សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីពការងារទទូចឲ្យមានការដំឡើងខ្ពស់លើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣

កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សហជីព​ការងារ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ជា​ដុំកំភួន​លើ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ ២០២៣ ដោយ​និយាយ​ថា ប្រាក់​ខែ​នា​ពេល​បច្ចុប្បន្ន​មិនសមាមាត្រទៅ​នឹង​តម្រូវ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ដែល​កំពុង​កើន​ឡើង។

យោង​តាមការសិក្សាស្រាជ្រាវរបស់​សហភាព​ការងារ​កម្ពុជា ​និងសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរ​កម្ពុជា​ បានឲ្យដឹងថា កម្មករ​រោងចក្រ​ជា​មធ្យម​ត្រូវ​ការ​ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ ដើម្បី​រ៉ាប់រង​លើ​អាហារ ការ​រស់នៅ និង​តម្រូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផ្សេងៗ។ ​ ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ ២០២២ គឺ ១៩៤​ដុល្លារ។ កម្មករ​អាច​​រក​ចំណូល​ឲ្យ​បាន​រហូត​ដល់ ២៨៩​ដុល្លារ គួប​ផ្សំ​នឹង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើការ​ថែមម៉ោង ប៉ុន្តែ​ចំណូល​នេះ​នៅ​តែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ពួកគេ។​​

ប្រធាន​សហភាព​ការងារ​លោក​ អាត ធន់ ថ្លែង​ថា៖ «​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០២២ គឺ​មាន​តែ ២​ភាគរយ​ប៉ុណ្ណោះ។ ប្រាក់​ឈ្នួល​នេះ​គួរ​តែ​ត្រូវ​ដំឡើងយ៉ាង​ហោចណាស់ ២០​ដុល្លារ​នា​ឆ្នាំ​នេះ ពីព្រោះរោងចក្រ​នានា​គឺ​ជិត​នឹង​មាន​កម្មករ​ធ្វើការ​ពេញលេញ​ បន្ទាប់​ពី​វិបត្តិ​កូវីដ ១៩ ហើយ​ប្រាក់​ចំណេញ​បាន​កើនឡើង»

​ការ​ចរចា​ផ្សេងៗ​អំពី​ប្រាក់​ឈ្នួល​នា​ឆ្នាំ​ក្រោយ​នេះ​នឹង​ចាប់​ផ្តើម​នា​សប្តាហ៍​ទីបី​ក្នុង​ខែ​សីហានេះ។ គេ​រំពឹង​ថា ការ​ចរចា​នឹង​មាន​រយៈពេល​មួយ​ខែ។

​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង​ សួរ​ ថ្លែង​ថា៖ «គ្មាន​នរណា​អាច​និយាយ​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ក្រោយ​នឹង​មាន​ប៉ុន្មាន​នោះ​ទេ។ យើង​ត្រូវ​រង់ចាំ​ដោយ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ ដើម្បី​ដឹង​ថាយ៉ាងម៉េច»

អគ្គលេខាធិការ​រង​នៃ​សមាគមកាត់ដេរកម្ពុជា ​(GMAC) លោក កាំង ម៉ូនីកា បាន​ប្រាប់​ ខេមបូចា ថា ទំហំ​នៃ​ការ​ផ្តល់​ប្រាក់ឈ្នួល​គឺ ​រង​ឥទ្ធិពល​ពី​កត្តា​ជា​ច្រើន មិនត្រឹម​តែ​តម្រូវ​ការ​របស់​កម្មករ​នោះ​ទេ។

​លោក​ថ្លែង​ថា៖ «យើង​ក៏​ត្រូវ​គិត​ពី​ផលិតភាព​របស់​កម្មករ​ ប្រាក់​ចំណូល​របស់​រោងចក្រ និង​​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត»

ប្រធាន​សហភាព​ការងារ​លោក អាត ធន់ និយាយ​ថា កម្មករ​រោងចក្រ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ជីវភាព​ជាមួយ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា។ សកម្មជន​​ការងារ​ និង​កម្មករ​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រមាណ​ ២០​ភាគរយ​នៅ​ឆ្នាំ ២០២៣។ ខេមបូចា/ ង៉ាយ ណៃ

​កញ្ញា​ អ៊ឹម សុភី កម្មករ​រោង​ចក្រ​អាយុ ១៨​ឆ្នាំ​មួយរូប​នៅ​ខេត្ត​ព្រះសីហនុ បាន​ឈប់​រៀន ហើយ​ចាប់ផ្តើម​ធ្វើការ​នៅរោងចក្រ​សម្លៀកបំពាក់​មួយ​កាល​ពី​ពីរ​ឆ្នាំ​មុន ពីព្រោះ​គ្រួសារ​របស់​នាងត្រូវ​ការ​ប្រាក់។ នាង​ត្រូវមើល​ថែ​ឪពុកម្តាហយ និង​ប្រាក់​ខែ​របស់​នាង​គឺ​ជា​ ប្រាក់​ចំណូល​ចម្បង​សម្រាប់​គ្រួសារ។

​កញ្ញា​និយាយ​ថា៖«ប្រសិន​បើ​ខ្ញុំ​ធ្វើការ​ពេញ​ម៉ោង​ និង​ថែម​ម៉ោង ខ្ញុំ​អាច​រក​ចំណូល​បាន​ជិត ៣០០​ដុល្លារ​ក្នុង​មួយ​ខែ» ដោយ​បន្ថែម​ថា ការ​ធ្វើការ​រយៈពេល​វែង​គឺ​លំបាក​សម្រាប់​អ្នក​មាន​វ័យ​ដូច​នាង។

កញ្ញា​បាន​បន្ត​ថា៖ «ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ជាង​នេះ ប្រសិន​បើ​រដ្ឋាភិបាល​បង្កើន​ប្រាក់ឈ្នួល​អប្បបរមា។ ប្រាក់​ចំណូល​បន្ថែម​នឹង​ជួយ​ក្នុង​ការ​ទិញ​ម្ហូបអាហារ ដែល​កាន់​តែ​ឡើង​ថ្លៃ​ជា​រៀង​រាល់​ថ្ងៃ»៕​

228 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម