បុគ្គលិកណាហ្គាវើលដ៍នៅតែតស៊ូជំនះចេញធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ ទោះបីជាមានការចាប់ពីសំណាក់អាជ្ញាធរក្ដី ស្របពេលដែលកិច្ចប្រជុំចរចាកន្លងទៅក្រុមហ៊ុនបានបដិសេធ ដូច្នេះបញ្ហានេះមានការវិវត្តទៅជាវិវាទរ៉ាំរ៉ៃ។
គិតមកត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ វិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់ឈានទៅរកដំណោះស្រាយរួមនៅឡើយទេ ដោយភាគីទាំងពីរនៅរក្សាជំហររៀងខ្លួន ទោះបីមានកិច្ចប្រជុំជាច្រើនលើកច្រើនសារក្ដី។
ចំពោះភាពឈរទ្រឹងមួយកន្លែងនេះ ទើបបុគ្គលិកណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង នារសៀលម៉ោង២នេះ មានបុគ្គលិកស្រីប្រុសចំនួន១១៩នាក់ បានព្យាយាមដើរទៅតវ៉ាមុខក្រុមហ៊ុន តែត្រូវអាជ្ញាធរចាប់ដាក់ឡានបញ្ជូនទៅម្ដុំសួនសត្វសាហ្វារី រាជធានីភ្នំពេញ។
បើតាម អ្នកស្រីម៉ម សុវឌ្ឍិន ជាបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបន្តធ្វើកូដកម្មមកទល់ថ្ងៃនេះ បានឱ្យដឹងថា មូលហេតុដែលអ្នកស្រីចេញធ្វើកូដកម្ម ដោយសារតែអ្នកស្រីយល់ថាកម្មកររាប់រយនាក់រងភាពអយុត្តិធម៌ពីការបញ្ឈប់ការងារពីសំណាក់ថៅកែ។ ហើយមកទល់ពេលនេះពួកគេមិនទាន់ទទួលបានដំណោះស្រាយសមរម្យណាមួយ ដែលអាចទទួលយកបានឡើយ។
អ្នកស្រីបន្តថា ទន្ទឹមនឹងមិនទាន់មានដំណោះស្រាយ គឺខាងតុលាការមិនទាន់ទម្លាក់បទចោទ មកលើថ្នាក់ដឹកនាំសហជីពនៅឡើយទេ។
អ្នកស្រីប្រាប់ថា៖«ការចេញធ្វើកូដកម្មនេះរយៈពេល៤ខែមកហើយ ហើយទោះបីជាមានការដោះលែងថ្នាក់ដឹកនាំសហជីពឱ្យនៅក្រៅឃុំ តែអត់ទាន់ទម្លាក់បទចោទ ហើយអត់បានដោះស្រាយចេញសូម្បីមួយចំណុច»។
ថ្វីបើមកទល់ពេលនេះមិនទាន់មានដំណោះស្រាយរួម តែអ្នកស្រីសុវឌ្ឍិន នៅតែមានសុទិដ្ឋិនិយមខ្ពស់ទៅលើក្រសួងពាក់ព័ន្ធ ក្នុងនោះគឺក្រសួងការងារជាពិសេស ថានឹងអាចចូលរួមឈឺឆ្អាលពីសុខទុក្ខរបស់បុគ្គលិក ហើយស្វែងរកយុត្តិធម៌ឱ្យពួកគេ ដោយយកច្បាប់ការងារដែលបានចែងមកប្រើ ដោយកុំអូសបន្លាយពេលយូរដូច្នេះ។
បុគ្គលិករូបនេះបន្ថែមថា៖«ក្រសួងការងារគួរតែយកច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងគោរពអនុសញ្ញាស្នូល ILO យកទាំងអស់ហ្នឹងមកប្រើ កុំអូសបន្លាយយូរទៀត ងាប់គឺងាប់កម្មករខ្មែរ»។
អ្នកស្រីសុវឌ្ឍិនអះអាងថា អ្នកស្រី និងកម្មករផ្សេងទៀត ចេញមកធ្វើកូដកម្មដោយសន្តិវិធី ហើយអ្នកស្រីមិនយល់ទាល់តែសោះថាហេតុអ្វីបានជាអាជ្ញាធរ នៅតែចាប់កម្មករដាក់ឡានក្រុងឱ្យយកទៅទុកចោលយ៉ាងដូច្នេះ។ អ្នកស្រីបន្ថែមថា ការចេញធ្វើកូដកម្មនេះ គឺជាជម្រើសតែមួយគត់ ដែលពួកគេមានសិទ្ធិពេញលេញក្នុងការតតាំងជាមួយក្រុមហ៊ុន ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
អ្នកស្រីបន្ថែមថា៖«បងៗអាជ្ញាធរនៅតែចាប់ អត់ដឹងថាពួកបងខុសអី?សួរនាំអីក៏មិនឆ្លើយទាំងអស់ ដឹងតែចូលឡានទៅៗ សម្លុតដាក់ចូលឡាន។ ចឹងរឿងហ្នឹងវាអត់ត្រឹមត្រូវសិទ្ធិក្នុងការធ្វើកូដកម្ម ពួកគាត់បំបិទសិទ្ធិកូដករខ្លាំង»។
ថ្លែងប្រាប់ខេមបូចា នៅរសៀលនេះអ្នកស្រី ឈឹម សុខន បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ខាងមុខនេះ នឹងមានកិច្ចចរចាម្ដងទៀតរវាងតំណាងសហជីព និងក្រុមហ៊ុន។ អ្នកស្រីថា ពីខាងសហជីពនៅតែមានក្ដីរំពឹងថានឹងមានដំណោះស្រាយ ពីព្រោះថាប្រសិនបើបញ្ហានេះអូសបន្លាយទៅមុខទៀត វានឹងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
អ្នកស្រីបន្តថា ខាងក្រុមហ៊ុនគប្បីចូលតុចរចាប្រកបដោយភាពស្មោះត្រង់ ជាជាងទៅចូលរួមចរចាហើយចាំតែបដិសេធសំណើររបស់តំណាងកម្មករ។ ចំណែកខាងក្រសួងការងារ បានត្រឹមតែតាំងខ្លួនជាអ្នកសម្របសម្រួល មិនបានប្រើច្បាប់ការងារជំរុញឱ្យក្រុមហ៊ុនដោះស្រាយទៅតាមច្បាប់ឡើយ។
អ្នកស្រី សុខន បញ្ជាក់ថា៖«ប្រសិនជាគាត់នៅតែបន្តចឹងទៀត មុខមាត់ប្រទេសជាតិយើង និងមុខមាត់រដ្ឋាភិបាលវាអត់ល្អទេ។ ហើយគាត់គួរតែរកវិធានការដើម្បីដោះស្រាយ ឬជំរុញឱ្យភាគីក្រុមហ៊ុនចូលតុចរចាដោយស្មោះត្រង់គោរពតាមច្បាប់»។
អ្នកស្រីសុខនថ្លែងថា នៅតែមិនយល់ថា ហេតុអ្វីបានជាក្រុមហ៊ុនមិនព្រមទទួលបុគ្គលិកដែលសុំចូលធ្វើការវិញ ខណៈបុគ្គលិកដែលកំពុងធ្វើការស្ម័គ្រចិត្តឈប់មានច្រើនលើសបុគ្គលិកដែលសុំចូលធ្វើការ។
អ្នកស្រីឱ្យដឹងទៀតថា៖«ដំណោះស្រាយដែលយើងដាក់ទៅ គឺយើងឃើញថាក្រុមហ៊ុនអត់ប៉ះពាល់អីទេ ហើយបុគ្គលិកដែលស្ម័គ្រចិត្តច្រើនជាងអ្នកចង់ចូលធ្វើការ យើងក៏វាអត់យល់ដែរហ្នឹងណា»។
ចំណែកលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា សាលាក្រុងធ្លាប់បានចេញសេចក្ដីជូនដំណឹងជាច្រើនដងមកហើយ ជុំវិញការចេញធ្វើបាតុកម្មដោយខុសច្បាប់របស់បុគ្គលិកណាហ្គាវើលដ៍។ លោកបន្តថា ការធ្វើបាតុកម្មនៅតាមដងផ្លូវសាធារណៈជារឿងមិនត្រូវ ដែលបង្កឱ្យប៉ះពាល់ទៅដល់អ្នកដទៃទៀត ខណៈបុគ្គលិកទាំងនោះមានជម្រើសផ្សេងទៀត។
លោក មាសភក្ដី ថ្លែងយ៉ាងដូច្នេះថា៖«មិនគួរណាគាត់យកជម្រើសហ្នឹងសម្រាប់ដោះស្រាយបញ្ហាខ្លួនឯង ព្រោះថាមានជម្រើសផ្សេងៗទៀតដូចជាទៅក្រសួងការងារ»។
លោក មាសភក្ដីបន្តថា ការធ្វើកូដកម្មនេះគឺខុសច្បាប់ ឱ្យលោកមិនចង់ឱ្យបុគ្គលិកកម្មករធ្លាក់ទៅផ្លូវផ្សេង ដោយសារតែបញ្ហានេះគឺមានតែមួយទេ គឺវិវាទការងារ ប៉ុន្តែដោយសារតែការអនុវត្តន៍វិធីសាស្រ្តក្នុងការដោះស្រាយមិនត្រឹមត្រូវទើបរុញច្រានទៅសកម្មភាពមិនល្អមួយផ្សេងទៀត។
លោក មាសភក្ដី ឱ្យដឹងទៀតថា ប្រសិនបើបុគ្គលិកណាហ្គាវើលដ៍ ចង់សម្ដែងមតិស្របតាមច្បាប់ គប្បីធ្វើជាលាយលក្ខណ៍អក្សរទៅសាលាក្រុង ហើយទៅបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យ មិនមែនប្រមូលផ្ដុំគ្នានៅតាមផ្លូវសាធារណៈទេ។ ដូច្នះ អាជ្ញាធរមិនបានរឹតត្បិត បំបិទសិទ្ធិសេរីភាព ក្នុងការសម្ដែងមតិឡើយ គឺធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ។
លោកបន្ថែមថា៖«យើងមានសិទ្ធិ តែកុំប្រើសិទ្ធិនេះទៅប៉ះនឹងសិទ្ធិគេ ចង់ធ្វើការសម្ដែងមតិដែលស្របតាមច្បាប់ ត្រូវអនុវត្តតាមច្បាប់ ហើយច្បាប់បង្ហាញថាឱ្យបងប្អូនដាក់ពាក្យមកអាជ្ញាធរដែនដី ប្រាប់ពីគោលបំណងការសម្ដែងមតិ»។
ចំណែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ថា អ្នកសារព័ត៌មានយើងបានទាក់ទងទៅជាច្រើនដងដែរ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ បានឱ្យដឹងថា ការអូសបន្លាយនៃវិវាទនេះ គឺដោយសារតែការគិតផលប្រយោជន៍ជាធំ មានន័យថាខាងក្រុមហ៊ុនមានប្រភពចំណូលរាប់លាន ដោយគិតទៅលើផលប្រយោជន៍ធំ ជាជាងការដោះស្រាយជូនកម្មករ។
លោកសំអាតបន្ថែមថា តាមការសង្កេតរបស់លោក កន្លងមក ការរិះគន់ច្រើនជុំវិញបញ្ហាវិវាទការងារ ដែលវាប្រែក្លាយទៅជាគូបដិបក្ស និងទំនាស់។ ហើយយូរទៅៗក្រុមហ៊ុនណាហ្គាវើលដ៍មិនមានបញ្ហាអ្វីជាមួយកម្មករឡើយ ទៅជាអាជ្ញាធរមានបញ្ហាជាមួយនឹងបុគ្គលិកណាហ្គាវើលដ៍ប្រឈមមុខដាក់គ្នាទៅវិញ។
លោកសំអាតមានប្រសាសន៍ថា៖«ចឹងវាប្រែក្លាយកាន់តែធំទៅៗ ខាងក្រុមអង្គការសិទ្ធិ និងអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ មើលឃើញថា វាជារឿងប៉ះពាល់ទៅដល់សេរីភាព ការរំលោភសិទ្ធិសហជីព និងបុគ្គលិកណាហ្គាវើលដ៍»។
លោកថា ក្នុងនាមជាអង្គការសង្គមស៊ីវិលល មានការបារម្ភថា ការអូសបន្លាយនៃការចរចាច្រើនលើកច្រើនសារ ដែលមិនទាន់មានចំណុចរួមណាអាចជាសះនឹងគ្នាបាននេះ អាចនឹងមានការចាប់ខ្លួនជាថ្មី ឬការចាប់ខ្លួនបន្ថែមដាក់ពន្ធនាគារជាដើម។
លោក សំអាត មានប្រសាសន៍បន្ថែមថា៖«យើងបារម្ភថាមានបាតុភាពផ្សេងៗ យើងមិនចង់ឃើញរឿងហ្នឹងទៀតទេ យើងចង់ឃើញការស្វែងរកដំណោះស្រាយនៃការចរចាដោយសន្តិវិធីដើម្បីបញ្ចប់វិវាទការងារនេះ»។
គួរជម្រាបជូនថា ចាប់តាំងពីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានបញ្ឈប់ពីការងារ ពួកគេបានចេញធ្វើកូដកម្មដោយសន្តិវិធីអស់រយៈពេលជាច្រើនខែ តែមកទល់ពេលនេះនៅតែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ ហើយបើតាមកម្មករ ពួកគេអះអាងថា នៅតែបន្តធ្វើកូដកម្មដដែលដរាបណាដំណោះស្រាយមិនទាន់មាន៕