ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរកដំណោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ អំឡុងពេលថ្លែងសុន្ទរកថាកាលពី ថ្ងៃចន្ទនេះនៅក្រសួងរៀបចំដែនដី ក្រុមប្រជាពលរដ្ឋប្រមាណ១០០ គ្រួសារ បានប្រមូលផ្តុំគ្នានៅខាងក្រៅដោយសង្ឃឹមថានឹងអង្វរ មេដឹកនាំកំពូលរបស់ប្រទេសនេះឲ្យជួយដោះស្រាយជម្លោះរបស់ពួកគាត់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងរៀបចំដែនដីអំពីការដោះស្រាយបញ្ហាដីធ្លី លោកលើកឡើងអំពីប្រធានបទនយោបាយជាច្រើន ដោយមានទាំងការព្រមាននិងគំរាមអ្នករិះគន់ផងដែរ។
លោក ហ៊ុន សែន ជំរុញឲ្យក្រសួងបន្តចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីទទួលបានសិទ្ធិកាន់កាប់ និងស្នើឲ្យប្រើប្រាស់វិធានការក្រៅប្រព័ន្ធតុលាការ ដើម្បីដោះស្រាយទំនាស់ ដីធ្លី។
លោកហ៊ុន សែន ថ្លែងថា៖ «នៅពេល [ទំនាស់ដីធ្លី] ចូលដល់តុលាការ វាមានអ្នកឈ្នះនិងអ្នកចាញ់ ដូច្នេះការដោះស្រាយបញ្ហានៅក្រៅប្រព័ន្ធតុលាការ គឺជាការល្អ។ ដំណោះស្រាយត្រូវតែធ្វើឡើងដោយផ្អែកលើសុចរិតភាព និងខិតខំដោះស្រាយសម្បទានដីសេដ្ឋកិច្ចសម្រាប់អ្នកដែលខ្វះដីគឺជាអាទិភាព។ ដីត្រូវបែងចែកសម្រាប់អ្នកគ្មានដី»។
សិទ្ធិដីធ្លីកំពុងក្លាយជាចំណុចជាប់គាំងនយោបាយសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ កាលពីខែមុន លោក ស ខេង ជាឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកនយោបាយគណបក្សនេះឲ្យផ្តោតលើការដោះស្រាយទំនាស់ដីធ្លី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្តល់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន។
ទោះជាយ៉ាងនេះក្តី ទំនាស់ដីធ្លីដ៏លេចធ្លោនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ជាទីដែលសិទ្ធិកាន់កាប់ដីធ្លីផ្លូវការតាមរយៈការផ្តល់ប័ណ្ណកម្មសិទ្ធិអាចទទួលបានដោយលំបាក។
ដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិតាមរយៈក្រសួងជារឿយៗមានភាពយឺតយ៉ាវ ហើយភាគច្រើនប្រជាជនកាន់កាប់នូវ អ្វីដែលគេហៅថាប្លង់ទន់ ផ្តល់ជូនដោយមន្ត្រីមូលដ្ឋាន ប៉ុន្តែជានិច្ចកាលវាត្រូវបានបដិសេធចោល ក្នុងករណីទីកន្លែងនោះពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ធំៗ។
នៅក្នុងលិខិតមួយ ដើម្បីរំលឹកដល់ទិវាលំនៅឋានពិភពលោកកាលពីខែមុន អង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា ការទន្ទ្រានដីដែលកំពុងបន្តបានប៉ះពាល់ពលរដ្ឋជាង៥.០០០គ្រួសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលបង្ហាញថាគ្មានសញ្ញានៃការថយចុះនោះទេ បើទោះបីជាមានការរឹតបណ្តឹង ផ្នែកសង្គមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
អង្គការសិទ្ធិមនុស្សនេះបានលើកឡើងថា ការចាប់ខ្លួន និងការឃុំខ្លួនសមាជិកសហគមន៍ដីធ្លី និងសកម្មជនក្នុងពន្ធនាគារបានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែតុលា ឆ្នាំ២០២១នេះ មានសមាជិកសហគមន៍ និងសកម្មជនដីធ្លីយ៉ាងតិច២១នាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះ មនុស្ស១០នាក់ត្រូវឃុំខ្លួនក្នុងពន្ធនាគារ។
បើតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួន៦,៣លានប័ណ្ណនៅទូទាំងប្រទេស ហើយមានគោលដៅចេញឲ្យបាន៧លានប័ណ្ណនៅត្រឹមឆ្នាំ២០២៣។
លោក សុផារ៉ា ក៏បានមានប្រសាសន៍ផងដែរថា ក្រសួងបានទទួលស្គាល់ទំនាស់ដីធ្លីដែលកំពុងបន្តមានចំនួន៣.១៨៤ករណី ហើយបានអះអាងថា ទំនាស់ដីធ្លីចំនួន ១០.៦៣៤ករណីទៀតត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែលោកបានផ្តល់ព័ត៌មានលម្អិតតិចតួចចំពោះស្ថិតិទាំងពីរនេះ។
ស្របពេលដែលលោក ហ៊ុន សែន និងលោក សុផារ៉ា ថ្លែងនៅក្រសួងរៀបចំដែនដី ក្រុមប្រជាពលរដ្ឋដែលមិនសប្បាយ ចិត្តបានរង់ចាំនៅខាងក្រៅ ដើម្បីអំពាវនាវដោយផ្ទាល់ទៅកាន់លោកនាយករដ្ឋមន្រ្ដីឲ្យជួយសង្រ្គោះដីរបស់ពួកគាត់ផ្ទាល់។
លោក ហ៊ន ប្រុស ប្រធានសហគមន៍ស្ទឹងកំបុត ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានមកប្រមូលផ្តុះស្វែងរកអន្តរាគមន៍ពីលោក ហ៊ុន សែន។ សហគមន៍នេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក និងកំពុងតែរាំងស្ទះគម្រោងអភិវឌ្ឍន៍ផ្លូវរបស់អាជ្ញាធរក្រុងភ្នំពេញ ។
ក្រុមមន្ត្រីសាលាក្រុងបានស្នើផ្លាស់ប្តូរទីលំនៅរបស់អ្នកភូមិទៅទីតាំងមួយនៅជាយក្រុងភ្នំពេញក្នុងខេត្តកណ្តាល ប៉ុន្តែអ្នកភូមិបានបដិសេធសំណើនេះ ដោយស្វះស្វែងរកសំណងប្រសើរជាងនេះ សម្រាប់ដីដែលពួកគេបាត់បង់ នៅក្នុងខណ្ឌឫស្សីកែវ។
លោកបាននិយាយថា៖ «យើងមិនប្រឆាំងនឹងការអភិវឌ្ឍនោះទេ។ ប្រសិនបើសំណងសមស្របតាមតម្លៃទីផ្សារ ប្រជាពលរដ្ឋនឹងលក់ដីរបស់គាត់ ហើយរកកន្លែងផ្សេងទៀត ដើម្បីចាប់ផ្តើមជីវិតរបស់ពួកគាត់។ យើងត្រូវការការគាំទ្រពីលោក ហ៊ុន សែន”។
អ្នកមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃផ្សេងទៀត បានប្រាប់ ខេមបូចា ថា ពួកគាត់មាន សង្ឃឹមខ្លះពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
អ្នកស្រី ហង្ស ចិន្តា តំណាងប្រជាពលរដ្ឋចំនួន២៤ គ្រួសារដែលជាប់គាំងក្នុងជម្លោះដីធ្លីខេត្តព្រះសីហនុរយៈពេល២៥ឆ្នាំ ដែលអ្នកស្រីក៏ធ្លាប់ជាប់ពន្ធនាគារចំនួន២ដងផងដែរនោះ បាននិយាយថា អ្នកស្រីយល់ស្របនឹង ការលើកឡើងរបស់លោក ហ៊ុន សែន ប៉ុន្តែមិនមានការភ្ញាក់ផ្អើល ចំពោះការលើកឡើងនេះទេ។
អ្នកស្រីបាននិយាយថា៖ «យើងគាំទ្រអនុសាសន៍របស់គាត់ … ប៉ុន្តែយើង ព្រួយបារម្ភថា ខណៈពេលដែលគាត់បន្តលើកឡើង [បញ្ហានេះ] អាជ្ញាធរមូលដ្ឋានមិនបានធ្វើតាមទេ»។ដោយលោកបន្តថា៖ «យើងក៏ព្រួយបារម្ភផងដែរថា ពួកគេនឹងដោះស្រាយតែករណីតូចតាចប៉ុណ្ណោះ ប៉ុន្តែមិនដោះស្រាយទំនាស់ធំៗដូចជា ជាមួយអ្នកមាន និងអ្នកមានអំណាចទេ»។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៃអង្គការលីកាដូ មានប្រសាសន៍ថា គំនិតនៃការដោះស្រាយទំនាស់ដីធ្លីនៅខាងក្រៅប្រព័ន្ធតុលាការអាចដំណើរការបានផ្អែកលើទ្រឹស្តី ប៉ុន្តែលុះត្រាតែដោះស្រាយដោយស្របតាមគោលការណ៍អភិបាលកិច្ចល្អផ្សេងទៀត ដែលធានាបាននូវតម្លាភាព និងការអនុវត្តស្មើភាព សម្រាប់ទាំងអស់គ្នា ដោយមិនគិតពីបុណ្យសក្តិឬឋានៈ។
លោកថ្លែងថា៖ «វាជាការល្អក្នុងការដោះស្រាយទំនាស់ដីធ្លីនៅក្រៅតុលាការ ប៉ុន្តែកន្លងមក ប្រសិនបើជម្លោះកើតឡើងរវាងក្រុមហ៊ុន ឬមន្ត្រីជាន់ខ្ពស់ និងអ្នកផ្សេងទៀតនោះ [អ្នកមានអំណាច] ជារឿយៗបានប្រើប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់ គំរាមកំហែង និងចោទប្រកាន់ប្រជាពលរដ្ឋឲ្យប្តូរកន្លែងរស់នៅ ឬទទួលយកសំណងដែលមិនសមស្រប»។
រឿងនេះបាននាំទៅរកទំនាស់ដីធ្លីនៅទីតាំងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះធំមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលប្រជាពលរដ្ឋប្រមាណ៣០០ គ្រួសារ បានច្រានចោលនូវអ្វីដែលពួកគាត់និយាយថា តម្លៃសំណងមិនគ្រប់គ្រាន់ដើម្បីចាកចេញពីដីរបស់ពួកគាត់។
ទំនាស់ដែលមានរយៈពេលជាងបីឆ្នាំមកនេះ បានឈានដល់អំពើហិង្សា ការបង្រ្កាបជាផ្លូវការ និងការចោទប្រកាន់បទព្រហ្មទណ្ឌលើអ្នកភូមិប្រាំបួននាក់។ នៅកន្លែងផ្សេងទៀតក្នុងខេត្តកណ្តាល ប្រជាពលរដ្ឋមកពីភូមិចំនួនប្រាំពីរក្នុងស្រុកអង្គស្នួល មានជម្លោះដីធ្លីជាមួយក្រសួងការពារជាតិ ដែលកាលពីខែមិថុនា ឈានដល់ការបាញ់គ្រាប់ពិតនិងធ្វើឲ្យរបួសអ្នកតវ៉ាម្នាក់។
ប្រជាពលរដ្ឋជាង៣០០គ្រួសារនៅស្រុកអង្គស្នួល និយាយថា ពួកគាត់ត្រូវបានបង្ខំឲ្យទទួលយកតម្លៃសំណង៤០សេនក្នុងមួយម៉ែត្រការ៉េនៃដីរបស់ពួកគាត់ ដែលជាតម្លៃទាបជាងទីផ្សារច្រើន។ អាជ្ញាធរបដិសេធសិទ្ធិកាន់កាប់របស់អ្នកភូមិលើដីទំនាស់នេះ ដោយនិយាយថា ពួកគាត់ចូលកាន់កាប់ដីរដ្ឋ។
ការព្រមាន និងការគំរាមកំហែង
លោក ហ៊ុន សែន ក៏បានប្រើប្រាស់វេទិកាសម្ពោធនេះ ដើម្បីព្រមាន និងគំរាមកំហែងអ្នកអត្ថាធិប្បាយសង្គម ដែលបានរិះគន់មកស្ថាប័នរដ្ឋសភាថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញឆ្នាំ២០០៦ ពី២ភាគ៣ មក៥០បូក១ គឺធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀង ២៣តុលា ឆ្នាំ ១៩៩១។
ក្នុងរឿងនេះ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នករិះគន់ ដែលលោកមិនបានបញ្ចេញឈ្មោះលើការផ្លាស់ប្តូរឲ្យមានសំឡេងមតិភាគច្រើននៅក្នុងរដ្ឋសភាជាតិដើម្បីអនុម័តការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ។
ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញបែបនេះ ពីមុនបានទាមទារសំឡេងភាគច្រើនពីរភាគបី ដើម្បីអនុម័តជាច្បាប់ ដោយដំណើរការថ្មីៗនេះ មានការលើកឡើងជាសាធារណៈដោយសារតែវិសោធនកម្មមួយកាលពីខែមុន ដែលរារាំងពលរដ្ឋដែលមានសញ្ជាតិពីរកាន់តំណែងនយោបាយកំពូល។
លោក មាស នី ជាអ្នកវិភាគសង្គមមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហាក់មានការចាប់អារម្មណ៍ច្រើនពីមហាជន ទាំងក្នុងនិងនៅក្រៅប្រទេស។ កិច្ចព្រមព្រៀងនេះត្រូវបានអ្នកនយោបាយប្រឆាំងប្រើប្រាស់កាន់តែខ្លាំងឡើងជាវេទិកាប្រឆាំងនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «វាកាន់តែមានភាពរសើបនៅពេលដែលបញ្ហា [កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស] ត្រូវបានលើកឡើងយ៉ាងទូលំទូលាយ ហើយរដ្ឋាភិបាលត្រូវតែការពារភាពស្របច្បាប់របស់ខ្លួន» ។ លោកបានបន្ថែមថា ការកត់សម្គាល់របស់លោកនាយករដ្ឋមន្ត្រីលើប្រធានបទនេះអាចជះឥទ្ធិពលដ៏គួរឲ្យបារម្ភដល់ការធ្វើអត្ថាធិប្បាយសង្គម។
លោកបានឲ្យដឹងថា៖ «ក្នុងនាមជាអ្នកវិភាគ យើងមានការភ័យខ្លាចនៅពេលដែលមានការ ព្រមាន ឬការគម្រាមកំហែង ពីព្រោះនៅក្នុងទិដ្ឋភាពសព្វថ្ងៃក្នុងប្រទេសយើង អ្វីៗក៏ អាចកើតឡើងបានគ្រប់ពេលដែរ ហើយសុវត្ថិភាពនៅតែមិនមាន»។
លោក សេង សារី ជាអ្នកវិភាគម្នាក់ទៀតដែលរស់នៅក្នុងប្រទេសថៃហើយកាលពីខែកញ្ញា ត្រូវបានលោក ហ៊ុន សែន គំរាមចាត់វិធានការផ្លូវច្បាប់ដោយសារការអត្ថាធិប្បាយទាក់ទិននយោបាយបាននិយាយថា គណបក្សប្រឆាំង និងគណបក្សកាន់អំណាច មានជំហរខុសគ្នាខ្លាំង ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ចំណែកលោក សារី បាននិយាយថា កិច្ចព្រមព្រៀងនេះ ដាក់ផែនការសម្រាប់ទម្រង់អភិបាលកិច្ចដែលស្មើគ្នាជាងមុន។
លោកបន្តថា៖ «នៅពេលណាដែលមានភាពជាប់គាំងផ្នែកនយោបាយកើនឡើង កិច្ចព្រម ព្រៀងគឺតែងតែស្ថិតនៅក្នុងរបៀបវារៈ ក្នុងការជជែកថាធ្វើដូចម្តេចដើម្បីឲ្យប្រទេសកម្ពុជា ងាកមករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen urges resolution for land disputes in Monday address, warns analysts for Paris Peace Agreement commentary