សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍បង្ហាញពីវឌ្ឍនភាពសម្រាប់ជនជាតិដើមភាគតិច ប៉ុន្តែវិស័យអប់រំ និងសុខភាពនៅតែមានកម្រិត

ការដាក់ឱ្យប្រើប្រាស់របាយការណ៍ជាតិឆ្នាំ២០២៤ ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច កាលពីថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីមកពីក្រសួងផែនការ អង្គការសហប្រជាជាតិ និងក្រុមជនជាតិដើមភាគតិច។ (រូបភាព៖ CIPO)
ការដាក់ឱ្យប្រើប្រាស់របាយការណ៍ជាតិឆ្នាំ២០២៤ ស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច កាលពីថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីមកពីក្រសួងផែនការ អង្គការសហប្រជាជាតិ និងក្រុមជនជាតិដើមភាគតិច។ (រូបភាព៖ CIPO)

អក្ខរកម្មភាសាខ្មែរ និងការចូលរៀនរបស់ជនជាតិដើមភាគតិចនៅកម្ពុជាបានបោះជំហានទៅមុខមួយកម្រិតទៀត ប៉ុន្តែនៅតែមានបញ្ហាប្រឈម និងគម្លាតយ៉ាងខ្លាំងនៅក្នុងវិស័យថែទាំសុខភាព និងសិទ្ធិដីធ្លី។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងផែនការ និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA)។

ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ របាយការណ៍ជាតិស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជានេះបានទាញទិន្នន័យជំរឿនឆ្នាំ២០១៩ ដែលជាទិន្នន័យ​ចុងក្រោយបំផុតដែលយកមកប្រើប្រាស់ ខណៈដែលវាត្រូវចំណាយពេលរាល់ឆ្នាំក្នុងការវិភាគទិន្នន័យ ដើម្បីធានាបាននូវវិសាលភាពទូលំទូលាយរបស់របាយការណ៍នេះ។

យោង​តាម​ជំរឿន ​ជនជាតិ​ដើម​ភាគតិចនៅកម្ពុជាមាន២២អំបូរ ខណៈដែលកំណត់ត្រា​ផ្លូវ​បានបង្ហាញថាមាន២៧អំបូរ ​ដែល​ទទួល​ស្គាល់​ដោយ​ឈ្មោះ​នៃអំបូរនីមួយៗ។

នៅឆ្នាំ២០១៩ ជនជាតិដើមភាគតិចសរុបមានចំនួន ១៧២ ០០០នាក់ ដែលស្មើនឹង១ភាគរយ នៃចំនួនប្រជាជនសរុបក្នុងប្រទេស។ អំបូរធំៗចំនួន៦ មានដូចជា ពូនង, ទំពួន, ចារ៉ាយ, គ្រឹង, កួយ និង ព្រៅ – ដែលអំបូរទាំងនេះស្មើរនឹង៨៥ភាគរយនៃជនជាតិដើមភាគតិចសរុប ខណៈពួកគេដែលភាគច្រើនរស់នៅតំបន់ភាគឦសាន។

ខណៈពេលដែលរបាយការណ៍បានកត់សម្គាល់ពីភាពប្រសើរឡើងបន្ថែមទៀតនៅក្នុងជីវិតរបស់ជនជាតិដើមភាគតិច តែវានៅតែមានបញ្ហាប្រឈមជាបន្តបន្ទាប់ រួមទាំងការទន្ទ្រានយកដីដូនតា និងការដកចេញពីផែនការអភិវឌ្ឍន៍។

លោកស្រី យុន ម៉ាណេ នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានមានប្រសាសន៍ថា៖ «ការជួយដល់ការអភិវឌ្ឍជនជាតិដើមភាគតិច រួមចំណែកដល់ការរីកចម្រើននៃប្រទេសទាំងមូល ហើយនឹងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលនោះទេ»។  លោកស្រីបានបន្ថែមថា របាយការណ៍ដែលមានទិន្នន័យច្បាស់លាស់អំពីជនជាតិដើមភាគតិចនឹងជួយដោះស្រាយដល់តម្រូវការរបស់ពួកគេ។

លោកស្រី ម៉ាណេ បានជំរុញឱ្យរដ្ឋាភិបាល ក្រសួង និងដៃគូអភិវឌ្ឍន៍ រក្សាកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមទៀត។ លោកស្រីបានអំពាវនាវឱ្យមានការដាក់បញ្ចូលជនជាតិដើមភាគតិចទៅក្នុងផែនការរបស់ក្រសួង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងជំរុញឱ្យក្រសួងហិរញ្ញវត្ថុរៀបចំថវិកាបន្ថែមទៀតដល់ក្រសួងពាក់ព័ន្ធដើម្បីធ្វើការជាមួយជនជាតិដើមភាគតិច។

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ សម្ពោធរបាយការណ៍ជាតិស្តីពីស្ថានភាពប្រជាសាស្រ្ត និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច។ (រូបភាព៖ CIPO)

នៅពេលដែលការអំពាវនាវឱ្យធ្វើសកម្មភាពបន្ត វឌ្ឍនភាពត្រូវបានធ្វើឡើង ប៉ុន្តែវានៅតែមិនស្មើគ្នានៅទូទាំងវិស័យផ្សេងៗឡើយ។

ជាងពាក់កណ្តាលនៃប្រជាជនជនជាតិដើមភាគតិចចេះអក្សរខ្មែរ គិតត្រឹមឆ្នាំ២០១៩ កើនឡើង ២២% ធៀបនឹងការវាស់វែងចុងក្រោយក្នុងឆ្នាំ២០១៣ ហើយជាមួយនឹងគម្លាតយេនឌ័រដែលតូចចង្អៀត។ ទន្ទឹមនឹងនេះដែរ កុមារជនជាតិដើមភាគតិចចំនួន៣ ក្នុងចំណោម៤នាក់ ដែលមានអាយុពី៦ទៅ១៣ឆ្នាំ បានចូលរៀនជាទៀងទាត់ ពោលគឺកើនឡើង២៦ភាគរយនៃការចូលរៀនចាប់តាំងពីឆ្នាំ២០១៣។ ទោះយ៉ាងណាក៏ដោយ មនុស្សពេញវ័យជនជាតិដើមភាគតិចភាគច្រើននៅតែទទួលបានការអប់រំត្រឹមតែកម្រិតបឋមសិក្សាប៉ុណ្ណោះ។

ទោះបីជាការបង្កើនអក្ខរកម្ម និងអត្រាចូលរៀនអាចផ្តល់ឱ្យសហគមន៍ជនជាតិដើមភាគតិចនូវសមាហរណកម្ម និងសេដ្ឋកិច្ចកាន់តែច្រើនក៏ដោយ លទ្ធភាពទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ និងលក្ខខណ្ឌរស់នៅអនាម័យនៅតែមានកម្រិត។

ជំងឺដូចជា គ្រុនផ្តាសាយ គ្រុនឈាម និងគ្រុនពោះវៀន គឺកើតមានច្រើន ហើយមនុស្សជាច្រើនពឹងផ្អែកលើគ្លីនិកឯកជន ឬឱសថស្ថានសម្រាប់ការថែទាំ។ ខណៈបញ្ហាអនាម័យនៅតែជាបញ្ហាសំខាន់ ដោយមានជាងពាក់កណ្តាលនៃគ្រួសារជនជាតិដើមភាគតិចខ្វះបង្គន់ បើធៀបនឹងមធ្យមភាគពលរដ្ឋទូទៅ១៧% នេះបើយោងតាមទិន្នន័យជំរឿនបានរកឃើញ។

ទោះបីជាការទទួលបានទឹកស្អាតមានភាពប្រសើរឡើងក៏ដោយ ក៏កម្រិតនៃការបែងចែកទៅតាមទីក្រុង និងជនបទនៅតែខុសគ្នា។

របាយការណ៍នេះក៏បានចងក្រងឯកសារសហគមន៍ជាច្រើនទៀតដែលបានធ្វើស្វ័យអត្តសញ្ញាណ។

ខណៈដែលក្រសួងផែនការ និង CIPA បានរាយការណ៍ថា បណ្ណកម្មសិទ្ធិសមូហភាព (CLTs) ដែលជាកម្មវិធីដែលមានគោលបំណងធានាសិទ្ធិដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច គ្របដណ្តប់ជាង ៣៣ ០០០ ហិកតា និងទទួលបានអត្ថប្រយោជន៍ជាង ៣ ២០០គ្រួសារ។

យ៉ាងណាមិញ សហគមន៍ជនជាតិដើមភាគតិច ៤៣ក្នុងចំណោម៤៥៨ ប៉ុណ្ណោះដែលទទួលបាន CLTs ចាប់តាំងពីកម្មវិធីបើកដំណើរការឆ្នាំ២០១១ ដែលទិន្នន័យនេះទាបជាងគោលដៅរបស់រដ្ឋាភិបាលដែលចេញឱ្យបានសហគមន៍ចំនួន១០ក្នុងមួយឆ្នាំ។

ក្នុងអំឡុងពេលនៃការចេញរបាយការណ៍នេះ រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ  បានទទួលស្គាល់ថា សហគមន៍ជនជាតិដើមភាគតិចនៅគម្លាតឆ្ងាយពីក្រុមដែលមិនមែនជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍ ដោយចង្អុលទៅគម្លាតដូចជាការប្រើប្រាស់អគ្គិសនីមានកម្រិត និងការអប់រំមិនបានពេញលេញ។

លោកបានបន្តថា ក្រសួងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយបានសន្យាថានឹងដាក់បញ្ចូលដំណោះស្រាយនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលជាប្លង់មេរយៈពេលប្រាំឆ្នាំសម្រាប់គោលនយោបាយ ការចំណាយ និងយុទ្ធសាស្រ្ត ដើម្បីបំពេញគោលដៅអភិវឌ្ឍន៍របស់ប្រទេស។

លោកស្រី Sandra Bernklau តំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិបានថ្លែងថា៖ «យើងសង្ឃឹមថារបាយការណ៍បែបនេះជំរុញឱ្យមានសកម្មភាពនិងភាពជាដៃគូដែលនាំឱ្យមានធនធានដែលត្រូវការ ដើម្បីបិទគម្លាតសេដ្ឋកិច្ចសង្គមនេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Report Shows Progress for Indigenous, But Disparities Persist

154 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម