សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋនៅខេត្តកណ្តាលស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានបន្ថែមអំពីសំណងនៃគម្រោងស្តារ​ប្រឡាយមេ៨៨

សកម្មភាពគ្រឿងចក្រមួយគ្រឿងកំពុងជីកកកាយយកអាចម៍ដីចេញពីប្រឡាយក្បែរផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំព្រែកស្លែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
សកម្មភាពគ្រឿងចក្រមួយគ្រឿងកំពុងជីកកកាយយកអាចម៍ដីចេញពីប្រឡាយក្បែរផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំព្រែកស្លែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅក្នុងខេត្តកណ្តាល ដែលបានទទួលរងផលប៉ះពាល់ពីគម្រោងស្តារប្រឡាយមេ៨៨ដើម្បីរំដោះទឹកកុំឱ្យជន់លិចនោះ កំពុងតែព្រួយបារម្ភថាពួកគេនឹងទទួលបានសំណងមិនសមរម្យសម្រាប់ផ្ទះសំបែង និងដីរបស់ពួកគេ ខណៈដែលការអភិវឌ្ឍប្រឡាយនេះបានដំណើរការកាលពីដើមខែសីហា។ ចំពោះដំណើរការនៃការអភិវឌ្ឍលើគម្រោងស្តារប្រឡាយនេះ ហាក់នៅតែបង្ហាញពីភាពមន្ទិល ដោយសារមិនទាន់មានអ្នកភូមិណាម្នាក់អាចក្តាប់ជុំនូវរាល់ព័ត៌មានលម្អិតអំពីគម្រោង ឬសំណងច្បាស់លាស់នៅឡើយទេ។

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន យ៉ាង​ហោច​ណាស់​មាន​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ​ចំនួន១០គ្រឿង បាន​មក​ដល់​ដើម្បី​ធ្វើសកម្មភាពពង្រីក​ប្រឡាយមេ​៨៨ នៅ​តាម​បណ្តោយ​ឃុំ​បឹង​ខ្យាង និង​​ព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ដែល​កំពុងធ្វើឱ្យប៉ះពាល់​ដល់​ផ្ទះរបស់​ប្រជាពលរដ្ឋជាច្រើនខ្នង ដែល​ស្ថិតនៅអម​សង​ខាង​ប្រឡាយ។ ចំណែកអាចម៍ដី​ត្រូវ​បាន​គេចាក់ចូល​ទៅ​ក្នុង​ទីធ្លាផ្ទះ​របស់​ប្រជាពលរដ្ឋទាំងនោះ ខណៈ​ផ្ទះ​ខ្លះ​ត្រូវ​បាន​គេ​បាញ់​ថ្នាំព័ណ៌​ដោយ​មាន​សញ្ញា​សម្គាល់ និងបានបោះ​បង្គោលបញ្ឈរនៅ​ជុំវិញ​ផ្ទះ​របស់​ពួកគេ។

ការណ៍នេះបានធ្វើឱ្យប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ប្រឡាយ មានការព្រួយបារម្ភ ដោយសារពួកគេមួយចំនួនមិនទាន់ទទួលបានព័ត៌មានអំពីគម្រោងនេះនៅឡើយ។

កាលពីឆ្នាំ២០២៣ អ្នកភូមិរស់នៅក្នុងឃុំបឹងខ្យាង ត្រូវបានរងផលប៉ះពាល់ដោយគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលអ្នកខ្លះត្រូវបានគេគំរាមកំហែងថានឹងចាត់វិធានការតាមផ្លូវច្បាប់នៅពេលពួកគេតវ៉ាដើម្បីការពារផ្ទះរបស់ពួកគេ និងបានស្នើសុំសំណងសមរម្យ។ ក្រោយ​ការ​តវ៉ា​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ អ្នក​ភូមិ​បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង​ដើម្បី​សាងសង់​ផ្ទះ​ថ្មី។

លោក គួន សំអាត វ័យ ៥០ឆ្នាំ ដែលជាជនរងគ្រោះម្នាក់នៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បាននិយាយថា ដីស្រែរបស់លោកចំនួន ០,៤ហិកតាត្រូវបានរងផលប៉ះពាល់នៅពេលនោះ។ លោកព្រួយបារម្ភអំពីគម្រោងពង្រីកប្រឡាយនេះ ដោយសារមិនទាន់ឃើញមាន
មន្ត្រីជាន់ខ្ពស់ណាម្នាក់បានចុះទៅពិនិត្យតំបន់នោះ ហើយក៏គ្មានអ្នកភូមិណាម្នាក់បានដឹងអំពីផែនការអភិវឌ្ឍន៍ ឬសំណងដែលរដ្ឋនឹងផ្តល់ជូនពួកគេឡើយ។

លោក សំអាត និយាយថា នេះជាលើកទី២ហើយ ដែលលោកទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋ បើទោះជាលោកអះអាងថា លោកមិនជំទាស់នឹងការអភិវឌ្ឍក៏ដោយ។ ការលើកឡើងបែបនេះ ក៏ដោយសារលោកនៅសង្ឃឹមថា អាជ្ញាធរនឹងយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចជាការជូនដំណឹងអំពីគម្រោងនេះ ពិភាក្សាអំពីសំណងសមស្របតាមតម្លៃទីផ្សារ និងទំហំនៃការខូចខាតជូនប្រជាពលរដ្ឋ។

លោកនិយាយថា៖ «ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ព្រោះ​យើង​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ការ​ដឹក​នាំ​ និង​អាជ្ញាធរ​ត្រឹមត្រូវ ប៉ុន្តែ​ខ្ញុំ​មិន​ទទួល​យក​ការ​អភិវឌ្ឍ​បែប​នេះ​ទេ។ រដ្ឋ​ត្រូវ​ផ្តល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​មុន​សិន ព្រោះ​យើង​មិន​មែន​ជា​អ្នក​រស់នៅដោយការរំលោភយកដីខុសច្បាប់ទេ»

លោក សំអាត ធ្លាប់​បាន​សួរ​ទៅ​អាជ្ញាធរ​អំពី​គម្រោង​ប្រឡាយនេះ ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​បកស្រាយប្រាប់​លោក​បាន​ទេ​ថា តើ​ផ្ទះ​ចំនួនប៉ុន្មាន​ខ្នង​នឹងត្រូវ​រង​ផល​ប៉ះពាល់។ លោកបានជំរុញឱ្យក្រសួងទទួលបន្ទុកលើគម្រោងអភិវឌ្ឍន៍ ជួយធានាសំណងសមរម្យជូនប្រជាពលរដ្ឋ ដោយមិនឱ្យដូចសំណងដែលពួកគេផ្តល់ជូនអ្នកភូមិផ្សេងទៀត ដែលរងផលប៉ះពាល់ដោយគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី។

លោកសំអាត និយាយថា៖ «ពួកយើង​បានត្រឹមតែមើលមុខ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​យើង​មិន​ដឹង​ថា​ពេល​ណា​គេ​មក​ឈូស​ឆាយ​ផ្ទះរបស់ពួក​យើង​ទេ។ ខ្ញុំ​ស្នើ​ថា ការ​អភិវឌ្ឍ​ណា​មួយ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​ពី​ប្រជាពលរដ្ឋ និង​ដោយ​តម្លាភាព»

សកម្មភាពរបស់​គ្រឿងចក្រចំនួន​១០​គ្រឿងកំពុងជីកកកាយដីដើម្បី​ពង្រីក​នៅ​តាម​ច្រាំង​នៃប្រឡាយ ​ ដែលធ្វើឱ្យ​ប៉ះពាល់​ផ្ទះ​របស់ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែកស្លែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ប្រជាពលរដ្ឋ​ម្នាក់ទៀតដែលកំពុងរស់នៅ​ភូមិ​ប្រាសាទ លោក ញ៉េប អឿង វ័យ ៦០ឆ្នាំ បាន​អះអាង​ថា គម្រោង​ពង្រីក​ប្រឡាយ​បាន​ប៉ះពាល់​មួយ​ផ្នែក​ធំ​នៃ​របង​ផ្ទះ​របស់លោក។ លោកអឿង បានស្នើឱ្យអាជ្ញាធរទទួលបន្ទុកគម្រោង ចែករំលែកព័ត៌មានឱ្យបានទូលំទូលាយ និងផ្តល់សំណងតាមតម្លៃទីផ្សារ។ លោក​បាន​បន្ថែម​ថា ពួកគេ​មិន​គួរ​ណាចាប់​ផ្តើម​គម្រោង​នេះ​ដោយ​មិន​បាន​ប្រាប់​ប្រជាពលរដ្ឋឱ្យបានដឹងច្បាស់ពី​វា​នោះទេ។

លោកអឿង បានសម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​ក្រុមអាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋនោះទេ។ ប្រជាពលរដ្ឋនឹងមានទំនុកចិត្ត និងជឿជាក់លើសំណងប្រសិនបើមានព័ត៌មានបន្ថែម។

លោកអឿង បាន​ចង្អុល​បង្ហាញ​ពី​បញ្ហា​ផ្សេង​ទៀត​ថា៖ «អាជ្ញាធរ​និយាយ​ថា ពួកគេ​នឹង​មិន​សង​សំណង​ទេ ព្រោះ​យើង​បាន​សង់​ផ្ទះ​នៅ​លើ​ដី​រដ្ឋ ប៉ុន្តែ​ខ្ញុំ​មាន​បណ្ណ​កម្មសិទ្ធិ ដែលជាប្លង់​រឹង»ដោយលោកបន្ថែមថា៖ «យើង​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ ហើយ​ក៏​មិន​មាន​ការ​ប្រជុំ​ដែរ។ ការងារបានចាប់ផ្តើមភ្លាមៗ។ ប្រជាជន​អត់​ដឹង​អី​ទេ ដូច​បញ្ហា​ដី​ព្រលាន​យន្តហោះ​ថ្មីអ៊ីចឹង»

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ អឿង សារី ចង់ឲ្យអាជ្ញាធរបង្ហាញឆន្ទៈក្នុងការផ្តល់សំណងសមរម្យជូនប្រជាពលរដ្ឋ ព្រោះពួកគេមិនបានរស់នៅដោយខុសច្បាប់លើដីរបស់រដ្ឋដូចការចោទប្រកាន់នោះទេ។ អ្នកស្រីសារី ក៏​បាន​និយាយដែរ​ថា អាជ្ញាធរ​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ដល់​ពួក​គេ ជាជាង​ដាក់​បន្ទុក​លើ​ការ​អភិវឌ្ឍ។

អ្នក​ស្រី​និយាយ​ថា៖ «យើង​មិន​ដែល​ជំទាស់​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​សំណង​សមរម្យ​ក្នុង​ការ​ផ្លាស់ប្តូរ​ទី​លំនៅ ប្រជាជន​នឹងរីករាយជាមួយ​​ការ​អភិវឌ្ឍ»

បើ​យោងតាម​មេ​ភូមិ​ប្រាសាទ លោក ព្រឿង ហេង វ័យ ៦៨ឆ្នាំ ឱ្យដឹងថាផ្ទះ​ប្រហែល១០ខ្នង ​នឹង​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះនៅក្នុងភូមិរបស់លោក បើ​ទោះ​បី​ជា​ដីរបស់​រដ្ឋមាន​ត្រឹម​តែ ១៦ម៉ែត្រ​ប៉ុណ្ណោះ​ត្រូវ​បាន​កំណត់​ក្នុងផែនការសម្រាប់​ការ​ពង្រីក​ប្រឡាយ។

នៅ​ពេលត្រូវបានចោទ​សួរ​អំពី​សំណង មេ​ភូមិរូបនេះ​បាន​ប្រកែក​ថា លោក​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់។ លោក​អះអាងថា​៖ «​ពួកគេ​មិន​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ទេ ​ពួកគេ​គ្រាន់តែ​យក​អេស្កាវ៉ាទ័រ​មក​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដឹង​ពី​គម្រោង​នេះ​ទេ ហើយ​វា​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​អនាគតនោះ»

ពំនូកអាចម៍ដីដែលត្រូវបានកាយចេញពីប្រឡាយដាក់នៅ​ជិត​ទីធ្លា​ផ្ទះ​វីឡាមួយ ស្ថិតក្នុង​ឃុំ​ព្រែកស្លែង ដែលជាទីតាំងប្រឡាយ​ ដែលត្រូវបានគេកំពុងបន្តជីកកកាយ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ស្រដៀងគ្នានេះដែរ មេឃុំបឹងខ្យាង លោក ណៃ ចាន់ឌី មានប្រសាសន៍ថា មិនទាន់មានការបញ្ជាក់ច្បាស់ថាផ្ទះមួយណានឹងត្រូវរងផលប៉ះពាល់ពីគម្រោងនេះទេ ដោយសារក្រសួងកំពុងវាស់វែងពីទំហំនៃផលប៉ះពាល់ ដូច្នេះលោកមិនអាចផ្តល់ព័ត៌មានលម្អិតដល់ ខេមបូចា បានទេ។

លោក ចាន់ឌី បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថាតើ​វា​ប៉ះពាល់​ដល់​ផ្ទះ ​ឬ​អត់​ទេ​ព្រោះ​ [​យើង​] កំពុង​រង់ចាំ​ខាង[​ក្រសួង​] ​បញ្ចប់​ការ​វាស់វែង​ ទើប​ខ្ញុំ​អាច​ឆ្លើយ​ថា​ដី​មួយ​ណា​ជា​របស់​រដ្ឋ​»

អភិបាលរងខេត្តកណ្តាល លោក ឌឹម បូរ៉ា និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មិនបានលើកទូរសព្ទទេនៅពេលដែល ខេមបូចា បានទាក់ទងទៅពួកលោកកាលពីថ្ងៃ
សុក្រ។

ជាមួយគ្នានេះ រដ្ឋបាលសាលាខេត្តកណ្តាល បានចេញលិខិតមួយដោយបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្របង្វែរទឹកជន់លិចក្នុងរាជធានីភ្នំពេញ ហៅថា «ផែនការវិនិយោគ
ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ» ដែលធ្វើឡើងក្រោមក្រសួងធនធានទឹក និងឧតុនិយម។

ចំពោះផលប៉ះពាល់លើផ្ទះ និងស្រែចំការ គឺរដ្ឋាភិបាលនឹងផ្តល់សំណងនៅពេលដែលក្រុមការងារបញ្ចប់ការអង្កេត និងស្រង់របាយការណ៍លម្អិតលើផលប៉ះពាល់ និងប្រមូលទិន្នន័យនៅស្ទឹងតូច ក្នុងឃុំរលាំងកែន ឃុំរកា និងឃុំដើមឬស ក្នុងស្រុកកណ្តាលស្ទឹង។

តំបន់មួយចំនួនទៀតនៅស្ទឹងក្រោម គឺទន្លេបាទី កំពង់តាឡុង និងភូមិស្រុកចេក ក្នុងឃុំបឹងខ្យាង នៃស្រុកកណ្តាលស្ទឹង ក៏ត្រូវបានដាក់បញ្ចូលក្នុងគម្រោងនេះផងដែរ។

យោងតាមសេចក្តីជូនដំណឹងឱ្យដឹងថា៖ «គោលការណ៍ដោះស្រាយផលប៉ះពាល់ និងសំណងជូនប្រជាពលរដ្ឋ គឺស្របតាមនីតិវិធី និងឯកសារច្បាប់ ដែលអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទទួលបន្ទុក»។

លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ ខេមបូចា ថា យោងតាមគោលការណ៍ច្បាប់ និងក្រមបរិស្ថាន និងធនធានធម្មជាតិ ផលប៉ះពាល់បរិស្ថានលើសង្គមដែលបណ្តាលមកពីការអភិវឌ្ឍន៍របស់រដ្ឋ ឬឯកជនត្រូវតែមានការវាយតម្លៃ។ បើ​និយាយ​ពី​នីតិវិធី ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ប្រជាពលរដ្ឋ​មូលដ្ឋាន​ត្រូវ​តែ​ធ្វើ​ឡើង។

លោកនិយាយថា៖ «​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​បណ្ណកម្មសិទ្ធិ​ដីធ្លី រដ្ឋ​ត្រូវ​ប្រើប្រាស់​ច្បាប់​ដីធ្លី​ដើម្បី​ដោះស្រាយ​សំណង​សមរម្យ​សម្រាប់​អ្នកភូមិ​ដែល​រងគ្រោះ​។ ប្រជាពលរដ្ឋក៏​មាន​សិទ្ធិ​សួរ​ព័ត៌មាន​ដើម្បី​រក​ដំណោះស្រាយផងដែរ»

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំមុន របាយការណ៍របស់សមាគមធាងត្នោតបានបង្ហាញពីករណីនៃការបណ្តេញចេញចំនួន១២ករណី នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ដែលប្រជាពលរដ្ឋត្រូវបានបណ្តេញចេញដោយបង្ខំ ហើយមិនទទួលបានសំណងគ្រប់គ្រាន់៕

បុរសម្នាក់ ​និងក្មេងៗ កំពុងសម្លឹង​មើលសកម្មភាពរបស់​គ្រឿងចក្រ ធ្វើសកម្មភាពស្តារ​ប្រឡាយ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kandal Villagers In The Dark About 88 Canal Project, Seek More Information From Authorities

1,786 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម