សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋ១១នាក់ ត្រូវបានឃាត់ខ្លួនជុំវិញជម្លោះដីធ្លីមួយនៅខេត្តកណ្តាល

អ្នកភូមិម្នាក់ជិះម៉ូតូកាន់ដីមានជម្លោះនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង
អ្នកភូមិម្នាក់ជិះម៉ូតូកាន់ដីមានជម្លោះនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង

កម្លាំងនគរបាល​ខេត្ត​កណ្តាល​បាន​ចាប់ខ្លួន​មនុស្ស​ ១១​នាក់​ពាក់ព័ន្ធ​នឹង​​រឿងជម្លោះ​ដីធ្លី​ ដែល​យោង​ទៅ​តាម​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គមបង្ហាញថា មាន​អំពើ​ហិង្សាកើតឡើង​ កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​កុម្ភៈ បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា​បាន​ដុត​កង់ឡាន ហើយ​ក្រោយ​មក ​នគរបាល​បាន​ចុះ​បង្រ្កាប​។ ​

មន្រ្តី​សាលា​ខេត្ត​កណ្តាល​មិន​បាន​ផ្តល់​ព័ត៌មានលម្អិត​ពី​ការ​ចាប់ខ្លួន ឬ​ការ​តវ៉ា​ដែល​នាំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​មនុស្ស​ចំនួន ១១​នាក់​នោះ​ទេ។ យ៉ាងណាក្តី វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​ថា​អ្នកភូមិ​ព្រែកល្វា ស្រុក​ខ្សាច់កណ្តាល​ ខេត្ត​កណ្តាល បាន​ដុត​កង់​ឡាន​អំឡុងពេល​ការ​តវ៉ា​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

​ភ្លាមៗ​នោះ វីដេអូ​បង្ហាញ​ពី​ប៉ូលិស​មួយ​ក្រុម​ប្រមូលផ្តុំ​គ្នា ហើយ​បន្ទាប់​មក​បាន​ចូល​បង្រ្កាប​ក្រុម​អ្នក​ភូមិ​តវ៉ា ដោយ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​១១​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ ០៤​នាក់ និង​បុរស​ ០៧​នាក់។

​អភិបាល​ស្រុក​ខ្សាច់​កណ្តាល ​លោក ​ប៊ុន ផេង​ បាន​ចោទប្រកាន់​អ្នក​ភូមិ​ពី​ការ​ប្រើប្រាស់​កម្លាំង​ខ្លាំង​ជ្រុល​អំឡុងពេល​តវ៉ា ដែល​លោក​និយាយ​ថា ជា​បទល្មើស​ឧក្រិដ្ឋ។ លោក​បាន​បន្ត​ថា រឿងក្តី​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​​តុលាការ​ថ្នាក់​ខេត្ត​រួច​ហើយ។

លោក រឿន ណារ៉ា ​ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល​ បាន​បញ្ជាក់​ថា មនុស្ស​ ១១​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាល​ពី​ថ្ងៃ​ពុធ ទី១៧ បន្ទាប់​មក​ពួកគេ​ត្រូវ​បានបន្តនិតិវិធីដោយបញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក​ណារ៉ា​បាន​លើកឡើង​ថា អ្នកភូមិ​បាន​ចូល​កាន់កាប់​ដី​ឯកជន​ដោយ​ខុស​ច្បាប់។ ​

លោក​បាន​ថ្លែង​ថា៖ «ពួកគាត់​អះអាង​ថា ពួកគាត់​មាន​កម្មសិទ្ធិ​លើ​ដី​នោះ ហើយ​ពួកគាត់​នៅ​តែ​និយាយ​ថា ជា​ដី​របស់​ពួកគាត់ ប៉ុន្តែ​ពួកគាត់​មិនមាន​ឯកសារ​នោះ​ទេ។ ដូច្នេះ​ ពួកគាត់​ចូល​កាន់កាប់​ដោយ​ខុសច្បាប់»

អ្នកនាំពាក្យសាលា​ដំបូងខេត្តកណ្តាល លោក ទិន សុចិត្រា បានបញ្ជាក់​នៅព្រឹកថ្ងៃសុក្រនេះថា តំណាងអយ្យការ​បានបញ្ចប់ការសាកសួរ​ប្រជាពលរដ្ឋទាំង១១នាក់ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនិតិវិធី។

យោង​ទៅ​តាម​ឯកសារ​មួយ​ដែលនិយាយ​លម្អិត​អំពី​ជម្លោះ ដែល​ខេមបូចា ទទួល​បាន គឺមានគ្រួសារ​ចំនួន​១០ មាន​​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ខាង​លើ​ជាមួយ​​បុគ្គល​ឈ្មោះ​ ហង់ រាំង។ ឯកសារ​នោះ​បាន​សរសេរ​ថា គ្រួសារ​ចំនួន ១០​ត្រូវ​បាន​ផ្តល់​នូវ​ដី​ចំនួន ០៣ហិកតា​កាល​ពី​ឆ្នាំ ១៩៨៥ ក្នុងសម័យ​​សាធារណរដ្ឋ​កម្ពុជា។ ​

​បន្ទាប់​មក ​គ្រួសារ​ខាង​លើ​បាន​បន្ត​លក់​ដី​មួយ​ផ្នែក​ដល់​បុគ្គល​ឈ្មោះ​ហង់ រាំង។ ប៉ុន្តែ ពួកគេ​បាន​ចោទ​ប្រកាន់​ ហង់ រាំង ពី​ការ​ររំលោភ​យក​ដី​ដែល​ខ្លួន​កាន់កាប់។ ​

របាយការណ៍​បាន​និយាយ​ថា អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​ដោះស្រាយ​ជម្លោះ​ចំនួន ០៧​លើក ហើយ​បាន​បញ្ឈប់​គ្រួសារ​ចំនួន​ ១០​ពី​ការ​ធ្វើ​របង​ដើម្បី​ដាក់​ខណ្ឌសីមា​លើ​ដី​ដែល​ខ្លួន​កាន់កាប់។ ​

CamboJA មិន​អាច​រកកន្លែងស្នាក់​នៅ ឬ​រក​ឃើញ​លេខ​ទំនាក់ទំនង​របស់​​ឈ្មោះ ហង់ រាំង ​នោះ​ទេ។

​លោក ញ៉េប ស៊្រុន អាយុ ២៧​ឆ្នាំ​ ដែល​ឪពុកម្តាយ​របស់​លោក​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុងពេល​ការ​តវ៉ា បាន​ធ្វើការ​​តវ៉ា​នៅ​ខាង​ក្រៅ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ជាមួយ​មនុស្ស ១០​នាក់​ផ្សេង​ទៀត ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សាច់ញ្ញាតិ​របស់​លោក។

លោក​បាន​ថ្លែង​ថា៖ «ប៉ូលិស​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​មនុស្ស​ចាស់។ តើ​ម្តាយ​របស់​ខ្ញុំ​អាយុ ៧០​​ឆ្នាំ អាច​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់​បាន​យ៉ាង​ដូចម្តេចទៅ

​លោក​បាន​ថ្លែង​បន្ត​ថា៖ «យើង​ចង់​បាន​យុត្តិធម៌ ហើយ​យើង​ស្នើ​ឲ្យ​អាជ្ញាធរ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ហើយ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​ក្រីក្រ» ដោយ​លោក​លើក​ឡើង​ថា បុគ្គល​ឈ្មោះ​ ហង់ រាំង គឺ​មក​ពី​គ្រួសារ​អ្នក​មាន ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប៉ូលិស។

លោក អំ សំអាត​ អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បាន​និយាយ​ថា អាជ្ញាធរ​មិន​គួរ​ប្រញាប់​ប្រញាល់​បញ្ចូន​មនុស្ស​ទាំង​ ១១​នាក់​ខាង​លើ​​​ទៅ​តុលាការ ដោយ​មិនបាន​ស៊ើបអង្កេត​ពី​ការ​ចោទប្រកាន់​ឲ្យ​បាន​សមស្រប​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ជា​ទូទៅ ជនក្រីក​គឺ​ជាជនរងគ្រោះ​ពី​ជម្លោះ​ដី​ធ្លី ហើយ​ត្រូវ​ការ​ស៊ើបអង្កេត​មុន​ការ​ចាប់ខ្លួន​​ដើម្បី​បញ្ចៀស​អំពើ​អយុត្តិធម៌»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 11 Kandal villagers detained over murky land dispute

546 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម