សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនរងគ្រោះនៃបទល្មើសតាមប្រព័ន្ធបច្ចេក​វិទ្យាជា​​ជនជាតិឥណ្ឌូនេស៊ី រៀបរាប់ពីទុក្ខលំបាក និងទារុណ្ឌកម្ម

ជនជាតិឥណ្ឌូណេស៊ីរាប់រយនាក់បោះជំរំនៅខាងក្រៅស្ថានទូតឥណ្ឌូនេស៊ីក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេនិយាយថា ពួកគេបានភៀសខ្លួនចេញពីកន្លែងឆបោក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
ជនជាតិឥណ្ឌូណេស៊ីរាប់រយនាក់បោះជំរំនៅខាងក្រៅស្ថានទូតឥណ្ឌូនេស៊ីក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេនិយាយថា ពួកគេបានភៀសខ្លួនចេញពីកន្លែងឆបោក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ជនជាតិឥណ្ឌូនេស៊ីរាប់រយនាក់ ដោយអ្នកខ្លះដៃកាន់អ៊ីវ៉ាន់ និងកាបូបខោអាវផង បានសម្រុកសុំឱ្យស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដល់ពួកគេ ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

អ្នកខ្លះឈរហាលក្តៅ អ្នកខ្លះអង្គុយជ្រកម្លប់ដើមឈើ និងខ្លះទៀតដេកតាមចិញ្ចើមថ្នល់ ពួកគេបានរៀបរាប់ប្រាប់ សារព័ត៌មានខេមបូចា ថា ពួកគេសុទ្ធតែជាជនរងគ្រោះ ដែលត្រូវបានគេឆបោកមកធ្វើការនៅកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា ហើយដែលទើបបានរត់គេចខ្លួនចេញពីកន្លែងនោះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូត ដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើតវិញ ។

ម្នាក់ក្នុងចំណោមពួកគេ គឺលោក Rizal Putra bin Malik ។ កំពុងអង្គុយក្រោមកំដៅថ្ងៃក្នុងទឹកមុខស្រងូតស្រងាត់ នៅក្បែតៀមលក់អាហារពេលព្រឹកមួយកន្លែង ក្បែរបងស្ថានទូត លោក Rizal Putra bin Malik បានរៀបរាប់ប្រាប់ សារព័ត៌មានខេមបូចា ថា លោកមានអាយុ ៣៥ឆ្នាំ មកពីកោះ Polaw Reao ខេត្ត Batam ។ ជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូន ៤នាក់ Rizal ជាអ្នករាប់រងរកចំណូលផ្គត់ផ្គង់គ្រួសារ ។

​ មុនមកធ្វើការនៅប្រទេសកម្ពុជា Rizal ជាអ្នកស៊ីឈ្នូលបើកបរឡានដឹកទំនិញ ដោយទទួលបានប្រាក់ចំណូលចំនួន ២៥០ដុល្លាអាមេរិកក្នុងមួយខែ។ ឆ្លើយនឹងសំនួរថាតើ ហេតុអ្វីបានមកធ្វើការជាអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា Rizal បានពិពណ៌នាប្រាប់ថា លោកត្រូវបានភ្នាក់ងារស្វែងរកការងារ (Agent)​ លួងលួមបបួលមកធ្វើការនៅប្រទេសកម្ពុជា ដោយបានប្រាប់ថា មកធ្វើការនៅភោជនីយដ្ឋាន ដោយមានលក្ខខណ្ឌការងារល្អ ដោយធ្វើការតែ៨ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប្រាក់ខែទទួលបានមានចំនួន ៦០០ ក្នុងមួយខែ និងទទួលបានអាហារហូបចុកប្រចាំថ្ងៃ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ។

ពេលនោះលោកក៏សម្រេចចិត្តមកធ្វើការនៅប្រទេសកម្ពុជា ដោយបានធ្វើដំណើរតាមកប៉ាល់ទឹកមកកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់មកជិះយន្តហោះពីប្រទេសម៉ាឡេស៊ី មកភ្នំពេញដោយប្តូរជើងយន្តហោះនៅទីក្រុងបាងកក ប្រទេសថៃ។ វាជាលើកទីមួយសម្រាប់ Rizal ដែលធ្វើដំណើរ​ចាកចេញពីប្រទេសកំណើត ទៅក្រៅប្រទេស។

មកដល់កន្លែងធ្វើការក្នុងទឹកដីប្រទេសកម្ពុជាភ្លាម​ ទើបលោក Rizal ដឹងថា លោកត្រូវបានគេបោកប្រាស់ ដោយធ្វើការនៅអគារកម្ពស់ ៥ជាន់នោះ មិនមែនជាភោជនីយដ្ឋានទេ តែជាកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកមិនស្គាល់ថាកន្លែងនោះឈ្មោះអ្វីទេ តែថានៅជាប់ព្រំដែនវៀតណាម ឈ្មោះស៊ីធី (CT)។ ខុសពីការរំពឹងទុកលោក Rizal បានត្រឹមខកចិត្ត តែមិនមានជម្រើសណាផ្សេងក្រៅពីព្រមធ្វើទាំងបង្ខំ ព្រោះបើមិនព្រមទេ នឹងត្រូវគេវាយធ្វើទារុណ្ឌកម្ម និងយកទៅលក់បន្តទៅកន្លែងដែលលំបាកជាងនេះ ។

លោក Rizal និយាយថា៖ «គ្រប់គ្នាតតម្រូវអោយប្តូរនិងប្រើឈ្មោះថ្មី ដែលក្រុមហ៊ុនដាក់អោយ ដោយមិនអាចប្រើឈ្មោះដើម ដូចក្នុងលិខិតឆ្លងដែននោះបានទេ។ ហេតុដូច្នេះហើយ បានជាយើងមិនអាចដឹងគ្នា និងស្គាល់គ្នាដូចមុនទេ​ ហើយក៏មិនអាចដឹងថាអ្នកណាត្រូវបាត់ខ្លួន ឬលក់បន្តយ៉ាងណានោះទេ»។​

លោក Rizal បន្តថា ទៅដល់ភ្លាម គេបង្ខំលោកឱ្យផ្តិតមេដៃលើក្រដាស់កុតត្រាការងារ ជាភាសារចិននិងអង់គ្លេស គេដកយកលិខិតឆ្លងដែន និងទូរសព្ទដៃខ្ញុំ ។

Rizal Putra ថ្លែងប្រាប់ សារព័ត៌មានខេមបូចា អំពីទារុណកម្ម ដែលគាត់បាននិយាយថា គាត់ស៊ូទ្រាំ ខណៈពេលដែលគេបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ីនធឺណិត ដោយអង្គុយក្បែរស្ថានទូតឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញ។ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ទោះបីកុងត្រាសរសេរថា នឹងទទួលបានប្រាក់ខែ ៧០ដុល្លាអាមេរិក ប៉ុន្តែរយៈពេលជិត ពីរខែមកនេះលោក Rizal មិនបានទទួលបា្រក់ខែសូម្បីតែមួយរៀល ក្រោមលេសថា ខ្ញុំធ្វើការមិនចំថាហ្គេត របស់ក្រុមហ៊ុន ។

​ចំពោះទិដ្ឋភាពនៅកន្លែងការងារលោក Rizal បានពិពណ៌នាប្រាប់ សារព័ត៌ខេមបូចា ថា  «កន្លែងធ្វើការគឺជាឋាននរក»។ គាត់ និងមិត្តរួមការងាររបស់គាត់តម្រូវឱ្យធ្វើការ ១៥ម៉ោងក្នុង មួយថ្ងៃ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១២យប់ ដោយមិនមានថ្ងៃឈប់សម្រាកទេ។ ធ្វើការមិនមានពេលសម្រាក ទោះឈឺ ដៃជាប់សេរ៉ូម ក៏មិនត្រូវបានអនុញ្ញាតឱ្យសម្រាកដែរ​ គឹត្រូវតែធ្វើទាំងឈឺ។

លោក Rizal បន្តទៀតថា៖ «ផែនការកំណត់របស់គេ គឺធ្វើយ៉ាងណាត្រូវរកចំណូលឱ្យបាន ៥០០០ដុល្លារអាមេរិក ក្នុងមួយខែ។ បើមិនបានទេ នឹងត្រូវទទួលពិន័យ និងអត់ទទួលបានប្រាក់ខែ។ រៀងរាល់ថ្ងៃ គឺត្រូវតែរកឱ្យបាននូវលេខទំនាក់ទំនង WhatsApp របស់អតិថិជនថ្មី ឱ្យបាន ៣យ៉ាងតិច បើមិនបានទេ នឹងត្រូវទទួលរងពិន័យជាលុយចំនួន ៣០ដុល្លារ និងការពិន័យលើរូបរាងកាយផងដែរ»។

លក្ខខណ្ឌការងារដ៏លំបាក តឹងរឹងនិងថាហ្គេតកំណត់ខ្ពស់ហួសពីសមត្ថភាពរបស់បុគ្គលិក ទាំងនេះគឺលោក Rizal បានអះអាងថា ពុំមាននរណាម្នាក់បានគេចផុតពីទារុណកម្ម វាយដំនិង ការដាក់ពិន័យរបស់ក្រុមហ៊ុនឡើយ។

រាល់ថ្ងៃមានបុគ្គលិកពី ៤ទៅ ៥នាក់ត្រូវបានទទួលការដាក់ពិន័យដូចជា ទះកំផ្លៀង ដាល់ចំដើមទ្រូង ទាត់ធាក់ ឆក់នឹងដំបងឆក់ដោយចងដៃទាំងពីរនឹងខ្សែ និងពិន័យឱ្យឈរ និង ឈរលុតជង្គង់ជាច្រើនម៉ោងជាដើម។ល។

ក្នុងអំឡុងពេលធ្វើការបានជិតពីរខែនេះ លោក Rizal ផ្ទាល់ធ្លាប់បានឃើញបុគ្គលិកជនជាតិ ឥណ្ឌូនេស៊ីពីរនាក់ ដែលត្រូវបានថៅកែជនជាតិចិនធ្វើទារុណកម្មធ្ងន់ធ្ងរលើរូបរាងកាយ ដោយម្នាក់បានស្លាប់ និងមិនដឹងសាកសពគេយកទៅចោលនៅទីណាទេ។

លោក Rizal បានបន្ត​រៀបរាប់ទាំងអ៊ួលដើមកថា លោកផ្ទាល់ក៏ធ្លាប់ទទួលរងនូវការវាយដំធ្ងន់ធ្ងររហូតបែក​ក្តោងច្រមុះ ឈាមត្របាញ់មុខ ដោយសារលោកមានកំហុស ដេកលក់មួយភ្លេត​ក្នុងអំឡុងពេលកំពុងធ្វើការ ព្រោះដេកមិនបានគ្រប់គ្រាន់។

លោក Rizal បញ្ជាក់ថា៖ «គេចាប់បោចសក់ក្បាល អូសខ្ញុំយកទៅ បោកមុខខ្ញុំជាច្រើនដងទៅនឹងទ្វារកញ្ចាក់ រហូតអំបែងកញ្ចក់មុតក្តោងច្រមុះ និងថ្ងាសរបស់ខ្ញុំហូរឈាម»។

ទោបីរបួសឈាមពេញមុខ ក៏លោកមិនត្រូវបានអនុញ្ញាតិឱ្យសម្រាកទេ តែត្រូវធ្វើការធម្មតា។ លោកបន្តថា ពេលខ្លះខ្ញុំត្រូវពិន័យឱ្យឈរពាក់កណ្តាលលុតជង្គង់រយៈពេល ១៤ម៉ោង។

Rizal ចង្អុលទៅច្រមុះដែលមានស្នាមរបួសរបស់គាត់ ហើយគាត់បាននិយាយថា បណ្តាលមកពីការវាយដំយ៉ាងធ្ងន់ធ្ងរដោយអ្នកត្រួតពិនិត្យបរិវេណនៃកន្លែងឆបោក។ ថតថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ដូចគ្នានឹងករណីខាងលើ បុរសម្នាក់ទៀតឈ្មោះ Habib Nazruddin អាយុ ២៧ឆ្នាំមកពីខេត្ត មេដាន បានរៀបរាប់ប្រាប់ថា លោកក៏ត្រូវបានគេបោកប្រាស់មកធ្វើការជាអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរ ដោយកុហក់ថា មកធ្វើការក្នុងភោជនីយដ្ឋានបានប្រាក់ខែ ៨០០ដុល្លាអាមេរិក​។ លោកបន្តថា លុះពេលមកដល់កន្លែងធ្វើការភ្លាម អ្វីៗផ្ទុយស្រឡះគឺជាកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលោកបញ្ជាក់ថា ឈ្មោះ យ៉ុង យ័ន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង​។ លោក Habib បានផ្តើមធ្វើការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មកដល់ពេលបច្ចុប្បន្នបានជាង ៣ខែ តែមិនដែលបានទទួលប្រាក់ឈ្នូលមួយខែណាសោះ។ លោកបានហៅកន្លែងការងានេះជាកន្លែងឃោរឃៅ និងគ្មានត្រាប្រណី ដោយគិតតែពីប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន​ មិនខ្វល់ខ្វាយពីសុខទុក្ខរបស់បុគ្គលិកធ្វើការឡើយ។

លោក Habib លើកឡើងថា៖ «គេបង្ខំឱ្យធ្វើការ ១៥ម៉ោងក្នុងមួយថ្ងៃ មិនមានថ្ងៃឈប់សម្រាក ហើយការហូបចុកមិនបានគ្រប់គ្រាន់»។

លោក Habib បន្តថា គេមិនបានគិតគូរដល់យើង ថាមិនអាចហូបសាច់ជ្រូកបាន និងត្រូវការម្ហូបបែបឥស្លាមអ្វីទេ។

លោក Habib ថា លោកត្រូវបានក្រុមហ៊ុនដាក់កំណត់ឱ្យឆបោកជនជាតិឥណ្ឌូនេស៊ីដូចគ្នា ដែលរស់នៅប្រទេសក្រៅជាពិសេសប្រទេសសិង្ហបូរី និងប្រទេសម៉ាឡេស៊ី។ លោកបន្តទៀតថា ដោយសាផែនការរបស់ក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកម្នាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទទួលបានលុយចំនួន ៥០០០ដុល្លាអាមេរិកក្នុងមួយខែ លោកមិនដែលទទួលបានដូចបានផែនការទេ ដូច្នេះហើយបានជាលោកមិនដែលទទួលបានប្រាក់ឈ្នួលប្រចាំខែរបស់លោកឡើយ​។

លោកបានឱ្យដឹងថា ក្នុងបីខែនេះ គាត់រកចំណូលឱ្យក្រុមហ៊ុនបានចំនួន ៣០០ដុល្លារ​ពីអតិថិជនស្រ្តីមួយនាក់ ដោយប្រើពេល៥ថ្ងៃ។

វិធីឆបោកគឺ តាមរបៀបឡេបខាយស្នេហា ដោយបន្លំជាកូនអ្នកមានទាក់ទងទៅ និងមានរូបរាងសង្ហា ដោយប្រើប្រាស់រូបថតតារាម៉ូដែល ដើម្បីទាក់ទាញ។

ពេលនេះលោក Habib មានក្តីស្រមៃតែមួយគត់គឺ អាចវិលត្រឡប់ទៅប្រទេសកំណើតវិញឆាប់ៗ ដោយសង្ឃឹមថា ស្ថានទូតនឹងជួយសម្រួល ឱ្យបានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធនានា រួមទាំងសំបុត្រយន្តហោះជាដើម ពីព្រោះលោកមិនមានលុយជាប់ខ្លួនទេ សូម្បីតែលុយទិញទឹកសុទ្ធផឹក។

លោក Habib និយាយថា៖ «ខ្ញុំនឹកស្រុកកំណើត និងក្រុមគ្រួសារខ្ញុំខ្លាំងណាស់។ ខ្ញុំចង់ឆាប់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ ពីព្រោះប្រពន្ធនិងកូន និងឳពុកម្តាយចាស់ជរារបស់ខ្ញុំកំពុងព្រួយបារម្ភ និងទន្ទឹងរង់ចាំផ្លូវខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថា​ត្រូវរង់ចាំយូរប៉ុណ្ណាទៀតនោះទេ»។

លោក Habib បន្តទៀតថា លោកបានមកដេកនៅតាមចិញ្ចើមផ្លូវរង់ចាំដំណឹងអំពីការជួយអន្តរាគមន៍ពីស្ថានទូតនេះ អស់រយៈ៥ថ្ងៃហើយ។

Habib Nazruddin ប្រាប់ សារព័ត៌មានខេមបូចា អំពីអំពើឃោរឃៅដែលគាត់បានស៊ូទ្រាំធ្វើការនៅបរិវេណឆបោកក្នុងខេត្តកណ្តាល។ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ស្ថានទូតប្រាប់ឱ្យរង់ចាំ ​តែអត់ដឹងថា ត្រូវរង់ចាំប៉ុន្មានថ្ងៃទៀតទេ។​ សម្រាប់លោក Habib ក៏ដូចជាជនរងគ្រោះដទៃទៀតដែរ កំពុងតែភ័យបារម្ភព្រោះមិនដឹងថា ត្រូវស្នាក់នៅទីណា និងមិនមានលុយទិញបាយហូបប្រចាំថ្ងៃ។

បើតាមការអះអាងរបស់លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាកាលពីថ្ងៃទី១៩ ខែមករា បានឱ្យដឹងថា ក្នុងរវាងថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមករា ដើមឆ្នាំ២០២៦នេះ មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៤៤០នាក់បានទៅកាន់ស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍វិលទៅប្រទេសកំណើតវិញ។

ពលរដ្ឋឥណ្ឌូនេស៊ីទាំងនោះសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅទូទាំងកម្ពុជា និងទំនងជាធ្វើសកម្មភាពនេះរាប់ខែ រាប់ឆ្នាំហើយ ហើយពួកគេមួយចំនួនត្រូវគេដកហូតលិខិតឆ្លងដែន ។

ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានអះអាងថា ស្ថានទូតទទួលបានការរាយការណ៍ផ្ទាល់ពីពលរដ្ឋរបស់ខ្លួនសរុបចំនួន ៩១១ករណីនៅចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ក្រោយពលរដ្ឋឥណ្ឌូនេស៊ីទាំងនោះ បានរួចខ្លួនពីទីតាំងឆបោកអនឡាញនានាក្នុងប្រទេសកម្ពុជា។​​ 

អង្គការលើកលែងទោសអន្តរជាតិ Amnesty International តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាការពារជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ និងសង្គ្រោះពួកគេចេញពីទីតាំងឆបោកអនឡាញនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ Amnesty International ក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់ការ ជនសង្ស័យទាំងឡាយណាដែលជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយនេះ មិនថាជាម្ចាស់ទីតាំង ឬម្ចាស់ក្រុមហ៊ុន។

អាជ្ញាធរ និងក្រុមការពារជនចំណាកស្រុកអន្តរជាតិបានរក្សាភាពស្ងៀមស្ងាត់យ៉ាងទូលំទូលាយលើអ្វីដែលអ្នកសង្កេតការណ៍ពិពណ៌នាថាជាវិបត្តិមនុស្សធម៌។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ជំនោរ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ លោក សុខ សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។

អង្គការ​អន្តរជាតិ​សម្រាប់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ថា​តើ​ខ្លួន​កំពុង​ជួយ​អ្នក​ដែល​ទើប​រួច​ខ្លួន​ឬ​អ្នក​ដែល​រត់​គេច​ពី​ការ​បន្លំ​។

កន្លងមក ភ្នាក់ងារអនុវត្តច្បាប់កម្ពុជា ត្រូវបានគេរិះគន់ចំពោះការខកខានមិនបានត្រួតពិនិត្យជនបរទេសដែលប្រមូលផ្តុំគ្នាក្នុងការឆ្មក់ចូលមជ្ឈមណ្ឌលឆបោកសម្រាប់សញ្ញានៃការជួញដូរមនុស្ស ដោយមនុស្សជាច្រើនចាត់ទុកជាជនសង្ស័យឧក្រិដ្ឋជាជាងជនរងគ្រោះក្នុងពេលធ្វើមាតុភូមិនិវត្តន៍។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្តេជ្ញាថា ការប្រយុទ្ធប្រឆាំងនឹងបណ្តាញបោកប្រាស់ឥឡូវនេះគឺជាអាទិភាពជាតិ ក្រុមដែលតាមដានឧស្សាហកម្មនេះនិយាយថា ស្ថានភាពនៃកម្មករជាប់គាំងការធ្វើតេស្តថាតើការសន្យានោះនឹងប្រែក្លាយទៅជាការការពារ និងការទទួលខុសត្រូវ៕

រាយការណ៍បន្ថែមដោយ ឃួន ណារីម

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Reported Scam Center Survivors Stranded as Embassies Struggle to Help

ព័ត៌មានថ្មី

អត្ថបទពេញនិយម