ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារបារម្ភពីសកម្មភាពលួចកាប់ឈើក្នុងព្រៃព្រះរកាដោយសារសកម្មភាពនៃការលួចដឹកឈើយ៉ាងអាណាធិបតេយ្យទាំងកណ្តាលថ្ងៃ ខណៈដែល អាជ្ញាធរ និងមន្រ្តីបរិស្ថានខេត្តហាក់មិនសូវខ្វល់ខ្វាយ ដែលបណ្ដាលឱ្យជនល្មើសបន្តចូលកាប់។
ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ លោក ថី ហុន រស់នៅភូមិបឹងធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានឱ្យខេមបូចាដឹងថា បទល្មើសកាប់ឈើកាន់តែខ្លាំងឡើងនៅតំបន់អភិរក្សព្រៃព្រះរកា ដោយសារតែគ្មានមន្រ្តីបរិស្ថានណាមួយមកអើពើ និងខ្វាយខ្វល់ជាមួយនោះទេ។ លោកបន្តថា បច្ចុប្បន្ននេះជនល្មើសសប្បាយចិត្តនឹងការដឹកឈើចេញពីព្រៃ។ លោកអះអាងថា ជនល្មើសទាំងនោះ ពេលដែលបានដឹកចេញពីព្រៃហើយ តែងតែមានឡាននៅចាំមុខផ្លូវទទួល ហាក់គ្មានភ័យបារម្ភពីមន្រ្តីណានោះទេ។
លោកមានប្រសាសន៍ថា៖«គេដឹកគគ្រឹកគគ្រេងរាល់ថ្ងៃចេញពីតំបន់ព្រៃព្រះរកាច្រើនណាស់ ខ្ញុំឃើញរហូតហ្នឹង ហើយច្បាប់ហាក់គ្មានប្រសិទ្ធភាពទេ ពឹងបរិស្ថាន[មន្រ្តីឧជ្ឈានុរក្ស]ហើយ បរិស្ថានមិនធ្វើ ខ្ញុំមើលឃើញទៅមិនធ្វើទៅតាមផ្លូវច្បាប់សោះ ដោយពួកប្រជាជនយើងខ្លាច លំបាក មន្រ្តីគេមានអំណាចផង ចប់ហើយព្រៃ»។
ជនជាតិដើមភាគតិចរូបនេះបានបន្ថែមថា មានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាព្រៃឈើនឹងត្រូវរងការបាត់បង់ ព្រោះខាងមន្រ្តីអាជ្ញាធរហាក់មិនខ្វាយខ្វល់នឹងអើពើចំពោះបញ្ហានេះប៉ុន្មានទេ វាអាចមានការពាក់ព័ន្ធនឹងអំពើពុករលួយសូកប៉ាន់ពីសំណាកជនល្មើសបានជាអាជ្ញាធរពាក់ព័ន្ធមិនចុះបង្រ្កាប។ លោកបន្តថាមានមន្រ្តីខ្លះបែរទៅជាការពារឱ្យជនល្មើសកាប់បំផ្លាញព្រៃឈើទៅវិញ។
លោកមានប្រសាសន៍ថា៖«ខ្ញុំថាពួកគាត់[មន្រ្តី អាជ្ញាធរ]ហាក់មិនគោរពច្បាប់ទេ តួនាទីរបស់គេ សុទ្ធតែមានប៉ូលិស ហើយតួនាទីរបស់គេជាអ្នកការពារ ហើយរដ្ឋាភិបាលបានប្រគល់តួនាទីឱ្យអាជ្ញាធរតាមភូមិ ស្រុក ខេត្តអ្វី «មន្រ្តីថ្នាក់ក្រោមជាតិ» ឱ្យមកការពារធនធានធម្មជាតិយើង តែផ្ទុយទៅវិញគាត់អត់មានការពារសោះ គាត់ទៅការពារបទល្មើសទៅវិញ ដូចខ្ញុំយល់ឃើញសព្វថ្ងៃនេះគឺអញ្ចឹង»។
ប្រជាសហគមន៍ម្នាក់ទៀតគឺលោក ថោង ស៊ុត បានឱ្យអ្នកសារព័ត៌មានខេមបូចាដឹងនៅថ្ងៃទី៥ ខែឧសភាពនេះថា ករណីដឹកឈើមានហូរហែរជាប្រចាំ ចេញពីព្រៃព្រះរកាដឹកចូលមកក្នុងភូមិយ៉ាងច្រើនទាំងថ្ងៃទាំងយប់។ លោកបានអះអាងថា ជនល្មើសទាំងនោះមិនមានការភ័យខ្លាចរអ៊ាអាជ្ញាធរនោះទេ ព្រោះមន្រ្តីបរិស្ថានខ្លះហាក់មិនសូវចាប់អារម្មណ៍ពីបញ្ហាការបាត់បង់ព្រៃឈើប៉ុន្មាននោះទេ។ លោកបន្ថែមថា មន្រ្តីទាំងនោះ គិតតែពីផលចំណេញដែលទទួលបានពីជនល្មើស ទើបបានមានករណីដឹកឈើជាហូរហែ។
លោកថា៖«ករណីដឹកឈើគេអត់ចាប់អារម្មណ៍ទេ គេដឹករាល់ថ្ងៃ ប៉ុន្តែបើពលរដ្ឋយើងសាមញ្ញដឹកចេញអត់បានទេ បើតាមខ្សែររយៈ ដូចគេ ដឹកហូរហែរាល់ថ្ងៃ បើប្រជាពលរដ្ឋយើងដឹកទៅគេចាប់ បើមានបក្សពួកគេស្រួល គេឃុបឃិតជាមួយបរិស្ថានអ៊ីងចឹងទៅ គេ[ជនល្មើស]អាចដឹកបាន»។
លោក ស៊ុត និយាយថាអនាគតព្រៃព្រះរកាមិនដឹងទៅជាយ៉ាងណានោះទេ បើសព្វថ្ងៃទាំងអាជ្ញាធរមូលដ្ឋាន ទាំងមន្រ្តីបរិស្ថានប្រចាំខេត្តព្រះវិហារ កំពុងតែមានការសហការជាមួយក្រុមហ៊ុនធំៗនៅពីក្រោយ ហើយពលរដ្ឋមួយចំនួនមកពីបណ្ដាខេត្តផ្សេងជាអ្នកស៊ីឈ្មួលអារឈើឱ្យក្រុមហ៊ុនទាំងនោះ។ លោកបន្តថាមានក្រុមហ៊ុនខ្លះបានបង់លុយទៅបរិស្ថាន និងអាជ្ញាធរ ទើបឈ្មួញនិងជនល្មើសដឹកឈើយ៉ាងស្រួលបែបនេះ។
លោកឱ្យដឹងថា៖«បើតាមការមើលឃើញរបស់ខ្ញុំព្រៃព្រះរកាយើងមិនគង់វង្សទេអស់ហើយ គេឃុបឃិតគ្នា សហការគ្នាបែបនេះ ដឹកឈើយ៉ាងអាណាធិបតេយ្យ មានអ្នកមើលផ្លូវ មានអ្នកចាំទទួលទិញ មានឈ្មួញលួចកាប់ មិនដឹងទៅជាយ៉ាងណាទេអនាគត»។
លោក ថោង ស៊ុត សំណូមពរឱ្យរដ្ឋាភិបាលនិងមន្រ្តីថ្នាក់ក្រោមជាតិមេត្តាចូលរួមការពារ អភិរក្ស ទប់ស្កាត់និងថែរក្សាព្រៃព្រះរកាឡើងវិញជាមួយសហគមន៍ និងអនុញ្ញាតឱ្យសហគមន៍អាចចូលរួមចុះល្បាតព្រៃជាមួយមន្រ្តីបរិស្ថានដើម្បីការពារសម្បតិ្តធម្មជាតិខ្មែរយើងឡើងវិញ និងចូលរួមទប់ស្កាត់បទល្មើសរួមគ្នា ដើម្បីធនធានធម្មជាតិយើងគង់វង្សទុកដល់ក្មេងជំនាន់ក្រោយ។
ជុំវិញបញ្ហានេះប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក សុង ចន្ទសុជាតិ នៅថ្ងៃទី០៥ ខែឧសភាមិនអាចសុំបំភ្លឺបានទេ ដោយទូរស័ទ្ទចូលជាច្រើនដង គ្មានអ្នកទទួល។ ចំណែក អភិបាលស្រុកប្រមេរខេត្តព្រះវិហារលោក នុត សុភ័ណ្ឌ ទូរសព្ទចូលជាច្រើនដង ក៏គ្មានអ្នកទទួល។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានឆ្លើយតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៥ ខែឧសភានេះ ដោយមិនបានឆ្លើយទៅនឹងបញ្ហាខាងលើនោះទេ ប៉ុន្តែបង្វែរមកឆ្លើយថា ក្រសួងបរិស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកសរសេរថា៖«ក្រសួងបរិស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការការពារប្រកបដោយវិជ្ជាជីវៈទាំងការអនុវត្តច្បាប់ និងទាំងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ»។
ប៉ុន្តែលោកមិនបានឆ្លើយនោះទេថាតើ មកដល់ពេលនេះក្រសួងបរិស្ថានបានបង្រ្កាបបទល្មើសប៉ុន្មានករណី ហើយធានាបានទេថាតើនឹងមានប្រសិទ្ធភាពកម្រិតណាដើម្បីបញ្ឃប់បទល្មើសនៅតំបន់ព្រៃអភិរក្ស ដូចជាព្រៃព្រះរការនៅពេលខាងមុខ?
ចំណែកលោកមេភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារលោក ហេង ហូន បានបដិសេធមិនឆ្លើយជុំវិញសំណួរថាតើមានឃើញសកម្មភាពពលរដ្ឋដឹកឈើចេញពីព្រៃព្រះរកាចូលក្នុងភូមិទេ? លោកបានឆ្លើយថា «ខ្ញុំមិនបានដឹងពីបញ្ហានេះទេ»។
លោកបន្តថាប្រសិនបើមានករណីបែបនេះមែនលោកក៏គ្មានសិទ្ធិទៅរាំងខ្ទប់ឬរារាំងបទល្មើសនោះដែរ ព្រោះលោកមិនមែនជាសមត្ថកិច្ច។
លោកមានប្រសាសន៍ថា៖«ខ្ញុំអត់មានបញ្ហាអ្វីទេចំពោះខ្ញុំ ប៉ុន្តែខ្ញុំមិនមែនជាសមត្ថកិច្ច[មានសមត្ថភាពអ្វី]ទៅរាំងខ្ទប់គេ ទៅរារាំងគេ ដូចសមត្ថកិច្ចនោះ គេ«សមត្ថកិច្ច»មានការយាមល្បាតអីណា ប្រសិនបើខ្ញុំមានសមត្ថកិច្ចយាមល្បាត អាហ្នឹងខ្ញុំហ៊ាននឹងធ្វើការបិទខ្ទប់បាន ប៉ុន្តែបើខ្ញុំនៅតែផ្ទះអប់រំតែបងប្អូន«ពលរដ្ឋ» អត់មានអាវុធកាន់នឹងគេ ខ្ញុំមិនហ៊ានអីនឹងទៅចាប់បទល្មើសដែរ»។
ចំណែកសកម្មជនព្រៃឈើដែលតែងតែចេញរបាយការណ៍ពីបទល្មើសនៅតំបន់ព្រៃព្រះរកានេះជារៀងរាល់ឆ្នាំ លោក សាន់ ម៉ាឡា បានបញ្ជាក់ថា បច្ចប្បន្ននេះប្រជាសហគមន៍មួយចំនួនបារម្ភពីដើមជ័រច្បោះ និងព្រៃអភិក្សរបស់ពួកគាត់ដោយសារតែបទល្មើសបន្តកើតមានជាហូរហែ។ លោកអះអាងថា អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រសួងបរិស្ថានអសមត្ថភាពក្នុងការបង្រ្កាប់បទល្មើសទាំងនោះ ទោះបីជាខាងប្រជាសហគមន៍ក៏ដូចជាសង្គមស៊ីវិលបានបង្ហាញភស្តុតាងជាច្រើនកន្លងមកហើយក៏ដោយ។
លោក ម៉ាឡា ឱ្យដឹងថា៖«យើងក៏ធ្លាប់ដាក់ភស្តុតាងជាវីដេអូ ជាសំឡេងជារូបភាព និងវីដេអូដែលបានសាកសួរជនល្មើសថា ថៅកែគាត់ជានរណា រស់នៅកន្លែងណាដែរ ធ្លាប់ដាក់ទៅក្រសួងបរិស្ថានដូចមិនមានចំណាតការបើកសើបអង្កេតរកអ្នកពាក់ព័ន្ធនោះយកមកទទួលត្រូវចំពោះមុខច្បាប់នោះទេ។ វាបង្កើតបានជាចម្ងល់ថាសព្វថ្ងៃនេះក្រសួងកំពុងធ្វើអី? អ្វីជាបេសកម្មពិតប្រាកដរបស់ពួកគាត់?»។
សកម្មជនបរិស្ថានរូបនេះបន្តថា កន្លងមកអាជ្ញាធរតែងតែរារាំងសកម្មជន និងប្រជាសហគមន៍មិនចុះល្បាតរហូតដល់ពេលបច្ចុប្បន្ន។ លោកមើលឃើញថាការហាមឃាតទាំងនោះកំពុងតែបើកដៃឱ្យបទល្មើសចេះតែបន្តកើនឡើងទៅវិញ។ លោកអះអាងថាបើសិនជាក្រសួងបរិស្ថានចង់ដោះស្រាយបញ្ហាទាំងនេះទាល់តែមានការបើកទូលាយឱ្យមានការចូលរួមពីសំណាក់យុវជន សង្គម និងប្រជាសហគមន៍មូលដ្ឋានដោយសេរី។ លោកបញ្ជាក់ថាការហាមឃាត់កន្លងមកវាមិនមែនជាដំណោះស្រាយល្អនោះទេ។
លោក ម៉ាឡា បន្ថែមថា៖«ខ្ញុំគិតថាដំណោះស្រាយដែលល្អមាន២ ទី១អាជ្ញាធររដ្ឋត្រូវពង្រឹងការអនុវត្តច្បាប់របស់ខ្លួនជាពិសេសបើកទូលាយឱ្យអង្គការសង្គមស៊ីវិល និងយុវជនចូលរួមចំណែកក្នុងការការពារព្រៃឈើនេះ។ ទី២ រដ្ឋាភិបាលត្រូវរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅតាមតំបន់ព្រៃឈើ…»។
លោក ថី ហុន បានលើកឡើងថា ព្រៃព្រះរការជាព្រៃអភិរក្សរបស់ជនជាតិដើមភាគតិចជាយូរមកហើយ ប្រជាពលរដ្ឋអាចរកចំណូលបានពីការដងជ័រច្បោះលក់ក្នុងមួយដងបានជាង១០មឿនរៀលដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ បើសិនជាព្រៃនេះរងការបាត់បង់ប្រជាសហគមន៍ជនជាតិដើមភាគតិចនឹងជួបការលំបាកកាន់តែខ្លាំង។
បើយោងតាមរបាយការណ៍គម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN រួមនឹងការរកឃើញរបស់ប្រជាសហគមន៍នៅតំបន់ព្រៃព្រះរការ ឱ្យដឹងថា នៅឆ្នាំ២០២១ បានរកឃើញបទល្មើស៤០៤ករណី បើប្រៀបធៀបនឹងឆ្នាំ២០២០ មាន២១១ករណីប៉ុណ្ណោះ។ ដូច្នេះ បទល្មើសព្រៃឈើព្រះរការកាន់តែកើនឡើងជាងមុន។
ក្រសួងបរិស្ថានដាក់បញ្ចូលព្រៃព្រះរកាជាដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះ មានទំហំ ៩ម៉ឺន ៦ពាន់ហិកតា គ្របដណ្ដប់លើភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តព្រះវិហារ ក៏ប៉ុន្តែព្រៃនេះបានទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់អស់រយៈពេលច្រើនឆ្នាំមកហើយ។ សព្វថ្ងៃ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានចំនួន ១៤នាក់ ដែលជាចំនួនដ៏តិចតួច បើប្រៀបធៀបនឹងទំហំព្រៃដែលត្រូវការពារ។
អង្គការលើកលែងទោសអន្តរជាតិ ហៅថា Amnesty International ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ពាន់ហិកតាក្នុងដែនជម្រកសត្វព្រៃធំៗចំនួន២ គឺព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ តាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងរបាយការណ៍ដដែល បានថែមទាំងចោទប្រកាន់ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេស មន្ត្រីក្រសួងបរិស្ថានថា មិនបានអើពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ។ និងថា ពេលខ្លះ មន្ត្រីក្រសួងបរិស្ថានទាំងនោះ បានចុះទៅស៊ើបអង្កេត ប៉ុន្តែគ្រាន់តែស៊ើបអង្កេតដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕