ប្រជាពលរដ្ឋមួយចំនួននៅស្រុកកោះធំខេត្តកណ្តាលបង្ហាញការព្រួយបារម្ភថា មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដោយសារការលក់ដូរគ្រឿងញៀនកាន់តែបើកទូលាយដូចផ្សារបន្លែត្រីសាច់ទូទៅ ខណៈយុវជនមួយចំនួនខូចសតិស្មារតី ដោយសារគ្រឿងញៀន។
ពលរដ្ឋម្នាក់រស់នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ លោក វីរៈ ជ័យ អះអាងថា មួយរយៈកាលចុងក្រោយនេះការលក់ដូរ និងប្រើប្រាស់គ្រឿងញៀនបើកទូលាយ និងជាពិសេសនៅម្តុំព្រែកចាន់ ដែលមានលក្ខណៈដូចផ្សារលក់ទំនិញទូទៅ។
លោក វីរៈ ជ័យ និយាយថា៖«តាមព្រែកហ្នឹងដូចគេលក់ត្រី លក់ផ្លែឈើហើយឥឡូវ។ យើងទៅតាមព្រែកហ្នឹងមានរោងមានអីហ្នឹង អាគ្រឿងញៀនហ្នឹងវាអត់នៅផ្ទះទេ វាទៅក្នុងព្រៃចឹង»។
លោក វីរៈ ជ័យ លើកឡើងថា លោកបានឃើញការលក់ដូរ និងការប្រើប្រាស់ជាញឹកញាប់ ប៉ុន្តែលោកថា មិនហ៊ាននិយាយទេខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯង។ លោកបន្តថា បញ្ហានេះ អាជ្ញាធរក៏បានដឹងដែរតែមិនមានចំណាត់ការអ្វីឡើយ។
លោក វីរៈ ជ័យ៖«ខ្ញុំនៅនេះ ខ្ញុំឃើញគេមកលក់នៅមុខៗផ្ទះហ្នឹង តែយើងមិនដឹងធ្វើម៉េច! បើយើងផ្តល់ព័ត៌មានទៅអាជ្ញាធរទៅ ខ្លាចអាជ្ញាធរហ្នឹងគ្នាវាទៅ វាធ្វើបាបយើងអាដែល។ មើលឃើញជាក់ៗស្តែងចឹង យើងមិនដឹងធ្វើយ៉ាងម៉េច»។
លោក វីរៈ ជ័យ បារម្ភពីអនាគតកូនលោកដែលមានអាយុជាង១០ឆ្នាំ ក៏ដូចជាអនាគតក្មេងផ្សេងៗទៀតនៅក្នុងតំបន់នោះ។
លោក វីរៈ ជ័យ បានបន្ថែមថា៖«មួយថ្ងៃៗ បារម្ភតែពីកូនថ្ងៃមុខទៅមិនដឹងវាទៅជាយ៉ាងណា?»។
ពលរដ្ឋនៅឃុំព្រែកស្តីម្នាក់ទៀត អ្នកស្រី សែម សុផល អះអាងថា សាច់ញាតិរបស់គាត់ជាយុវជនមួយចំនួនបានខូចស្មារតីលែងដឹងខុសត្រូវ ដោយសារតែការប្រើប្រាស់គ្រឿងញៀននេះ។
អ្នកស្រី សែម សុផល៖«កូនក្មួយខ្ញុំហ្នឹងឆ្កួតលីឡឺអស់ហើយឥឡូវ។ កូនក្មួយខ្ញុំ២ទៅ៣នាក់ដែរ។បងបារម្ភខ្លាំងតែម្តង ក្មេងដែលអត់បានរៀនសូត្ររឹតតែមានការប្រើប្រាស់កើនឡើង»។
អ្នកស្រីសែម សុផល ឱ្យដឹងទៀតថា ការប្រើប្រាស់នៅក្នុងតំបន់នោះ មិនមែនតែក្មេងៗទេ គឺអ្នកមានអាយុច្រើនមានកូន មានចៅក៏មានប្រើដែរ។
អ្នកស្រី សែម សុផល៖«ឥឡូវហ្នឹង កញ្ចាស់មានប្រពន្ធមានកូនហើយក៏ប្រើដែរ។ ប្រើឡើងលែងស្គាល់ប្រពន្ធកូនហើយ»។
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ជា សុខហៃ រស់នៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ មានកូនប្រុសម្នាក់ប្រើប្រាស់ថ្នាំញៀន ថ្លែងថា គាត់មានការលំបាកខ្លាំងដោយកូនមិនបានជួយធ្វើការងារហើយបារម្ភខ្លាចមានបញ្ហាផ្សេងៗកើតឡើងទៀត។
អ្នកស្រី ជា សុខហៃ ស្នើសុំឱ្យអាជ្ញាធរពង្រឹងវិធានការដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសង្គ្រោះអនាគតកូនគាត់ក៏ដូចជាកូនខ្មែរទូទៅ។
អ្នកស្រី ជា សុខហៃ និយាយថា៖ «សូមឱ្យអាជ្ញាធរកម្ចាត់គ្រឿងញៀនចេញពីប្រទេសខ្មែរយើង។ សូមជួយឱ្យសុវត្ថិភាពកូនខ្មែរជំនាន់ក្រោយហ្នឹងកុំឱ្យវាមានពាក់ព័ន្ធអាគ្រឿងញៀនហ្នឹងទៀត»។
ពលរដ្ឋរស់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ លោក ទន ស៊ីនួន លើកឡើងថា គ្រឿនញៀនមានការកើនឡើងខ្លាំង ហើយពេលខ្លះអ្នកញៀនទាំងនោះដើរគោះទ្វារផ្ទះ និងលួចអីវ៉ាន់របស់អ្នកភូមិនៅពេលយប់។
លោក ទន ស៊ីនួន និយាយថា៖«មានចោរលួចរបស់របរ លួចចេក លួចស្វាយ។ វាបំពុលសង្គមឡើងវិលមុខ»។
ស្រុកកោះធំគឺជាស្រុកមួយនៃខេត្តកណ្តាល មានឃុំចំនួន១២ស្ថិតនៅតាមបណ្តាយទន្លេបាសាក់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។
ជុំវិញបញ្ហាដែលប្រជាពលរដ្ឋលើកឡើងនេះ ខេមបូចា បានសុំការបកស្រាយពីលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំតាមទូរសព្ទ លោកប្រាប់ថា ជាប់ប្រជុំ ហើយនៅពេលដែលផ្ញើសារតាមប្រព័ន្ធតេឡេក្រាមលោកមិនឆ្លើយតប។
ចំណែកអធិការស្រុកកោះធំ លោក ស៊ឹម ឃាង អះអាងយ៉ាងខ្លីថា គ្រឿងញៀននៅស្រុកនេះមានការថយចុះ ហើយលោកថា ជាប់រវល់ក៏បិទទូរសព្ទទៅ។
លោក ស៊ឹម ឃាង និយាយថា៖«មួយរយៈហ្នឹងវាថយចុះតើសបង។ សុំទោសបងខ្ញុំកំពុងរវល់បន្តិចបង»។
ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ បដិសេធថា មិនមានការលក់ដូរគ្រឿងញៀនបើកចំហនៅស្រុកកោះធំដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ។ លោកថា សមត្ថកិច្ចបានបង្ក្រាបជាប្រចាំ។
លោក ឈឿន សុចិត្រ និយាយថា៖«មិនអាចដល់ថ្នាក់ហ្នឹងទេ លក់បើកចំហមើលតែលក់ត្រីម៉េច? វាមិនដែលមាន។ លទ្ធផលគ្រឿងញៀនកន្លែងណាក៏គេបង្ក្រាបដែរបង្ក្រាបបានទាំងអស់»។
លោកថា បើសិនជាពលរដ្ឋក្នុងខេត្តកណ្តាលដឹងថាកន្លែងណាមានការជួញដូរច្រើនអាចទាក់ទងទៅលោកផ្ទាល់បាន។
លោក ឈឿន សុចិត្រ បន្ថែមថា៖«រាយការណ៍មកខ្ញុំផ្ទាល់មក ឆាតមកក៏បាន។ រាយការណ៍មកពេលណាខ្ញុំដោះស្រាយជូនភា្លម»។
នាយកប្រតិបត្តិសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ ពន្យល់ថា គ្រឿងញៀនធ្វើឱ្យខូចសុខភាពធ្ងន់ធ្ងរពិសេសសតិស្មារតី។
លោក មាស សុវណ្ណ និយាយថា ៖«វាប៉ះពាល់ច្រើនណាស់ ប៉ះពាល់ដល់ផ្លូវចិត្ត បាត់ស្មារតី បាត់ការចងចាំ សរសៃប្រសាទធ្ងន់ធ្ងរ។ បើពោរពេញទៅដោយជំងឺក្នុងខ្លួនទៀតពិបាកណាស់ពិបាកព្យាបាលវា»។
លោក មាស សុវណ្ណ បន្តថា បច្ចុប្បន្នសមាគមលោកកំពុងព្យាបាលបន្សាបគ្រឿងញៀនលើអ្នកកំពុងញៀនជាង១០០នាក់។ លោកបន្តថា សមាគមលោកអាចជួយបានតែអ្នកញៀនដែលនៅដឹងខុសត្រូវ ចំពោះអ្នកញៀនដែលឈានដល់ជំងឺសរសៃប្រសាទហើយនោះមិនអាចទទួលព្យាបាលបានទេ។
កាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១ កន្លងទៅនេះ អាជ្ញាធរបានដុតបំផ្លាញគ្រឿងញៀនជាង៧តោន។ គ្រឿងញៀនទាំងនេះរឹបអូសពីរាជធានីខេត្តចំនួន៥នៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១គឺ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តតាកែវ៕