សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន ព្រមានឲ្យគណបក្សភ្លើងទៀនផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី

សមាជិកគណបក្សភ្លើងទៀនជួបជុំគ្នា អំឡុងសមាជគណបក្សនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
សមាជិកគណបក្សភ្លើងទៀនជួបជុំគ្នា អំឡុងសមាជគណបក្សនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​គណបក្សភ្លើងទៀន ​ថានឹងប្រឈម​ការរំលាយ​ចោល​ដោយសារតែមានទំនាក់ទំនង ជា​​មួយលោក​ សម រង្ស៊ី អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ។

អំឡុង​ការ​ថ្លែងសុន្ទរកថានៅខេត្តកំពង់ឆ្នាំង​កាល​ពីថ្ងៃពុធ លោក ហ៊ុន សែន បាន​ទទូច​ឲ្យ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន រួម​មាន​​លោក ទាវ វណ្ណុល ប្រធានគណបក្ស​ លោក សុន ឆ័យ អនុប្រធានគណបក្ស​ និងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស​ធ្វើការ​ថ្កោលទោស​លោក សម រង្ស៊ី ជា​សាធារណៈដោយសារ​​លោកបានប្រមាថ​ព្រះមហាក្សត្រ ថាជា​«ជនក្បត់ជាតិ»។

លោកនាយករដ្ឋមន្ត្រីក៏បាន​អំពាវនាវឲ្យ​សមាជិក​គណបក្ស​ភ្លើងទៀន​និង​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ចាកចេញពី​គណបក្ស​នេះ មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ឬជាមួយ​គណបក្ស​ផ្សេងទៀត។

លោកថ្លែងថា៖ ​​«ខ្ញុំចង់ឲ្យ​មេដឹកនាំគណបក្ស​ភ្លើងទៀន ចេញ​មក​បញ្ជាក់អះអាងថា តើ​ការនិយាយ​របស់ សម រង្ស៊ី [ប្រមាថព្រះមហាក្សត្រថាជាជនក្បត់ជាតិ] ត្រឹមត្រូវ​ ឬមិនត្រឹមត្រូវ យើង​ចង់បានការបញ្ជាក់​ពីគណបក្សភ្លើងទៀន…​ចំនុចនេះខ្ញុំចង់បាននូវការធានាមួយ»។

លោកបន្ថែមថា៖ «ច្បាប់ស្តីពីគណបក្សនយោបាយ​គឺចែងមិនឲ្យមាន​ទំនាក់ទំនងជាមួយទណ្ឌិត ដូច្នេះចំណុចនេះគ្រាន់តែប្រាប់អ្នក​ឲ្យបានដឹងថាតម្រុយ ឆ្ពោះទៅរកនៃដំណាក់កាលមួយកំពុងប្រឈម [ការំលាយ]»។

លោក សម រង្ស៊ី ដែល​រស់នៅ​បរទេសជា​ច្រើន​ឆ្នាំ​ ធ្លាប់បាន​បង្កើត​គណបក្ស​ សម រង្ស៊ី ដែល​ក្រោយមក​បាន​ប្តូរទៅ​ជា​គណបក្ស​ភ្លើងទៀន​នៅ​ឆ្នាំ​២០១៨ បន្ទាប់ពី​ច្បាប់ថ្មី​ស្តីពី​​គណបក្ស​នយោបាយ​ត្រូវ​បាន​វិសោធនកម្ម​ដោយ​រដ្ឋសភាដែល​គ្រប់គ្រងដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​បាន​ចាត់​ទុក​ថា ជា​ទង្វើ​ខុសច្បាប់​ ប្រសិនបើ​គណបក្ស​ណាមួយ​យក​ឈ្មោះ​របស់​បុគ្គលម្នាក់​ឬដឹកនាំ​ដោយ​នរណាម្នាក់ដែលត្រូវ​បាន​ផ្តន្ទាទោស​ពីបទឧក្រិដ្ឋ​។

លោក សម រង្ស៊ី ត្រូវ​បាន​ផ្តន្ទាទោសជា​ច្រើន​បទល្មើស​ ដែល​លោក​និយាយថា គឺជារឿង​នយោបាយ​។

លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថារឿងនេះមិនមែនជាតូចតាច សមាជិក​របស់គណបក្សភ្លើងទៀន​គួរតែផ្តាច់ខ្លួន​ឲ្យ​បាន​លឿន​បំផុតពីគណបក្ស ដើម្បី​ចៀសវាង​បញ្ហា  ព្រោះនេះជាកម្លាំងនៃការផ្តួលរំលំរដ្ឋាភិបាល និងជាការផ្តួលរំលំ​របបរាជានិយម»។

លោក ហ៊ុន សែន បាន​អះអាងថា លោក​មាន​ខ្សែអាត់​ស្តីពីការប្រជុំអនឡាញ​រវាងលោក សម រង្ស៊ី និងមេដឹកនាំ​គណបក្ស​ភ្លើងទៀន​។

លោកថ្លែងថា៖ «ហេតុអ្វីបានជាខ្ញុំត្រូវ​ចោទសួរ ព្រោះគណបក្សភ្លើងទៀនត្រូវបានបង្កើតដោយសម រង្ស៊ី ហើយខ្ញុំសូម​អំពាវនាវ​ឲ្យ​សមាជិកក្រុមប្រឹក្សាឃុំគណបក្ស​ភ្លើងទៀនចេញ​មក​ថ្កោលទោស ដោយកំបារម្ភពីការបាត់បងតួនាទី បើ[បក្សបណ្តេញចេញ]»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅ​កាន់ប្រជាពល​រដ្ឋនៅខេត្តកំពង់​ឆ្នាំ​ងកាល​ពីថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ​២០២២។ រូបភាពបង្ហោះនៅ​លើទំព័រហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី។

គណបក្ស​ភ្លើងទៀន​បាន​ក្លាយ​ជា​គូប្រជែងសំខាន់របស់​គណបក្ស​ប្រជា​ជនកម្ពុជា​អំឡុង​ការ​បោះឆ្នោត​ឃុំសង្កាត់​ក្នុងខែ​មិថុនា​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ឆ្នាំ​២០១៧​។ គណបក្ស​នេះ​ទទួល​បាន​អាសនៈមេឃុំ​ត្រឹម​ចំនួន​បួនអាសនៈ ​​បើធៀប​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ទទួល​បាន​​១.៦៤៨​អាសនៈ។

លោក ហ៊ុន សែន ក៏បាន​លើកឡើងផងដែរ​ថា អង្គការក្រៅរដ្ឋាភិបាល​ដែល​លោក​​មិន​បញ្ចេញឈ្មោះ​មិន​គួរ​នៅ​ស្ងៀម​ជុំវិញ​សម្តី​របស់​លោក​ សម រង្ស៊ី​ទេ​។

លោកថ្លែងថា៖ «ខ្ញុំជឿថាក្នុងចំណោម​អង្គការដែលប្រឆាំងរដ្ឋាភិបាលមិនអះអាងទេ [ថ្កោលទោស សម រង្ស៊ី] ព្រោះគេក៏ចូលរួម​ចំណែក​ដើម្បីចង់ផ្តួលរំលំរដ្ឋាភិបាល និង​ប្តូររបបរាជានិយម​ផងដែរ»។

ការចោទប្រកាន់នេះ​ រំលឹកពី​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​កាល​ពីឆ្នាំ​២០១៧​ ដែល​ពេល​នោះក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំដែលដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា បានគប់គិតជាមួយ​មហាអំណាចបរទេស​ធ្វើ​បដិវត្តពណ៌ ដើម្បី​ផ្តួល​រំលំ​គណបក្ស​ប្រជា​ជនកម្ពុជា​ដែល​កាន់​អំណាចដ៏យូរនោះ។

លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេសរយៈពេល​ពីរ​ខែ​មុន​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការកំពូល​រំលាយ​ចោល​នោះ​បាន​បដិសេធការចោទប្រកាន់​ដោយ​លោក​អះអាងថា លោក​គ្រាន់តែព្យាយាម​យក​ឈ្នះ​តាម​រយៈ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។

លោក សឹង សែនករុណា ជាអ្នក​នាំពាក្យសមាគមសិទ្ធិមនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍ថា ជម្លោះ​នយោបាយ​មិន​គួរ​ភ្ជាប់​ជាមួយ​នឹង​អង្គការសង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ដោយ​ឯករាជ្យ​ ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស​នោះទេ។ 

លោកថ្លែងថា៖ «ហេតុអ្វីបាន​ជាត្រូវ​ទាញ​អង្គការសង្គមស៊ីវិលមក​ពាក់ព័ន្ធ វាបង្កើតឲ្យមាន​ការបារម្ភរបស់​អង្គការសង្គមស៊ីវិលលើកិច្ចការងាររបស់ពួកគេ។ វាជាសង្គ្រាម​ពាក្យសំដី​រវាងអ្នកទាំងពីរ ហើយវាធ្វើ​ឲ្យមានការព្រួយបារម្ភសម្រាប់​សកម្មភាពរបស់​អង្គការសង្គមស៊ីវិល ដោយ​សារអ្នកនយោបាយ​ព្យាយាម​ទាញ​អង្គការសង្គមស៊ីវិល​ទៅភ្ជាប់និងនិន្នាការនយោបាយរបស់ខ្លួន»

យោងតាម​វីដេអូឃ្លីប​ដែល​បង្ហោះ​អនឡាញនៅ​សប្តាហ៍នេះ ​ដោយ​បណ្តាញ​ព័ត៌មាន​ Fresh News ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលនោះ​ លោក សម រង្ស៊ី បាន​ហៅ​ព្រះមហាក្សត្រ​នរោត្តម​ សីហមុនី​​ ថា «ក្បត់​ជាតិ​» ខណៈ​ពេល​ថ្លែង​សុន្ទរកថា​។

នៅពេល​សួរថា ហេតុអ្វីបាន​ជា​លោក​ប្រមាថ ព្រះ​មហាក្សត្រថា «ក្បត់ជាតិ​”» លោក សម រង្ស៊ី បាន​ប្រាប់​ខេមបូចាថា លោក ហ៊ុន សែន បាន​ «ភ្ជាប់​» ព្រះមហាក្សត្រទាំង​បង្ខំ​ទៅ​នឹង ​«ទង្វើក្បត់ជាតិ» របស់​លោក​នាយក​រដ្ឋមន្ត្រី​​ដោយ​ទទួល​ស្គាល់​សន្និសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ស្តីពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសវៀតណាម ដែល​លោក សម រង្ស៊ី និយាយថា ត្រូវ​បាន​ឡាយ​ព្រះហស្តលេខាដោយ​ព្រះមហាក្សត្រក្រោម​ «ការ​គំរាម​កំហែង»។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹងតាម​រយៈ​អ៊ី​ម៉ែ​ថា៖ «​ការ​ប្រគល់​ទឹកដី​ប្រទេសកម្ពុជា​ទៅ​ឲ្យ​បរទេស​គឺជា​ទង្វើ​ក្បត់​ជាតិ»។

អ្នក​នយោបាយ​រូបនេះ​បាន​ចោទប្រកាន់​លោក​ ហ៊ុន សែន និងគណបក្ស​ប្រជាជន​កម្ពុជា​យូរមក​ហើយ​ថា បាន​កាត់​​​ទឹកដី​ទៅ​ឲ្យ​ប្រទេសវៀតណាម​និង​ធ្វើ​ជា​អាយ៉ង់របស់​ប្រទេសជិត​ខាងមួយនេះ។

លោក សម រង្ស៊ី ថ្លែថា លោក ហ៊ុន សែន​ គំរាម​រំលាយ​គណបក្ស​ភ្លើងទៀន​ដោយ​សារមាន​ការ​ភ័យខ្លាច។

លោក សម រង្ស៊ី សរសេតាមអ៊ីម៉ែល​ថា៖ «ហ៊ុន សែន ខ្លាច​គណបក្ស​ភ្លើងទៀន​ដែលជា​គណបក្ស​ប្រឆាំងដ៏គួរ​ឲ្យ​ជឿជាក់​ហើយ​គាត់កំពុង​រក​លេស​ដើម្បី​ទប់​ស្កាត់ការលូតលាស់​របស់​គណបក្ស​នេះ»។

កាល​ពីដើម​ខែនេះ សាលាដំបូង​រាជធានីភ្នំពេញ​បាន​បង្គាប់​ឲ្យ​លោក សុន ឆ័យ ជាអនុប្រធានគណបក្ស​ភ្លើងទៀន​និង​ជាអតីត​មន្ត្រី​គណបក្ស​សម រង្ស៊ី បង់សំណងជំងឺចិត្ត៣ពាន់លានរៀល​ (​៧៥០.០០០ដុល្លារ​) ទៅឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាច​ដោយ​រក​ឃើញ​លោក​មាន​ពិរុទ្ធភាព​ពីបទ​បរិហាកេរ្តិ៍ដោយសារតែ​អះអាងថា មាន​ការ​លួច​បន្លំសន្លឹកឆ្នោត​អំឡុង​ពេល​បោះ​ឆ្នោត​ឃុំសង្កាត់​កាល​ពីខែមិថុនា​។

លោក ថាច់ សេដ្ឋា ​​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ បាន​បដិសេធ​គណបក្ស​របស់លោកថាគ្មាន​ការ​ជាប់ពាក់ព័ន្ធជាមួយ​នឹង​លោក សម រង្ស៊ី​ ទេ​ដោយ​អះអាងថា គណបក្ស​ភ្លើងទៀន​បាន​គោរព​រដ្ឋធម្មនុញ្ញ​និង​តួនាទី​របស់​ព្រះមហាក្សត្រ។

លោកបន្តថា៖ «យើង​មិនគាំទ្រ​ ជនណាក៏ដោយ​ដែល​បំពានលើព្រះមហាក្សត្រ និង​រដ្ឋធម្មនុញជាដាច់ខាត​ មិនថា​តែលោក​សម រង្ស៊ីនោះទេ»​។​

លោក សេដ្ឋា បាន​មាន​ប្រសាសន៍​ថា លោក​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន​ ដោយ​អំពាវនាវឲ្យ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ថា ជា​វោហារសាស្ត្រនយោបាយ​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ប៉ុណ្ណោះ។

លោកបន្តថា៖ «វាគ្មានអ្វីពិបាកទេសម្រាប់​យើង យើង​​ប្រកាន់ជំហគោរពច្បាប់​ ប៉ុន្តែ​បើ​សិន​គេមាន​ចេតនារំលាយ យើង​មិនអាចធ្វើអ្វីបានទេ ព្រោះវាដូច​គណបក្សសង្គ្រោះជាតិ​ ដែលត្រូវបាន​រំលាយអញ្ចឹង ​ទោះបីជាការធ្វើឡើង​ដោយបំពាន​គ្មាន​ភស្តុតាង ក៏គេអាចធ្វើ​បាន​ដែរ»។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណបក្សភ្លើងទៀន បានចេញសេក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា គណបក្សនេះមិនមានជាប់ពាក់ព័ន្ធទៅនឹង លោក សម រង្ស៊ី នោះទេ។

សេចក្តីថ្លែងការណ៍ដដែលក៏បានថ្កើលទោសចំពោះបុគ្គលទាំងឡាយណា ដែលប្រមាថអង្គព្រះមហាក្សត្រ ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះរបស់ លោក សម រង្ស៊ី។

លោក ឯម សុវណ្ណារ៉ា ជាអ្នក​វិភាគនយោបាយ​បាន​មាន​ប្រសាសន៍ថា ជម្លោះ​រវាង​លោក ហ៊ុន សែន​ និង​លោក សម រង្ស៊ី គឺជារឿង​ផ្ទាល់ខ្លួន​ ហើយ​មិន​គួរ​ចាត់ទុក​ជា​បញ្ហា​ជាតិ​ទេ ដែល​នឹង​ធ្វើ​ឲ្យ​បរិយាកាសនយោបាយ​កាន់តែអាប់អួរ។

​លោកបន្ត​ថា លោក ហ៊ុន សែន ​បាន​ធ្វើ​យុទ្ធនាការ​មុន​ការ​បោះឆ្នោត​ជាតិ​ខែកក្កដារួច​ទៅហើយ​ ដោយ​លោក​នាយករដ្ឋមន្ត្រី​គំរាម​គូប្រជែង​នយោបាយ​ ជា​ពិសេស​គណបក្ស​ភ្លើងទៀន​ ដែលកំពុង​ទាក់ទាញ​ការគាំទ្រ។

​លោកថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រីបាន​ឆ្លៀតការឃោសនាមុនការបោះឆ្នោត និង​គំរាមកំហែងគូប្រជែងនយោបាយ គឺគណបក្សភ្លើងទៀន​ដែលកំពុង​ទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងមានការគាំទ្រកើនឡើង អ្វី​ដែល​គណបក្សកាន់​អំណាចបារម្ភនោះគឺ សំឡេងរបស់​គណបក្ស​ភ្លើងទៀននៅសភា​​អាច​កើនឡើង​លើស​១ភាគ៣ ដែលវាគ្រប់គ្រាន់ក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរ​បាន»      

ប៉ុន្តែ​អ្នក​វិភាគរូបនេះ​បន្ត​ថា គណបក្ស​ណាដែល​ធ្វើ​តាម​ការ​ចង់បាន​របស់​លោក ហ៊ុន សែន នឹង​បាត់​បង់​ការ​ជឿទុកចិត្ត​ពីអ្នកគាំទ្រ។

លោកបន្តថា៖ «បើ​ធ្វើ​តាម​គូប្រជែង​ វាហាក់បីដូចជា​គណបក្សនេះ​ចុះចូលជាមួយគណបក្សកាន់អំណាច​ ហើយ​បាត់បង់​ជំហនយោបាយខ្លួនឯង នឹងបាត់បង់នូវការគាំទ្រ»។

ស្របពេល​ជាមួយគ្នា​នេះដែរ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា វាឆាប់ពេក​ក្នុងការ​សម្រេចចិត្ត​ថា លោក​នឹងគាំទ្រ​គណបក្ស​ណាមួយនៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​នឹងបន្ត​តស៊ូ​ដើម្បី​ត្រឡប់​មកវិញ​ទាំង​ក្នុងនិងក្រៅប្រទេស ដោយ​ធ្វើការ​ទាមទារ​ដែល​នឹង​ត្រូវ​បាន​ឆ្លើយ​តបជាស្វ័យប្រវត្តិ​នៅពេល​ណាលោក កឹម សុខា រួច​ផុត​ពី​បទចោទ​ »សន្និដ្ឋិភាព» ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ដោយ​លោក ហ៊ុន សែន។ ការធ្វើសេចក្តីសន្និដ្ឋាន​សម្រាប់សំណុំរឿង​របស់​លោក កឹម សុខា គ្រោងធ្វើ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ​៕ (រាយការណ៍បន្ថែមដោយ Matt Surrusco)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Warns Candlelight to Cut Ties With Rainsy or Be Dissolved

211 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម