សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក​ ហ៊ុន ម៉ាណែត៖ ការ​អភិវឌ្ឍ​នៅ​​ខេត្ត​ភាគឦសាននឹង​មិនធ្វើឱ្យកម្ពុជា​បាត់បង់ទឹកដី​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់​ពីបាន​ចុះទៅ​ពិនិត្យ​​ផ្ទាល់​នៅ​តាម​តំបន់​ព្រំដែនកម្ពុជាវៀតណាម​​​ជាលើកដំបូងលោក​​​នាយក​រដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន​ប្រកាស​ធានាអះអាង​និងប្តេជ្ញាថា ​ការ​អភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ CLV -DTA ក្នុង​ខេត្ត​​ភាគឦសាន«គឺនឹង​មិនធ្វើឱ្យបាត់បង់ទឹកដី​ឬ​អធិបតេយ្យ​ភាព​​ជាតិ​របស់​យើង​ទេ»​ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​​ទឹក​ដី​នាំគ្នា​ទៅ​លេង​នៅ​ខេត្ត​ទាំងនោះឱ្យបាន​ច្រើន។

ការ​ថ្លែងអះអាង​របស់​លោក​នាយករដ្ឋមន្រ្ដីបានធ្វើឡើង​ក្នុងពិធីសំណេះសំណាល និង​ពិសា​ភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​​កម្ពុជា នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។​ការ​ធានា​អះអាង​នេះ​ក៏​ស្របពេល​ដែលមានការរិះ​គន់​​យ៉ាងក្តៅ​គគុក​​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋខ្មែរជាច្រើនទាំងនៅ​ក្នុង​ប្រទេស​និង​នៅ​ក្រៅប្រទេស​លើគម្រោង​អភិវឌ្ឍន៍ត្រីកោណ CLV –DTA កម្ពុជា ឡាវ វៀតណាម​។

លោក​ហ៊ុន ម៉ាណែត​បញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមបកស្រាយ និង​សូម​ធានា​​ជូន​ប្រជាពលរដ្ឋថាកម្មវិធី ឬកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ គឺ​នឹង​មិន​ធ្វើ​ឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិរបស់យើងនោះទេ នេះគឺជាការ​ធានា​។ តើ​បាន​អី​​យ​កមកធានា ? គឺអនាគត​របស់ខ្ញុំ អនាគត​​កូនចៅ ចៅទួត​ចៅលួតរបស់​ខ្ញុំ»។

លោកថ្លែង​ទៀតថា ពេលលោក​ទៅរៀននៅក្រៅប្រទេស​​រាប់​ឆ្នាំម្តាយឪពុក​របស់លោក ហាម​​ដាច់ខាត​មិនឱ្យ​លោក​យកសញ្ជាតិ​បរទេស​ត្រូវ​តែមកស្រុកខ្មែរ។លោកបានបន្ត​ថា លោកគ្មាន​ផែនការ​«វេចបង្វិចនាំកូននាំចៅទៅក្រៅប្រទេសទេ។អ៊ីចឹងកូនខ្ញុំ​ចៅខ្ញុំ ចៅទួត​ខ្ញុំ​នឹងបន្តរស់នៅក្នុងទឹកដីកម្ពុជាដែល​កាន់តែសម្បូរសប្បាយ​ជាបន្តទៅទៀត ​នេះគឺជាការ​ធានា​របស់ខ្ញុំ»

ជាមួយគ្នា​នេះ លោក ហ៊ុន ម៉ាណែត ​បានថ្លែងថា បើស្រឡាញ់ខេត្ត៤​ភ័យបារម្ភ​ខ្លាចខេត្ត៤​នៅភាគឦសាននេះ​បាត់ត្រូវ​នាំគ្នា​ទៅលេង​​ខេត្ត​៤​នេះឱ្យច្រើន​កុំថាឆ្ងាយ​ពេកខ្ជិលទៅ។​«បើ​​ខ្លាចបាត់​ណាស់​នាំគ្នា​ទៅជួយការពារ​តាមរយៈមិន​មែន​ទៅជួយ​បាតុកម្ម​ការពារ​វ៉ៃ​អ្នក​ណា​​ទេតែទៅជួយជំរុញសេដ្ឋកិច្ច​ទៅដើរលេងឱ្យច្រើន​ស្គាល់​ខេត្ត​យើង​ឱ្យច្រើន​នេះគឺ​ជា​ការ​​ល្អ»

បន្ថែមពីនេះ​លោកក៏បាន​ធ្វើការ​អំពាវនាវឱ្យសមាគម​ឧកញ៉ា សមាជិក​សមា​គម​ឧកញ៉ាសមាជិកសភាពាណិជ្ជកម្មកម្ពុជា​អ្នកវិនិយោគរបស់កម្ពុជាទាំងអស់​រួមគ្នា​យក​ចិត្ត​ទុកដាក់​តម្រង់ទិសអាទិភាពមួយ​ក្នុងការ​គិតគូរពីការ​វិនិយោគ​របស់​ខ្លួន​ដើម្បីឈាន​ទៅ​វិនិយោគ​​នៅទិសឦសាន្ត​របស់​កម្ពុជា​ដើម្បីឱ្យខេត្ត​ទាំង​៤កាន់​តែរីកចម្រើន​។

​លោក​បានបញ្ជាក់ថា៖ «ខ្ញុំជួបអ្នក​ភូមិ​ដែល​នៅហ្នុងអ្នកភូមិ​ភាគច្រើនសុទ្ធ​តែ​​ទៅពីត្បូង​ឃ្មុំ​ពីកំពង់​ចាម​ទៅ​នៅក្រចេះ​អ្នក​ខ្លះ​ឡើង​ទៅដល់​មណ្ឌលគិរីចល័តទៅ​ដើម្បីឱ្យបាន​ច្រើន​រួមគ្នា​ដើម្បី​កសាង​ប្រទេស​របស់យើង​ថែរក្សា​ទឹកដី​របស់​យើង។ បើស្រឡាញ់ជាតិ​ពិត​ប្រាកដ​​រួមគ្នា​ធ្វើអំពើវិជ្ជ​មានដើម្បីថែរក្សា​ខេត្ត​ទាំង៤​ជំរុញ​សេដ្ឋកិច្ច​ជំរុញការ​អភិវឌ្ឍ​ខេត្ត​ទាំង​៤នេះ​ឱ្យ​កាន់​តែរឹងមាំ​ជួយជាមួយរាជរដ្ឋាភិបាលធ្វើ​បែប​នេះទើបល្អជាង»។

​លោកក៏​បាន​អំពាវ​នាវឱ្យប្រជាពលរដ្ឋធ្វើដំណើរ​ទៅមើល​តាម​ព្រំដែន​ដោយ​ផ្ទាល់​​ចាប់​ពី​ខេត្ត​តាកែវ​​រហូតដល់​ខេត្តភាគឦសានដែល​ផ្លូវខ្លះ​ ត្រូវបាន​កងវិស្វកម្មធ្វើ​​មាន​ចម្ងាយ​តែ៣០​ម៉ែត្រ ​​​ឬតែ​១០ម៉ែត្រ​ប៉ុណ្ណោះ​​ពីបង្គោល​ព្រំដែន​។

លោកលើកឡើង​​ថា៖ «យើង​ធ្វើ​ផ្លូវ​ធើអី​? ដើម្បីកូន​ខ្មែរ​ជិះទៅ​ឃើញបង្គោល​យើងនៅហ្នឹងដើម្បីឱ្យអ្នក​ភូមិ​យើង​ធ្វើ​កសិកម្ម​មក​ដល់​ហ្នឹង មិនបាច់ចំណាយ​លុយ​ធ្វើរបងខ្ពស់​តែយក​ប្រជាជន​ផ្ទះប្រជាជនចម្ការ​ប្រជាជន​ជារ​បង​ដ៏រឹងមាំ​របស់​កម្ពុជា​។​នេះជាអ្វីដែលយើង​ត្រូវធ្វើ»

លោក​នាយក​រដ្ឋមន្ត្រី​បន្តទៀត​ថា ពលរដ្ឋ​ខ្លះអត់ដែលទៅដល់​ខេត្ត​ភាគ​ឦសានទេ គិត​ថា​«ខេត្ត​យើង​ស្រែសុទ្ធ​ព្រៃសុទ្ធស្រួលគេយកអត់​ទេ! គ្រាន់​តែខ្ញុំទៅថ្ងៃមុន​ខ្ញុំក៏ចង់​ភ្ញាក់ដែរ​មួយ​កំណាត់ទៅសុទ្ធតែចម្ការ​ដំឡូង ចម្ការ​ស្វាយចន្ទី ចម្ការកៅស៊ូហើយ​មិន​មែន​ចម្ការ​ក្រុមហ៊ុន​ទេ គឺ​ជាចម្ការកៅស៊ូគ្រួសារ​ មួយគ្រួសារ​គាត់​មាន២ហត្ថ ៣ហត្ថ៤ហត្ថ​អ្នក​ខ្លះ​មាន​ធំបន្តិច»។

លោក​បន្តថា បើ​ប្រជាពលរដ្ឋ​ទៅមើលឃើញ​​ជាក់​ស្តែង​ប្រហែល​ជាមាន​ភាពកក់ក្តៅ​ដោយ​សារ​​នៅ​ខេត្ត​ភាគឦសាន​មាន​ការ​​រីកចម្រើនមែន។«អ៊ីចឹងខ្ញុំសុំបញ្ជាក់​ម្តងទៀត​ថា ប្រធាន​បទលើការអភិវឌ្ឍកិច្ច​សហប្រតិបត្តិការត្រីភាគី(កម្ពុជា ឡាវ វៀតណាម)​គឺមិនខុសពីការ​​អភិវឌ្ឍទ្វេភាគី​រវាង​ប្រទេសនឹងប្រទេសនោះទេ អភិវឌ្ឍន៍ក្នុង​ក្របខណ្ឌ​អាស៊ាន១០​ប្រទេស​​គ្មាន​ប្រទេសណា​បាត់​អធិបតេយ្យភាពទេ។អ៊ីចឹងកន្លែងនេះក៏ដូចគ្នា​ដែរ​ហី​សុំឱ្យ​បង​ប្អូន​ជឿ​ហើយទៅមើលចុះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន​ កម្ពុជា​-​វៀតណាម​ ក្នុងភូមិសាស្ត្រខេត្តក្រចះ​ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ (STPM)

លើសពីនេះលោក​បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋខ្មែរ​រួមគ្នា​ការពារ​ទឹកដីហើយការ​បញ្ចេញ​នូវអារម្មណ៍​បញ្ចេញនូវទស្សនៈ​ទោះបីជាមិនស្របគ្នាក៏ដោយ​ប៉ុន្តែសូម​កុំធ្វើអ្វី​ដែល​ជ្រុល​និយម​​នាំឱ្យឈាន​ទៅដល់ការបែកបាក់​ឬធ្វើសកម្មភាព​អ្វីមួយ​ដែល​នាំ​ឱ្យ​ឈានទៅបាត់​​បង់ស្ថិរភាព។​

លោក​នាយក​ដ្ឋមន្ត្រី​បាន​ឱ្យដឹង​ទៀតថា៖ «​ខ្ញុំឱ្យគោលការ​ណ៍​ឱ្យកងវិស្វកម្មធ្វើ​យ៉ាងម៉េច​យើង​ឈាន​ទៅដល់​ធ្វើផ្លូវ​ដើម្បីឡើង​ទៅដល់​កន្លែងកន្ទុយ​នាគ​នៃ​ដីរបស់យើង​ពីព្រោះអាហ្នឹងខ្ពស់ណាស់ឥឡូវចូលតែពីខាងវៀតណាម​តែយើង​ត្រូវ​តែពុះ​ពារ​​យ៉ាងណា​ចំណាយ​ប៉ុនណាក៏ដោយ​ទៅថ្ងៃអនាគត​ត្រូវ​ធ្វើយ៉ាងម៉េច​ឱ្យកម្ពុជាយើង​អាច​មានលទ្ធភាព​កូនខ្មែរឡើង​ទៅដល់កន្លែងកន្ទុយនាគហ្នឹងតាម​ទឹកដីខ្មែរយើង​តែម្តង​នេះជាមហិច្ឆតា​របស់យើង»។

ការថ្លែង​របស់​លោក ​ហ៊ុន ម៉ាណែត ​នេះ​ ធ្វើឡើង​បន្ទាប់​ពីលោក​បាន​ចុះទៅ​ត្រួត​ពិនិត្យ​នៅ​តាម​តំបន់​ព្រំដែនកម្ពុជា​ វៀតណាម​នៅខេត្ត​ក្រចេះ​និង​មណ្ឌលគិរី​ កាល​ពីថ្ងៃទី​៣០​ខែ​កក្កដា​ឆ្នាំ​២០២៤ ដែល​ជាដំណើរ​ទៅ​ពិនិត្យ​មើល​តាម​តំបន់ព្រំដែន​ដោយ​ផ្ទាល់​ជាលើក​ដំបូង ចាប់​តាំងពីលោក​ឡើង​កាន់​តំណែង​ជានាយក​រដ្ឋមន្ត្រី អស់​រយៈ​ពេល​ប្រមាណ​មួយឆ្នាំមក។

លោក ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​សារ​នៅលើហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃទី៣១ខែកក្កដា​ថា៖«​កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកប​​​ដោយ​ប្រសិទ្ធភាព​និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់​​​អាវុធទេ។ ហេតុ​ដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ ក៏ដូចជាការលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម​បណ្តោយព្រំដែន​គឺ​ជាការចាំបាច់»។

​​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​ដាក់​ខេត្តខ្មែរ​ចំនួន៤នៅភាគឦសានគឺ​ខេត្ត​ក្រចេះ មណ្ឌល​គិរី រតនគិរី និង​ស្ទឹង​ត្រែង​ចូលទៅក្នុង​គម្រោង​អភិវឌ្ឍន៍​​​ត្រីកោណ CLV -DTA ហើយ​ឡាវ​ក៏​បាន​ដាក់​ខេត្ត​៤នៅ​ជាប់​ព្រំដែនផងដែរ ខណៈ​វៀតណាម​​ដាក់​៥ខេត្ត​ដែល​គម្រោង​នេះ​បាន​ធ្វើ​ឡើង​ចាប់តាំង​ពីឆ្នាំ១៩៩៩​មក​ម្ល៉េះ​​ប៉ុន្តែ​ទើប​តែមាន​ប្រតិកម្ម​រិះគន់យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រយៈ​ពេល​ប្រមាណជា២សប្តាហ៍កន្លងមកនេះ។ នេះ​បើយោង​តាម​រាជ​បណ្ឌិតសភាកម្ពុជា។

​នៅក្នុង​កិច្ច​ពិភាក្សាតុមូល​​ស្ដីពី «តំបន់ត្រី​កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV -DTA)»​ដែល​ធ្វើឡើង​កាលពីថ្ងៃ​ទី២​ខែ​សីហា​ឆ្នាំ២០២៤ថ្នាក់ដឹកនាំរាជ​បណ្ឌិត​សភាកម្ពុជា ដែល​​ជា​អ្នក​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ពី​បញ្ហា​ព្រំដែន កម្ពុជា វៀត​ណាម ឡាវ​ បាន​ធានា​អះ​អាង​​​​យ៉ាងមុតមាំ​ថា ​ការ​ចូលរួម​របស់​កម្ពុជា​នៅក្នុង​តំបន់ត្រី​កោណអភិវឌ្ឍន៍ CLV –DTA នឹង​ពុំ​ធ្វើឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី ឬក៏​អាច​ធ្វើឱ្យ​ប្រជាជន​វៀតណាម​​ចូល​មកក្នុង​ប្រទេស​កម្ពុជា​​បាន​ដោយ​សេរី​​​ដូច​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នោះទេ ពីព្រោះ​គម្រោង​​​នេះ​មិន​បាន​រំលាយ​ព្រំដែន​ចូលគ្នានោះទេ ពោល​គឺ​​ប្រទេស​ទាំង​៣នៅតែបន្ត​រក្សា​អធិប​តេយ្យភាព​និង​បូរណភាព​ទឹកដីរៀង​ៗ​ខ្លួន​ដដែល។

មិន​ត្រឹម​តែប៉ុណ្ណោះ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត​សភាកម្ពុជា​បាន​ថ្លែង​ថា លោក​មាន​មោទ​នភាព​ដែល​រដ្ឋាភិបាល​បាន​ស្ថាបនាផ្លូវ​ទៅកាន់​ខេត្ត​ភាគឦសានខណៈ​កាល​ពី​មុន​​ដើម្បី​ទៅ​ខេត្ត​ភាគឦសានគឺ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម​ដោយ​សារ​តែ​កម្ពុជាគ្មាន​ផ្លូវ​។បច្ចុប្បន្ន​នៅ​តែតំបន់​កន្ទុយ​នាគ​ដែល​មិនទាន់មានផ្លូវ។​លោក​​លើក​ឡើង​ថា នៅខាង​ទឹកដីវៀតណាម​​គេបាន​អភិវឌ្ឍដាំដំណាំខៀវ​ស្រងាត់​ជាពិសេស​ចម្ការ​កាហ្វេ​ដោយ​​ពុំមាន​ទុកដី​ឱ្យនៅ​ទំនេរ​ឡើយ​លើក​លែង​តែតំបន់​ដែល​គេទុក​សម្រាប់​អភិរក្ស​។

ឆ្លើយ​តប​ទៅនឹងសំណួរ​របស់​អ្នកកាសែត​ទាក់ទង​ទៅនឹងការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ​លោក សុខ ទូច បានថ្លែងថា៖ «តាម​ប្រសាសន៍របស់​សម្តេច​ធិបតី​នាយក​​រដ្ឋ​មន្ត្រី​ថា ប្រជាជនជាកម្លាំង​ដែល​អាច​ការពារ​បូរណៈ​ភាពទឹកដី​ជាសម្តីទស្សនវិជ្ជាលោក​ចង់​និយាយ​ថាផ្លូវព្រំដែន​មានហើយប្រជាជន​ជាភ្នែកម្នាស់​ទៅមើលទៅ! បើទ័ព​វាតិច​​ជាង​ប្រជាជន»។​លោកបន្ត​ថា​៖ «ដល់​ប្រជាជន​មើលឃើញ​ខុស​ឆ្លុះកញ្ចក់ម៉ោប្រាប់ម៉ោថា​កន្លែង​ណាកាត់ឱ្យ​យួន!ពីព្រោះប្រជាជនហ្នឹង​ហើយ​ជារបងការពារលោកចង់និយាយអ៊ីចឹង ព្រោះ​គាត់​បណ្ឌិត​គាត់​រៀនទស្សនវិជ្ជាខ្ញុំក៏បណ្ឌិ​ត​ក៏រៀន​ទស្សនវិជ្ជា គាត់​ចង់​បង្កប់ទស្សន​វិជ្ជាអ៊ីចឹង ប្រជាជន​វាជារបងដ៏រឹងមាំបាន​ន័យ​ថាម៉េច​?ព្រោះមាន​ផ្លូវព្រំដែន​ហើយធ្វើដំណើរទៅ​ឃើញជា​កញ្ចក់​ឆ្លុះបញ្ចាំងឱ្យរដ្ឋាភិបាល​វិញ​ខុសកន្លែងណា?»

គួរបញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ​​កម្ពុជា​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​​រួមគ្នា​សរុប​​​បាន​៩០​ភាគ​រយហើយ​នៅសល់​​តែ១០​ភាគ​រយ​ទៀត​​​ទេ​ក្នុង​ចំណោម​ព្រំដែន​គោកជាប់​ប្រទេស​​វៀតណាម​ដែល​មាន​ប្រវែង ១ ២៧០គីឡូម៉ែត្រ។គណៈកម្មការព្រំដែន​កម្ពុជា​ធ្លាប់​បាន​ឱ្យ​ដឹង​កាលពីពេល​កន្លងមកថា តំបន់​ប្រទាញប្រទង់​គ្នា​ជាមួយ​​ភាគី​វៀតណាម ដែល​មិន​ទាន់​អាច​កំណត់​​ខណ្ឌ​សីមាបាន​នោះ​គឺស្ថិតនៅ​​ក្នុង​តំបន់​​ដាក់ដាំ និង​តំបន់​អូរហ៊ុជ ស្ថិត​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន​ កម្ពុជា​-​វៀតណាម​ ក្នុងភូមិសាស្ត្រខេត្តក្រចះ​ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ (STPM)

កាលពីថ្ងៃទី​២ ​ខែសីហា ខេមបូចា ​បាន​ព្យា​យាម​ទាក់​ទង​សុំការបញ្ជាក់​ពីបច្ចុប្បន្ន​ភាព​នៃ​​​ដំណើរ​ការ​អភិវឌ្ឍនៅ​តាម​តំបន់ព្រំដែន​កម្ពុជា វៀតណាម​​ក៏ដូច​ជាការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅតាម​ព្រំដែន​ពី​លោក ​ថង សាវុន ​អភិបាល​ខេត្ត​មណ្ឌលគិរី​ក៏ប៉ុន្តែ​លោក​បាន​ថ្លែងថា លោក​មិន​មែនជាអ្នកនិយាយ​ជាមួយអ្នក​កាសែត​អីទេ​ហើយ​ក៏បាន​ចុច​បិទទូរសព្ទ។

ចំណែក​សកម្ម​ជន​សង្គម​ស៊ីវិល​២​នាក់​ដែល​ខេមបូចា​បាន​ទាក់​ទង​បាន​បដិសេធ​ធ្វើអត្ថា​ធិប្បា​យ​ដោយ​ថ្លែងថា នេះ​ជាប្រធានបទរសើប​ពួកគេ​មិន​អាច​ធ្វើអត្ថាធិប្បាយ​បាន​ទេ។

យ៉ាងណាក្តី​លោក ប្រង់ ណុប ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង​រស់នៅ​ឃុំ​រយ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរីបាន​ថ្លែង​សាទរ​ចំពោះ​ការបន្ត​ធ្វើការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ខណៈ​ដែល​លោក​ថា បច្ចុប្បន្ន​នៅ​ខេត្ត​មណ្ឌលគិរី​​មាន​ការធ្វើផ្លូវ​ជាតិផ្លូវលំបាន​ល្អច្រើន​ហើយ​ដែល​បាន​បង្ក​ភាព​ងាយ​ស្រួលក្នុង​ការធ្វើដំណើរ​​។ប៉ុន្តែ​លោក​និយាយថា ​ជនជាតិដើម​ភាគតិច​ពូនង​​របស់​លោក​នៅ​ជួប​ការលំបាក​ច្រើន​ជាពិសេស​ព្រួយ​បារម្ភ​ខ្លាចបាត់​បង់ដីធ្លី ខណៈ​ដែល​​សហគមន៍បាន​ស្នើសុំ​ចុះបញ្ជីដី​សមូហភាព​២-៣ឆ្នាំហើយ​​ប៉ុន្តែ​មិន​ទាន់​ឃើញ​មានការចុះមក​​វាស់វែង​និង​មិនទាន់​ទទួល​បាន​ការ​ចុះបញ្ជីនៅឡើយ​ទេ។

លោកបញ្ជាក់ថា៖ «ពួកយើង​ជាជនជាតិដើម​ភាគតិចព្នង​មានការ​ព្រួយ​បារម្ភ​ខ្លាចអនាគត​ទៅ ​បាត់​បង់ដី​អារុក​អារក្ស​អ្នកតា​ព្រៃភ្នំ​តាំងពីដូនពីតារបស់​ពួក​យើង​ ខ្លាចទី១​ខ្លាចពីខាង​ក្រៅទន្ទ្រាន​កាន់​កាប់ ខ្លាច​ទី២ខ្លាចក្រុមហ៊ុនទន្ទ្រាន​ឈូសឆាយ​យក​កន្លែង​ផ្នូរខ្មោចដូនតា​ពួកយើងធ្វើឱ្យពួកយើង​ឈឺគ្រុន»

ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រូប​នេះបាន​អំពាវ​នាវសូមឱ្យ​អាជ្ញាធរខេត្ត​ក៏ដូច​ជាស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ជួយ​ពន្លឿន​ការ​ចុះបញ្ជីដី​សហគមន៍​របស់​ពួកគាត់ឱ្យ​បាន​ឆាប់​ ដើម្បីឱ្យមាន​ការ​ការពារ​តាម​ផ្លូវ​ច្បាប់​ចៀសវាង​ការ​រំលោភ​បំពាន​ដីសហគមន៍​របស់ពួកគាត់ ខណៈ​ជាច្រើនឆ្នាំកន្លង​មក​នេះ​មានអ្នក​ពីខាង​ក្រៅ​នាំគ្នាចូលមក​កាប់​ឈូស​ឆាយ​ដីព្រៃលក់​ធ្វើ​ឱ្យ​សហគន៍​ជន​ជាតិ​ដើម​ភាគតិច​ជួប​ការ​លំបាក​យ៉ាងខ្លាំង​ដោយ​សារ​បាត់​បង់​ព្រៃឈើ​ដែល​ធ្លាប់​អាស្រ័យ​ផល​និង​គ្មាន​ដី​វាល​សម្រាប់​ឃ្វាលគោឃ្វាលក្របី។

ជាមួយគ្នា​នេះ​អ្នកឃ្លាំមើលសង្គម​បាន​គាំទ្រឱ្យមានការអភិវឌ្ឍ​និង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ឱ្យបាន​ខ្វាត់ខ្វែង​នៅតាម​ព្រំដែន និង​លើកទឹក​ចិត្ត​ចែកដី​ឱ្យប្រជាពលរដ្ឋ​ទៅ​រស់នៅតាម​បណ្តោយ​ព្រំដែន​​ដើម្បី​រួម​ចំណែក​ក្នុងការ​ការពារ​ទឹកដី។

លោក ប៉ា ចន្ទរឿន ​ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ​បាន​ថ្លែង​ថា ជាការពិតបច្ចុប្បន្ន​នៅតាម​បណ្តោយ​ព្រំដែន​ ​ជាពិសេសនៅភូមិ​ភាគ​ឦសាន​មិនសូវ​មានមនុស្ស​រស់នៅទេ ហើយ​ជាពិសេស​ក៏មិនសូវ​មានហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជាផ្លូវថ្នល់ សាលា​រៀន មន្ទីរពេទ្យ ​​ទីផ្សារ​ដែល​អាចទ្រ​ទ្រង់​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នោះទេ។ ហេតុដូច្នេះហើយលោក​លើក​ឡើង​ថា ដើម្បី​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទៅរស់នៅតាម​បណ្តោយ​​ព្រំដែន​​ហើយរដ្ឋាភិបាល​គួរ​តែមានគោល​នយោ​បាយ​ ​ប្រសិន​បើ​មាន​គោល​នយោ​បាយ​រួចហើយ​ត្រូវ​តែពង្រីក​គោល​នយោបាយ​ទាំង​អស់នោះ។

លោក ប៉ា ចន្ទរឿន បញ្ជាក់ថា​៖ «ទី១​ត្រូវ​ផ្តល់ដី​ឱ្យប្រជាពលរដ្ឋយើង​រស់នៅ​តាម​បណ្តោយ​ព្រំ​ដែន​ដើម្បី​ឱ្យគាត់មានជាកម្មសិទ្ធ​ទាំង​ក្នុង​ការ​រស់នៅ​និងការ​ប្រកប​របរចិញ្ចឹមជីវិត​។ ទី២​រដ្ឋត្រូវ​តែកសាងហេដ្ឋារចនាសម្ព័ន្ធ​ដូចជាសាលា​រៀន​មន្ទីរពេទ្យ​មណ្ឌល​សុខភាព ទីផ្សារ​អីជាដើម​ដើម្បី​​ជាមូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋរស់នៅទីនោះ​»។

​តាមរយៈយន្តការ​នេះ ​​លោក ប៉ា ចន្ទរឿន ​ជឿថា វានឹងអាចក្លាយ​ទៅជាកម្លាំងជំរុញ​​ដែល​អាច​​ទាក់​ទាញ​ប្រជាពលរដ្ឋ​​ឱ្យទៅរស់នៅធ្វើកសិកម្ម និង​ប្រកប​របរ​នៅតាម​បណ្តោយ​ព្រំដែន​​ហើយ​កាលណាមាន​សកម្មភាពផុសផុលមានមនុស្សទៅរស់នៅ​តិច ឬច្រើន​ប្រជាពលរដ្ឋ​នឹង​ចូលរួមចំណែកជួយការពារ​ព្រំដែនកម្ពុជាយើង។

លោកបន្ថែមថា៖ «​ព្រំដែន​ដែល​មានប្រជាពលរដ្ឋ​រស់នៅជាប្រចាំទើប​ជាព្រំដែន​ដែលមានការ​ដុះដាល និងមិនដាច់​ដោច»

ចំណែក​លោក យី សុខសាន្ត ​មន្ត្រីអង្កេត​ជាន់ខ្ពស់នៃសមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​​ បានថ្លែង​​ថា​​ តាម​ទស្សនៈ​របស់លោក​បើសិន​​ជា​ប្រទេស​​មួយដែល​មានការ​គ្រប់​គ្រងច្បាស់​លាស់​​មានព្រំប្រទល់ច្បាស់លាស់ការអភិវឌ្ឍ​​នៅ​តាម​ព្រំដែន​ទោះ​បីមាន​ប្រជាជន​រស់នៅ​ឬក៏គ្មាន​ប្រជាជនរស់នៅ​ក៏រដ្ឋាភិបាលត្រូវតែ​ស្ថាបនា​​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ល្អប្រសើរ​និង​កំណត់​ព្រំដែន​ឱ្យបាន​ច្បាស់លាស់​​ដែរ​។​

លោក​បានលើកឡើងថា នៅតាម​ប្រទេស​មួយចំនួន​ដូចជានៅប្រទេសអាល្លឺម៉ង់​គេធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រួច​ហើយ​ គេយក​រោងចក្រសហគ្រាស​ទៅ​ដាក់​នៅតាម​ជាយដែន​ហ្នឹង ​ហើយ​គេ​លើក​ទឹកចិត្ត​ឱ្យប្រជាពលរដ្ឋ​គេទៅរស់នៅក្នុង​តំបន់ហ្នុង​ដើម្បីការពារទឹកដីរបស់គេផង​ដែរ​។​​

លោកបន្ត​ថា នៅ​ពេល​ដែល​មានការកំណត់ព្រំដែន​ច្បាស់លាស់​ហើយ​មានការ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅតាម​ព្រំដែន​ បើសិន​ជាអត់មាន​មនុស្ស​រស់នៅ​ក៏វាគ្មាន​ហានីភ័យដែរ​។​​

លោកបញ្ជាក់​ថា៖ «អ្វីដែល​យើងបារម្ភ​នៅពេល​ណាដែល​យើង​ធ្វើការ​អភិវឌ្ឍ​ន៍​រួមគ្នា​​ដូចជា​ថ្មីៗ​នេះ​ដែល​គេហៅថា​តំបន់​អភិវឌ្ឍន៍CLVនេះ ​វាក៏មិនបាត់បង់​ទឹកដីទៅណាដែរ​បើសិន​ជា​យើង​គ្រប់គ្រងច្បាស់លាស់ជាពិសេសពលរដ្ឋនៃប្រទេសនីមួយៗដែល​មកស្នាក់អាស្រ័យ​ឬ​ក៏មករកស៊ីបើយើងអាចគ្រប់គ្រងច្បាស់លាស់​វាអត់​បាត់បង់​ទៅណាទេហើយវាក៏គ្មាន​ហានីភ័យដែរ»

467 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម