សារធារណជន​ជឿជាក់​។​​

លោក​មាន​ប្រសាសន៍ថា៖ «​ជាទូទៅមន្ត្រីរដ្ឋាភិបាល ឬក៏អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើង តែងតែលើកនៅចំនុចវិជ្ជមានហើយ ដោយឡែកមិនបានលើកនូវចំនុចខ្វះខាត ឬក៏ឧបសគ្គដែលកើតឡើងក្នុងបរិបទនយោបាយសកល និងតំបន់ទេ ហើយក៏មិនបង្ហាញអំពីទិដ្ឋភាពកម្ពុជាដែលជួបឧបសគ្គ ឧទាហរណ៍ទេសចរណ៍ស្ងាត់»។​

លោក​ថា ដូច​គ្នា​ដែរ​នៅ​ពេល​មាន​ការ​ប្រកាស​ពី​គម្រោង​វិនិយោគ​​ដែលអាច​បង្កើត​ការងារ​បានជាង​១៦៨ ០០០​កន្លែង អ្វីៗ​ទាំង​នេះ​​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​ដែល «មិនទាន់​បាន​អនុវត្តនៅឡើយ»។​ លោក​បន្ត​ថា វា​ក៏​នៅ​មិន​ទាន់​ច្បាស់​ថា​ត្រូវ​ការពេល​ប៉ុន្មាន​ឆ្នាំទៀត «ទើបបង្កើតការងារបានប៉ុណ្ណឹង »។​

លោក សុណ្ណារ៉ា មាន​ប្រសាសន៍ទៀតថា​កម្ពុជា​នៅ​ខ្វះ​គោល​នយោបាយ​វិនិយោគ ដូចជាវិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​យុត្តិធម៌សង្គម ដែល​បង្អាក់​វិនិយោគិន​មក​វិនិយោគ​។ លោក​ថា​ជាង​នេះទៅ​ទៀត​កម្ពុជា​ក៏​គួរ​បង្កើត​ឲ្យ​មាន​តុលាកា​ពាណិជ្ជកម្ម​ផង​ដែរ។​

អ្នកអង្កេត​ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី ​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​អាណត្តិទី​ប្រាំពីរ​កំពុងធ្វើ​ការជំរុញ​កំណើត​សេដ្ឋកិច្ច​តាម​រយៈ​ការទូត​សេដកិច្ច​ដ៏​ខ្លាំងក្លា ដែលនេះ​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ពង្រីក និង​ពង្រឹង​ទំនាក់​ទំនង​ការទូរ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​។​

លោក​បាន​កត់​សម្គាល់​ថា ការ​ចូល​កាន់​តំណែង​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​គឺបាន​ទទួល​​ដំណើរ​ទស្សន​កិច្ច​ជា​ច្រើនជួបមិត្ត​បរទេស​​រួម​មានជាទម្រង់​​ពហុភាគី ទ្វេភាគី និង​ផ្សេង​ទៀត ដែលនេះ​​បាន​បង្ហាញ​ពី​វិសាលភាព​ទូលំទូលាយ​នៃ​ទំនាក់​ទំនង​​​នានា​។

លោក​បន្ត​ថា៖ «​​ចំនួននៃទស្សនកិច្ចនេះយើងឃើញមានភាពជោគជ័យមួយទៅហើយ ក៏ប៉ុន្តែភាពជោគជ័យផ្នែកលទ្ធផលនៃដំណើរទស្សនកិច្ចនេះយើងប្រហែលជាពិបាកក្នុងការវាយតម្លៃ ដោយសារត្រូវមានទិន្នន័យឯកសារច្បាស់លាស់ ហើយត្រូវការពេលវេលា​»។ លោក​ថា​ ព្រោះ​កិច្ច​ហសប្រតិបត្តិការខ្លះមិន​អាចហុច​ផល​ឲ្យ​ឃើញ​ពី​លទ្ធផល​ភ្លាមៗ​នោះទេ។​

លោក​បន្ថែម​ថា៖ «​បើសិនជាថ្នាក់ដឹកនាំអាចប្រែក្លាយទំនាក់ទំនងអន្តរជាតិឱ្យមានភាពល្អប្រសើរ ហើយផ្តល់ផលប្រយោជន៍ជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក នោះមានន័យថាការទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីក្នុងការពង្រឹងការទូតមានភាពរីកចម្រើន។ ប៉ុន្តែ បើសិនជាមានចំនួនទស្សនកិច្ចច្រើន តែលទ្ធផលផ្នែកសេដ្ឋកិច្ចនៅក្នុងស្រុកនៅតែមានបញ្ហា នោះផ្នែកការទូតហ្នឹងក៏មិនជាល្អដែរ»៕

(រាយការណ៍​បន្ថែម​ដោយ៖ ស៊ើង និមល់)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t Trumpets One Year Achievement Under Hun Manet, But Civil Society Calls For Improvements in Human Rights

1,447 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម