លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វះស្វែងឱ្យមានជើងហោះហើរត្រង់ច្រើនថែមទៀតពីបណ្ដាប្រទេសនានានៅក្នុងតំបន់ និងការសម្របសម្រួលពីវិស័យបដិសណ្ឋារកិច្ចខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាប្រាសាទអង្គរវត្ត ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីមហាជននិងប្រព័ន្ធផ្សព្វផ្សាយអំពីការធ្លាក់ចុះចំនួនអ្នកទេសចរខ្លាំងនៅក្នុងខេត្តសៀមរាប ក្នុងអំឡុងរដូវកាលខ្សត់ភ្ញៀវ ។
ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរមួយនៅឯវត្តរាជបូណ៌ កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាអាទិ៍ បញ្ចុះថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តក្នុងអំឡុងរដូវកាលខ្សត់ភ្ញៀវ និងសម្របសម្រួលជើងហោះហើរត្រង់ពីបណ្ដាប្រទេសក្នុងតំបន់មកកាន់ខេត្តសៀមរាប ។ វិធានការណ៍ក៏រួមបញ្ចូលផងដែរនូវការបំពេញបែបបទតាមប្រព័ន្ធឌីជីថលអនឡាញសម្រាប់ភ្ញៀវមកដល់ បញ្ចុះថ្លៃចុះចតយន្តហោះ និងលុបចោលអនុក្រឹត្យដែលតម្រូវឱ្យអ្នកទេសចរស្នាក់នៅយ៉ាងហោចមួយយប់នៅពេលពួកគេមកទស្សនាប្រទេសកម្ពុជា ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញទស្សនៈ និងការបង្ហោះជាច្រើន[តាមបណ្ដាញសង្គម]អំពីបញ្ហាខេត្តសៀមរាបដែលស្ងាត់ [គ្មានភ្ញៀវទេសចរ] […] ឥឡូវ យើងត្រូវមើលការពិតនៃស្ថានការណ៍នេះ» ។
លោក ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជាអ្នកទទួលខុសត្រូវថា រាជរដ្ឋាភិបាលយើងដោះស្រាយបញ្ហាមិនបានគ្រប់អ្វីដែលបងប្អូនយើងចង់ក្នុងពេលតែមួយ ប៉ុន្តែយើងខិតខំ» ដោយលោកបានបន្តថា រដ្ឋាភិបាលមានការងារជាច្រើនដែលត្រូវធ្វើ ។
លោកថ្លែងថា៖ «ក្នុងរយៈពេល ១០ខែចុងក្រោយនេះ យើងបានជំរុញផ្សព្វផ្សាយច្រើនវិស័យទៅហើយ រួមទាំងវិស័យទេសចរណ៍ បើទោះបីទេសចរណ៍នៅទីនេះមិនបានដល់ ៥០០០ ទៅ ៦០០០នាក់ក្ដី[អ្នកទេសចរ] ប៉ុន្តែក៏មែនសូន្យដែរ »។
រដូវកាលដែលគេចាត់ទុកថាជារដូវកាលសម្បូរភ្ញៀវច្រើនបំផុត គឺចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ដោយក្នុងអំឡុងពេលនេះមានភ្ញៀវទេសចរមកទស្សនាជាង ៣០០០នាក់ក្នុងមួយថ្ងៃ ចំណែកឯរដូវកាលខ្សត់ភ្ញៀវចាប់ផ្ដើមនៅក្នុងខែមិថុនា ដែលមានភ្ញៀវទេសចរត្រឹមតែ ១៣០០ ទៅ ១៩០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។
លោកនាយករដ្ឋមន្ត្រីនិយាយថា ភ្ញៀវទេសចរប្រមាណ ៣១០.០០០នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៤ ដែលចំនួននេះបានកើនឡើង ៣៦% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ។
ស្របពេលជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំបង្កើតតំបន់ទេសចរណ៍និងសកម្មភាពទេសចរណ៍ច្រើនថែមទៀត ដូចជា តំបន់ដើរផ្សារនិងជិះទូកកម្សាន្ត ព្រមទាំងផ្ដល់កម្ចីដល់អ្នកវិនិយោគិនដើម្បីផលិតផលិតផលជួយដល់វិស័យទេសចរណ៍ ។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបានក្លែងខ្លួនដោយពាក់ម៉ាស់មិនឱ្យគេស្គាល់ និងបានចុះទៅពិនិត្យដោយសម្ងាត់នៅតាមតំបន់ទេសចរណ៍នៅខេត្តសៀមរាប ដោយលោកបានជួយជាមួយអ្នកលក់ដូរនិងម្ចាស់ភោជនីយដ្ឋាននៅតំបន់ផាប់ស្ទ្រីត ដើម្បីស្វែងយល់បន្ថែមអំពីការបង្ហោះផ្សាយរបស់មហាជនជុំវិញការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍ ។
លោកបាននិយាយថា៖ «ខ្ញុំចាប់ផ្តើមមុនគេកន្លែងប្អូនប្រុសម្នាក់ជាងគំនូរ […] ហើយចូលតាមហាងខោអាវ ហើយបងប្អូននៅហ្នឹងចម្លើយស្រដៀងៗគ្នាថា ខែប្រាំមួយវាស្ងាត់ [ខ្សត់ភ្ញៀវទេសចរ] »។

អាជីវករ តាន់ អាង ដែលលក់នំត្នោតនៅក្នុងភូមិព្រះដាក់ ខេត្តសៀមរាប បានប្រាប់ ខេមបូចា ថា ភូមិព្រះដាក់ធ្លាប់តែមានភ្ញៀវទេសចរមកលេងច្រើនកាលពីពេលកន្លងមក ប៉ុន្តែ មួយរយៈនេះ រាងស្ងាត់បន្តិច ។
អ្នកស្រីបាននិយាយថា៖ «ពីមុន មានទេសចរដើរជាក្រុមៗ ជិះកង់ ប៉ុន្តែ ឥឡូវ អត់មានទេ» ។
អ្នកស្រីបានកត់សម្គាល់ពីការធ្លាក់ចុះចំណូលបើធៀបនឹងពេលមុនកូវីដ-១៩ ដែលកាលនោះ អ្នកស្រីរកបានជាង ១លានរៀលក្នុងមួយថ្ងៃ ។ ឥឡូវនេះ អ្នកស្រីរកចំណូលបានស្ទើរតែមិនដល់ ៤០ម៉ឺនរៀលផងទេ ។
ប៉ុន្តែ បើថ្ងៃធម្មតា [ថ្ងៃចន្ទដល់ថ្ងៃសុក្រ] អ្នកស្រីរកចំណូលបានតែ ១៤ម៉ឺន ទៅ ១៥ម៉ឺនរៀលប៉ុណ្ណោះ ហើយចំណេញប្រហែលតែ ៤ម៉ឺនរៀលប៉ុណ្ណោះ ។ វាលំបាកណាស់សម្រាប់អ្នកស្រីដោយសារតែអ្នកស្រីត្រូវបើកប្រាក់ខែឱ្យបុគ្គលិកដែរ ។ អ្នកស្រី តាន់ អាង សង្ឃឹមថា វិស័យទេសចរណ៍នឹងប្រសើរឡើងវិញ នៅក្រោយវិធានការរបស់នាយករដ្ឋមន្ត្រីដើម្បីជំរុញកំណើនចំនួនភ្ញៀវទេសចរ ។
អ្នកស្រី អាង និយាយយ៉ាងដូច្នេះថា៖ «ប្រសិនបើនាយករដ្ឋមន្ត្រីលើកឡើងហើយ ខ្ញុំគិតថា នឹងមានប្រសិទ្ធភាពដើម្បីទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែ ខ្ញុំខ្លាចថា ភ្ញៀវទេសចរបរទេសមិនមានលុយមកលេងសៀមរាបទេ» ។ អ្នកស្រីក៏បានលើកឡើងពីតម្លៃតាក់ស៊ីខ្ពស់ពីព្រលានយន្តហោះសៀមរាបមកកណ្ដាលក្រុងផងដែរ ។ អ្នកស្រីគិតថា វាអាចជាហេតុផលមួយក្នុងចំណោមហេតុផលនានាដែលអ្នកទេសចរជ្រើសរើសទៅលេងប្រទេសផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា ។
អាជីវករមួយរូបទៀត ឈ្មោះ វេង ចំរើន ដែលលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ផាប់ស្ទ្រីត បាននិយាយថា ជាធម្មតា មានអតិថិជនមកទទួលទាននៅតាមភោជនីយដ្ឋាននៅពេលល្ងាច ឬយប់ ប៉ុន្តែ មិនមានអ្នកដើរផ្សារទិញអីវ៉ាន់ច្រើនទេ ។
លោកថា កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលនាំឱ្យភ្ញៀវមិនដើរផ្សារទិញអីវ៉ាន់ គឺ«ភាពគ្មានសណ្ដាប់ធ្នាប់»របស់ក្មេងដែល«បង្កជាបញ្ហា» ដូចជា សុំទាន ឬលួចអីវ៉ាន់របស់ភ្ញៀវ ។ បញ្ហាមួយទៀត គឺអាជីវករខ្លះនៅតំបន់នេះខ្វះការអប់រំ និយាយស្ដីឈ្លើយ និងលក់ដូរបោកប្រាស់គេ ដែលនាំឱ្យខូចកេរ្តិ៍ឈ្មោះកន្លែងនេះ និងបានបំផ្លាញទឹកចិត្តភ្ញៀវទេសចរមិនឱ្យមកលេងខេត្តសៀមរាបទៀត ។
លោក ចំរើន និយាយថា៖ «ភ្ញៀវល្អមិនមកកន្លែងរញ៉េរញ៉ៃ ដូច ផាប់ស្ទ្រីត ទេ ។ ពួកគេដើរទិញអីវ៉ាន់នៅផ្សាររាត្រី ពីព្រោះវាស្ងាត់និងមិនរញ៉េរញ៉ៃ» ។
នៅពេលសួរថាតើវិធានការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលឱ្យបញ្ចុះថ្លៃសំបុត្រទស្សនាប្រាសាទអង្គរវត្ត និងផ្ដល់ការបញ្ចុះតម្លៃផ្សេងៗ អាចទាក់ទាញភ្ញៀវទេសចរបាន ឬទេ លោក ចំរើន បាននិយាយបែបនេះថា អាជ្ញាធរមូលដ្ឋានគួរតែអប់រំអាជីវករពីរបៀបនិយាយស្ដីថ្លៃថ្នូរគួរសមទៅកាន់អតិថិជន រក្សាសណ្ដាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍ និងទប់ស្កាត់ក្មេងៗកុំឱ្យបង្កបញ្ហាវិញ ។
លោកនិយាយថា៖ «ភាគច្រើនបំផុត ប៉ូលិសដើរកាត់ ឬថតរូបនិងផ្ញើចូលគ្រុបរបស់គាត់ ។ គាត់ដើរទៅដើរមក ប៉ុន្តែ មិនជួបក្រុម[ក្មេងៗ]ទេ» ។ លោកបានបន្តថា ក្មេងៗដឹងថាពេលណាប៉ូលិសចុះមក ហើយពួកគេមិនបង្កបញ្ហានៅពេលដែលមានប៉ូលិសចុះមកទេ ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា កម្ពុជាបានជួបប្រទះនឹងបញ្ហាធ្លាក់ចុះចំនួនភ្ញៀវទេសចរយ៉ាងខ្លាំង បើធៀបនឹងប្រទេសជិតខាង ។ ប្រទេសជិតខាងបានបង្កើតតំបន់ទេសចរណ៍ជាច្រើន រួមទាំងតំបន់មានដំបូលការពារ ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្ដៅក្នុងអំឡុងពេលគេមកទស្សនា ។
លោកស្រីបាននិយាយថា៖ «ក្នុងអំឡុងរដូវកាលខ្សត់ភ្ញៀវ ចំនួនភ្ញៀវទេសចរគឺថយចុះ ដោយសារតែអ្នកទេសចរមិនចង់ដើរលេងក្នុងអំឡុងរដូវភ្លៀងទេ ។ តំបន់ទេសចរណ៍នៅកម្ពុជាមានលក្ខណៈអភិរក្សនិយម ដូចជា ប្រាសាទ ដែលមិនមានដំបូលការពារអ្នកទេសចរពីភ្លៀងខ្យល់ឡើយ» ។
លោកស្រីជឿជាក់ថា វិធានការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការរឹតត្បិតមួយចំនួន នឹងទាក់ទាញភ្ញៀវទេសចរបានច្រើនថែមទៀតឱ្យមកទស្សនាប្រទេសកម្ពុជា ។
លោកស្រី ស៊ីវលីន បាននិយាយថា៖ «ពេលណាយើងលើកលែងការរឹតត្បិតមួយចំនួនចេញ យើងសង្ឃឹមថា នឹងទាក់ទាញទេសចរបានច្រើន ពីព្រោះ ពេលខ្លះ យើងមានការរឹតត្បិតច្រើនពេក ទេសចរមិនសប្បាយចិត្ត ហើយនាំគ្នាទៅលេងប្រទេសផ្សេងវិញ» ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បដិសេធការធ្វើអត្ថាធិប្បាយ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Instructs Authorities, Issues Key Measures to Address Low Tourist Arrivals










