ថ្នាំពណ៌ក្រហមត្រូវបានគេបាញ់តាមផ្ទះប្រពលរដ្ឋដែលរស់នៅតាមប្រឡាយ៩៤ ដោយគ្មានការផ្តល់ព័ត៌មានជាមុន។ សហគមន៍ពលរដ្ឋមួយនេះ បានដាក់ឈ្មោះតាមប្រព័ន្ធធារាសាស្ត្រ ដែលបានទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ច្រើនជំនាន់មកហើយ។ អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋនៅតំបន់នោះថា ការបាញ់ថ្នាំនេះ គឺជាផ្នែកនៃការធ្វើជំរឿន ប៉ុន្តែប្រជាពលរដ្ឋមិនជឿនោះទេ។
ពីរឆ្នាំក្រោយ បឹងដែលធ្លាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៤០០គ្រួសារត្រូវបានគេធ្វើរបងព័ទ្ធជិត ចាក់ខ្សាច់លុបនិងរៀបចំសម្រាប់អាគារអាជីវកម្មដែលមានតម្លៃ ៨០ ០០០ ដុល្លារ ដែលបានសាងសង់ព្រោងព្រាតនៅជុំវិញព្រលានយន្តហោះថ្មី។ អ្នកស្រី ចាន់ ថន ដែលធ្លាប់មានជីវភាពរស់នៅសមរម្យដោយអាស្រ័យលើទឹកបឹងនៅតំបន់នេះ នៅពេលនេះ ត្រូវពឹងផ្អែកលើប្រាក់ខែរោងចក្ររបស់កូនស្រីអ្នកស្រីវិញម្តង។
ស្ត្រីវ័យ៦០ឆ្នាំ ដែលប្រកបរបរនេសាទនៅទីនេះ បានលើកឡើងថា៖ «ពួកគេបានយកអ្វីៗទាំងអស់នៅទីនេះ ហើយយើងមិនទទួលបានអ្វីនោះទេ។ ដូច្នេះ យើងចាំបាច់ត្រូវទិញត្រីពីអ្នកផ្សេង។ សូម្បីតែទៅបេះត្រកួន ក៏គេមិនចង់ឱ្យយើងចូលផង»។

កាលពេលដែលពលរដ្ឋនៅមានបឹង
នៅពេលអ្នកស្រី ចាន់ ថន មករស់នៅសហគមន៍ប្រឡាយ៩៤ ក្នុងខេត្តកណ្តាលក្នុងឆ្នាំ១៩៩០ អ្នកស្រីមើលឃើញពីប្រយោជន៍របស់បឹងនិងប្រព័ន្ធប្រឡាយនៅក្រៅរាជធានីភ្នំពេញនេះ ហើយមុនពេលក្រុមហ៊ុនអភិវឌ្ឍន៍ចាប់ផ្តើមប្រែក្លាយតំបន់ជនបទនៅជុំវិញគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ អ្នកស្រីអាចទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកស្រីដោយប្រកបរបរនេសាទ ធ្វើស្រែ រើសខ្យង និងរាវលៀស។
ប្រជាពលរដ្ឋសហគមន៍ប្រឡាយ៩៤ បានមករស់នៅតំបន់ជនបទនេះច្រើនទសវត្សរ៍មកហើយ ហើយមានប្រជាពលរដ្ឋខ្លះអះអាងថា បានមករស់នៅទីនោះយូរជាងនេះទៅទៀត។ អ្នកស្រី សែម មាស អាយុ៥៧ឆ្នាំ ជាកសិករ និងជាអ្នកនេសាទបានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩០ នៅពេលអ្នកស្រីបានរៀបការមករស់នៅជាមួយខាងគ្រួសារស្វាមី ដែលបានរស់នៅទីនោះតាំងពីពេលរបបខ្មែរក្រហមបានបញ្ចប់ក្នុងឆ្នាំ១៩៧៩។
អ្នកស្រី សែម មាស បាននិយាយថា ការកាន់កាប់ដីធ្លីរបស់ពួកគាត់មិនដែលមានបញ្ហាទេពីមុនមក ទើបតែរយៈពេលពីរឆ្នាំកន្លងទៅនេះ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមផ្សព្វផ្សាយអំពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោងអភិវឌ្ឍន៍នេះគ្របដណ្តប់លើផ្ទៃដី ២ ៦០០ ហិកតា នៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។
ដោយគ្រោងសម្ពោធបើកឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ព្រលានយន្តហោះនេះស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រខាងក្រៅរាជធានីភ្នំពេញ និងព័ទ្ធជុំវិញដោយវាលស្រែ ដែលកំពុងត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ នៅពេលនេះ គំនរខ្សាច់សម្រាប់ការសាងសង់មានពាសពេញទីវាល រួមជាមួយនឹងប៉ាណូឃោសនាអំពីអាគារទំនើបៗនិង សំណង់ «បុរី» ដែលមានកម្ពស់ច្រើនជាន់ ជាសំណង់សហគមន៍ដ៏ពេញនិយមនៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាថ្នាក់កណ្តាល។
សហគមន៍ប្រឡាយ៩៤ មិនមែនជាសំណង់សហគមន៍ទេ។ ផ្ទះនៅទីនេះត្រូវបានសាងសង់ដោយចាក់ក្រាលស៊ីម៉ង់ ឬពីឈើកុងផ្លាកេ ប្រក់ដំបូលស័ង្កសី ដែលជ្រាបទឹកនៅរដូវវស្សា។ ផ្ទះនីមួយៗស្ថិតនៅក្បែរមាត់ប្រឡាយ ឬមាត់បឹង។ គ្រួសារភាគច្រើននៅទីនេះរកប្រាក់ចំណូលបានពីរបរនេសាទត្រី រាវលៀស ឬរើសខ្យង និងដាំបន្ថែក្បែរមាត់ទឹក។ សហគមន៍នេះ ប្រើប្រាស់ទឹកអណ្តូង ប្រើប្រាស់បន្ទះសូឡាដើម្បីទាញយកអគ្គិសនី និងធុងចម្រោះទឹកស្អាត ដែលផ្តល់ឱ្យដោយអង្គការសប្បុរសធម៌។
អ្នកស្រី សែម មាស បាននិយាយថា ជីវិតនៅទីនេះពីមុនងាយស្រួលជាងពេលនេះ។ អ្នកស្រីអាចពឹងផ្អែកលើដីធ្លីនិងទឹកបឹង ដើម្បីផ្គត់ផ្គង់គ្រួសារបាន បើទោះជាមានចំណូលតិចតួចក៏ដោយ។ ប៉ុន្តែដោយសារស្រុកកណ្តាលស្ទឹងមានការអភិវឌ្ឍ ប្រជាពលរដ្ឋបានចាប់យកការងារនៅតាមរោងចក្រកាត់ដេរ និងការងារសំណង់កាន់តែច្រើនឡើង។
អ្នកស្រីបាននិយាយថា៖ «ពីមុន យើងមិនបាច់ទិញម្ហូប ឬបន្លែគេទេ។ យើងអាចរកម្ហូបបាន យើងអាចដាំបន្លែបានដូចជា ត្រសក់ និងម្រះ ប៉ុន្តែឥឡូវ យើងមិនអាចដាំបានទេ»។
ថ្នាំបាញ់ពណ៌ក្រហម
ប្រឡាយ៩៤ ស្ថិតនៅចម្ងាយ៩គីឡូម៉ែត្រភាគខាងជើងនៃទីតាំងអាកាសយានដ្ឋានថ្មី ហើយដំបូងឡើយមិនមានផលប៉ះពាល់ទេ នៅពេលដែលការសាងសង់ចាប់ផ្តើមក្នុងឆ្នាំ២០១៨។ ប្រជាពលរដ្ឋនៅទូទាំងស្រុកកណ្តាលស្ទឹងបានតវ៉ាដោយលើកឡើងពីកង្វះតម្លាភាពជុំវិញការបណ្តេញចេញ និងការផ្តល់សំណង។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ជិតបញ្ចប់ការសាងសង់របស់ខ្លួនកាលពីឆ្នាំមុន គម្រោងសំណង់ផ្សេងៗទៀតបានចាប់ផ្តើមទន្ត្រានមកលើសហគមន៍នេះ។ នោះជាពេលដែលគេយកថ្នាំពណ៌ក្រហមមកបាញ់តាមផ្ទះរបស់ពួកគាត់។


នៅចុងឆ្នាំ២០២២ បុគ្គលិកព្រលានយន្តហោះ និងអាជ្ញាធរមូលដ្ឋានបានបង់លេខសម្គាល់ផ្ទះរបស់អ្នកភូមិ។ ក្រុមមន្ត្រីចាត់ទុកការធ្វើបែបនេះថា ជាការងារជំរឿន និងបង្ការទឹកជំនន់។ អ្នកស្រុកបានចាត់ទុកការធ្វើបែបនេះជាការព្រមានថា ពួកគាត់ត្រូវបានគេកត់សម្គាល់សម្រាប់ការបណ្ដេញចេញ។ ពួកគាត់ចាប់ផ្តើមទាមទារសំណង និងប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការ ដើម្បីឱ្យមានការទទួលស្គាល់សម្រាប់ការរស់នៅរបស់ពួកគាត់ច្រើនទសវត្សរ៍នៅទីនេះ។ ស្ថានភាពនេះ កាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំ២០២៣ នៅពេលដែលកម្មករសាងសង់បានចាប់ផ្តើមចាក់ខ្សាច់លុបបឹង និងប្រឡាយ ដោយកាត់ផ្តាច់កន្លែងនេសាទរបស់ប្រជាពលរដ្ឋ។
ជាធម្មតា លោក អាន សុខហ៊ុយ បង់សំណាញ់ពីលើទូករបស់គាត់ពេញទាំងបឹង ប៉ុន្តែលោកបាននិយាយថា ឥឡូវនេះក្រុមហ៊ុនដែលគេមិនស្គាល់ឈ្មោះមួយបានគ្រប់គ្រងការចេញចូលតំបន់នេះ។
លោកបាននិយាយថា៖ «[បឹង] ត្រូវបានគេធ្វើរបងបិទទាំងស្រុង។ ខ្ញុំមិនទាំងស្គាល់ឈ្មោះម្ចាស់ផង! ខ្ញុំគ្រាន់តែដឹងថា ពួកគេជាជនជាតិចិន។ ឥឡូវ គេជួលអ្នកយាមដើម្បីការពារទីនេះ។ គេមិនអនុញ្ញាតឲ្យយើងចូលទាល់តែសោះ»។
លោក សុខហ៊ុយ និងអ្នកស្រុកផ្សេងទៀតនិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍មិនដែលប្រាប់ឱ្យដឹងពីគម្រោងរបស់ពួកគេ ឬផ្តល់សំណងនោះទេ។ ប៉ុន្តែផ្ទាំងប៉ាណូនៅតាមដងផ្លូវទៅអាកាសយានដ្ឋានបង្ហាញថា មានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនកំពុងអភិវឌ្ឍតំបន់នេះ ដូចជាការផ្សាយពាណិជ្ជកម្មមួយសម្រាប់គម្រោងអចលនទ្រព្យ Terra TIA City របស់ក្រុមហ៊ុន OCIC បង្ហាញតម្លៃផ្ទះល្វែងចាប់ពី ៨០ ០០០ ដុល្លារ ដោយភ្ជាប់ជាមួយនឹងផែនទីគម្រោងបង្ហាញពីបឹងនេសាទមួយជាប់ប្រឡាយ៩៤ ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍នេះ។
តំណាងក្រុមហ៊ុន OCIC មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ អ្នកតំណាងផ្នែកលក់របស់គម្រោង Terra TIA City បានដាក់ទូរសព្ទចុះនៅពេលសួរនាំអំពីការរឹតត្បិតលើការចេញចូលទៅកាន់បឹងនោះ។
គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី គ្មានសិទ្ធិ
ចាប់តាំងពីចុងឆ្នាំ២០២២មក ប្រជាពលរដ្ឋនៅប្រឡាយ៩៤ បានដាក់ញត្តិ និងតវ៉ា ស្វែងរកព័ត៌មាន និងការទទួលស្គាល់សម្រាប់ការរស់នៅអស់រយៈពេលដ៏យូររបស់ពួកគាត់ក្នុងស្រុកនេះ។ ផ្នែកសំខាន់នៃការតវ៉ារបស់ពួកគាត់ គឺពាក់ព័ន្ធនឹងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលឆ្លុះបញ្ចាំងពីផ្ទះបច្ចុប្បន្នរបស់ពួកគាត់។
អ្នកស្រី សែម មាស ក៏ដូចជាអ្នកភូមិដទៃទៀតក្នុងសហគមន៍ដែរ មិនដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ព្រោះមន្ត្រីមូលដ្ឋានមិនដែលជួយសម្រួលសិទ្ធិកាន់កាប់របស់ពួកគាត់ទេ។ ប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជាត្រូវបានបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលពាក់ព័ន្ធនឹងការជម្លៀសចេញពីលំឋានទ្រង់ទ្រាយធំ។ យុទ្ធនាការរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ ក្នុងការផ្តល់កម្មសិទ្ធិដីធ្លីទទួលបានលទ្ធផលចម្រុះ។ ជនស៊ីវិលអាចកាន់កាប់ «ប្លង់ទន់» ពីអាជ្ញាធរមូលដ្ឋាន ឬ “ប្លង់រឹង” ដែលចុះបញ្ជីនៅថ្នាក់ជាតិ។ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា ប្រជាពលរដ្ឋនៅជនបទដែលមានប្រាក់ចំណូលទាបត្រូវបានរារាំងដោយសារការិយាធិបតេយ្យ ការចំណាយផ្សេងៗ ឬដូចអ្នកភូមិនៅប្រឡាយ៩៤ ដែរ ដែលត្រូវបានគេមើលរំលងទាំងស្រុង។
ច្បាប់ភូមិបាលកម្ពុជាគួរការពារអ្នកភូមិរស់នៅប្រឡាយ៩៤ ដែលអាចបញ្ជាក់ពីការកាន់កាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកស្រុកនិយាយថា ពួកគាត់បានបោះឆ្នោតគ្រប់ការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ ដែលជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការស្នាក់នៅរបស់ពួកគាត់។
ប៉ុន្តែលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានជំទាស់នឹងការអះអាងរបស់ពួកគាត់ ដោយនិយាយថា ប្រជាពលរដ្ឋទាំងនេះមករស់នៅលើដីរដ្ឋ។
លោកមានប្រសាសន៍ថា៖ «នៅពេលវាជាដីសាធារណៈរបស់រដ្ឋ វាមិនអាចក្លាយជាកម្មសិទ្ធិរបស់ភាគីណាមួយបានទេ។ ការចាត់វិធានការបែបណានោះ គឺអាស្រ័យលើរដ្ឋ ព្រោះវាមិនមែនជាដីឯកជន»។

លោក សៅវឿន បាននិយាយថា គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលថ្នាក់ជាតិបានចាត់ទុកប្រឡាយលេខ៩៤ ជាដីសាធារណៈរបស់រដ្ឋ ដោយសារមានបឹង។ ទោះជាយ៉ាងនេះក្តី HaRDstories កន្លងមកបានរកឃើញថា អចលនទ្រព្យរាប់សិបកន្លែងនៅបឹងតាមោកក្នុងរាជធានីភ្នំពេញ ត្រូវបានប្តូរទៅជាដីឯកជន និងផ្តល់ទៅឲ្យបុគ្គលផ្សេងៗ។ ដោយសិទ្ធិកាន់កាប់ដីធ្លីមិនត្រូវបានគេទទួលស្គាល់ហើយអនាគតក៏មិនច្បាស់លាស់ ប្រជាពលរដ្ឋបន្តតវ៉ាតាមរយៈការដាក់ញត្តិទៅស្ថាប័នរដ្ឋ និងការធ្វើបាតុកម្មនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
អ្នកស្រី អាន ស្រី ដែលក្រុមគ្រួសាររបស់គាត់បានមករស់នៅទីនោះតាំងពីឆ្នាំ១៩៩១ បាននិយាយថា ការបូមខ្សាច់លុបបឹងបានបង្កឱ្យមានទឹកជំនន់ ដែលបំផ្លាញទ្រព្យសម្បត្តិ និងធ្វើឲ្យមានផលវិបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
អ្នកស្រីបាននិយាយថា៖ «យើងនៅទីនេះរាប់ឆ្នាំមកហើយ ប៉ុន្តែមិនមានអ្វីកើតឡើងទេ»។ ទើបតែពេលពួកគេមកធ្វើ [គម្រោងអភិវឌ្ឍន៍] ហើយពេលទឹកចូលមក ផ្ទះសម្បែងត្រូវបានបំផ្លាញ។ នេះគឺជារឿងលំបាកសម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងការរស់នៅតាមបែបជីវិតសាមញ្ញ។ [ក្រុមហ៊ុនអភិវឌ្ឍន៍] ធ្វើអ្វីតាមចិត្ត ហើយពួកគេមិនដែលមានបញ្ហាអ្វីទេ»។
ក្តីសុបិន្តចង់បានជីវិតជាអ្នកទីក្រុង
ប្រជាពលរដ្ឋនិយាយថា ការអភិវឌ្ឍន៍ព្រលានយន្តហោះបានធ្វើឱ្យពួកគាត់ជាប់គាំង។ ពួកគាត់មិនដឹងថា នឹងត្រូវគេបណ្តេញចេញឬយ៉ាងណានោះទេ ប៉ុន្តែពួកគាត់គ្មានប្រាក់ដើម្បីទិញលំនៅឋានទំនើបជំនួសឱ្យសហគមន៍របស់ពួកគាត់ទេ។
លោក សុខហ៊ុយ អាយុ៥៤ឆ្នាំ ជាអ្នកនេសាទ ធ្លាប់រកប្រាក់ចំណូលបានពី១០ ម៉ឺនទៅ២០ម៉ឺនរៀល (២៥ទៅ៥០ដុល្លារ) ក្នុងមួយថ្ងៃពីរបរនេសាទ។ ឥឡូវនេះ លោករកបាន ២០.០០០រៀល (៥ដុល្លារ) បើថ្ងៃណាហេង។ អ្នកនេសាទផ្សេងទៀតភាគច្រើនបានចូលធ្វើការងារតាមរោងចក្រ ឬការងារសំណង់ចាប់តាំងពីបាត់បង់សិទ្ធិចូលប្រើប្រាស់បឹង។
អ្នកស្រី សាន សុធីតា ដែលមានផ្ទៃពោះនិងមានកូនបួននាក់ក្នុងបន្ទុក ពេលនេះត្រូវចំណាយ១០០ដុល្លាររៀងរាល់ឆ្នាំ ដើម្បីជួលដី ដែលអ្នកស្រីធ្លាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីដាំឈូក។ អ្នកស្រីខាតបង់ប្រាក់ចំនួន២០ ០០០ដុល្លារអំឡុងពេលប្រមូលផលចំនួន៣លើកថ្មីៗនេះ ដោយសារតម្លៃស្រូវទាប និងជីឡើងថ្លៃ។ អ្នកស្រីនិយាយថា៖ «ចាប់តាំងពីអាកាសយានដ្ឋានត្រូវបានសាងសង់មក ទាំងអ្នកតូចអ្នកធំចាប់ផ្ដើមវាស់វែងនិងចែកដីគ្នា។ ដីទាំងអស់នេះមានម្ចាស់របស់វា»។


កសិករ ញ៉ិល សុខនី អាយុ៣៩ឆ្នាំ បារម្ភពីការចាកចេញ បើទោះបីមានស្ថានភាពលំបាក និងការជន់លិចក៏ដោយ។ អ្នកស្រីបានកត់សម្គាល់ឃើញថា អាជ្ញាធរជាធម្មតាតាំងទីលំនៅថ្មីឱ្យពលរដ្ឋដែលត្រូវបណ្ដេញចេញទៅឆ្ងាយពីឱកាសការងារ។
អ្នកស្រីបាននិយាយថា៖ «យើងមានការលំបាក ប៉ុន្តែខ្ញុំខ្លាចថា ប្រសិនបើយើងចាកចេញពីកន្លែងនេះ វាកាន់តែលំបាកជាងនេះ។ គេមិនដែលបញ្ជូនយើងទៅកន្លែងដែលមានផ្សារ ឬទីប្រជុំជនទេ។ គេបញ្ជូនយើងទៅតំបន់ដាច់ស្រយាល»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា អាជ្ញាធរគួរប្រព្រឹត្តចំពោះប្រជាពលរដ្ឋដោយសេចក្តីថ្លៃថ្នូរ និងផ្តល់សំណងដោយមិនគិតពីជម្លោះកម្មសិទ្ធិដីធ្លីឡើយ។ ការបាត់បង់ដីបង្កើតជាបញ្ហាជាបន្តបន្ទាប់ដល់សហគមន៍ដែលមានប្រាក់ចំណូលទាប ដែលពិបាកក្នុងការស្តារឡើងវិញ។
លោកមានប្រសាសន៍ថា៖ «នៅពេលគ្មានព័ត៌មានជាក់លាក់ គ្មានដំណោះស្រាយជាក់លាក់ ពលរដ្ឋរស់នៅក្នុងការភ័យខ្លាច។ នៅពេលពួកគាត់ភ័យខ្លាច ជីវិតនិងការងាររបស់ពួកគាត់ប៉ះពាល់ ហើយពួកគាត់មិនហ៊ានទៅណាទេ ព្រោះខ្លាចការបណ្ដេញចេញ»។
ងាកមករឿងប្រឡាយ៩៤វិញ អ្នកស្រី សែម មាស ជាម្តាយរបស់កម្មការិនីរោងចក្រកាត់ដេរ ស្រមៃចង់ផ្តល់ជីវភាពរស់នៅបែបទាន់សម័យសម្រាប់កូនស្រីរបស់គាត់ ស្របពេលបដិសេធមិនបោះបង់ដីដែលធ្លាប់ប្រើប្រាស់អស់រយៈពេលបួនទសវត្សរ៍មកហើយនោះ។
អ្នកស្រីបានប្រាប់ HaRDStories ថា៖ «ខ្ញុំចង់សម្របខ្លួនដូចអ្នករស់នៅទីក្រុងដែរ។ ខ្ញុំមិនចង់រស់នៅជាមួយភក់ជ្រាំទៀតទេ»។
ប៉ុន្តែអ្នកស្រីបានបន្ថែមថា៖ «កន្លែងនេះអាចផ្គត់ផ្គង់ជីវភាពរបស់យើងបាន ហើយប្រសិនបើ [រដ្ឋាភិបាល] ចង់ឲ្យយើងរុះរើទៅកន្លែងផ្សេង យើងស្នើសុំកុំឲ្យទៅឆ្ងាយ ប៉ុន្តែឲ្យរើទៅកន្លែងជិតៗ។ តើពួកគាត់នឹងជួយប្រជាពលរដ្ឋឬអត់?»៕
ពិនិត្យនិងកែសម្រួលដោយ Danielle Keeton-Olsen and Fabian Drahmoune
អត្ថបទនេះត្រូវបានស្នើសុំឱ្យផ្សព្វផ្សាយពីអ្នកសរសេរ ដែលអត្ថបទដើមជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅ HaRDstories។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Seized lakes: How Cambodia’s airport boom is breaking a fishing community











