ក្រុមការងារអង្គការឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិមួយគ្រោងនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដែលនៅតែស្ថិតនៅក្នុង«បញ្ជីប្រផេះ»របស់អង្គការនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រឆាំងការលាងលុយកខ្វក់។ នេះបើយោងតាមសេចក្តីប្រកាសចេញកាលថ្ងៃទី២១ ខែតុលា របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF)។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលបានកត់សម្គាល់ឃើញថាប្រទេសកម្ពុជាបានចាត់វិធានការវិជ្ជមានបណ្តើរៗរួចហើយ ប៉ុន្តែអង្គការនេះនៅតែស្នើឱ្យមាន«ដំណើរទស្សនកិច្ចនៅនឹងកន្លែង…នៅពេលដ៏ឆាប់បំផុត» ដើម្បីផ្ទៀងផ្ទាត់ថាតើ «ការប្តេជ្ញាចិត្តផ្នែកនយោបាយនៅតែមានឬទេ ដើម្បីរក្សាការអនុវត្តដែលមាននិរន្តរភាពនិងភាពប្រសើរឡើងនាពេលអនាគត»។
FATF មិនបានបញ្ជាក់ថាទីតាំងឬអាជ្ញាធរមួយណាក្នុងប្រទេសកម្ពុជាដែលខ្លួនចង់ទៅធ្វើទស្សនកិច្ចឬជួបនោះទេ។
FATF បានព្រមានប្រទេសកម្ពុជាកាលពីខែមិថុនាថាត្រូវបញ្ចប់ «ផែនការសកម្មភាព»កំណែទម្រង់នៅត្រឹមខែតុលា ឬត្រូវប្រឈមមុខនឹងផលវិបាកដែលអាចរាប់បញ្ចូលទាំងទណ្ឌកម្មពីសមាជិក FATF ដូចជាសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងជាដើម។ ថ្ងៃផុតកំណត់ដំបូងសម្រាប់ការងារកំណែទម្រង់ដែលអង្គការនេះបានដាក់ឱ្យកម្ពុជាត្រូវបានកំណត់នៅខែមករា ឆ្នាំ២០២១។
នៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួន FATF បានបញ្ជាក់ថា ប្រទេសកម្ពុជា«បានបញ្ចប់ផែនការសកម្មភាពរបស់ខ្លួនយ៉ាងច្រើន»។
FATF បានកត់សម្គាល់ថា «កំណែទម្រង់សំខាន់ៗ»ដែលកម្ពុជាសម្រេចបានរួមមានការបណ្តុះបណ្តាលដល់ព្រះរាជអាជ្ញា ចៅក្រម និងអាជ្ញាធរផ្សេងទៀត ការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការរឹបអូសទ្រព្យសម្បត្តិជាដើម។ FATF ក៏បានបន្ថែមថាអាជ្ញាធរក៏កំពុង«ធ្វើការផ្សព្វផ្សាយ» ដល់វិស័យកាស៊ីណូ និងអចលនទ្រព្យផងដែរពីបញ្ហានេះ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាមានវឌ្ឍនភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាការលាងលុយកខ្វក់»។ លោកបានបន្តថា៖ «មានអនុសាសន៍ជាច្រើនដែលផ្តល់ដោយ FATF នៅមិនត្រូវបានដោះស្រាយ ឬនៅតែមិនផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ការស៊ើបអង្កេតករណីលាងលុយកខ្វក់ និងសកម្មភាពឧក្រិដ្ឋកម្ម»។
លោក ពិសី បានលើកឡើងថាមានការត្រួតពិនិត្យឬតាមដានតិចតួចពីរបៀបនៃការអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលកំពុងត្រូវបានអនុវត្តដោយគណៈកម្មាធិការប្រឆាំងការលាងលុយកខ្វក់ដែលគ្រប់គ្រងដោយក្រសួងយុត្តិធម៌។
លោក ពិសី បានបន្តថា៖ «វាផ្តល់លទ្ធផលជាក់ស្តែងកម្រិតណា[ច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ] [វា]នៅតែត្រូវវាយតម្លៃ។ ប៉ុន្តែប្រព័ន្ធសភាឯកបក្ស ក៏ធ្វើឱ្យពិបាកសម្រាប់ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងតាមដានជាសាធារណៈលើបញ្ហានេះ»។
ទាក់ទងនឹងថាតើកំណែទម្រង់ FATF បាននាំឱ្យមានការកើនឡើងនូវសំណុំរឿងលាងលុយកខ្វក់ និងការរឹបអូសទ្រព្យសម្បត្តិឬយ៉ាងណានោះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកបានប្រាប់អ្នកសារព័ត៌មានខេមបូចា ឱ្យទៅសួរអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិ ប៉ុន្តែស្ថាប័ននេះមិនបានឆ្លើយតបអ៊ីម៉ែល និងទូរសព្ទរបស់អ្នកសារព័ត៌មានឡើយ។
ភាពទូលំទូលាយរបស់កម្ពុជាចំពោះការលាងលុយកខ្វក់កំពុងកើនឡើង មិនមែនថយចុះទេ។នេះបើយោងតាមសន្ទស្សន៍ប្រឆាំងការលាងលុយកខ្វក់របស់វិទ្យាស្ថានអភិបាលកិច្ចBaselក្នុងប្រទេសស្វីស ដែលជាស្ថាប័នមួយមិនរកប្រាក់ចំណេញ។ ខណៈពេលដែលនៅឆ្នាំ២០២១ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១១ ក្នុងបញ្ជីប្រទេសដែលមានហានិភ័យបំផុតសម្រាប់សកម្មភាពលាងលុយកខ្វក់ ប៉ុន្តែថ្មីៗនេះចំណាត់ថ្នាក់កម្ពុជាបានឡើងដល់លេខ៧ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន Basel ដែលចេញកាលពីថ្ងៃទី៤ខែតុលា។ របាយការណ៍បានរកឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផលបំផុតសម្រាប់ការលាងលុយកខ្វក់នៅក្នុងតំបន់អាស៊ី បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា។
លោក ពិសី បានបន្ថែមថា ច្បាប់ប្រឆាំងការលាងលុយកខ្វក់ឆ្នាំ២០២០របស់កម្ពុជា កំណត់ឱ្យមានការធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ភ្នាក់ងារអចលនទ្រព្យ វិស័យល្បែងស៊ីសង និងអាជីវកម្មផ្សេងទៀតដែលចរាចរបរិមាណប្រាក់ដ៏ច្រើន ប៉ុន្តែមានតែ «ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនតូច» ប៉ុណ្ណោះដែលកំពុងនិងបានធ្វើកិច្ចការនេះ។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានលើកឡើងថា សេដ្ឋកិច្ចផ្អែកលើសាច់ប្រាក់នៅអាស៊ីអាគ្នេយ៍ និងព្រំដែនដ៏ធូររលុងបានធ្វើឱ្យការលាងលុយកាន់តែងាយស្រួលផងដែរ។
វិស័យកាស៊ីណូរបស់ប្រទេសកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុបានលេចចេញជាឧស្សាហកម្មជួញដូរមនុស្ស និងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ទោះបីជាអាជ្ញាធរបានចាប់ផ្តើមបង្ក្រាបសកម្មភាពទាំងហើយក្តី។
របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែកក្កដា បានទម្លាក់ប្រទេសកម្ពុជាមកចំណាត់ថ្នាក់ទាបបំផុត ដោយលើកឡើងថាកម្ពុជាមានការខិតខំតិចតួចក្នុងការស៊ើបអង្កេត ឬចាប់អ្នកជួញដូរមនុស្សឱ្យមានការទទួលខុសត្រូវ ជាពិសេសនៅនៅតាម«កន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ និងតាមប្រព័ន្ធអ៊ីធឺណិត»។
កាសែតភ្នំពេញប៉ុស្តិ៍ បានរាយការណ៍ថាកាលពីខែកុម្ភៈថាតុលាការខេត្តព្រះសីហនុ បានបង្កើតក្រុមការងារមួយ ដើម្បីតាមដានការលាងលុយ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែ លោក លី ច័ន្ទតារា អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់ថាលោកមិនមានទិន្នន័យករណីលាងលុយកខ្វក់ដែលក្រុមការងារលោកបានស៊ើបនោះទេ។
លោក ពិសី នាយកអង្គការតម្លាភាពអន្តរជាតិមានប្រសាសន៍បន្ថែមថា៖ «ដោយសារការជួញដូរមនុស្ស ការលាងលុយ និងឧក្រិដ្ឋកម្មផ្សេងទៀតមានទំនាក់ទំនងគ្នាទៅវិញទៅមក វាទាមទារឱ្យអាជ្ញាធររដ្ឋទាំងអស់សហការគ្នា និងដោះស្រាយបញ្ហានេះជាប្រព័ន្ធ។ នេះមានន័យថា កម្ពុជាក៏ត្រូវបង្កើនកិច្ចសហការអន្តរជាតិ និងការចែករំលែកព័ត៌មាន ក៏ដូចជាកសាងធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពបច្ចេកទេស [សម្រាប់ការប្រឆាំងការលាងលុយកខ្វក់]…»។
លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា មានប្រសាសន៍ថា ការស្ថិតក្នុងបញ្ជីប្រផេះរបស់ FATF អាចធ្វើឱ្យអ្នកវិនិយោគបរទេសមានការប្រុងប្រយ័ត្នចំពោះប្រតិបត្តិការហិរញ្ញវត្ថុជាមួយប្រទេសកម្ពុជា។
លោក Galliano មានប្រសាសន៍ថា៖ «ធនាគារដៃគូរ និងស្ថាប័នហិរញ្ញវត្ថុអន្តរការីផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រតិបត្តិការជាមួយស្ថាប័ននៅកម្ពុជា ទំនងជាទាមទារកម្រិតខ្ពស់នៃការធ្វើសវនកម្មដោយតម្រូវឱ្យទាមទារឯកសារ និងតម្លាភាពកាន់តែច្រើននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលទើបតែទទួលស្គាល់ពីវិសាលភាពនៃការជួញដូរមនុស្សនៅកម្ពុជាក្នុងប៉ុន្មានខែថ្មីៗនេះ បានលើកឡើងកាលពីខែកញ្ញាថា ការខកខានក្នុងការដោះស្រាយការលាងលុយកខ្វក់អាចនាំឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងបញ្ជីខ្មៅរបស់ FATF ជាមួយនឹងផលវិបាកកាន់តែច្រើន។ ប្រទេសដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការនេះរួមមាន អ៊ីរ៉ង់ កូរ៉េខាងជើង និងមីយ៉ាន់ម៉ា អាចប្រឈមនឹងទណ្ឌកម្ម។
លោក ស ខេង បានថ្លែងថា៖ «នៅពេលយើងស្ថិតក្នុងបញ្ជីខ្មៅ ប្រតិបត្តិការធនាគារយើងនឹងមានកម្រិតសូន្យ ហើយបញ្ហានេះនឹងធ្វើឱ្យមានមហន្តរាយដល់សេដ្ឋកិច្ចជាតិ»៕ (រាយការណ៍បន្ថែមដោយ លោក ស៊ន សារ៉ាត)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ International Money Laundering Watchdog Plans Visit to Cambodia