សាលាដំបូងខេត្តកំពង់ធំចេញសាលក្រមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថ៣នាក់មិនមានកំហុសទេជុំវិញករណីស្លាប់អនុភូមិរូង នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយពួកគេនឹងត្រូវដោះលែងក្នុងរយៈពេល២ខែទៀតបើសិនជាមិនមានការប្តឹងឧទ្ធរណ៍ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបានបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការបង្ក្រាបនេះបានចាប់ខ្លួនបុរស៤នាក់ ក្នុងចំណោមនោះម្នាក់ជាអនុភូមិឈ្មោះ សួង ឌ័ន បានស្លាប់នៅពេលកំពុងដឹកយកទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំ។ ក្រោយករណីស្លាប់អនុភូមិរូបនេះ មន្ត្រីកងរាជអាវុធហត្ថ៣នាក់ត្រូវឃាត់ខ្លួនហើយបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទមនុស្សឃាតដោយអចេតនា។
លោក សូ សុវណ្ណារ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ថ្លែងថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំសម្រេចលើកម្លាំងកងរាជអាវុធហត្ថទាំង៣រូបនោះបានចូលជាស្ថាពរហើយ។ លោកបញ្ជាក់ថា សាលក្រមនោះរកមិនឃើញថាកម្លាំងអាវុធហត្ថទាំង៣រូបមានកំហុសទេ។
លោក សូ សុវណ្ណារ៉េត បញ្ជាក់ថា៖ «តាមអំណាចសាលក្រមឱ្យរួចផុតពីបទចោទ។ អំណាចសាលក្រម១៩ច ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២»។
លោក សូ សុវណ្ណារ៉េត ឱ្យដឹងទៀតថា ចាប់តាំងពីសាលក្រមចេញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលសាលក្រមបានចូលជាស្ថាពរនេះមិនមានគ្រួសារ ឬភាគីណាប្តឹងជំទាស់ទេ។ លោកបន្តថា តាមផ្លូវច្បាប់បើសិនជាក្នុងរយៈពេល២ខែទៀតបើមិនមានការប្តឹងឧទ្ធរណ៍ទេ នោះអ្នកទាំង៣នឹងត្រូវដោះលែងតាមអំណាចសាលក្រមសាលាដំបូងខេត្តកំពង់ធំ។
កញ្ញា ឌិន នារតី ជាកូនជនរងគ្រោះថ្លែងថា ដោយសារតែរូបគាត់មិនមានលុយ និងពេលវេលាក្នុងការធ្វើដំណើរទៅមកញឹកញាប់ទៅតុលាការ រូបគាត់ និងគ្រួសារក៏សម្រេចទទួលយកសំណង១ម៉ឺន៥ពាន់ដុល្លារ ហើយដកពាក្យបណ្តឹងវិញ។
កញ្ញា ឌិន នារតី បញ្ជាក់ថា៖«ដោយសារខ្ញុំអត់ចង់មានបញ្ហា នៅពេលខ្ញុំយកសំណងទៅក៏ខ្ញុំនិយាយជាមួយតុលាការថា ស្រេចតែលើតុលាការកាត់ចឹងទៅណាបង។ ដោយសារណាមួយខ្ញុំត្រូវឡើងចុះៗ ខ្ញុំនៅភ្នំពេញ ខ្ញុំត្រូវលក់នៅភ្នំពេញវាពិបាក»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ យល់ឃើញថា ករណីនេះជា គំរូមិនល្អដែលអ្នកអនុវត្តច្បាប់អនុវត្តការងារហើយមានបញ្ហាតែមិនមានអ្នកទទួលខុសត្រូវ។
លោក អំ សំអាត ថ្លែងថា៖ «បើសិនជាតុលាការសម្រេចក្តីចេញសាលក្រមមិនមានពិរុទ្ធភាពលើរឿងហ្នឹង វាបញ្ហាមិនមានអ្នកទទួលខុសត្រូវ ក្នុងព្រឹត្តិការណ៍ដែលបានកើតឡើង បានន័យថា ក្នុងអង្គហេតុដែលបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់។ អាហ្នឹងជាគំរូអាក្រក់មួយសម្រាប់អ្នកអនុវត្តច្បាប់តទៅទៀត»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើសំណុំរឿងនេះ ដើម្បីធានាកុំឱ្យមានជនរងគ្រោះបន្ត និងនាំឱ្យប៉ះពាល់ដល់ដំណើរការអនុវត្តច្បាប់។
លោក សែនករុណា បន្ថែមថា៖ «យើងចង់ឃើញការអនុវត្តន៍ច្បាប់គួរតែមានការពិនិត្យមើល និងអនុវត្តន៍ឱ្យបានតឹងរឹងចំពោះបទល្មើសបែបហ្នឹង ពាក់ព័ន្ធអំពើទារុណកម្ម ឬ ហិង្សាដែលបណ្តាលឱ្យមានមនុស្សស្លាប់បែបហ្នឹងវាមិនគួរកើតមានឡើងទៀតទេនៅក្នុងសង្គមកម្ពុជា»។
ជុំវិញករណីនេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនបកស្រាយទេ ដោយលោករុញឱ្យទៅសួរតុលាការ។
លោក អេង ហ៊ី គ្រាន់តបយ៉ាងខ្លីថា៖ «សួរទៅតុលាការបង! បាទៗ! ហ្នឹងហើយ អរគុណ! ពាក់ព័ន្ធនឹងតុលាការសួរទៅតុលាការ»។
ចំណែក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក មាស យ៉ត ក៏មិនបកស្រាយដែរ។ ក្រោយការស្លាប់លោក សួង ឌ័ន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ភ្លាមៗ កញ្ញា ឌិន នារតី បានផ្សព្វផ្សាយសារលើហ្វេសប៊ុកបន្តបន្ទាប់ ទាមទាររកយុត្តិធម៌ដោយថា ឪពុករបស់កញ្ញា បានស្លាប់ដោយរងអំពើហិង្សាពីសមត្ថកិច្ច។ ក្រោយពីមានការផ្សព្វផ្សាយរបស់កញ្ញា ឌិន នារតី លើហ្វេសប៊ុកហើយមានការចែករំលែកច្រើនរួចមក ទើបកងរាជអាវុធហត្ថលើផ្ទៃប្រទេសរៀបចំគណៈកម្មការចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ៣នាក់បញ្ជូនទៅតុលាការ៕