មន្ទីរកសិកម្មខេត្តកណ្តាលណែនាំកសិករឱ្យបញ្ឈប់ផ្សព្វផ្សាយករណីបន្លែគ្មានទីផ្សារ

ត្រាក់ទ័រភ្ជួរសាលាដរបស់កសិករឈ្មោះ តៃ សុង នៅស្រុកស្អាងខេត្តកណ្តាល លើផ្ទៃដីកន្លះហិកតា នៅថ្ងៃទី២ខែឧសភាឆ្នាំ២០២១។ រូបផ្តល់ឱ្យដោយកសិករ
ត្រាក់ទ័រភ្ជួរសាលាដរបស់កសិករឈ្មោះ តៃ សុង នៅស្រុកស្អាងខេត្តកណ្តាល លើផ្ទៃដីកន្លះហិកតា នៅថ្ងៃទី២ខែឧសភាឆ្នាំ២០២១។ រូបផ្តល់ឱ្យដោយកសិករ
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

មន្ត្រីមន្ទីរកសិកម្មខេត្តកណ្តាលបានណែនាំដល់កសិករនៅស្រុកស្អាងឱ្យជៀសវាងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមពីបញ្ហាកសិផលមិនមានទីផ្សារដោយបារម្ភថា អាចធ្វើឱ្យសាធារណជនយល់ខុសលើការប្រឹងប្រែងរបស់មន្ត្រី។

នៅដើមសប្តាហ៍នេះ លោកតៃ សុង អ្នកដាំបន្លែនៅឃុំទឹកវិលស្រុកស្អាង បានផ្សព្វផ្សាយសារបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក និងបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពីបន្លែមិនមានទីផ្សារ ហើយត្រូវភ្ជួរចោលរាប់សិបតោន និងរាប់ពាន់តោនទៀតប្រឈមភ្ជួរចោលដូចគ្នាដោយសារគ្មានទីផ្សារ។​

លោក តៃ សុង បាននិយាយថា នៅព្រឹកថ្ងៃទី៣០ខែមេសា មន្ត្រីមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្មនៅខេត្តកណ្តាល និងអាជ្ញាធរដែនដីដែលមានគ្នាទាំងអស់ជាង១០នាក់ បានចុះទៅដល់ផ្ទះរបស់លោក ដើម្បីធ្វើការណែនាំឲ្យលោកបញ្ឈប់ធ្វើការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកពីករណីបន្លែគ្មានទីផ្សារ។

ក្នុងកំណត់ហេតុប្រជុំនោះ លោក ឡុង សុខុន តំណាងមន្ទីរកសិកម្មខេត្តកណ្តាលណែនាំឱ្យលោក តៃ សុង ត្រូវទាក់ទងទៅអាជ្ញាធរពេលមានបញ្ហា ជៀសវាងការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកទៀត។

កំណត់ហេតុប្រជុំសរសេរថា៖«ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យមិនគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យសាធារណជនមានការយល់ខុស ធ្វើឱ្យការខិតខំរបស់មន្ត្រីដែលបានព្យាយាមជួយនៅពេលកន្លងមក មន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មបាននាំក្រុមហ៊ុនមកទទួលទិញសាលាដ»។​

លោក តៃ សុង ថ្លែងថា លោកហួសចិត្តដែលមន្ត្រីពាក់ព័ន្ធមិនបានស្វែងរកដំណោះស្រាយក្នុងករណីបន្លែកសិករលក់មិនដាច់បែរជាហាមឃាត់លោកមិនឱ្យផ្សព្វផ្សាយបញ្ហាដែលកំពុងជួបប្រទះទៅវិញ។​

លោក តៃ សុង បានបន្តថា ករណីលោកមិនបានទាក់ទងទៅអាជ្ញាធរមូលដ្ឋានព្រោះថា ប្រធានភូមិ និង មេឃុំនៅកន្លែងលោកក៏ដាំដុះបន្លែហើយមិនមានទីផ្សារភ្ជួរចោលបន្តបន្ទាប់ដូចគ្នា។​

លោក តៃ សុង៖«អាជ្ញាធរភូមិឃុំ មេភូមិអីគាត់ជាអ្នកដាំបន្លែដែរ ឃើញមុខគ្នារាល់ថ្ងៃហើយ គាត់ភ្ជួរចោលដូចតែយើងដែរតាមជាក់ស្តែង។​ ចឹងគាត់គួរតែដឹងហើយ គាត់អាចខ្នះខ្នែងប្រាប់ទៅលើហើយ ព្រោះនេះជាតួនាទីគាត់ច្រើនជាងយើង»។

ចំពោះការតម្រូវឱ្យលោកចុះហត្ថលេខាទទួលកំហុសដោយសារតែលោកផ្សព្វផ្សាយពីករណីបន្លែគ្មានទីផ្សារនេះ លោក តៃ សុង ចាត់ទុកថា ជាការគាបសង្គត់។

លោក តៃ សុង៖«ខ្ញុំអត់គិតថា ប៉ះពាល់ដល់អ្នកណាផង ដោយសារខាងខ្ញុំនេះធ្វើខ្លួនឯង អត់ទីផ្សារខ្លួនឯង រកទីផ្សារអត់បានខ្លួនឯងហើយ ខាងកសិកម្ម ខាងក្រសួងគាត់អត់បានជួយយើងតាំងពីដើមមករហូតទៅហើយ ចឹងជាសិទ្ធិរបស់ខ្ញុំ។​ ខ្ញុំយល់ថា វាអត់មានអីខ្លាចការបង្ហោះទេ ដល់តែពួកគាត់មកណែនាំចឹងជាការគាបសង្កត់ខ្ញុំខ្លាំង ខ្ញុំមានអារម្មណ៍ថា ពិបាកបង្ហោះទូលំទូលាយដូចមុន»។​

នៅព្រឹកថ្ងៃអាទិត្យនេះ លោក តៃ សុង បានសម្រេចចិត្តភ្ជួរចោលសាលាដរបស់លោក កន្លះ ហិកតាបន្ថែមទៀត ដែលស្មើនឹង១៤តោន។ គិតពីដើមខែមេសាឆ្នាំ២០២១មកលោកបានភ្ជួរដំណាំសាលាដរបស់លោក ២៥តោន។

ខេមបូចា ព្យាយាមទាក់ទងទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី និង ប្រធានមន្ទីរកសិកម្មខេត្តកណ្តាលលោក ប៊ុនទួន ស៊ីមូណា ដើម្បីសាកសួរពីមូលហេតុដែលហាមកសិករមិនឱ្យផ្សព្វផ្សាយសារជុំវិញករណីបន្លែមិនមានទីផ្សារនេះ ប៉ុន្តែមន្ត្រីទាំងនេះមិនលើកទូរសព្ទ។​

បន្ទាប់ពីប្រជុំជាមួយលោក តៃ សុង មន្ត្រីមន្ទីរពាណិជ្ជកម្ម និង មន្ត្រីមន្ទីរកសិកម្មខេត្តកណ្តាលបានទុកលេខទូរសព្ទ៣ខ្សែសម្រាប់ឱ្យកសិករទាក់ទងទៅពេលមានបញ្ហាផ្សេងៗជុំវិញបញ្ហាកសិកម្ម។ ទូរសព្ទទាំង៣ខ្សែនេះក៏អ្នកសារព័ត៌មានខេមបូចា ទាក់ទងមិនមានអ្នកទទួលដែរ។

លោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា បើបន្លែដែលមានលិខិតអនុញ្ញាតត្រឹមត្រូវហើយរកទីផ្សារមិនបានលក់លោកអាចជួយសម្របសម្រួលលក់ចេញបាន ។ ប៉ុន្តែបញ្ហានៅមូលដ្ឋានជាការងាររបស់ក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋាន។

លោក ប៉ែន សុវិជាតិ៖ «បើសិនជាយើងមានប្រភពត្រឹមត្រូវនាំចូលមក មានច្បាប់ឱ្យនាំចូលក្នុងរយៈកាលបិទខ្ទប់នេះ ក្រសួងចេះតែជួយសម្របសម្រួលទៅទីផ្សារមួយចំនួនដែលគេទទួលទិញដូចជា ម៉ាក្រូ ផ្សារធំៗខ្លះ ដូចជាផ្សារលក់រាយខ្លះដែលគាត់អាចជួយទិញ ជឿថា មានប្រភពទិញហើយ។​ ប៉ុន្តែមិនមែនឱ្យតែមានបញ្ហាអីក្រសួងពាណិជ្ជកម្មអន្តរាគមន៍នោះទេគឺជាកាតព្វកិច្ចរបស់ក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋាន។ ហើយបើគាត់ដឹកមកហើយ មិនដឹងទាក់ទងទៅកន្លែងណាលក់ អាណឹងចាំមកទាក់ទងក្រុមបង»។

យោងតាមមាត្រា៦២នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃកសិផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិផល។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានលើកឡើងថា វិធានការរបស់មន្ត្រីនៅខេត្តកណ្តាលនេះ មិនមែនជាចំណុចនៃដំណោះស្រាយដែលកសិករកំពុងជួបការលំបាកទេ តែជាការរំលោភសិទ្ធិពួកគាត់ទៅវិញ។​

លោក ថេង សាវឿន បន្តថា កិច្ចការដែលត្រូវធ្វើចំពោះមុខអាជ្ញាធរត្រូវខិតខំដោះស្រាយបញ្ហាដែលកសិករកំពុងជួប។​

លោក ថេង សាវឿន៖ «យុទ្ធសាស្ត្រទី១ដែលត្រូវធ្វើនោះគឺអាជ្ញាធរត្រូវពាំនាំ ភោគផល កសិផលដែលកសិករផលិតបានដោយមិនបានពឹងពាក់លើមន្ត្រីខ្លួននោះ ក្នុងការផ្តល់បច្ចេកទេសដាំដុះ បច្ចេកទេសគាំទ្រនោះ មកយកនូវអ្វីដែលមានផលហ្នឹងហើយ ធ្វើការជួយចាត់ចែងឬសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចែកចាយឱ្យគាត់មានទីផ្សារលក់ទៅកាន់បណ្តាខេត្ត ឬ រាជធានីភ្នំពេញ ដែលប្រជាជនត្រូវការ»។​

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លើកឡើងថា ជាសិទ្ធិសេរីភាពដែលកសិករផ្សព្វផ្សាយព័ត៌មានពិតពីការលំបាកដែលកំពុងជួបប្រទះ។ លោកជំរុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយជាជាងស្តីបន្ទោសអ្នកផ្សព្វផ្សាយបញ្ហាដែលពួកគេជួប​។

លោក ណុប វី​៖«ដំណឹងដែលគាត់បានបង្ហោះហ្នឹងគឺជាព័ត៌មានដែលជម្រាបជូនដល់សាធារណជន​។ យ៉ាងណាមិញ បើសិនជាអាជ្ញាធរមានសមត្ថកិច្ចគាត់មានការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងវាអត់គួរអីទៅធ្វើកំណត់ហេតុ ទៅសួរនាំ ទៅស្តីបន្ទោសដល់អ្នកផ្សព្វផ្សាយព័ត៌មានឱ្យបានដឹងនោះទេ»។​

តាមរបាយករណ៍មន្ទីរកសិកម្ម ខេត្តកណ្ដាល បានឱ្យដឹងថា នៅស្រុកស្អាងមានផ្ទៃដីដាំដុះបន្លែសរុបចំនួន៨១៦៩ហិកតា មាន១២សហគមន៍ ដែលក្នុងមួយថ្ងៃអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន។

បើតាមក្រុមកសិករនៅក្នុងឃុំទឹកវិល ស្រុកស្អាង អះអាងថា ចាប់តាំងពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញមកបន្លែរបស់ពួកគាត់ដែលដាំដុះលើផ្ទៃដីជាង៥០០ហិកតា ចំនួនរាប់សិបតោនហើយត្រូវភ្ជួរចោល និងប្រមាណ៥០០០តោនទៀតប្រឈមភ្ជួរចោលបន្តបន្ទាប់៕​

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »