លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីការសុំទោសរបស់លោកកាលពីយប់ថ្ងៃទី២៣ ខែតុលា ចំពោះលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថាលោកសប្បាយចិត្តដែលបាននៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូនមិត្តភក្តិ អង្គការជាតិ និងអន្តរជាតិព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ននេះ។
នៅពេលលោក ដារ៉ា បានចេញពីពន្ធនាគារភ្លាមគាត់ក៏បានធ្វើដំណើរទៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដើម្បីសុំឱ្យព្រះសង្ឃដែលគង់នៅទីនោះប្រោះព្រំលើករាសីនិងសុំសេរីសួស្តី ហើយគាត់បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ថា គាត់មានបញ្ហាសុខភាពអំឡុងពេលដែលគាត់នៅក្នុងពន្ធនាគារ គាត់ចាប់ផ្តើមក្អកតាំងពីចូលទៅពន្ធនាគារខេត្តកណ្តាលថ្ងៃដំបូងហើយគេងមិនលក់ រហូតមកដល់ថ្ងៃត្រូវបានដោះលែងពីពន្ធនាគារនេះ។
លោក ដារ៉ា បញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយប៉ុន្តែសុខភាពនៅខ្សោយ ខួរក្បាលខ្ញុំដូចមិនទាន់ដំណើរការ»។ លោកបន្ថែមថា តុលាការឱ្យនៅក្រៅឃុំប៉ុន្តែតុលាការមានលក្ខខណ្ឌមួយចំនួន ហើយគាត់ចាំបានតែពីរចំណុច គឺហាមធ្វើដំណើរចេញទៅក្រៅប្រទេស និងត្រូវបង្ហាញវត្តមាននៅនគរបាលប៉ុស្តិ៍រៀងរាល់មួយខែម្តង។
លោកបន្ថែមថា លោកនឹងសម្រាកមួយរយៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាននេះ បន្ទាប់ពីអ្នកសារព័ត៌មានជាច្រើនបានសួរគាត់ថា តើលោកនឹងបន្តអាជីពជាអ្នកសារព័ត៌មានទៀត រឺយ៉ាងណា?
លោក ម៉ិច ដារ៉ា បានចេញវីដេអូ សុំទោសប្រមុខដឹកនាំកំពូលទាំងពីរ គឺលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដែលបានផ្សព្វផ្សាយតាមរយៈ Fresh News នៅថ្ងៃទី២៣ ខែកញ្ញាចំពោះកំហុសឆ្គងរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមកន្លងមក។
លោក ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញាពីបទញុះញង់ទាក់ទងនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាត់បានធ្វើកាលពីដើមខែ។ចាប់តាំងពីពេលនោះមក គាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នជាង២០ថ្ងៃនៅពន្ធនាគារខេត្តកណ្តាល។តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ម៉ិច ដារ៉ា កាលពីអាទិត្យមុន។

លោក ឌុច ពិសិដ្ឋ បានប្រាប់ ខេមបូចា ថា ដោយសារគាត់មិនទាន់ទទួលបានច្បាប់ចម្លងដីកានោះ គាត់មិនប្រាកដក្នុងលក្ខខណ្ឌជាក់លាក់ក្រោមការត្រួតពិនិត្យរបស់តុលាការនោះទេ។ យ៉ាងណាក៏ដោយ លោកបានសម្ដែងការសប្បាយរីករាយពេលឃើញលោក ដារ៉ា ត្រូវបានដោះលែង និងកោតសរសើរចំពោះការយោគយល់របស់អាជ្ញាធរ។
លោកក៏បានលើកឡើងថា លោកនឹងពិភាក្សាពីជំហានបន្ទាប់ជាមួយលោក ដារ៉ា ដើម្បីធ្វើការឈានទៅរកការទម្លាក់បទចោទទាំងស្រុង។ យ៉ាងណាមិញ សម្រាប់ពេលនេះ លោកចង់ឲ្យ ដារ៉ា មានពេលសម្រាកជាមួយគ្រួសារខ្លះ ដើម្បីឲ្យសុខភាពផ្លូវចិត្តរបស់លោកមានភាពប្រសើរឡើង។
លោក ពិសិដ្ឋ បន្ថែមថា៖ «យើងនឹងពិនិត្យមើលរឿងហ្នឹងឱ្យបានល្អិតល្អន់ ហើយស្នើឱ្យទម្លាក់បទចោទទាំងស្រុង ឬប្រសិនបើរឿងនេះឈានដល់ការជំនុំជម្រះ យើងរកវិធីដើម្បីស្នើសុំឱ្យមានការទម្លាក់បទចោទ»។
ប្អូនស្រីរបស់លោក ដារ៉ា គឺកញ្ញា ម៉ិច សេរីរ័ត្ន បានប្រាប់ ខេមបូចា ថា នាងមានអារម្មណ៍ធូរស្រាល និងដឹងគុណចំពោះការដោះលែងបងប្រុសរបស់នាងឱ្យនៅក្រៅឃុំព្រោះនាងមិនដែលរំពឹងថានឹងឃើញគាត់នៅក្នុងពន្ធនាគារឡើយ។ ទោះជាយ៉ាងណា កញ្ញាបន្តអំពាវនាវឱ្យទម្លាក់បទចោទ។
កញ្ញាបានបន្តថា៖ «ការដោះលែងគាត់ឱ្យនៅក្រៅឃុំនឹងជួយសុខភាពគាត់ឱ្យប្រសើរឡើងព្រោះនេះជាអីដែលយើងបារម្ភជាងគេ»។ កញ្ញាបន្ថែមថា៖ «ប៉ុន្តែអ្វីដែលយើងចង់បានបំផុតគឺការទម្លាក់បទចោទ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានលើកឡើងថា លោកស្វាគមន៍ចំពោះការដោះលែងលោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នវាជាសញ្ញាមួយដែលបង្ហាញថាអ្វីដែលលោក ដារ៉ា បានបង្ហោះកន្លងមកហ្នឹង ទោះជារូបភាពមិនពិតក្តីប៉ុន្តែវាមិនមែនជារឿងមួយធំទេ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សង្គមជាតិទេ អ៊ីចឹងការដោះលែងលោកដារ៉ា ឱ្យនៅក្រៅឃុំនេះ ក៏ជាការប្រឹងប្រែង ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនិងការចូលរួមពីរដ្ឋាភិបាលផងដែរ។
លោក ណុប វី ថ្លែងថា៖ «ខ្ញុំយល់ឃើញថា ការដោះលែងឱ្យលោកនៅក្រៅឃុំថ្ងៃនេះគឺជាសញ្ញាមួយដែលអាចឈានទៅដល់ការទម្លាក់ចោលទាំងស្រុងរាល់ការចោទប្រកាន់ទៅលើលោក ម៉ិចដារ៉ា ពីតុលាការ និងអាជ្ញាធរ»។
លោកបន្តថា «ជាថ្មីម្តទៀត ខ្ញុំក៏ទទូចសុំឱ្យទម្លាក់រាល់ការចោទប្រកាន់ផ្សេងៗទាំងអស់ដើម្បីឱ្យលោក ដារ៉ា គាត់អាចមានសេរីភាពពេញលេញ ហើយគាត់អាចបន្តអាជីពរបស់គាត់បន្តទៀត ដើម្បីធ្វើយ៉ាងអាចឱ្យគាត់ចូលរួមចំណែកក្នុងការបម្រើផលប្រយោជន៍ក្នុងសង្គមបម្រើផលប្រយោជន៍ និងលើកកម្ពស់ទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថាលោកស្វាគមន៍ និងអបអរសាទរចំពោះលោក ដារ៉ា ដែលត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
លោកថ្លែងថា៖ «ខ្ញុំសូមស្វាគមន៍ការសម្រេចរបស់តុលាការនិងអបអរចំពោះលោក ដារ៉ា ដែលត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នតបតាមការស្នើសុំ»។ លោបន្តទៀតថា ក្រសួងនៅតែបន្តតាមដានព្រមទាំងការវិវត្តនានាបន្ថែមទៀតពាក់ព័ន្ធនឹងករណីនេះ។

នាពេលថ្មីៗនេះអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនលោកដារ៉ា និងជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានឯករាជ្យនេះ។
អតីតសហការីនិងមិត្តភក្តិអ្នកសារព័ត៌មានរបស់ ដារ៉ា ក៏បានចែករំលែករឿងរ៉ាវខ្លីៗនិងរូបថតពីការរាយការណ៍ និងការធ្វើការងាររបស់លោក ដារ៉ា ដែលជាផ្នែកមួយនៃយុទ្ធនាការ #freemechdara លើបណ្ដាញសង្គម។
រដ្ឋបាលស្រុកបាភ្នំ បានចេញលិខិតបំភ្លឺនៅថ្ងៃទី៦ខែកញ្ញា ច្រានចោលតាមរយៈវីដេអូ និងសេចក្ដីប្រកាសដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបញ្ជាក់ថា ការបង្ហោះរបស់លោកម៉ិច ដារ៉ាជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
នៅក្នុង វីដេអូ បង្ហោះដោយរដ្ឋបាលស្រុកបាភ្នំក៏បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការផ្លូវច្បាប់ចំពោះលោក ម៉ិច ដារ៉ា ដោយចោទថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនិងទំព័រហេ្វសប៊ុកមួយចំនួនទៀតរបស់រដ្ឋាភិបាល ក៏បានចូលរួមបង្ហោះវីដេអូនោះផងដែរ។
លោក ម៉ិច ដារ៉ាជាអ្នកសារព័ត៌មានកម្ពុជា ដែលរាយការណ៍យ៉ាងសកម្មពីការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ២០២៣ លោកបានឈ្នះពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។
លោក ម៉ិច ដារ៉ាធ្លាប់ជាអ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនដូចជា សារព័ត៌មាន ឌឹខេមបូឌា ដេលី (The CambodiaDaily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី មុនពេលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈឆ្នាំ ២០២៣។ បច្ចុប្បន្ន លោកជាអ្នកសារព័ត៌មានឯករាជ្យ (FreelanceJournalist) ៕