អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) មានប្រសាសន៍នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃសៅរ៍ថា លំហសេរីភាពពលរដ្ឋគួរត្រូវបានពង្រីកបន្ថែមទៀត ហើយអ្នកការពារសិទ្ធិមនុស្សគួរត្រូវបានការពារ ដោយលោកបានបន្ថែមថា «គ្រប់គ្នាបរាជ័យ» ក្នុងការដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែលោកមានជំនឿថា ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើឱ្យស្ថានភាពប្រសើរឡើងនៅឆ្នាំក្រោយក្នុងឋានៈជាប្រធានអាស៊ាន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯជំនួបកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃសៅរ៍នេះ លោក ហ្គោទែរ៉េស មានប្រសាសន៍ថា៖ «ការអំពាវនាវរបស់ខ្ញុំនៅក្នុងប្រទេសមួយដូចជាកម្ពុជា គឺសុំឱ្យបើកលំហសេរីភាពពលរដ្ឋនិងអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាននិងអំពាវនាវឱ្យពង្រីកកិច្ចសហការជាមួយនឹងសង្គមស៊ីវិល»។
លោកមានប្រសាសន៍ថា៖ «ក្នុងពេលជាមួយគ្នានោះដែរ កង្វល់ធំបំផុតរបស់យើងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សគឺប្រាកដណាស់បញ្ហាមីយ៉ាន់ម៉ា។ ខ្ញុំសុំនិយាយថា ទីនោះគឺជាកន្លែងដែលមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលមិនអាចទទួលយកបានទាល់តែសោះនិងបង្កនូវភាពរងទុក្ខធំធេញមែនទែន»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការសហប្រជាជាតិនិងក្រុមអ្នកសង្កេតការសិទ្ធិមនុស្សបានរិះគន់ប្រទេសកម្ពុជាជុំវិញការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាកាលពីឆ្នាំ២០១៧ ការចាប់ខ្លួនសមាជិកបក្សប្រឆាំងរាប់សិបនាក់និងការបង្ក្រាបលើសង្គមស៊ីវិល សកម្មជននិងបណ្តាញព័ត៌មានឯករាជ្យ។
ប៉ុន្តែចាប់តាំងពីពួកយោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ប្រទេសនេះកាលពីខែកុម្ភៈ ឆ្នាំ២០២១មក មនុស្សជាង ២ ៤០០នាក់ត្រូវបានពួកយោធាសម្លាប់និងមនុស្សជាតិ ១៣ ០០០នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានឃុំខ្លួន ដែលធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងតំបន់។
មេដឹកនាំអាស៊ានចំនួនប្រាំបួនរូប និងលោក មីន អ៊ុងឡាំង ជាមេដឹកនាំយោធានៅមីយ៉ាន់ម៉ាបានឯកភាពលើផែនការសន្តិភាពប្រាំចំណុចកាលពីខែមេសា ឆ្នាំ២០២១។ ផែនការសន្តិភាពនេះរួមមានការសន្យាបញ្ចប់អំពើហិង្សាក្នុងប្រទេសភូមាជាបន្ទាន់ បើកកិច្ចសន្ទនាគ្រប់ភាគីទាំងអស់ តែងតាំងប្រេសិតពិសេស ដើម្បីសម្របសម្រួលកិច្ចពិភាក្សាជាមួយគ្រប់ភាគី និងសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន។
ប៉ុន្តែក្រុមអ្នករិះគន់បានកត់សម្គាល់ថា របបយោធាមិនបានគោរពតាមគោលការប្រាំចំណុចដែលបានឯកភាពនេះទេ ហើយអះអាងថា ផែនការដែលមានប្រទេសកម្ពុជាគឺជាប្រធានអាស៊ាននៅឆ្នាំនេះ បរាជ័យភាគច្រើនក្នុងការធ្វើឱ្យស្ថានការណ៍នេះបោះជំហានទៅរកសន្តិភាព។
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំអាស៊ានបានទទួលស្គាល់ថា មាន«ភាពវឌ្ឍនភាពតិចតួច»ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ប៉ុន្តែបានលើកឡើងថា៖ «កិច្ចព្រមព្រៀងនេះនៅជាឯកសារយោងដែលមានសុពលភាពនៅឡើយសម្រាប់អាស៊ានហើយគួរត្រូវបានអនុវត្តទាំងស្រុងតែម្តង»។
នៅពេលស្នើសុំឱ្យឆ្លើយតបចំពោះការរិះគន់ថា អង្គការសហប្រជាជាតិនិងអាស៊ានបានធ្វើឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាខកចិត្ត លោក ហ្គោទែរ៉េស បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «គ្រប់គ្នាបានបរាជ័យទាក់ទងនឹងបញ្ហានៅមីយ៉ាន់ម៉ា។ សហគមន៍អន្តរជាតិទាំងមូលបានបរាជ័យហើយអង្គការសហប្រជាជាតិគឺជាផ្នែកនៃសហគមន៍អន្តរជាតិ»។
លោក ហ្គោទែរ៉េស បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិគាំទ្រកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ និង«យុទ្ធសាស្ត្ររួម»ស្តីពីមីយ៉ាន់ម៉ា ហើយជឿថា ប្រទេសឥណ្ឌូណេស៊ីក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹង«បង្កើតនូវគំនិតផ្តួចផ្តើមមួយចំនួន»ដើម្បីសម្រេចលទ្ធផលដែលចង់បាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងអាចជំរុញរបៀបវារៈនេះតាមមធ្យោបាយវិជ្ជមានមួយ»។
បើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Bloomberg បានឱ្យដឹងថា លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រាប់អ្នកសារព័ត៌មាននៅក្នុងជំនួបកំពូលកាលពីថ្ងៃសុក្រថា លោកបានស្នើឱ្យដកមេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីតួនាទីអាស៊ានផ្សេងទៀត ក្រៅពីការមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗនិងជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស។
លោក ហ្គោទែរ៉េស បានទទូចឱ្យពួកយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយ អនុញ្ញាតឱ្យមានជនភៀសខ្លួនរ៉ូហ៊ីនយ៉ាធ្វើការវិលត្រឡប់ដោយស្ម័គ្រចិត្ត និង«ធ្វើឱ្យដំណើរការប្រជាធិបតេយ្យដំណើរការឡើងវិញ»។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជាសុបិនអាក្រក់ដែលមិនចេះចប់សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ហើយជាការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខទូទាំងតំបន់»។
ថ្លែងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ហ្គោទែរ៉េស បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើបញ្ហាសិទ្ធិមនុស្សជាមួយអាស៊ានហើយ «សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងនាំទៅរកភាពប្រសើរឡើងប្រកបដោយអត្ថន័យ»។
លោក កត្តា អ៊ន ជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ្គោទែរ៉េស មិនឆ្លុះបញ្ចាំងពី «ស្ថានភាពជាក់ស្តែង» នៅក្នុងប្រទេសកម្ពុជាទេ។
លោក កត្តា អ៊ន មានប្រសាសន៍ថា៖ «នៅកម្ពុជា យើងមិនមានបញ្ហាច្រើនកើតឡើងទេ ពីព្រោះកម្ពុជាបានអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និតិរដ្ឋនិងសិទ្ធិមនុស្ស។ យើងមានសិទ្ធិសេរីភាព សិទ្ធិនយោបាយនិងសិទ្ធិមូលដ្ឋានច្រើន»។
លោកមានប្រសាសន៍ថា៖ «ស្តង់ដារនៃការអនុវត្តច្បាប់គឺស្មើគ្នា ដូច្នេះយើងមិនអាចបណ្តោយសមាជិកក្រុមសង្គមស៊ីវិលឬសកម្មជនបក្សប្រឆាំងដែលរំលោភច្បាប់ឱ្យពួកគេគេចពីច្បាប់នោះទេ»។
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា មនុស្សជាង៥០នាក់បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅកម្ពុជា ដែលភាគច្រើនត្រូវបានឃុំខ្លួនដោយសារតែភាពសកម្មនយោបាយដោយសន្តិវិធីរបស់ពួកគេ។
ចាប់តាំងពីឆ្នាំ១៩៩៣ ពេលដែលមានការបោះឆ្នោតដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍លោក កត្តា អ៊ន មានប្រសាសន៍ថា ប្រទេសកម្ពុជាមានការរីកចម្រើនក្នុងការបើកលំហសិទ្ធិសេរីភាពសម្រាប់សង្គមស៊ីវិលនឹងរៀបចំការបោះឆ្នោត «ដោយសេរីនិងយុត្តិធម៌» ជាការអះអាងមួយដែលត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងរដ្ឋាភិបាលបស្ចិមប្រទេសបដិសេធ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Cambodia, UN Chief Calls for More Civic Space, Defense of Rights Defenders