រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការដោះដូរមុខតំណែងគ្នារវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអធិការកិច្ច តាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រោមហេតុផលថា ជាតម្រូវការចាំបាច់និងដើម្បីប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរជាងមុន។
រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា បានបោះឆ្នោតគាំទ្រការកែសម្រួលសមាសភាពរដ្ឋាភិបាលចំនួន២រូប គឺលោក សុខ សូកេន ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោក ហួត ហាក់ ពីរដ្ឋមន្រ្តីក្រសួងអធិការកិច្ច មកជារដ្ឋមន្រ្តីក្រសួងទេសចរណ៍វិញ។
លោក ហួត ហាក់ ជាអតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ហើយលោកក៏ធ្លាប់រិះគន់ក្រសួងមួយចំនួនថា ខ្វះកិច្ចសហការនៅពេលចុះអធិការកិច្ច។
ទន្ទឹមនេះ អ្នកតាមដានសង្គមយល់ថា ការផ្ទេរមុខតំណែងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន នាពេលនេះ អាចជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា ដែលបន្តធ្លាក់ចុះ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ទោះបីជាវិបត្តិនៃជំងឺកូវីដរាតត្បាតបានកន្លងផុតទៅក៏ដោយ។
ថ្លែងការពារក្នុងរដ្ឋសភាចំពោះការដោះដូរមុខតំណែងនៃរដ្ឋមន្រ្តីទាំងពីររូប លោក ហ៊ុន ម៉ាណែត ថា ការសម្រេចបែបនេះ ជាតម្រូវការចាំបាច់ដែលធ្វើឡើងដើម្បីប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាលឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យកាន់តែប្រសើរជាងមុន។
លោក បញ្ជាក់ថា៖ «យោងតាមតម្រូវការចាំបាច់ក្នុងការជំរុញអនុវត្ត ឱ្យបានសម្រេចដល់ប្រសិទ្ធភាពកាន់តែប្រសើរឡើងបន្ថែមទៀត នៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល […]ក្នុងនាមនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើអង្គរដ្ឋសភា មេត្តាពិនិត្យនិងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត លើការកែសម្រួលសមាសភាពនៃរាជរដ្ឋាភិបាល»។
គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក សុខ សូកេន និងលោក ហួត ហាក់ បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍និងក្រសួងអធិការកិច្ច អស់រយៈពេលជាង១ឆ្នាំហើយ ចាប់តាំងពីការប្រកាសសុពលភាពរបស់រដ្ឋាភិបាលអាណត្តិទី៧ កាលពីចុងខែសីហា ឆ្នាំមុន។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ខលចូលតែមិនមានអ្នកទទួល។ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បដិសេធក្នុងការផ្ដល់អត្ថាធិប្បាយ ដោយថា លោកនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់រួចហើយ នៅរដ្ឋសភា។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មិនអាចទាក់ទងបាន ខណៈអតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី លោក ហួត ហាក់ ថា ពិបាកស្ដាប់នៅពេលអ្នកសារព័ត៌មានសាកសួរ ខណៈខលម្ដងទៀត មិនមានអ្នកទទួលឡើយ។
កាលពីដើមឆ្នាំនេះ លោក ហួត ហាក់ ដែលកាលនោះជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានថ្លែងនៅចំពោះមុខ លោកនាយករដ្ឋមន្រ្តី ថា មេដឹកនាំតាមក្រសួង និងអង្គភាពខ្លះបានលាក់បាំងការពិតចំពោះរដ្ឋាភិបាល ជាពិសេសស្វែងរកអន្តរាគមន៍នានា ពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានអំណាច នៅពេលរងការធ្វើអធិការកិច្ចម្ដងៗ។ នៅគ្រានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នរដ្ឋទាំងអស់ត្រូវសហការជាមួយក្រសួងអធិការកិច្ច ដើម្បីធានានូវអភិបាលកិច្ចល្អ។
ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ លោក ប៉ា ចាន់រឿន ថ្លែងថា ការផ្លាស់ប្ដូរតួនាទីរដ្ឋមន្រ្តីទាំងពីររូបនេះធ្វើឡើង អាចក្រោយមានការត្រួតពិនិត្យមើលលទ្ធផល រួមទាំងប្រសិទ្ធភាពនៃការងាររបស់រដ្ឋមន្រ្តីម្នាក់ៗ។
អ្នកតាមដានសង្គមរូបនេះ អះអាងថា ប្រសិនបើរដ្ឋាភិបាលពិតជាចង់ឱ្យវិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាងនេះ លុះត្រាតែមានឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងសង្គម ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ ដូចជា ការលុបបំបាត់អំពើពុករលួយ ការឆបោកតាមអនឡាញ ការគោរពសិទ្ធិមនុស្ស និងអនុវត្តតាមគោលការប្រជាធិបតេយ្យជាដើម។
លោកបញ្ជាក់ថា៖ «ធ្វើម៉េចកម្ពុជា ត្រូវស្ដារមុខមាត់ និងកិត្តិយសរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ជាពិសេសការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ ការលុបបំបាត់នូវអំពើពុករលួយ និងល្បែងអនឡាញ ការចាប់ជំរិតអនឡាញអីនេះ គឺជាកិច្ចការងារស្នូលដែលកម្ពុជាត្រូវធ្វើដើម្បីដោះស្រាយបញ្ហា ធ្លាក់ចុះកេរ្តិ៍ឈ្មោះ និងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន»។
ចំណែកអ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការផ្លាស់ប្ដូរសមាជិករដ្ឋាភិបាល ជារឿងទូទៅនៃប្រទេសនីមួយៗ។ តែលោកថា កម្ពុជាអាចរីកចម្រើនបាននូវវិស័យទេសចរណ៍ គឺទាមទារឱ្យមានកិច្ចសហការគ្នាជាអន្តរក្រសួងក្នុងការធ្វើការ។
លោកបន្តថា៖ «ខ្ញុំគិតថា ការផ្លាស់ប្ដូរនេះវាអាចមានជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹង[ការធ្លាក់ចុះភ្ញៀវទេសចរណ៍បរទេស]ផងដែរ។ ចឹងអ្វីដែលយើងចាំមើល រដ្ឋមន្រ្តីដែលទៅកាន់តំណែងវិស័យទេសចរណ៍ថ្មី នឹងអាចមានសមត្ថភាពកម្រិតណា ក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវវិស័យទេសចរណ៍»។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលរងការរិះគន់នេះ កាលពីខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វះស្វែងឱ្យមានជើងហោះហើរត្រង់ច្រើនថែមទៀតពីបណ្ដាប្រទេសនានានៅក្នុងតំបន់ និងការសម្របសម្រួលពីវិស័យបដិសណ្ឋារកិច្ចខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាប្រាសាទអង្គរវត្ត ។
លោក ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាអាទិ៍ បញ្ចុះថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តក្នុងអំឡុងរដូវកាលខ្សត់ភ្ញៀវ និងសម្របសម្រួលជើងហោះហើរត្រង់ពីបណ្ដាប្រទេសក្នុងតំបន់មកកាន់ខេត្តសៀមរាប។
វិធានការក៏រួមបញ្ចូលផងដែរនូវការបំពេញបែបបទតាមប្រព័ន្ធឌីជីថលអនឡាញសម្រាប់ភ្ញៀវមកដល់ បញ្ចុះថ្លៃចុះចតយន្តហោះ និងលុបចោលអនុក្រឹត្យដែលតម្រូវឱ្យអ្នកទេសចរស្នាក់នៅយ៉ាងហោចមួយយប់នៅពេលពួកគេមកទស្សនាប្រទេសកម្ពុជា។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីមហាជន និងប្រព័ន្ធផ្សព្វផ្សាយអំពីការធ្លាក់ចុះចំនួនអ្នកទេសចរខ្លាំងនៅក្នុងខេត្តសៀមរាប ក្នុងអំឡុងរដូវកាលខ្សត់ភ្ញៀវ ។ យ៉ាងណា លោក ពន្យល់ថា ទេសចរណ៍បែងចែកទៅតាមរដូវកាល មានរដូវភ្ញៀវទេសចរច្រើន រដូវភ្ញៀវទេសចរធម្យម និងរដូវភ្ញៀវទេសចរតិច។
កន្លងមក អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បញ្ជាក់ប្រាប់ ខេមបូចា ថា បើតាមតួលេខកាលពីឆ្នាំ២០២៣កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥,៤៥លាននាក់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ចំនួននេះបើធៀបនឹងឆ្នាំ២០២២ មានតែ២,២៨លាននាក់ ពោលគឺកើនឡើង១៣៩,៥ភាគរយ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានសម្រេចតែងតាំងលោក សរ សុវណ្ណ និងលោក ប្រាក់ សំអឿន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផងដែរ៕