សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រុមហ៊ុន ហួយវ័ន ផេ រុះរើស្លាកយីហោ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅ

ទិដ្ឋភាពនៃរន្ទាដែកដែលដាក់តំឡើងនៅខាងក្រៅការិយាល័យក្រុមហ៊ុន ហួយវ័ន ផេ បន្ទាប់ពីស្លាកយីហោត្រូវបានដកចេញ ស្ថិតក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ទិដ្ឋភាពនៃរន្ទាដែកដែលដាក់តំឡើងនៅខាងក្រៅការិយាល័យក្រុមហ៊ុន ហួយវ័ន ផេ បន្ទាប់ពីស្លាកយីហោត្រូវបានដកចេញ ស្ថិតក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមហ៊ុន ហួយវ័ន ផេ នៅទីក្រុងភ្នំពេញ ត្រូវបានគេមើលឃើញថា បានដកស្លាកយីហោរបស់ខ្លួននៅថ្ងៃពុធ ពោលគឺប្រាំមួយថ្ងៃបន្ទាប់​ពីរតនាគារសហរដ្ឋអាមេរិកបានរកឃើញថា ក្រុមហ៊ុន ហួយវ័ន គ្រុប ជាបណ្ដាញនៃការលាងលុយកខ្វក់ ហើយបានផ្ដាច់ឈ្មោះក្រុមហ៊ុននេះ ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១ ខែឧសភា បណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) ដែលជាការិយាល័យរតនាគារ សហរដ្ឋអាមេរិកបានស្នើច្បាប់មួយ ដើម្បីផ្ដាច់ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប ពីប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះកំពុងលាងលុយកខ្វក់ ដែលបានមកពីការលួច និងការឆបោកតាមប្រព័ន្ធអនឡាញ។ចំណាត់ការនេះបានធ្វើឡើងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នផ្សព្វផ្សាយជាច្រើន និងការស៊ើបអង្កេតដែលភ្ជាប់ក្រុមហ៊ុននេះទៅនឹងបណ្តាញលាងលុយ ដែលពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជុំវិញការឆបោកតាមប្រព័ន្ធអនឡាញ និងប្រតិបត្តិការចោរកម្មតាមអ៊ីនធឺណិតដែលសន្មតថាមានប្រភពមកពីប្រទេសកូរ៉េខាងជើង។

បណ្ដាញ FinCEN បានរកឃើញថា ក្រុមហ៊ុន ហួយវ័ន គ្រុប បានជួយលាងលុយកខ្វក់យ៉ាងតិច៤ពាន់លានដុល្លារជាប្រាក់ចំណូលខុសច្បាប់នៅចន្លោះពីខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥។ បណ្ដាញបុត្តសម្ព័ន្ធនេះក៏ដំណើរការសេវាកម្មជាច្រើនក្រោមយីហោ «ហួយវ័ន» រួមមានផ្នែកទីផ្សារ និងកម្មវិធីហិរញ្ញវត្ថុផងដែរ។ គ្រាន់តែនៅលើកម្មវិធីតេឡេក្រាមមួយត្រូវបានសង្ស័យថាបានផ្សារភ្ជាប់ទៅនឹងប្រតិបត្តិការខុសច្បាប់ចំនួន២៤ពាន់លានដុល្លារ។

លេខាធិការរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយនៅក្នុងរបាយការណ៍ថា៖ «ក្រុមហ៊ុន ហួយវ័ន គ្រុប បានបង្កើតឡើងជាទីផ្សារនៃជម្រើសសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានគំនិតអាក្រក់ដូចជាកូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) និងក្រុមឧក្រិដ្ឋជន ដែលបានលួចលុយរាប់ពាន់លានដុល្លារពីជនជាតិអាមេរិកប្រចាំថ្ងៃ»

នៅព្រឹកថ្ងៃទី៦ ខែឧសភា អ្នកយកព័ត៌មានរបស់សារព័ត៌មានខេមបូចា បានចុះទៅដល់ទីតាំងផ្ទាល់ ដោយបានឃើញថា ក្រុមហ៊ុន ហួយវ័ន ផេ កំពុងចាប់ផ្តើមដកស្លាកសញ្ញារបស់ខ្លួនចេញ និងបានសង្កេតឃើញមានការតំឡើងរន្ទាដែក និងរុះរើផ្លាកយីហោរបស់ក្រុមហ៊ុន។

យោងតាម FinCeN ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនេះ ក៏មានសាខានៅខេត្តបាត់ដំបង ប៉ោយប៉ែត សៀមរាប និងខេត្តព្រះសីហនុផងដែរ។ កន្លងមក ក្រុមហ៊ុននេះក៏បានផ្សាយពាណិជ្ជកម្មពីទីតាំងមួយកន្លែងនៅក្នុងទីក្រុង Laukkaing ដែលជាមជ្ឈមណ្ឌលឆបោកក្នុងវិស័យវិនិយោគនៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា នៅមុនការបង្ក្រាបកាលពីឆ្នាំមុន ដោយបានបិទប្រតិបត្តិការជាច្រើនទីតាំង ។

ក្រុមហ៊ុន ហួយវ័ន គ្រុប ក៏បានរាយឈ្មោះលោក ហ៊ុន តូ ជានាយកក្រុមហ៊ុនម្នាក់ផងដែរ ដែលលោកជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ហ៊ុន តូ បានប្រឈមមុខនឹងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន និងការ​លាងលុយកខ្វក់ ប៉ុន្តែលោកបានបដិសេធការអះអាងនេះ និងបានបន្តបណ្តឹងបរិហារកេរ្តិ៍លើរបាយការណ៍នេះ។

នៅពេលដែល សារព័ត៌មានខេមបូចា ទូរសព្ទទៅលេខដែលមានរាយក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន ហ៊ុយវ័ន ផេ បុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាននិយាយថាក្រុមហ៊ុន «គ្រាន់តែលាបពណ៌ថ្នាំឡើងវិញ» និងមិនផ្លាស់ប្តូរទីតាំងឡើយ ដោយបន្ថែមថា «ក្រុមហ៊ុនបើកដំណើរការជាធម្មតា»

កាលពីខែមីនា ធនាគារជាតិត្រូវបានរាយការណ៍ថា ខ្លួនបានដកហូតអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ហួយវ័ន ផេ ដើម្បីផ្តល់សេវាទូទាត់លើការមិនអនុលោមតាមច្បាប់។

ការិយាល័យក្រុមហ៊ុន ហួយវ័ន ផេ ត្រូវបានគេមើលឃើញនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួង​មហាផ្ទៃ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ ថា​តើ​អាជ្ញាធរ​នឹង​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ហួយវ័ន ផេ ឬយ៉ាងណានោះទេ។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៉ោ ភ័ក្រ បាន​អះអាង​ថា កម្ពុជា​មានយន្តការជាច្រើនក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ ព្រមទាំងលើកឡើងពី​ក្រុមការងារ​កម្មវិធី​វាយ​តម្លៃ​ឡើង​វិញ (RPG)។

បើតាមលោក ប៉ោ ភ័ក្រ​ ក្រុមការងារ RPG បានកត់ត្រាករណីលាងលុយចំនួន១៧៧ករណី កាលពីឆ្នាំ២០២៤ ដែលបានធ្លាក់ចុះពី៣២៤​ករណី កាលពីឆ្នាំកន្លងទៅ។

ធនាគារជាតិនៃកម្ពុជាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារព័ត៌មានខេមបូចា ឡើយ។

គួរកត់សម្គាល់ថា អង្គភាពកម្ពុជាផ្សេងទៀតដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ក៏បានប្រើវិធីសាស្ត្រស្រដៀងគ្នានេះ ដែលហាក់បីដូចជាបិទបាំងប្រតិបត្តិការរបស់ពួកគេ។

បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច និងឧកញ៉ា លី យ៉ុងផាត់ កាលពីខែកញ្ញា ក្រុមហ៊ុនជាច្រើនរបស់គាត់ ឬក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសាររបស់គាត់បានលុបចេញពីការចុះបញ្ជីពាណិជ្ជកម្ម គេហទំព័របានលុប និងដកស្លាកសញ្ញាចេញពីទីតាំងការិយាល័យ។

នាយក​ទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ (Licadho) លោក អំ សំអាត បាន​ថ្លែង​ថា ការ​លាង​លុយ​កខ្វក់​មិន​មែនជារឿង​​ថ្មី​ទេ​នៅ​កម្ពុជា។

លោក​បាន​ព្រមាន​ថា ការ​បន្ត​អសកម្ម និង​កង្វះ​តម្លាភាព អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «បញ្ហា​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យខូច​មុខ​មាត់​រដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ»។ លោកបន្តថា៖ «អាជ្ញាធរ​ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់ តម្លាភាព និង​យុត្តិធម៌ ក្នុង​គោលបំណង​បង្កើត​ទំនុក​ចិត្ត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Huione Pay Removes Sign After U.S. Blacklist Move

90 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម