សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ចៅក្រមស៊ើបសួរបានសាកសួរបន្ថែម​លើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងបទញុះញង់

អ្នកសារព័ត៌មានឯករាជ្យ ម៉ិច ដារ៉ា ត្រូវបានរថយន្តពន្ធនាគារដឹកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែមពីបទញុះញង់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកសារព័ត៌មានឯករាជ្យ ម៉ិច ដារ៉ា ត្រូវបានរថយន្តពន្ធនាគារដឹកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែមពីបទញុះញង់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ធ្វើបច្ចុប្បន្នភាពព័ត៌មាន (១២:៣០ រសៀល ថ្ងៃទី២៤ ខែតុលា )៖ លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅវេលាម៉ោង១២ និង២២នាទី​រសៀល នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ការ​សុំទោស​របស់​លោក​កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ​ចំពោះ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថា​ លោកសប្បាយចិត្តដែលបាន​នៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូន មិត្តភក្តិ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ននេះ។​

ធ្វើបច្ចុប្បន្នភាពព័ត៌មាន (៩:៣០ ព្រឹក ថ្ងៃទី២៤ ខែតុលា)៖ មេធាវីរបស់លោក ម៉ិច ដារ៉ា គឺ លោក ឌុច ពិសិដ្ឋ បានបញ្ជាក់នៅព្រឹកនេះថា លោកបានដាក់សំណើសុំនៅក្រៅឃុំថ្មីមួយទៀតសម្រាប់លោក ដារ៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បន្ទាប់ពីមានការសុំទោសជាសាធារណៈរបស់ ដារ៉ា កាលពីយប់មិញ ក្រោយពីតុលាការបានបដិសេធសំណើដំបូងកាលពីសប្តាហ៍មុន។

លោកបានប្រាប់ ខេមបូចា ថា លោកសង្ឃឹមថាករណីលោក ដារ៉ា នឹងទទួលបានព័ត៌មានល្អឆាប់ទាក់ទងនឹងការដោះលែងឱ្យនៅក្រៅឃុំ ហើយសំណុំរឿងបានដល់ដៃក្រឡាបញ្ជីដែលកាន់សំណុំហើយ ប៉ុន្តែលោកមិនអាចធ្វើអត្ថាធិប្បាយថាតើការចោទប្រកាន់នឹងត្រូវទម្លាក់ចោលទេ ដោយសារលោកនៅតែរង់ចាំដំណើរការរបស់តុលាការនៅឡើយ។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា បានសាកសួរបន្ថែមលើលោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ពាក់ព័ន្ធនឹងការបង្ហោះរបស់គាត់ក្នុងបណ្តាញសង្គមកន្លងមកដែលតុលាការបានចោទពីបទញុះញង់។ យោងតាមលោកមេធាវី ការពារឱ្យលោក ម៉ិច ដារ៉ា។

លោកមេធាវី ឌុច ពិសិដ្ឋ ដែលការពារឱ្យលោក ម៉ិច ដារ៉ា បានឱ្យដឹងបន្ទាប់គាត់បានអមកូនក្តីក្នុងការសាកសួររបស់ចៅក្រមថា​ ចៅក្រមស៊ើបសួរបានសាកសួរបន្ថែមលើលោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានឯករាជ្យ ពាក់ព័ន្ធនឹងដំណើររឿងដែលគាត់បានបង្ហោះកន្លងមក។

លោកមេធាវីបានបន្ថែមថា លោក ម៉ិច ដារ៉ា មានអារម្មណ៍ដូចជាបាត់បង់ការផ្តោតអារម្មណ៍ ដូចជារាងរវើរវាយបន្តិចដោយសារគាត់អង្គុយយូរពេកនៅពន្ធនាគារ ហើយគាត់ជាប់ពន្ធនាគារយូរដែរ។

កញ្ញា ម៉ិច ជូឡាយ បានប្រាប់ ខេមបូចា ថា បងប្រុសកញ្ញាមានបញ្ហាសុខភាព ដូចជាគាត់គេងមិនសូវលក់ និងមានជំងឺផ្តាសាយផង ហើយគាត់បានប្រាប់ថា គាត់សង្ឃឹមថាគាត់នឹងអាចចេញពីពន្ធនាគារឆាប់ៗ។ កញ្ញាសង្ឃឹមថា តុលាការសម្រេចដោយយុត្តិធម៌លើបងប្រុស ព្រោះគាត់កំពុងតែមានបញ្ហាសុខភាព។

កញ្ញាឱ្យដឹងថា៖ «ខ្ញុំសំណូមពរថា បងប្រុសនឹងអាចចាកចេញពីពន្ធនាគារឆាប់ៗ ដោយសារតែម៉ាក់គាត់ចំណាស់ហើយ ហើយគាត់មានសុខភាពមិនសូវល្អ តាមពិតបងប្រុសក៍មានសុខភាពមិនសូវល្អដែរ នៅពេលគាត់ចូលពន្ធនាគារ គាត់គេងមិនបានលក់ស្រួល។ គាត់មានជំងឺផ្តាសាយ»

កញ្ញាបន្ថែមថា បងប្រុសរបស់កញ្ញាបានស្រកទម្ងន់ចន្លោះពី៧ទៅ៨គីឡូក្រាម បន្ទាប់ពីគាត់ចូលពន្ធនាគារ។

លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់ នៃអង្គការអាដហុក បានមានប្រសាសន៍ថា ក្នុងនាមលោកជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា សកម្មភាពបង្ហោះរូបភាពពីបាភ្នំនោះ មិនគួរមានទោសទេ ពីព្រោះរូបភាពនេះត្រូវបានបង្ហោះឡើងដោយមនុស្សជាច្រើន មិនមែនតែលោក ម៉ិច ដារ៉ា នោះទេដែលបង្ហោះរូបនោះ​ ហើយលោកបានចោទជាសំនួរថា​ តើអាជ្ញាធរបានទៅពិនិត្យមើលទេ ថាតើវាត្រឹមត្រូវដែរអត់? ព្រោះតំបន់បាភ្នំនោះ ទោះបីអាចាស់ វានៅមែន ប៉ុន្តែមានភ្នំមួយចំនួនដែលស្ថិតនៅតំបន់នោះមានការគាស់កាយមែន អ៊ីចឹងអ្វីដែលគាត់និយាយជាការពិត។

លោកបានបញ្ជាក់ថា រដ្ឋាភិបាល រឺតុលាការគួរប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានអនុវត្តលើលោក ដារ៉ា ព្រោះយោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន លោក ដារ៉ា មានសិទ្ធិស្រាយបំភ្លឺកែតម្រូវឡើងវិញ បើសិនជាគាត់ខុស ជាជាងការចោទប្រកាន់គាត់តាមក្រមព្រហ្មទណ្ឌ។

លោកបានថ្លែងថា «ដូច្នេះអ្វីដែលគាត់ធ្វើ ខ្ញុំគិតថា​ វាជារឿងរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ហើយអ្វីដែលលោក ដារ៉ា គ្រាន់តែបង្ហោះរឿងប៉ុណ្ណឹង ស្ថាប័នតុលាការចាត់ការគាត់តាមផ្លូវច្បាប់ ជាការគំរាមកំហែងដល់អ្នកដទៃ[ផងដែរ]»

អ្នកសារព័ត៌មានឯករាជ្យ ម៉ិច ដារ៉ា ត្រូវបានរថយន្តពន្ធនាគារដឹកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែមពីបទញុះញង់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោក ម៉ិច ដារ៉ា បានចេញវីដេអូ សុំទោសប្រមុខដឹកនាំកំពូលទាំងពីរ រួមមាន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានផ្សព្វផ្សាយតាម​ Fresh News នៅថ្ងៃទី២៣ ខែកញ្ញា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមកន្លងមក។

លោក ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី30 ខែកញ្ញា ពីបទញុះញង់ទាក់ទងនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាត់បានធ្វើកាលពីដើមខែ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។

តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ម៉ិច ដារ៉ា កាលពីអាទិត្យមុន។

នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនលោក ដារ៉ា និងជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានឯករាជ្យនេះ។

អតីតសហការី និងមិត្តភក្តិអ្នកសារព័ត៌មានរបស់ ដារ៉ា ក៏បានចែករំលែករឿងរ៉ាវខ្លីៗ និងរូបថតពីការរាយការណ៍ និងការធ្វើការងាររបស់លោក ដារ៉ា ដែលជាផ្នែកមួយនៃយុទ្ធនាការ #freemechdara លើបណ្ដាញសង្គម។

រដ្ឋបាលស្រុកបាភ្នំ បានចេញលិខិតបំភ្លឺនៅថ្ងៃទី៦ ខែកញ្ញា ច្រានចោលតាមរយៈវីដេអូ និងសេចក្ដីប្រកាស ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបញ្ជាក់ថា ការបង្ហោះរបស់លោកម៉ិច ដារ៉ា ជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

នៅក្នុង វីដេអូ បង្ហោះដោយរដ្ឋបាលស្រុកបាភ្នំ ក៏បានស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការផ្លូវច្បាប់ចំពោះលោក ម៉ិច ដារ៉ា ដោយចោទថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងទំព័រហេ្វសប៊ុកមួយចំនួនទៀតរបស់រដ្ឋាភិបាល ក៏បានចូលរួមបង្ហោះវីដេអូនោះផងដែរ។

លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានកម្ពុជា ដែលរាយការណ៍យ៉ាងសកម្មពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ២០២៣ លោកបានឈ្នះពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។

លោក ម៉ិច ដារ៉ា ធ្លាប់ជាអ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី​ មុនពេលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈ ឆ្នាំ ២០២៣។ បច្ចុប្បន្ន លោកជាអ្នកសារព័ត៌មានឯករាជ្យ​ (Freelance Journalist) ៕

386 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម