ស្ត្រីជនជាតិដើមភាគតិចពូនងម្នាក់អភិវឌ្ឍន៍ខ្លួនពីពលរដ្ឋសាមញ្ញទៅជាមេដឹកនាំសហគមន៍ដោយសារតែកត្តាមួយចំនួនដូចជា ជម្លោះដីធ្លីនិងបញ្ហាបទល្មើសព្រៃឈើ ព្រមទាំងការកាប់ទន្ទ្រានដីព្រៃនៅតំបន់រស់នៅរបស់គាត់។
ស្ត្រីនោះមានវ័យជាង៤០ឆ្នាំ ដែលមានឈ្មោះថាអ្នកស្រី ភ្លឹក ភីរម្យ សំប្បុរស្រអែម មានកម្ពស់ និងមាឌល្មមសមរម្យ ហើយសក់ពណ៌ខ្មៅរួញតិចៗ។ ចំណែកសំដីនិយាយបែបរដឺនៗបញ្ចេញសំឡេងជាភាសាខ្មែរមិនសូវច្បាស់ ព្រោះមានស្រុកកំណើតនៅភូមិទី៩ ឃុំណងឃិលឹក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។
មណ្ឌលគីរី គឺជាខេត្តមួយសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់វៀតណាម ខាងជើងជាប់ខេត្តរតនគីរី ខាងជើងឆៀងខាងលិចជាប់ខេត្តស្ទឹងត្រែង ខាងលិចជាប់ខេត្តក្រចេះ ដែលមានចំងាយ ៣៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ខេត្តនេះមានតំបន់ភ្នំ និងខ្ពង់រាបដែលប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចប្រមាណ ៨០ភាគរយ។ ក្រៅពីនេះមានជនជាតិចម្រុះគ្នាផេ្សងៗទៀតដូចជា ខែ្មរ ចិន វៀតណាម ថៃ និងខែ្មរអ៊ីស្លាម។
ពួកគាត់ប្រកបមុខរបរកស៊ីនៅទីរួមខេត្តដោយធ្វើពាណិជ្ជកម្មផ្សេងៗ ប៉ុន្ដែបើនៅឯជនបទវិញពួកគាត់ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ។ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើស្រែបុកដីដាំនៅលើខ្នងភ្នំ។
ទន្ទឹមនឹងមុខរបរធ្វើកសិកម្មតាមបែបបុរាណនេះ ដីស្រែចម្ការរបស់ពួកគាត់មួយចំនួន ត្រូវបានឈ្មួញខិលខូចរំលោភយកធ្វើកម្មសិទ្ធិខុសច្បាប់។ ចំណែកក្រុមឈ្មួញខ្លះបានរំលោភយកដីព្រៃសហគមន៍របស់ពួកគាត់ ហើយមួយចំនួនទៀតរំលោភយកដីព្រៃដែលជាដែនជម្រកសត្វព្រៃរបស់រដ្ឋ។
ដោយមើលឃើញពីការរំលោភយកដីព្រៃឈើយ៉ាងអាណាធិបតេយ្យ ពលរដ្ឋជនជាតិដើមភាគតិចមួយចំនួនបាននាំគ្នាលះបង់ពេលវេលា និងផលប្រយោជន៍ផ្ទាល់ខ្លួន ងាកមកការពារដីធ្លី និងព្រៃឈើរបស់រដ្ឋ។ ការងារស៊ូមតិនានា គេសង្កេតឃើញអ្នកស្រី ភ្លឹក ភីរម្យ តែងតែបង្ហាញសកម្មភាពនាំមុខគេជានិច្ច។
អ្នកស្រី ភ្លឹក ភីរម្យ ជាអ្នកដឹកនាំពលរដ្ឋជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគីរីតាមរយៈការបញ្ចេញសកម្មភាពតស៊ូមតិនានាជុំវិញបញ្ហាបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍ និងបញ្ហាបរិស្ថានមួយចំនូនទៀត។
អ្នកស្រី ភីរម្យ លើកឡើងថា៖ «ការតស៊ូមតិ និងការការពារធនធានធម្មជាតិរបស់យើងកន្លងមកនេះ តែងតែជួបបញ្ហាប្រឈមជាច្រើនដូចជា ប្រឈមជាមួយអាជ្ញាធរខិលខូច និងឈ្មួញ ទុច្ចរិតមួយចំនួនដែលធ្លាប់បានគំរាមកំហែងប្ដឹងទៅតុលាការ និងការគំរាមសម្លាប់ផងដែរ»។
អ្នកស្រី ភីរម្យ ថ្លែងបន្តថា បច្ចុប្បន្ននេះ អ្នកស្រីបានមករស់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យវិញ ដោយសារអ្នកស្រីរៀបការ ហើយមករស់នៅខាងស្វាមី។ អ្នកស្រីមាន កូនប្រុសស្រី ៤នាក់ ប៉ុន្ដែជាអកុសល អ្នកស្រីបានលែងលះជាមួយស្វាមីជាច្រើនឆ្នាំហើយ ដោយសារបញ្ហាផ្ទាល់ខ្លួន។
នៅអំឡុងឆ្នាំ២០០៨ ដីស្រែចម្ការរបស់អ្នកស្រី និងដីព្រៃសហគមន៍ជនជាតិដើមភាគតិចពូនង ត្រូវបានឈ្មួញចូលមករំលោភឈូសឆាយយកធ្វើជាកម្មសិទ្ធិ ប៉ុន្ដែអាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពជួយរកដំណោះស្រាយជូនពលរដ្ឋបានទេ បើទោះបីជាពួកគាត់បានដាក់ពាក្យបណ្ដឹងជាច្រើនប្ដឹងទៅកាន់ពួកគាត់ក៏ដោយ។
នៅឆ្នាំនោះ គឺជាពេលដែលអ្នកស្រីសម្រេចចិត្តចេញមុខតវ៉ា តស៊ូមតិនានា ពោលគឺបង្ហាញសកម្មភាពលេចធ្លោជាងគេនៅក្នុងសហគមន៍របស់អ្នកស្រី ដើម្បីទាមទារដីព្រៃសហគមន៍ពីកណ្ដាប់ដៃឈ្មួញមកវិញ ហើយក៏ជាពេលដែលជំរុញអ្នកស្រីឱ្យចូលប្រឡូកក្នុងការងារតស៊ូមតិ និងក្លាយខ្លួនជាសកម្មជនព្រៃឈើ បរិស្ថាន និងដីធ្លីដោយមិនដឹងខ្លួន។
អ្នកស្រី ភីរម្យ បញ្ជាក់ថា៖ «សកម្មភាពដែលខ្ញុំចេញមុខតវ៉ាទាមទារសិទ្ធិសេរីភាព ការទាមទារសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ការចូលរូមការពារព្រៃឈើ និងការទាមទារភាពអយុត្តិធម៌នានា ខ្ញុំតែងតែជួបហានីភ័យខ្លាំងណាស់តាមរយៈការគំរាមកំហែងពីមន្រ្តីសមត្ថកិច្ច និងក្រុមឈ្មួញ ឬជនខិលខូចដែលតែងតែកាប់បផ្លាញព្រៃឈើ»។
បើទោះបីជាមានឧបសគ្គច្រើនបែបនេះក្ដី អ្នកស្រីមិនបានរុញរាចំពោះឧត្តមគតិក្នុងការចូលរួមការពារព្រៃឈើ ដីធ្លី និងបញ្ហាអយុត្តិធម៌ផ្សេងៗទៀតទេ។ អ្នកស្រីនៅតែមានជំហររឹងមាំក្នុងការបន្តដំណើរទៅមុខទៀតជាមួយនឹងការជួយលើកទឹកចិត្តពលរដ្ឋនៅក្នុងមូលដ្ឋាន និងពលរដ្ឋដែលជាជនជាតិដើមភាគតិចជាច្រើននៅក្នុងខេត្តមណ្ឌលគិរី។
សព្វថ្ងៃនេះ អ្នកស្រី និងអ្នកភូមិ៤នាក់ផ្សេងទៀត ត្រូវបានក្រុមឈ្មួញប្ដឹងទៅសាលាដំបូងខេត្តមណ្ឌលគិរីក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ, បទចោទប្រមូលផ្ដុំមនុស្សតវ៉ាដោយខុសច្បាប់ និងបទចោទ បំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិឯកជន»។
អ្នកស្រីនៅមានរឿងក្ដីនៅតុលាការ និងបន្តទាមទារឱ្យអាជ្ញាធរជួយចុះបញ្ជីដីព្រៃរបស់សហគមន៍ប្រមាណ ៣០ហិកតាធ្វើជាដីអាស្រ័យផលរួមរបស់សហគមន៍ជនជាតិដើមភាគតិច។ លើសពីនេះអ្នកស្រី ជំរុញឱ្យអាជ្ញាធរទប់ស្កាត់បទល្មើសព្រៃឈើ និងបទល្មើសរំលោភដីធ្លីរបស់រដ្ឋប្រមាណ ៧០ហិកតាធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។
បច្ចុប្បន្ននេះ អ្នកស្រីបានក្លាយជាមេដឹកនាំជនជាតិដើមភាគតិចពូនងប្រចាំខេត្តមណ្ឌលគិរី ព្រោះសមាជិកនៅក្នុងសហគមន៍ជនជាតិដើមភាគតិចខេត្តបានមើលឃើញពីសមត្ថភាពដឹកនាំ និងការយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិច។
អ្នកស្រី ភីរម្យ បានក្លាយជាប្រធានសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីនៅឆ្នាំ២០១៩កន្លងទៅនេះ។ ប្រសិនពលរដ្ឋជនជាតិដើមភាគតិចបានជួបប្រទះបញ្ហាអយុត្តិធម៌អ្វីមួយ អ្នកស្រីតែងតែផ្ដល់ជាយោបល់ និងជួយប្រឹក្សាផ្នែកច្បាប់ ហើយណែនាំអ្នកពួកគាត់ស្វែងរកស្ថាប័នជំនាញជួយដោះស្រាយដោយសន្ដិវិធី។
សកម្មជនរូបនេះ តែងតែបានចូលរួមសិក្សារៀនសូត្រផ្នែកច្បាប់ជាមួយអង្គការសង្គមស៊ីវិលជាច្រើនទាក់ទងការតស៊ូមតិ ការទាមទារសិទ្ធិសេរីភាព និងការទាមទារសមូហភាពនៅក្នុងសហគមន៍ជនជាតិដើមភាគ។ លើសពីនេះ អ្នកស្រីបានធ្វើការបង្រៀន អប់រំក្មេងៗជនជាតិដើមភាគតិចជំនាន់ក្រោយឱ្យបន្តថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជនជាតិដើមភាគតិចឱ្យបានគង់វង្សយូអង្វែង។
លោកស្រី នេត ឆាយ៉ា ចៅសង្កាត់សុខដុម ក្រុងសែនមនោរម្យបានថ្លែងថា លោកស្រីទើបតែឡើងកាន់តំណែងជាចៅសង្កាត់នៅអាណត្តិទី៥នេះ ប៉ុន្ដែលោកស្រីបានស្គាល់អ្នកស្រី ភ្លឹក ភីរម្យ ដែលជាមនុស្សមានឥទ្ធិពលនៅក្នុងចំណោមពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។
លោកស្រីបន្តថា បញ្ហាដីធ្លី និងបទល្មើសព្រៃឈើ នៅបន្តមានកើតឡើងដែរ ប៉ុន្ដែអាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលរួមគ្នាបង្ក្រាបបានជាបន្តបន្ទាប់ដោយមិនមានការលើកលែងទេ។ សំណុំរឿងទាំងអស់នេះ បញ្ហាចាស់ៗដែលនៅមិនទាន់ដោះស្រាយរួចរាល់ ប៉ុន្ដែនៅក្នុងអាណត្តិថ្មីនេះ លោកស្រីនឹងខិតខំប្រឹងប្រែងដោះស្រាយតាមដែលអាចធ្វើទៅបាន។
លោកស្រី ឆាយ៉ា បញ្ជាក់ថា៖ «ខ្ញុំធ្លាប់ធ្វើការងារច្រើនជាមួយ ភីរម្យ ទាក់ទងកិច្ចរដ្ឋបាលនៅតាមមូលដ្ឋាន ប៉ុន្ដែ ភីរម្យ ប្រហែលជាមិនសូវស្គាល់ខ្ញុំច្បាស់ទេ ព្រោះមិនសូវចាប់អារម្មណ៍នឹងខ្ញុំ។ ខ្ញុំគិតថា ភីរម្យ ជាស្រ្តីក្លាហាន ព្រោះគាត់មានការយល់ដឹងច្រើនទាក់ទងកិច្ចការរដ្ឋបាល និងការងារតស៊ូមតិនានា ហើយយើងនឹងជួបគ្នាញឹកញាប់នៅថ្ងៃខាងមុខនេះ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ បានថ្លែងថា ទំនាស់ដីធ្លី និងបទល្មើសព្រៃឈើនៅខេត្ត នៅតែបន្តកើតមានជាហូហែរ ប៉ុន្ដែអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញមានភាពយឺតយ៉ាវក្នុងការបង្រ្កាបបទល្មើស។ ពលរដ្ឋជនជាតិដើមភាគតិច តែងតែចំណាយពេលវេលាផ្ទាល់ខ្លួនរបស់ពួកគាត់ចុះបង្រ្កាបដោយផ្ទាល់។
លោកបន្តថា សកម្មជនដែលឆ្នើមជាងគេ គឺអ្នកស្រី ភ្លឹក ភីរម្យ ដែលជាអ្នកបង្ហាញសកម្មភាពច្រើនជាងគេនៅក្នុងយុទ្ធនាការតស៊ូមតិ និងការទាមទារភាពអយុត្តិធម៌នានាជូនសហគមន៍របស់គាត់។ អ្នកស្រីតែងតែចូលរួមជាមួយអង្គការសង្គមស៊ីវិលតាមរយៈការអប់រំ និងបណ្ដុះបណ្ដាលជនជាតិដើមភាគតិចទាក់ទងសិទ្ធិសេរីភាព និងការតស៊ូមតិទាមទារភាពអយុត្តិធម៌។
លោក ប៊ុណ្ណារ៍ បញ្ជាក់ថា៖ «ខ្ញុំបានស្គាល់អ្នកស្រី ភីរម្យ ជាច្រើនឆ្នាំហើយតាមរយៈការធ្វើការងារនៅក្នុងសង្គមនៅខេត្តមណ្ឌលគីរី ហើយគាត់ជាស្រ្តីក្លាហាន និងចេះជួយដោះស្រាយបញ្ហាពលរដ្ឋនៅក្នុងសហគមន៍របស់គាត់។ ការតស៊ូមតិទាមទារយុត្តិធម៌ផ្សេងៗ គឺគាត់តែងតែនាំមុខគេជានិច្ច ហើយខ្ញុំក៏សូមលើកទឹកចិត្តដល់ស្រ្តីជនជាតិដើមភាគតិចមួយចំនួនទៀត ត្រូវតែក្លាហានតស៊ូមតិគួរយកអ្នកស្រី ភីរម្យ ធ្វើជាគំរូល្អ»៕