ស្ថិតនៅក្នុងភូមិដាច់ស្រយាលមួយ ដែលមានចម្ងាយប្រមាណជាង៣២គីឡូម៉ែត្រពីវិទ្យាល័យ យុវតីម្នាក់ដែលមានកំណើតជាជនជាតិដើមភាគតិចចារ៉ាយ មានក្ដីសុបិន្តចង់ក្លាយជាគ្រូបង្រៀននាពេលអនាគត។
ក្នុងវ័យ ១៦ ឆ្នាំ យុវតី រម៉ាម ផ្យាម មានទីលំនៅស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលបច្ចុប្បន្នជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យអណ្ដូងមាស ជាវិទ្យាល័យតែមួយគត់ក្នុងស្រុក ។ ក្នុងចំណោមសិស្សានុសិស្សផ្សេងទៀតដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ផ្យាម ជាសិស្សស្រីដំបូងគេ ដែលមានគោលបំណងចង់ក្លាយជាគ្រូបង្រៀននៅក្នុងភូមិ ស្របពេលដែលសិស្សានុសិស្សមួយចំនួនធំក្នុងភូមិបានសម្រេចចិត្តបោះបង់ចោលការសិក្សា ដោយសារតែជីវភាពខ្វះខាត និងវិទ្យាល័យនៅឆ្ងាយពីភូមិ។
យុវតី ផ្យាម បានរៀបរាប់ថា៖ «កាលណាខ្ញុំប្រឡងជាប់ទី១២ហើយ ខ្ញុំតែងតែគិតថា ខ្ញុំនឹងរៀនត ខ្ញុំនឹងទៅដាក់ពាក្យធ្វើជាគ្រូបង្រៀន។ ខ្ញុំនឹងទៅបង្រៀនសិស្សនៅក្នុងភូមិខ្ញុំផ្ទាល់ ព្រោះនៅក្នុងភូមិខ្ញុំខ្វះគ្រូបង្រៀន ហើយខ្ញុំចង់យកចំណេះដឹងដែលខ្ញុំមានទៅបង្រៀនប្អូនៗនៅក្នុងភូមិ ខ្ញុំបន្តទៀត»។
អំឡុងពេលការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ យុវតី ផ្យាមមានការលំបាកក្នុងការទទួលបានសេវាអប់រំតាមអនឡានពីផ្ទះរបស់គាត់ ដោយសារនៅទីនោះ មិនមានសេវាទូរសព្ទប្រើប្រាស់គ្រប់គ្រាន់។ បញ្ហានេះ អាចជាហេតុនាំឲ្យប៉ះពាល់ដល់ធនធានដ៏សំខាន់មួយនេះ ក្នុងការសម្រេចក្ដីសុបិន្តរបស់ខ្លួន។
យុវតីផ្យាមបានឲ្យដឹងថា៖ «អ្វីដែលពិបាកជាងគេ សេវាអ៊ីនធើណិតគ្មានសេវាទូរសព្ទ ពេលគេរៀនតាមអនឡាញ នៅពេលគេបិទសាលាអញ្ចឹងទៅ។ យើងអត់បានរៀនតាមអនឡាញទេ ព្រោះនៅក្នុងភូមិខ្ញុំវាដាច់ស្រយាល អត់មានសេវាអ៊ីនធើណេត»។
ស្ថិតក្នុងទឹកមុខក្រៀមក្រំ យុវតីផ្យាមបន្តថា៖ «ពេលខ្លះទៅយើងចង់ឆែករកមេរៀនតាមGoogleអីទៅវាពិបាក។ យើងមើលមេរៀនតាមសៀវភៅគោលអី យើងឆ្ងល់ យើងចង់ផ្ញើទៅមិត្តភក្ដិយើងជួយដោះស្រាយក៏មិនកើត ដោយសារអត់មានសេវាអ៊ីនធើណេត»។
លោក ញ៉ច ប៉ៃស ជាគ្រូរបស់ យុវតី ផ្យាម នៃវិទ្យាល័យអណ្ដូងមាស បានសម្ដែងនូវក្ដីបារម្ភពីការសិក្សារបស់សិស្សខ្លួនថា៖ «ធម្មតាក្នុងបរិបទនៃកូវីដ១៩ ភាគច្រើន យើងបង្រៀនកូនសិស្សតាមប្រព័ន្ធអេឡិចត្រូនិច ដូចជាប្រព័នហ្ស៊ូម (Zoom) ដែលយើងត្រូវការប្រើប្រាស់ទូរសព្ទ ឬក៏យើងត្រូវការផ្ញើមេរៀនទៅគ្រុបសិក្សារបស់គាត់ ឃើញថាគាត់មានផលលំបាកខ្លាំង»។
លោកបានបន្តទៀតថា៖ «ទី១មើលទៅ គាត់អត់មានទូរសព្ទល្អនៅក្នុងការចូលសិក្សាទេ ហើយក្រៅពីហ្នឹងទៅ ដូចជាតំបន់ភូមិដែលគាត់រស់នៅផ្ទាល់នោះគឺជាតំបន់ដាច់ស្រយាល ហើយអត់មានសេវាទេ។ ចឹងសេវាអ៊ីនធើណែត នៅក្នុងការសិក្សានៅសម័យកូវីដ១៩ គឺវាសំខាន់ តែគាត់អត់មានទេ ចឹងខ្ញុំគិតថាវាជាផលវិបាកខ្លាំងមែនទែន ហើយវាប៉ះពាល់ដល់ការសិក្សារបស់គាត់ខ្លាំងមែនទែន»។
បញ្ហាសេវាទូរសព្ទ និងអ៊ីនធើណិតមិនមែនប៉ះពាល់តែ ផ្យាម នោះទេ គឺធ្វើឲ្យប៉ះពាល់ដល់ការសិក្សាស្រាវជ្រាវសម្រាប់សិស្សនៅក្នុងវិទ្យាល័យអណ្ដូងមាសទាំងមូល។ ដោយលោកបានលើកឡើងថា៖ «ប្រសិនបើកូនសិស្សគាត់ចង់ស្វ័យសិក្សា អត់ទាន់គ្រប់គ្រាន់ទេ ហើយជាក់ស្តែងនៅក្នុងបណ្ណាល័យផ្ទាល់ ឥឡូវនេះមាន កុំព្យូទ័រមួយដែរ ដែលកូនសិស្សគាត់អាចស្រាវជ្រាវ។ ប៉ុន្តែអ្វីដែរគាត់ស្រាវជ្រាវ នៅក្នុងកុំព្យូទ័រស្រាប់ ហើយបើយើងចង់ស្រាវជ្រាវ នៅលើហ្គូដហ្គល(Google) គឺអត់មានទេ ដោយសារយើងអត់មានអ៊ិនធើណែតបំពាក់នៅក្នុងសាលា»។
ជាមួយគ្នានេះ យុវតី ផ្យាម ក៏បានលើកឡើងពីការឆ្លើយតបរបស់អាជ្ញាធរទៅលើសេវាទូរសព្ទ និងសេវាអ៊ីនធើណេតក្នុងភូមិថា៖ «បើសម្រាប់អាជ្ញាធរខ្ញុំ គាត់ថារកដាក់អង់តែនសេវាមួយដែរ តែគាត់ថាខ្លាចអត់ចំណេញ ដោយសារប្រជាជនខាងនេះវាតិចពេក អត់មានប្រជាជនច្រើន អតិថិជនអ្នកដែលលេងអ៊ីនធើណែត គាត់ថាអត់ដាក់ទេ ខ្លាចខាតគាត់»។
លោកធ្យុល ដែលជាមេភូមិចង នៃឃុំញ៉ាង ស្រុកអណ្ដូងមាស បានលើកឡើងអំពីតម្រូវការនៅក្នុងភូមិ កង្វះខាតធនធានថវិកាសម្រាប់ការអភិវឌ្ឍ និងសំណូមពរសម្រាប់ការឧបត្ថម្ភទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិថា៖ «ទីមួយខ្ញុំចង់បានសេវាទាក់ទង និងទីពីរខ្ញុំចង់បានសាលារៀន និងអនុវិទ្យាល័យនៅតាមភូមិដើម្បីឱ្យយើងរៀនចេះដូចបងប្អូនយើងដែរ គឺពិសេសចង់មានភ្លើងគ្រប់ផ្ទះ និងសេវា និងមន្ទីរពេទ្យនៅតាមភូមិ ខ្ញុំចង់សំណូមពរដល់រាជរដ្ឋាភិបាល និងអង្គការនានាដែលបានជួយជនបទ»។
ឆ្លើយតបទៅនឹងបញ្ហាសេវាទូរសព្ទ លោក កង សារឿន អភិបាលស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា លោកនឹងស្នើទៅអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធឲ្យជួយដំឡើងអង់តែនសេវាទូរសព្ទ ដើម្បីជួយសម្រួលក្នុងការប្រើប្រាស់ដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស។
លោកមានប្រសាសន៍ថា៖ «ជាការពិតភូមិចង ជាភូមិមួយដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ បច្ចុប្បន្ននេះភូមិចងពុំទាន់មានសេវាទូរសព្ទ ក៏ដូចជាសេវាអ៊ីនធឺណែតនៅឡើយទេ។ ជាទិសដៅរដ្ឋបាលស្រុកនឹងស្នើសុំទៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍នូវបង្គោលសេវាទូរសព្ទចល័តមិត្តហ្វូន ដើម្បីធ្វើឱ្យប្រជាជននៅភូមិចងមានលទ្ធភាពក្នុងការប្រើប្រាស់»។
លោកមេភូមិ បានបង្ហាញក្តីកង្វល់របស់លោកថា កង្វះនៃការអប់រំ អាចនឹងធ្វើឲ្យជនជាតិដើមភាគតិចចារ៉ាយ នៅក្នុងភូមិចង មិនអាចងើបចេញពីបន្ទាត់នៃភាពក្រីក្រ ដោយសារប្រជាជនគ្មានមុខរបរច្បាស់លាស់។
លោកបន្តថា៖ «ពិបាកវេទនាណាស់ រកមួយថ្ងៃស៊ីមួយល្ងាចហ្នឹង ហើយធ្វើតែចម្ការ គ្មានមុខរបរអីទេ»។
ប្រជាជនសរុបនៅក្នុងភូមិចងមានចំនួន ៨១៩នាក់ ស្មើនឹង១៨៩គ្រួសារ ភាគច្រើនជាក្មេង ក្នុងនោះមានស្រី៣៣៩នាក់ និងមានចុះឈ្មោះចូលរៀនចំនួន១១០នាក់។ ប្រជាជនភាគច្រើនប្រកបមុខរបរធ្វើស្រែ និងដាំដំឡូង។
ទាក់ទងទៅនឹងសមភាពយេនឌ័រ និងការចូលរូមរបស់ស្ត្រីជនជាតិដើមភាគតិច លោកមេភូមិបានបញ្ជាក់ថា ចំនួនស្ត្រីគឺមិនសូវមានច្រើនទេ ពីព្រោះស្រ្តីទទួលបានការអបរំតិច ដូចនេះធ្វើឲ្យការចូលរួមរបស់ស្ត្រី នៅមានការខ្វះខាតច្រើន នៅក្នុងតួនាទីដឹកនាំនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅក្នុងតំបន់របស់ខ្លួន ។
លោកមេភូមិលើកឡើងថា៖ «ស្ត្រីអត់មានសោះម៉ង មានតែខាងអប់រំមាតាបិតា ប៉ុន្តែបើខាងការងារដែលខ្ញុំធ្វើហ្នឹង គ្មានស្ត្រីសោះ មានតែប្រុសៗ ដោយសារតែស្ត្រីអត់ចេះអក្សរ នៅក្នុងភូមិដែលខ្ញុំគ្រប់គ្រងអ្នកចេះអក្សរមានតែ៣០% ទេ ហើយភាគច្រើនជាប្រុស»។
ទន្ទឹមនឹងចំនួនទាបនៃស្រ្តីក្នុងការទទួលបានការអប់រំខ្ពស់ លោកមេភូមិ បានសម្ដែងនូវ ការកោតសរសើរចំពោះការតស៊ូរបស់ យុវតី ផ្យាម ជាមួយនឹងទឹកមុខញញឹម ពោរពេញដោយក្ដីសង្ឃឹមថា៖ «រាល់ថ្ងៃនេះ មានតែអ្នកតស៊ូដូច ផ្យាម ទេ បានអាចទៅរៀនដល់អណ្តូងមាស ហើយគ្រួសារគាត់ខ្វះខាតដែរ ប៉ុន្តែគាត់នៅតែតស៊ូ តែអ្នកខ្លះគ្រួសារធូរធារមានម៉ូតូមានលុយដែរ គេអត់តស៊ូទេ ទៅរៀនហើយបោះបង់»។
ចំពោះអត្រាសិស្សបោះបង់ចោលការសិក្សាខ្ពស់នេះ ក៏បណ្ដាលមកពីការដែលគ្មានវិទ្យាល័យនៅក្នុងភូមិ ដែលធ្វើឲ្យសិស្សជួបការលំបាកផ្សេងៗក្នុងការសិក្សារៀនសូត្រ។
យុវតីផ្យាមបានរៀបរាប់ថា៖ «បើសិនជាមានវិទ្យាល័យនៅក្នុងភូមិខ្ញុំ មិនដឹងជាល្អប៉ុណ្ណាទេ ព្រោះអីវាងាយស្រួលក្នុងការរៀន ហើយសិស្សរៀនវាច្រើនទៀត ព្រោះអីសាលានៅជិតស្រាប់ នៅក្នុងភូមិស្រាប់ វាអត់ពិបាកក្នុងការរៀន ហើយសិស្សអត់បោះបង់ការសិក្សាច្រើន»។
យុវតីផ្យាមបន្តថា៖ «ហើយណាមួយ បើវិទ្យាល័យជិតទៅ យើងបាននៅក្បែរអ្នកផ្ទះ នៅជិតឳពុកម្ដាយ អត់ខ្វះភាពកក់ក្ដៅ ហើយសិស្សក៏អត់ហាមមិនឲ្យទៅរៀនដែរ។ ពេលសាលាឆ្ងាយអញ្ចឹងទៅ គាត់តែងតែហាមកូនមិនឲ្យទៅរៀន ដោយសារខ្វះថវិកា បារម្ភពីកូន ព្រោះសាលាឆ្ងាយ ខ្លាចកូនមានគ្រោះថ្នាក់ពេលធ្វើដំណើរតាមផ្លូវ»។
ក្រៅពីសាលានៅឆ្ងាយ អត្រានៃការបោះបង់ចោលការសិក្សារបស់កុមារក្នុងភូមិ ក៏បណ្ដាលមកពីមិនមានគ្រូបបឋមគ្រប់គ្រាន់ផងដែរ។
យុវតីផ្យាម បានបង្ហាញពីក្ដីមិនសប្បាយចិត្តទៅលើបញ្ហានេះ កាលពីខ្លួនសិក្សានៅក្នុងបឋមសិក្សាក្នុងភូមិថា៖ « មានអារម្មណ៍ថា ខ្ញុំចង់ទៅរៀន តែរៀនទៅអត់មានគ្រូ ខ្ញុំចង់ចូលរៀនកុំឲ្យខាតមេរៀន តែគ្រូអត់បង្រៀនទៀងទាត់ ខាតពេលវេលារបស់ខ្ញុំ ចំណាយពេលវេលាឥតប្រយោជន៍ ខំប្រឹងទៅរៀនតែអត់មានគ្រូបង្រៀន»។
បញ្ហាកង្វះគ្រូបង្រៀនក្នុងភូមិនេះ បានជំរុញទឹកចិត្តរបស់ ផ្យាម ឲ្យចង់ក្លាយជាគ្រូបង្រៀន ដើម្បីចែករំលែកចំណេះដឹងដល់កុមារនៅក្នុងភូមិរបស់ខ្លួន។
ផ្យាម ឲ្យដឹងថា៖ «ខ្ញុំតែងតែគិតថា ខ្ញុំនឹងយកបទពិសោធន៍ដែលខ្ញុំមានបន្តិចបន្តួច ទៅអប់រំពួកគាត់ ទៅណែនាំ ទៅធ្វើជាគំរូ ដល់ប្រជាជន ដល់បងប្អូនជនជាតិដើមភាគតិចរបស់ខ្ញុំ ឲ្យគាត់បានយល់បានដឹង»។
លោករម៉ាស់ យើយ ជនជាតិដើមភាគតិចចារ៉ាយដែលជាឪពុករបស់យុវតីផ្យាម គឺជាកសិករ និងកំពុងជួបប្រទះនឹងបញ្ហាកត្តាជីវភាពក្នុងគ្រួសារ។ លោកគាំទ្រនិងលើកទឹកចិត្តកូនស្រីរបស់លោករៀនឲ្យចប់ និងសម្រេចក្តីសុបិន្ត។ ទោះជាយ៉ាងណា លោកចង់ឃើញការជ្រោមជ្រែងពីអាជ្ញាធរ និងអង្គការសង្គមស៊ីវិលជួយធ្វើយ៉ាងណាឲ្យកូនស្រីរបស់លោកសម្រេចបំណង។
លោក យើយ និយាយថា៖ «បើយើង មានអង្គការ អាហារូបករណ៍អីឱ្យហ្នឹងមានអី តែបើមកវិញសុំពុកម៉ែវិញ ពុកម៉ែណាមាន យើងក្រយើងអត់ចឹង មករៀននៅស្រុកអណ្តូងមាសហ្នឹង អត់មានលុយជួយវាទេ មួយថ្ងៃ ១ម៉ឺន មួយថ្ងៃ៥ពាន់ ទិញអីក៏អត់កើតដែរ»។
យុវតីផ្យាមក៏បានសំណូមពរថា៖ «ព្រោះអីខ្ញុំជាអ្នកខ្វះខាត ខ្ញុំចង់បានពីគាត់ដូចជាការសម្រួលការសិក្សា ផ្ដល់ជាកន្លែងស្នាក់នៅ ពេលខ្ញុំរៀនទី១២ចប់ ខ្ញុំទៅរៀនត គាត់ផ្ដល់ជាថវិកា ផ្ដល់ការស្នាក់នៅឲ្យខ្ញុំ»។
ក្នុងនាមជាជនជាតិដើមភាគតិច ដូចទៅនឹងសិស្សរបស់ខ្លួន លោកគ្រូ ប៉ៃស បានលើកទឹកចិត្តឲ្យយុវតីផ្យាម និងសិស្សផ្សេងទៀតជាពិសេសជនជាតិដើមភាគតិច ជំនះរាល់ឧបសគ្គ មានការប្ដេជ្ញាចិត្តចំពោះការសិក្សាខ្ពស់ ក្នុងការមិនបោះបង់ការសិក្សា បើទោះបីជាជួបប្រទះកត្តាជីវភាព ឧបសគ្គក្នុងគ្រួសារ ឬទំនាក់ទំនងជាមួយមិត្តភក្ដិក្ដី។
លោកបន្ថែមថា៖ «ចំណុចដែលគួរតែផ្តល់ឲ្យកូនសិស្សជនជាតិដើមភាគតិចនោះ គឺពីព្រោះអីខ្ញុំក៏ជាជនជាតិដើមភាគតិចដែរ ហើយក៏ចង់ផ្តល់ដំបូន្មានខ្លះ ដល់សិស្សៗ ក៏ដូចជា អាចនិយាយថាសិស្សប្អូនទៅចុះទាំងអស់ដែលគាត់កំពុងសិក្សា បឋមក្តី ថ្នាក់អនុវិទ្យាល័យក្តី ថ្នាក់វិទ្យាល័យក្តី មានតែការតស៊ូទេ ដែលនឹងធ្វើឲ្យខ្លួនឯងជោគជ័យ ហើយការសិក្សាបើយើងពឹងតែគ្រូក៏អត់ជោគជ័យដែរ»។
លោក ប៉ៃស ក៏បានសម្ដែងនូវក្ដីសង្ឃឹមចំពោះយុវតីផ្យាមដែលជាទំពាំងស្នងឬស្សី ដោយបានលើកឡើងថា៖ «ជឿថា នៅថ្ងៃអនាគតគាត់នឹងក្លាយទៅជាធនធានមនុស្សដ៏សំខាន់ ដរាបណាគាត់មិនបោះបង់ចោលការសិក្សារបស់គាត់»។
យុវតីរូបនេះបានប្ដេជ្ញាចិត្តនៅថ្ងៃអនាគត ក្នុងការធ្វើជាគ្រូបង្រៀន និងប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ក្នុងការបណ្ដុះផ្នត់គំនិត និងឥរិយាបថវិជ្ជមាននៅក្នុងភូមិខ្លួន។ ផ្យាម សង្ឃឹមថា អាណាព្យាបាលទាំងអស់នឹងបញ្ជូនកូនទៅរៀន ដើម្បីទទួលនូវចំណេះដឹង និងអភិវឌ្ឍន៍ក្នុងសហគមន៍របស់ខ្លួន។
យុវតីរូបនេះបន្ថែមថា៖ «ខ្ញុំជឿថាពួកគាត់នឹងមិនហាមកូនឲ្យទៅរៀនទេ ហើយនិងជំរុញឲ្យកូនគាត់ទៅរៀនជានិច្ច បើសិនជាគាត់បានការអប់រំច្រើន ការណែនាំច្រើន»៕