បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីភ្លាម លោក ហួត ហាក់ និងភាគីពាក់ព័ន្ធកំពុងរៀបចំឡើងវិញផែនការស្ដារវិស័យទេសចរណ៍ ខណៈដែលវិស័យនេះកំពុងជួបការលំបាកក្រោយវិបត្តិកូវីដ-១៩។
កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកែសម្រួលរដ្ឋមន្ត្រីដែលមានការផ្លាស់ប្តូររវាងលោក សុខ សូកេន ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ទៅជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ចមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះលោក ហូត ហាក់ ជារដ្ឋមន្ត្រីទីបីរបស់ក្រសួងទេសចរណ៍។
ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពីអ្នកជំនាញ និងអ្នកប្រឹក្សាយោបល់វិស័យទេសចរណ៍ពិនិត្យឃើញពីភាពលំបាកលំបិនក្នុងវិស័យមួយនេះ។
បន្ទាប់ពីចូលកាន់តំណែង លោក ហួត ហាក់ ដែលមានទំនាក់ទំនងស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាច្រើនរូបនៅក្នុងក្រសួងដើម្បីពិភាក្សារកយុទ្ធសាស្រ្តស្ដារវិស័យនេះ និងកសាងទំនាក់ទំនងល្អ។ ថ្វីបើទើបចូលកាន់តំណែងថ្មី លោកបានចាប់ផ្ដើមដឹកនាំគណៈប្រតិភូទៅកាន់ខេត្តGuangxi របស់ចិនដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ានពីថ្ងៃទី២៦ដល់២៩ ខែកញ្ញា។
លោក ហួត ហាក់ នឹងប្រឈមបញ្ហាមួយចំនួន ស្របពេលដែលលោករៀបចំគោលនយោបាយជួយស្ដារឧស្សាហកម្មទេសចរណ៍ពីវិបត្តិកូវីដ-១៩ រួមមានទាំងកង្វះការធ្វើទីផ្សារឲ្យមានប្រសិទ្ធភាព ការធ្វើដំណើរផ្លូវអាកាសមានកម្រិត និងការប្រកួតប្រជែងខ្លាំងពីប្រទេសជិតខាងដែលបានផ្ដល់ការអនុគ្រោះខាងទិដ្ឋាការ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យទេសចរណ៍។
ប៉ុន្តែសម្រាប់ការផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងអំឡុងរដូវភ្ញៀវតិច ឬLow season នេះ ម្ចាស់អាជីវកម្មវិស័យទេសចរណ៍បានដឹងពីការធ្លាក់ចុះនៃចំនួនអ្នកទេសចរបើធៀបនឹងមុនពេលមានវិបត្តកូវីដ-១៩ និងបានមើលឃើញថាវត្តមានរបស់លោក ហួត ហាក់ ក៏ទំនងជាមិនអាចកែប្រែអ្វីបានច្រើននោះដែរ។
ខណៈមានរបាយការណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរកើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០២៣ ក៏វិស័យមួយនេះកំពុងស្ថិតលើផ្លូវមួយដែលពិបាកក្នុងការវិលទៅរកភាពល្អប្រសើរ។
ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាមានការកើនឡើង២៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយកើនពី៣,៣២លាននាក់ទៅ៤,២៩លាននាក់។ នេះបើតាមលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
លោកមានប្រសាសន៍ថា៖ «ចំនួនភ្ញៀវទេសចរក្នុងស្រុកសរុបមាន១១,៣១លាននាក់ ដែលមានការកើនឡើង៨,៤ភាគរយ គិតក្នុងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន…យើងឃើញថាចំនួនភ្ញៀវទេសចរក្នុងស្រុកមានភាពល្អប្រសើរ ហើយភ្ញៀវទេសចរអន្តរជាតិកំពុងកើនឡើងវិញផងដែរ»។
លោកឲ្យដឹងទៀតថា ខណៈដែលចំនួនភ្ញៀវអន្តរជាតិបន្តកើនឡើង តែចំនួននេះនៅតែទាបជាងកាលមុនមានវិបត្តិកូវីដ-១៩ និងអ្នកធ្វើការលើវិស័យនេះដឹងថាការកើនឡើងនេះមានភាពយឺតយ៉ាវ។
មុនមានវិបត្តិកូវីដ-១៩ ភ្ញៀវទេចរបរទេសមកលេងកម្ពុជាមានចំនួន៦,៦លាននាក់ក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមគ្រឹះស្ថានអង្គរ ការលក់សំបុត្រចូលទស្សនាអង្គរបានទឹកប្រាក់ចំនួន២៤,៤លានដុល្លារ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ចំនួននេះទាបជាង៥៥,៧លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានទេសចរបរទេស១,២លាននាក់បានទិញសំបុត្រចូលទស្សនាអង្គរ។
ក្នុងខែកក្កដា ចំនួនទេសចរមានតិចបានធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ចំនួន៣១ស្ថាប័នបានសម្រេចចិត្តបិទទ្វារ។
ក្នុងពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដើម្បីធានាពីការធ្វើបដិសណ្ឋារកិច្ចក្នុងស្រុក និងវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។
លោកមានប្រសាសន៍ទៅកាន់មហាជននៅមុខសារមន្ទីរក្នុងខេត្តសៀមរាបថា៖ «រដ្ឋាភិបាលយើងមិនអាចដោះស្រាយបញ្ហាម្ដងទាំងអស់ដូចប្រជាពលរដ្ឋយើងចង់បាននោះទេ ប៉ុន្តែយើងព្យាយាម»។
ថ្វីបើវិស័យទេសចរណ៍កំពុងតែមានភាពដុនដាបក្រោមការដឹកនាំរបស់ខ្លួន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក សុខ សូកេន ក៏នៅទទួលបានការកោតសរសើរពីលោកនាយករដ្ឋមន្ត្រី ដោយបានហៅអតីតរដ្ឋមន្ត្រីរូបនេះថា «គាត់ក្មេង» តែ«មានសមត្ថភាព»។
ទោះយ៉ាងណា ក្ដីសង្ឃឹមចំពោះរដ្ឋមន្ត្រីថ្មីនៅតែមានភាពស្រពេចស្រពិលនៅឡើយ។
អ្នកស្រី គីម ស្រីពៅ ម្ចាស់ផ្ទះសំណាក់នៅខេត្តសៀមរាប បានដំណើរការអាជីវកម្មនេះតាំងពីឆ្នាំ២០១៩។
អ្នកស្រីប្រាប់ ខេមបូចា ថា កន្លែងអ្នកស្រីមានភ្ញៀវបរទេសតិចតួចនៅមួយរយៈនេះ ហើយភាគច្រើនបានភ្ញៀវក្នុងស្រុកដែលមកលេងនៅចុងសប្ដាហ៍ បានជួយឲ្យអាជីវកម្មអ្នកស្រីនៅដំណើរការបាន។
អ្នកស្រីបន្តថា៖ «ខ្ញុំគិតថារដ្ឋមន្ត្រីថ្មីនឹងមានគំនិតថ្មី…ប៉ុន្តែមិនថាគាត់មានសមត្ថភាពប៉ុនណា ជីវភាពប្រជាពលរដ្ឋមិនទាន់ល្អប្រសើរនៅឡើយ ដែលនេះទំនងជាហេតុផលដែលមិនសូវមានអ្នកធ្វើដំណើរកម្សាន្ត»។ អ្នកស្រីនិយាយសំដៅដល់ឥទ្ធិពលរបស់វិបត្តិកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល។
អ្នកស្រីបន្ថែមថា៖ «ការផ្លាស់ប្ដូររដ្ឋមន្ត្រីថ្មីមិនមែនមានន័យថា អ្នករកស៊ីត្រូវរង់ចាំ និងរំពឹងថាអ្វីៗនឹងល្អប្រសើរនោះទេ។ ពួកយើងត្រូវខំដោយខ្លួនឯង និងធ្វើអ្វីដែលខ្លួនអាចធ្វើបាន»។
ម្ចាស់ផ្ទះសំណាក់នៅខេត្តមណ្ឌលគិរីម្នាក់ទៀត ឈ្មោះ ម៉ី ណាវី ដែលបានធ្វើអាជីវកម្មតាំងពីឆ្នាំ២០១៦ ឲ្យដឹងថា ទីតាំងរបស់ខ្លួនមិនមានភ្ញៀវច្រើននោះទេសូម្បីតែភ្ញៀវក្នុងស្រុក។
ណាវី ឲ្យដឹងថា៖ «មុនកូវីដ-១៩ មានភ្ញៀវច្រើន ប៉ុន្តែឥឡូវគ្មានទេ។ ក្នុងខែបុណ្យទានធ្លាប់តែមានគេកក់ពេញៗ ប៉ុន្តែឥឡូវគ្មានអ្នកកក់ទេ»។
ណាវី សង្ឃឹមថា រដ្ឋមន្ត្រីថ្មីនឹងដាក់ចេញវិធានការមានប្រសិទ្ធភាពដើម្បីទាក់ទាញទេសចរឲ្យបានច្រើន រួមមានទាំងការធ្វើទីផ្សារផ្សព្វផ្សាយពីខេត្តមណ្ឌលគិរី ក៏ដូចជាការរក្សាតម្លៃឲ្យនៅថេរល្អ និងរៀបចំកន្លែងឱ្យបានស្អាត។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ថា ម្ចាស់ផ្ទះសំណាក់មួយចំនួនជួបការធ្លាក់ចុះនៃចំនូនភ្ញៀវ ក៏ដោយហេតុថាពេលនេះជារដូវភ្ញៀវតិច។
លោកមានប្រសាសន៍ថា៖ «ចាប់ពីខែក្រោយទៅរហូតដល់ខែកុម្ភៈ យើងរំពឹងថានឹងមានទេចរច្រើន ទាំងជាតិ និងអន្តរជាតិ»។
លោកបន្ថែមថា លោកមិនបានដឹងពីការកែប្រែគោលនយោបាយអាទិភាពណាមួយ ឬមានការរំពឹងទុកណាមួយចំពោះលោក ហួត ហាក់ នោះទេ ដោយថាលោក ហួត ហាក់ ទើបចូលកាន់តំណែងថ្មី។
ខេមបូចា បានទាក់ទងតាមប្រព័ន្ធតេឡេក្រាមផ្លូវការរបស់លោក ហួត ហាក់ តែមិនមានការឆ្លើយតបណាមួយនោះទេ។
លោក សុខ សូកេន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដូចគ្នា។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Tourism Sector in Off-Season Limbo as New Minister Takes Office