សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែសីហា បានសម្រេចផ្តន្ទាទោសមន្ត្រីយោធាចូលនិវត្តន៍លោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។ សមាជិកគ្រួសារជនជាប់ចោទបានចាត់ទុកការសម្រេចរបស់តុលាការនេះ ថាជារឿងអយុត្តិធម៌ដែលដាក់ទោសលើមនុស្សស្លូតត្រង់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ស្ពឺចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានសម្រេចផ្តន្ទាទោសអតីតមន្ត្រីយោធាចូលនិវត្តន៍លោក សុខ ស៊ុនណារ៉េត ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីបានបើកសវនាការកាលពីថ្ងៃទី៩ ខែកក្កដា។ ការសម្រេចផ្តន្ទាទោសនេះយោងតាមមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៩ខែកក្កដាបានបើកសវនាការជំនុំជម្រះសំណុំរឿងក្តីលោក សុខ ស៊ុនណារ៉េត ដោយមានការចូលរួមឃ្លាំមើលពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អង្គការអាដហុក និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
មេធាវីការពារក្ដី លោក ស៊ុនណារ៉េត គឺលោក អ៊ឹម ផាន់ណា បានបដិសេធការបញ្ចេញមតិលើការសម្រេចក្តីនេះដោយថ្លែងថា កូនរបស់លោក សុខ ស៊ុនណារ៉េត បានពឹងពាក់លោកឱ្យជួយការពារក្តីឪពុកគាត់បន្ត និងជួយដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ទៀត ខណៈនៅព្រឹកថ្ងៃទី៦ ខែសីហា លោកមិនបានចូលរួមស្តាប់ការប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺឡើយ ដោយសារតែជាប់រវល់ការពារក្តីឱ្យកូនក្តីក្នុងសំណុំរឿងផ្សេងទៀតនៅតុលាការខេត្តព្រៃវែង។
លោក ស៊ន សារ៉ាត កូនប្រុសទី២របស់លោក សុខ ស៊ុនណារ៉េត ដែលបានទៅចូលស្តាប់ការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៦ ខែសីហា បានថ្លែងថា ឪពុករបស់លោកត្រូវបានតុលាការខេត្តកំពង់ស្ពឺកាត់ឱ្យជាប់ទោស៤ឆ្នាំ ដែលជាអំពើដ៏អយុត្តិធម៌ជាទីបំផុត សម្រាប់មនុស្សស្លូតត្រង់ និងគ្មានកំហុសដូចជាឪពុករបស់លោកដែលធ្លាប់ធ្វើជាកងទ័ពការពារជាតិជាង៣០ឆ្នាំ។
លោកលើកឡើងថា៖ «ខ្ញុំយល់ថា វាជារឿងអយុត្តិធម៌ និងជាអំពើបាបដែលមកដាក់ទណ្ឌកម្មលើមនុស្សស្លូតត្រង់។ យើងនឹងបន្តប្ដឹងឧទ្ឌរណ៍»។
បើតាមលោក ស៊ន សារ៉ាត ឪពុករបស់លោកដែលត្រូវបានគេដឹកពីពន្ធនាគារមកស្តាប់ការប្រកាសសាលក្រម នៅព្រឹកថ្ងៃទី៦ ខែសីហា គឺមានសុខភាពរឹងមាំល្អស្មារតីល្អ ហើយគាត់ក៏មិនមានការភ្ញាក់ផ្អើលអ្វីដែរ ពីព្រោះគាត់បានត្រៀមចិត្តរួចហើយតាំងពីមុនពេលបើកសវនាការមកម្ល៉េះថា គេនឹងសម្រេចឱ្យគាត់ជាប់ទោសបែបនេះ។ បន្ថែមពីនះគាត់បានប្រាប់ឲ្យកូនចៅ ត្រូវថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យបារម្ភពីគាត់។
មិនអាចទាក់ទងលោក ស៊ន តារា ដែលកំពុងរស់នៅឯប្រទេសក្រៅ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើការសម្រេចសេចក្តីរបស់សាលាដំបូងខេត្តកំពង់ស្ពឺនេះបានទេ នៅថ្ងៃទី៦ ខែសីហានេះ។ ប៉ុន្តែលោកបានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា ឪពុកខ្ញុំជាជនស្លូតត្រង់ គ្មានកំហុស និងបានបម្រើជាតិ ត្រូវដាក់គុក៤ឆ្នាំ ជាចំណាប់ខ្មាំងជាការបំបាក់ទឹកចិត្តកងទ័ព។ សូមមជ្ឈដ្ឋានជាតិ និងអន្តរជាតិអន្តរាគមន៍ ដើម្បីឱ្យមានការដោះលែងឪពុករបស់លោក។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី ដែលបានតាមដានដំណើរការរឿងក្តីនេះបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងខេត្តកំពង់ស្ពឺទៅលើលោក សុខ ស៊ុនណារ៉េត។ ប៉ុន្តែទោះជាយ៉ាងណាលោកថា វាជាឆន្ទានុសិទ្ធិរបស់លោកចៅក្រម ក្នុងការធ្វើសេចក្តីសម្រច។
លោក យិន ម៉េងលី បានប្រាប់ សារព័ត៌មានខេមបូចា ថា៖ «យើងសង្កេតឃើញថា អវត្តមានសាក្សីដ៏សំខាន់ដល់ទៅ២លើកហើយការអវត្តមាននេះ វាប៉ះពាល់ដល់ការស្វែងរកយុត្តិធម៌ដល់ជនជាប់ចោទដែរ ពីព្រោះមេធាវីការពារជនជាប់ចោទ ត្រូវការសាកសួរដេញដោលយ៉ាងសំខាន់លើសាក្សីក្នុងការដោះបន្ទុកឱ្យកូនក្តីរបស់ខ្លួន ប៉ុន្តែអវត្តមានដល់ទៅ២ដងទៀត។ ប៉ុន្តែតុលាការបែរជាយកតែកំណត់ហេតុនឹងមកដាក់បន្ទុកលើជនជាប់ចោទទៅវិញ។ នេះយើងមើលឃើញថា វាមានការប៉ះពាល់ដល់ការស្វែងរកយុត្តិធម៌ដល់ជនជាប់ចោទ»។
នៅក្នុងសំណុំរឿងក្តីនេះ អង្គការអាដហុក និងអង្គការសង្គមស៊ីវិលផ្សេងទៀតមើលឃើញតាំងពីដំបូងមកម្ល៉េះដោយមិនសូវមានសង្ឃឹមថា ជនជាប់ចោទនឹងទទួលបានយុត្តិធម៌នោះទេ ពីព្រោះករណីនេះ វាពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងការអនុវត្តច្បាប់ដោយសារលោក សុខ ស៊ុនណារ៉េត ជាឪពុករបស់លោក ស៊ន តារា ហើយលោក ស៊ន តារា គឺជាអ្នកធ្វើការរិះគន់ក្នុងន័យស្ថាបនាមកលើរដ្ឋាភិបាលជាបន្តបន្ទាប់រហូតដល់មានទំនាស់គ្នារវាងឪពុកនិងកូន ហើយលោក ស៊ន តារា មិនបានបន្ថយនូវការរិះគន់ទេ នឹងនៅតែបន្តធ្វើការរិះគន់រហូតមកដល់បច្ចុប្បន្ន។ នេះបើតាម លោក យិន ម៉េងលី។
បន្ថែមពីនេះអង្គការអាដហុក និងអង្គការសង្គមស៊ីវិលផ្សេងទៀតសង្កេតឃើញថា សំណុំរឿងពាក់ព័ន្ធនយោបាយ បើសកម្មជននយោបាយ ធ្វើការសុំទោសលោក ហ៊ុន សែន ឬក៏សុំចុះចូលជាមួយគណបក្សកាន់អំណាច គឺមានការដោះលែង និងមានការបន្ធូរបន្ថយទោសច្រើន។ ប៉ុន្តែនៅក្នុងសំណុំរឿងនេះលោក ស៊ន តារា នៅតែបន្តធ្វើការរិះគន់ទៀត ទើបឪពុករបស់គាត់ត្រូវបានផ្តន្ទាទោសបែបនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ អំឡុងពេលមេបញ្ជាការភូមិភាគ៣ ហៅទៅជួប
ក្រោមការចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោយមកតុលាការខេត្តកំពង់ស្ពឺ បានចោទប្រកាន់លោក សុខ ស៊ុនណារ៉េត ពីបទរក្សាទុកសារធាតុញៀនដោយខុសច្បាប់។ ប៉ុន្តែលោក សុខ ស៊ុនណារ៉េត បានបដិសេធការចោទប្រកាន់នេះតាំងពីដំបូងមក។
លោក ស៊ន សារ៉ាត បានរំឭកថា នៅក្នុងសវនាការ កាលពីថ្ងៃទី៩ ខែកក្កដា ចៅក្រម និងព្រះរាជអាជ្ញា បានសួរដេញដោលឪពុករបស់លោកពីអង្គហេតុ នៃការចោទប្រកាន់គាត់ពាក់ព័ន្ធនឹងគ្រឿងញៀនដែលគេបានរកឃើញនៅក្នុងឡានរបស់គាត់ តែឪពុករបស់លោក បានឆ្លើយបដិសេធរាល់សំណួរថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ខណៈសាក្សីដាក់បន្ទុកដែលជាមន្ត្រីនគរបាលយុត្តិធម៌បានអវត្តមាន។
លោក ស៊ន សារ៉ាត អះអាងថា ឪពុកលោកជាមនុស្សស្មោះត្រង់ និងជាមន្ត្រីស្មោះត្រង់ចំពោះជាតិមាតុភូមិក្នុងនាមជាយោធា ដោយបានបម្រើការងារនេះជាង៣០ឆ្នាំមកហើយ មុនគាត់ចូលនិវត្តន៍។
កាលពីពេលកន្លងមកលោក ស៊ន តារា បានស្នើសុំឱ្យមានការដោះលែងឪពុករបស់លោក និងបានសុំអភ័យទោសពីលោក ហ៊ុន សែន។ លោក ស៊ន តារា បញ្ជាក់ថា អ្វីដែលលោកបានធ្វើ និងនិយាយតាមរយៈការអត្ថាធិប្បាយរបស់លោក នាពេលកន្លងទៅ មិនពាក់ព័ន្ធនឹងឪពុកម្ដាយ និងក្រុមគ្រួសាររបស់លោកឡើយ ហើយអ្វីដែលគ្រួសាររបស់លោកបានធ្វើក៏មិនពាក់ព័ន្ធនឹងលោកដែរ។ លោក ស៊ន តារា បញ្ជាក់ថា លោកនឹងគ្រួសាររបស់លោក បានប្រកាសកាត់កាល់គ្នាជាយូរមកហើយ ដែលការណ៍នេះមិនប្រែប្រួលទេ រហូតមកដល់ពេលនេះ។
លោក សុខ ស៊ុនណារ៉េត ធ្លាប់មានតួនាទីជានាយរងសេនាធិការខេត្តកំពង់ស្ពឺ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ នៅឆ្នាំ២០២៣ លោកត្រូវបានក្រសួងមហាផ្ទៃហៅឱ្យទៅជួបម្ដង និងបានបញ្ជូនគាត់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹងការរិះគន់របស់លោក ស៊ន តារា មកលើលោកហ៊ុន សែន៕










