សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់​តែរងការរឹតត្បិត

សកម្មភាពអ្នកសារព័ត៌មានឯករាជ្យម្នាក់កំពុងអង្គុយសរសេរអត្ថបទព័ត៌មាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា)
សកម្មភាពអ្នកសារព័ត៌មានឯករាជ្យម្នាក់កំពុងអង្គុយសរសេរអត្ថបទព័ត៌មាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា)

ទស្សនៈ៖ អ្នកសារព័ត៌មាន មកពី​ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាអះអាងថា ពួកគេកំពុងប្រឈម​ឧបសគ្គក្នុងការស្នើសុំសម្ភាស ឬសុំមតិយោបល់ពីប្រភពអ្នកវិភាគឯករាជ្យ និងអ្នកអត្ថាធិប្បាយសង្គមលើប្រធានបទបែបរិះគន់ ឬបញ្ហារសើប ដោយសារពួកគេបារម្ភពីការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយ។

បញ្ហានេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់លំហូរនៃព័ត៌មាន ដែលអាចទុកចិត្តបានសម្រាប់សាធារណជនក្នុងការទទួលបានព័ត៌មានពីគ្រប់ភាគី និងគ្រប់ជ្រុងជ្រោយ។

ខណៈអ្នកសារព័ត៌មានបង្ហាញការសោកស្ដាយ ដោយយល់ថា ភាពភ័យខ្លាចរបស់ប្រភពដែលមិនហ៊ានបញ្ចេញមតិ ក៏ជាទម្រង់មួយនៃការរឹតត្បិតសេរីភាពសារព័ត៌មានផងដែរ។

កញ្ញា ស៊ើង និមល់ អ្នកសារព័ត៌មានម្នាក់របស់ ខេមបូចា​ព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននេះពិតជាមានការលំបាកក្នុងការស្វែងរកប្រភពដែល «ហ៊ានបញ្ចេញមតិ» លើបញ្ហាអវិជ្ជមានសង្គម និងបញ្ហារសើបមួយចំនួន។

អ្នកសារព័ត៌មានរូបនេះនិយាយថា៖ «មួយរយៈនេះនៅពេលទាក់ទងទៅប្រភពលើរឿងនយោបាយ រឿងសិទ្ធិសេរីភាពផ្សេងៗ និងទំនាស់អ្វីហ្នឹងគឺវាមានការពិបាកជាងមុន។ ការពិបាកហ្នឹងត្រង់ថា អត់មានអ្នកដែលគាត់អាចនិយាយបានទៀត អ្នកដែលគាត់ធ្លាប់និយាយបានកន្លងមកគឺពួកគាត់ចេញទៅក្រៅស្រុកច្រើនដោយសារតែគាត់រងពាក្យបណ្ដឹងផ្សេងៗ[ដោយសារតែការបញ្ចេញមតិ]»

ចែករំលែកបទពិសោធន៍ស្រដៀងគ្នា លោក លាស់ លីបលីប អ្នកសារព័ត៌មាន​នៃវិទ្យុ វីអូអេ បានលើកឡើងថា លោកក៏មានការលំបាកក្នុងការស្វែងរកសម្ភាសប្រភពដែលជាអ្នកអត្ថាធិប្បាយលើប្រធានបទរិះគន់ និងបញ្ហារសើបផងដែរ ខណៈប្រភពខ្លះក៏បានស្នើសុំមិនផ្ដល់មតិ ឬពេលខ្លះពួកគេនិយាយថាបញ្ហានេះមិនពាក់ព័ន្ធ។

លោកបន្តថា៖ «សម្រាប់បញ្ហាដែលពួកគេ [អ្នកអត្ថាធិប្បាយ] ប្រយ័ត្ន និងបារម្ភ គឺការនិយាយអ្វីដែលវាមិនប៉ះពាល់ដល់ខ្លួន»។នេះបើតាមការឱ្យដឹងរបស់ លោក លីបលីប ដែលបានបម្រើការងារជាអ្នកសារព័ត៌មានអស់រយៈពេលប្រមាណ៣ឆ្នាំ​។

អ្នកសារព័ត៌មានឯករាជ្យម្នាក់ គឺលោក វ៉ា សុភានុត បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០២៣ មក និន្នាការនៃការអត្ថាធិប្បាយរបស់អ្នកវិភាគឯករាជ្យ ឬអ្នកអត្ថាធិប្បាយសង្គមជាមួយអ្នកសារព័ត៌មានលើបញ្ហាបែបរិះគន់ ចាប់ផ្ដើមថមថយ។

លោកបន្ថែមថា បច្ចុប្បន្ននេះគឺប្រភព​អ្នកអត្ថាធិប្បាយនានាមានការប្រុងប្រយ័ត្ន និងរឹតត្បិតលើខ្លួនឯង មុនពេល​ពួកគេនិយាយ​ទៅកាន់​អ្នកសារព័ត៌មាន ពិសេស​បញ្ហា​ពាក់ព័ន្ធ​នឹង​នយោបាយ។​​ លោកបន្តថា៖​ «ពួកគេភាគច្រើនបាន​ធ្វើ​អត្ថាធិប្បាយ​ជា​ទូទៅ [ជា​ជាង​បញ្ហាជាក់លាក់] លើ​ប្រធាន​បទ​ទាក់​ទង​នឹង​មេ​ដឹក​នាំ​នយោបាយ»

ក្រុមផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់ខេមបូចា ដែលឃ្លាំមើលស្ថានភាពសេរីភាព​សារព័ត៌មាន បានសម្ភាសអ្នកតស៊ូមតិសិទ្ធិមនុស្ស អ្នកវិភាគសង្គម និងនយោបាយមួយចំនួន ដែលបាននិយាយថា សេរីភាពនៃការបញ្ចេញមតិត្រូវបានបន្តរឹតត្បិត។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្ស លីកាដូ និងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សអស់រយៈពេលជាង២០ឆ្នាំ បានកត់សម្គាល់ថា ការធ្លាក់ចុះនៃសេរីភាពក្នុងការបញ្ចេញមតិ កើតមាន បន្ទាប់ពី​គណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាត្រូវបានរំលាយចោលនៅឆ្នាំ ២០១៧។

លោកឱ្យដឹងទៀតថា សេរីភាពនៃការបញ្ចេញមតិ គឺជាការចាំបាច់ និងជាមូលដ្ឋានគ្រឹះនៅក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែសេរីភាពនៃការបញ្ចេញមតិទាក់ទងនឹងបញ្ហារិះគន់ហាក់ត្រូវបានរឹតបន្តឹង។

លោកបន្តថា៖ «ដូច្នេះការផ្ដល់បទសម្ភាសន៍ ឬក៏ផ្ដល់បទវិភាគនានាហ្នឹង ខ្ញុំយល់ថានៅតែបន្ត ប៉ុន្តែ គ្រាន់តែថា ដូចជាខ្ញុំបានលើកឡើង ចំណុចខ្លះក៏ត្រូវមានការប្រយ័ត្នប្រយែង។ យើងបានកំណត់សេរីភាពខ្លួនឯងមួយចំនួនក្នុងការធ្វើការអត្ថាធិប្បាយ ឬការផ្ដល់នូវការវិភាគ។ យើងឃើញថា កន្លងមកនេះ រូបភាពថ្មីទាក់ទងជាមួយការបញ្ចេញមតិ មានអ្នកនយោបាយ[ជំទាស់] និងមន្ត្រីសង្គមស៊ីវិលមួយចំនួនក៏ត្រូវរងបណ្ដឹង ជាមួយនឹងការទាមទារសំណងដ៏ខ្ពស់»

ទិដ្ឋភាពអ្នកសារព័ត៌មានអញ្ជើញចូលរួមក្នុងកម្មវិធីមួយក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/ ព្រីង សំរាំង)

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ដែល​មាន​គំនិត ​ឬទស្សនៈផ្ទុយ មានការខ្លាចរអាក្នុងការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម និង​ជាមួយសារ​ព័ត៌មាន។

លោកថ្លែងថា៖ «ដោយសារតែពួកយើងមើលឃើញពីការចោទប្រកាន់ ការប្ដឹងផ្ដល់ទៅដល់អ្នកដែលបញ្ចេញមតិហ្នឹង វាកាន់តែមានច្រើនឡើង ដូច្នេះហើយទើបវាធ្វើឱ្យអ្នកដែលបញ្ចេញមតិមួយចំនួនក្នុងសង្គមយើង ជាពិសេស អ្នកដែលនិយាយតាមបណ្ដាញសារព័ត៌មាន មានការបាម្ភពីការបញ្ចេញមតិរបស់ខ្លួន»

អ្នកវិភាគសង្គម និងនយោបាយមួយចំនួន បានលើកឡើងថា ពួកគេបានទទួលនូវបទ​ពិសោធន៍ គំរាមកំហែង បន្ទាប់ពីពួកគេបញ្ចេញមតិបែបរិះគន់នៅលើបណ្តាញសារព័ត៌មាន។ ក្នុងនោះដែរ ពួកគេក៏បានលើកឡើងដូចគ្នាថា បញ្ហាមួយចំនួនមិនអាច «និយាយដោយសេរីសម្រាប់អ្នកនៅក្នុង ប្រទេសនោះឡើយ»។ ដោយឡែក ពួកគេកត់សម្គាល់ថា ការបញ្ចេញមតិ បែប «ធម្មតា ឬទូទៅ» ដោយមិនប៉ះពាល់អ្នកមានអំណាច គឺផ្ដល់នូវសុវត្ថិភាព។

បើតាមការលើកឡើងរបស់អ្នកវិភាគម្នាក់ថា៖ «រឿងព្រែកជីកហ្វូណនខ្ញុំអាចនិយាយបានខ្លះ តែ CLV ខ្ញុំលែងហ៊ាននិយាយហើយ ដោយសារយើងឃើញ សកម្មភាពកើតឡើងច្រើនដូចជាការចាប់ចងអ្វីហ្នឹង ដែលធ្វើឱ្យម្នាក់ៗរួញគំនិតទាំងអស់គ្នា»

កាល​ពី​ខែ​កុម្ភៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ត្រូវ​បាន​គណបក្ស​ប្រជាជនកម្ពុជាដែលកំពុងកាន់​អំណាច​ប្តឹង​បន្ទាប់ពីលោកបាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី ខ្មែរ ដោយលោកត្រូវបានចោទថាបានធ្វើអត្ថាធិប្បាយដែលបង្កចលាចល និងញុះញង់ឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹងទៅ​តុលាការឲ្យ​ផ្ដន្ទាទោស​លោក សែនករុណា តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២ពាន់​លាន​រៀល (ប្រមាណ៥០ម៉ឺន​ដុល្លារ)។ លោក សែនករុណា ក្រោយមកបានភៀសខ្លួនទៅក្រៅប្រទេសដើម្បីសុវត្ថិភាពរបស់គាត់។

ការចោទប្រកាន់ពីបទញុះញង់ និងបទបរិហារកេរ្តិ៍ត្រូវបានប្រើប្រាស់ «ជាទូទៅ» ដើម្បីដាក់ទោសដល់សកម្មជន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងសូម្បីតែអ្នកសារព័ត៌មាន។

ក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតបិទការចូលប្រើព័ត៌មានដែលមានមូលដ្ឋាននៅបរទេស និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់  ឌឹ ខេមបូឌាដេលី ខ្មែរ វិទ្យុអាស៊ីសេរី (RFA) និងគេហទំព័រកំណត់ត្រា។
ការបញ្ជានេះ​ធ្វើឡើងក្រោយ​ពីស្ថាប័នសារព័ត៌មាន ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជាឱ្យបិទ​កាលពីថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៣។

ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​បានចាប់ផ្ដើម​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក ដោយរួមមាន​ការ​បិទសារព័ត៌មាន The Cambodia Daily ដោយសារការចោទប្រកាន់រឿងពន្ធ។ បន្ទាប់​មក ស្ថាប័នសារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​គេ​លើកឡើង​ថា បាន​លក់​ទៅ​ឱ្យ​បុគ្គល​ដែលមានសម្ព័ន្ធភាពជាមួយនឹង​​រដ្ឋាភិបាល និងស្ថាប័នសារព័ត៌មាន ​វិទ្យុ​អាស៊ីសេរី​ ក៏ត្រូវបង្ខំបិទការិយាល័យនៅក្រុងភ្នំពេញ។

លោកស្រី ឆន សុគន្ធា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មានប្រសាសន៍ថា វាមានការពិបាកសម្រាប់អ្នកសារព័ត៌មានក្នុងការសម្ភាសប្រភពឯករាជ្យក្នុងស្រុកទៅលើបញ្ហាបែបរិះគន់។ លោកស្រី​បានបន្តថា ​ប្រភពអ្នកអត្ថាធិប្បាយទាំងនោះ​ជា​ធម្មតា​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​នៅ​ពេល​ផ្តល់​យោបល់​លើ​បញ្ហា​រិះគន់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ​ឬ​បុគ្គល​មាន​អំណាច។

លោកស្រីបន្តថា៖ «​វា​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​មិន​អាច​រាយការណ៍​​រឿង​រសើប​ ដែល​ធ្វើ​ឲ្យ​សាធារណជន​មិន​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​»។ លោកស្រីបន្ថែមថា វានឹងនាំ​ឱ្យ​មាន​ការ​ខ្វះ​ព័ត៌មាន​អសកម្មអំពី​បញ្ហា​សង្គម។

យោងតាម ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) បង្ហាញថា គោលការណ៍សំខាន់នៃសេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការបញ្ចេញមតិ ដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សង្គមប្រជាធិបតេយ្យ។ ក្នុងនោះ OHCHR ក៏បានបញ្ជាក់ដែរថា៖ «​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​នូវ​កង្វល់ និង​យោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​»​

តាមរយៈរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ដីពីស្ថានភាពសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន បង្ហាញថា ក្នុងឆ្នាំ២០២៣ សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅតែបន្តរឹតត្បិតនៅក្នុងប្រទេសកម្ពុជា៕

153 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម