កិច្ចប្រជុំរវាងក្រសួងការងារនិងសហជីពតំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានបោះជំហានទៅមុខបន្តិចបន្តួចកាលពីថ្ងៃសុក្រ ហើយបានបញ្ចប់ទៅវិញ ដោយបុគ្គលិកកាស៊ីណូដែលត្រូវបានបញ្ឈប់ពីការងារបានប្តេជ្ញាថា នឹងបន្តធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងខែនេះបើមិនមានដំណោះស្រាយ។
នៅក្នុងកិច្ចពិភាក្សាដែលជាប់គាំងនេះ ក្រសួងបានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីចរចាជាមួយម្ចាស់កាស៊ីណូភ្នំពេញ ដែលបានបញ្ឈប់បុគ្គលិកជាង ១.៣០០នាក់កាលពីខែមេសា ដោយលើកឡើងពីការធ្លាក់ចុះនៃប្រាក់ចំណេញដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ខណៈភាគច្រើននៃបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទទួលយកកញ្ចប់ប្រាក់ដែលទូរទាត់ចំពោះការបញ្ឈប់ពីការងារក្រោមអ្វីដែលក្រុមហ៊ុនជំពាក់ពួកគេនោះ បុគ្គលិកសហជីពចំនួន៣៧៣នាក់កំពុងទាមទារឲ្យទទួលយកពួកគេចូលបម្រើការងារវិញ ហើយនិយាយថា ពួកគេកំពុងត្រូវបានធ្វើទុក្ខបុកម្និញដោយសារការចូលរួមជាមួយសហជីពរបស់ពួកគេ។
លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានដោះស្រាយទំនាស់ការងារនៃក្រសួងការងារបានមានប្រសាសន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ទាល់តែរដ្ឋាភិបាលអាចជួបជាមួយក្រុមហ៊ុន។
លោកស្រី ឈឹម សុខន ជាតំណាងសហជីពបានបញ្ជាក់ប្រាប់បន្ទាប់ពីកិច្ចប្រជុំនេះថា៖ «ក្រសួងបានស្នើឲ្យភាគីសហជីពទុកពេលឲ្យក្រសួងនិយាយជាមួយក្រុមហ៊ុន បន្ទាប់មកនឹងហៅប្រជុំឡើងទៀត»។
ទោះជាយ៉ាងនេះក្តី លោកស្រីបាននិយាយថា បើក្រុមហ៊ុនមិនឆ្លើយតបនិងការទាមទារចំនួនប្រាំបួនចំណុច ដែលព្រាងដោយសហជីពទេ នោះពួកគេនឹងមិនយល់ព្រមចរចា ហើយនឹងបន្តធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៨ ខែធ្នូ ដែលរដ្ឋាភិបាលបានស្នើឲ្យពួកគេលុបចោល។
ស៊ុន ស្រីពេជ្រ ជាសកម្មជនសហជីពណាហ្គាវើលដ៍ម្នាក់ទៀតបាននិយាយថា ក្រសួងបានប្រាប់ក្រុមរបស់នាងកុំឲ្យធ្វើបាតុកម្ម ហើយទទូចឲ្យពួកគេទទួលយកសំណងនេះ ពីព្រោះការទាមទារឲ្យទទួលយកពួកគេចូលធ្វើការវិញគឺមិនអាចទៅរួចទេ។
ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងនៅដើមសប្តាហ៍នេះថា ការជូនដំណឹងនាពេលថ្មីៗស្តីពីការបណ្តេញមេដឹកនាំ និងសកម្មជនសហជីពបង្ហាញពីចេតនារបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលរំលោភសិទ្ធិជាមូលដ្ឋានរបស់កម្មករក្នុងការរៀបចំឲ្យមានលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។
អតីតបុគ្គលិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងពិតជាមានការខក ចិត្តនិងមិនអាចទទួលយកបាននូវសកម្មភាពរបស់ក្រុមហ៊ុននេះ ដែលមិនអនុវត្តតាមច្បាប់ការងារនិងច្បាប់សហជីពរបស់ប្រទេសកម្ពុជា ហើយមិនផ្តល់អត្ថប្រយោជន៍ដល់កម្មករ»។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋាភិបាលថា៖ «ប្រសិនបើក្រសួងមិនមានដំណោះស្រាយសមស្របដែលបុគ្គលិកអាចទទួលយកបាន បាតុកម្មនឹងធ្វើទៅតាមការគ្រោងទុក»។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានមានប្រសាសន៍ថា ការតវ៉ានេះ គឺជាជម្រើសចុងក្រោយបន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលបានកាត់ក្តីដោយទំនាស់នឹងការទាមទាររបស់កម្មករកាលពីខែកញ្ញា។
លោក ថារ៉ូ បានមានប្រសាសន៍ថា៖ «កន្លងមក សហជីពបានព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយ ដោយធ្វើការចរចា ដាក់ពាក្យបណ្តឹងទៅក្រសួង ឬទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។ ការតវ៉ាគឺជាផ្នែកមួយនៃយន្តការ ដើម្បីស្វែងរកដំណោះស្រាយ»។
លោក ថារ៉ូ បានបញ្ជាក់ថា ទោះបីជាកាស៊ីណូនេះបង្ខំចិត្តបិទទ្វារដោយសារការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែឥឡូវនេះ កាស៊ីណូនេះបានបើកឡើងវិញនិងដំណើរការជាធម្មតា។
លោកបានមានប្រសាសន៍ថា៖ «គ្មានហេតុផលផ្លូវច្បាប់ណាមួយដែលក្រុមហ៊ុនបដិសេធមិនទទួលយកពួកគេវិញនោះទេ ប៉ុន្តែក្រុមហ៊ុននេះចង់រំលាយសហជីពចោលទាំងស្រុងតែម្តង»។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជកវិស័យទេសចរណ៍កម្ពុជា (CTWUF) បានយល់ស្របនឹងការលើកឡើងនេះ។
លោកបានមានប្រសាសន៍ថា៖ «ការបញ្ឈប់កម្មករនិងសកម្មជនសហជីព គឺមិនត្រឹមត្រូវទេ ព្រោះរចនាសម្ព័ន្ធរបស់សហជីពត្រូវបានក្រសួងទទួលស្គាល់។ បើគេអាចបញ្ឈប់កម្មករបានយ៉ាងងាយបែបនេះ តើយើងចាំបាច់មានច្បាប់ធ្វើអ្វី? ក្រសួងគួរតែចាត់ វិធានការលើកាស៊ីណូនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Impasse Over NagaWorld Layoffs After Union Leaders Meet Labor Ministry Official