យោងតាមរបាយការណ៍ពីការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ប្រជាជនកម្ពុជាប្រមាណ ៥,០៤លាននាក់ជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ។ បំណុលទាំងនេះខ្លះជាលទ្ធផលនៃគម្រោងវិនិយោគដែលបរាជ័យ ដែលធ្វើឲ្យជនរងគ្រោះពិបាកក្នុងការសងប្រាក់កម្ចី ដោយបង្ខំឱ្យពួកគេលក់ទ្រព្យសម្បត្តិ និងធ្វើចំណាកស្រុកដើម្បីធ្វើការ ឬប្រឈមនឹងការបាត់បង់ផ្ទះសម្បែង។
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ទោសអ្នកដែលទទួលខុសត្រូវក៏ដោយ ក៏ជនរងគ្រោះនៅតែបន្តរង់ចាំដំណោះស្រាយ ដែលនឹងបន្ធូរបន្ថយការឈឺចាប់របស់ពួកគេ។
អ្នកស្រី នូច មុំ អាយុ ៥៨ ឆ្នាំ ជាកសិករមកពីខេត្តកំពត បានវិនិយោគជិតប្រាក់ចំនួន ២០ ០០០ម៉ឺនដុល្លារក្នុងគម្រោងមួយជាមួយក្រុមហ៊ុន ពិភពដីមាស ក្នុងឆ្នាំ២០២២។ គាត់បានខ្ចីប្រាក់ពីធនាគារឯកជនមួយសម្រាប់ជួសជុលផ្ទះ។ ក្នុងរយៈពេលប្រាំបួនខែដំបូង គាត់ទទួលបានប្រាក់ចំណេញជាប់លាប់ប្រហែល ៥០០ដុល្លារ ដែលគាត់អាចសល់ប្រាក់ខ្លះដើម្បីចិញ្ចឹមគ្រួសាររបស់គាត់។
យ៉ាងណាមិញ នៅពេលដែលប្រាក់ចំណេញពីការវិនិយោគលែងផ្ដល់ឲ្យ អ្នកស្រី មុំ ប្រឈមនឹង ការសងការប្រាក់ទៅធនាគារ ហើយគាត់ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ ចំណែកកូនរបស់គាត់ត្រូវទៅខេត្តផ្សែងដើម្បីរកប្រាក់សងធនាគារ។
អ្នកស្រីនិយាយថា៖ «កូនខ្ញុំរកលុយបានមិនច្រើនទេ ហើយខ្ញុំត្រូវបង់ការប្រាក់ ៣២៦ដុល្លារក្នុងមួយខែ បញ្ហាគឺគ្មានលុយទិញម្ហូបទេ បើខ្ញុំអត់មានម្ហូបទេ គឺវេទនាណាស់ ម្យ៉ាងគ្មានលុយឲ្យចៅទៅរៀន ថ្ងៃខ្លះមានបាយហូប ហើយថ្ងៃខ្លះក៏អត់»។
ដោយសារតែគ្មានចំណូលទៀងទាត់អ្នកស្រីកើតក្ដីបារម្ភថាធនាគារនឹងរឹបអូសទ្រព្យសម្បត្តិរបស់នាងដែលនាងប្រើជាវត្ថុបញ្ចាំ ដែលធ្វើឲ្យគាត់មានទុក្ខកង្វល់កាន់តែខ្លាំង។ អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងជួយអន្តរាគមន៍ជួយជនរងគ្រោះដែលចាញ់បោកគម្រោងវិនិយោគរបស់អតីតឧកញ៉ា ហេង គឹមហុង។
អ្នកស្រី មុំ និយាយថា៖ « ខ្ញុំចង់ឲ្យសម្ដេចជួយខ្ញុំឲ្យបានលឿន ខ្ញុំវេទនាខ្លាំងណាស់ មេត្តាជួយខ្ញុំដើម្បីរកយុត្តិធម៌ផង ដូច្នេះខ្ញុំអាចចេញផុតពីទុក្ខវេទនានេះ»។
ដើម្បីសងបំណុលធនាគារ អ្នកស្រីមុំកំពុងពិចារណាលក់ដីនិងផ្ទះទំហំជិតមួយហិកតា ប៉ុន្តែដោយសារតែតម្លៃដីទាបពេក អ្នកស្រីកំពុងរារែកចិត្ត។
ករណីស្រដៀងគ្នានេះដែរ ជនរងគ្រោះនៃគម្រោង ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា គឺអ្នកស្រី ពេញ ណារ៉ាន់ អាយុ ៤៥ឆ្នាំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានប្រាប់ សារព័ត៌មានខេមបូចា ថា អ្នកស្រីមិនទាន់បានឮអ្វីទាក់ទងនឹងដំណោះស្រាយជូនជនរងគ្រោះ ឬពេលណាយុត្តិធម៌នឹងត្រូវបានផ្តល់ឡើយ បើទោះជា អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួនក៏ដោយ។
អ្នកស្រី ណារ៉ាន់ បានវិនិយោគជាមួយក្រុមហ៊ុនតាមរយៈប្រាក់ខ្ចីពីធនាគារ។ នាងត្រូវបង់ការប្រាក់ចំនួន ១៤ ០០ដុល្លារ ទៅធនាគារជារៀងរាល់ខែ បន្ទាប់ពីបានខ្ចីប្រាក់ចំនួន ៥០ ០០០ ដុល្លារ ពីធនាគារពីរផ្សេងគ្នា។ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានរៀបចំរចនាសម្ព័ន្ធនៃកម្ចីឡើងវិញ ដោយពន្យារយៈពេលសងបំណុលរបស់នាងដល់ ១០ឆ្នាំ ដោយសារតែនាងមិនអាចបង់ការប្រាក់ខ្ពស់ ហើយការប្រាក់ប្រចាំខែរបស់នាងធ្លាក់ចុះសល់ត្រឹម ៧៥០ដុល្លារ។
ទោះជាយ៉ាងនេះក្តី នាងនៅតែមិនអាចរកលុយបានគ្រប់ចំនួនដើម្បីសងការប្រាក់ទៅធនាគារវិញបានទេ ដោយសារនាងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនល្អ។
អ្នកស្រី ណារ៉ាន់ និយាយថា៖ «វាជារឿងគួរឲ្យសោកស្ដាយដែលប្តីប្រពន្ធត្រូវបែកគ្នាទៅធ្វើការនៅប្រទេសថៃ ប្រសិនបើដំណោះស្រាយបានឆាប់ កម្ចីឯកជន និងកម្ចីធនាគាររបស់ខ្ញុំនឹងត្រូវសងឆាប់ៗ ហើយខ្ញុំកំពុងរង់ចាំដំណោះស្រាយជារៀងរាល់ខែ។ ខ្ញុំហត់នឿយនឹងការរង់ចាំ»។
ការឆបោកនៃគម្រោងវិនិយោគរបស់ ប្រ៊ីលាន ស៊ីធី បានធ្វើឱ្យអ្នកស្រី ណារ៉ាន់ រងសម្ពាធយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាក្នុងនាមជាស្ត្រីមេផ្ទះផង និងជាម្តាយដែលមានកូនប្រុសស្រីចំនួនបីនាក់ផង ហើយអ្នកស្រីជឿជាក់ថា កិច្ចអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទទួលបានជោគជ័យ ហើយយុត្តិធម៌នឹងផ្តល់ដល់ជនរងគ្រោះ។
អ្នកស្រីនិយាយថា៖« ខ្ញុំយំឆ្អែកហើយ ខ្ញុំអង្វរមេធាវីជួយស្វែងរកដំណោះស្រាយ [ព្រោះ] ប្រជាជនយើងកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់»។
នៅពេលទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននិយាយយ៉ាងខ្លីថា គាត់ពិបាកផ្តល់ព័ត៌មាន ដោយសារសំណុំរឿងខ្លះពាក់ព័ន្ធនឹង ហេង គឹមហុង កំពុងស្ថិតក្នុងនីតិវិធីនៅឡើយ។
សារព័ត៌មានខេមបូចា ក៏បានព្យាយាមទាក់ទងទៅក្រុមហ៊ុនពិភពដីមាស ប៉ុន្តែលេខទូរសព្ទដែលមាននៅលើទំព័រហ្វេសប៊ុក របស់ពួកគេមិនអាចទាក់ទងបានទេ។ ទំព័រហ្វេសប៊ុកក្រុមហ៊ុនក៏បានបង្ហាញផងដែរថា ក្រុមហ៊ុននៅតែបន្តប្រតិបត្តិការ និងកំពុងបង្កើតគម្រោងថ្មី ដោយពួកគេបានរៀបរាប់ថាពួកគេកំពុងស្ថិតក្នុងដំណើរការរៀបចំ និងអភិវឌ្ឍន៍ដោយមានការគាំទ្រ និងការសហការ និងការទទួលខុសត្រូវចំពោះអតិថិជន។

ដោយឡែក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនពិភពដីមាស បានចេញសេចក្តីជូនដំណឹងមួយថា បុគ្គលមួយចំនួនដែលកាន់តំណែងជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ក៏ដូចជាសមាជិកក្រុមទីផ្សាររបស់ពួកគេបង្ហាញការរស់នៅបែបស៊ីវិល័យ។ ពួកគេបានបង្កើតអាជីវកម្មថ្មីនៅខាងក្រៅក្រុមហ៊ុនដែលមិននាំមកនូវផលប្រយោជន៍ណាមួយដល់ក្រុមហ៊ុន។ ក្រុមហ៊ុនពិភពដីមាស លើកឡើងទៀតថា ខ្លួនមិនទទួលខុសត្រូវចំពោះក្រុមហ៊ុនទាំងនោះ ហើយនឹងបន្តស្វែងរកដំណោះស្រាយជូនអតិថិជន។
លោក គី តិច មេធាវីរដ្ឋាភិបាល ដែលជាតំណាងជនរងគ្រោះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានកាលពីខែតុលា ដែលបង្ហោះដោយ Freshnews លោកមានប្រសាសន៍ថា មានជនរងគ្រោះចំនួន ៤ ៩២៩នាក់ ដែលស្ម័គ្រចិត្តស្នើសុំមេធាវីឱ្យតំណាងពួកគេក្នុងសំណុំរឿង អតីតឧកញ៉ា ឡេង ចាន់ណា។
ជាមួយគ្នានេះ អភិបាលរងខេត្តកំពត លោក ង៉ាន់ សារិទ្ធ មានប្រសាសន៍ថា លោកមិនទាន់មានព័ត៌មានលម្អិតអំពីករណី ក្រុមហ៊ុន ពិភពដីមាស នៅឡើយទេ ប៉ុន្តែក្នុងសំណុំរឿងលោក ជា សារ៉ន មានប្រជាពលរដ្ឋជិត ៥ពាន់នាក់ បានដាក់ពាក្យសុំអន្តរាគមន៍ ហើយកំពុងរង់ចាំដំណោះស្រាយទៅតាមស្ថានភាពវិនិយោគរបស់ប្រជាពលរដ្ឋម្នាក់ៗ។
លោក សារិទ្ធ មានប្រសាសន៍ថា៖ «ក្នុងករណីលោក ជា សារ៉ន រដ្ឋបាលខេត្ត និងអ្នកជំនាញកំពុងទទួលពាក្យសុំពីប្រជាពលរដ្ឋ។ ដំណោះស្រាយនឹងធ្វើឡើងបន្ទាប់ពីទទួលបានពាក្យសុំទាំងអស់ពីប្រជាពលរដ្ឋពាក់ព័ន្ធ។ វានឹងត្រូវដោះស្រាយមួយជំហានម្តងៗ»។
ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ស្ថិតនៅក្នុងខេត្តផ្សេងទៀត ដែលមានកិច្ចសន្យាទិញដីនៅខេត្តកំពត ដូច្នេះពួកគេអាចដាក់ពាក្យសុំអន្តរាគមន៍ និងទទួលបានដំណោះស្រាយនៅរដ្ឋបាលខេត្តកំពត។
ពាក់ព័ន្ធនឹងករណីឆបោកនៃគម្រោងវិនិយោគរបស់អតីតឧកញ៉ានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធានាឲ្យបានថា ជនរងគ្រោះទទួលបានយុត្តិធម៌ ដូចជាការចេញដីកាចាប់ខ្លួន និងឃុំខ្លួនជនល្មើស ទូទាត់សំណងដល់ជនរងគ្រោះ និងផ្តន្ទាទោសជនល្មើសតាមច្បាប់។
លោក ប៉ែន សុជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រុមហ៊ុនដែលចុះបញ្ជីនៅក្រសួងក្លាយជានីតិបុគ្គល ប៉ុន្តែអាជ្ញាបណ្ណសំណង់ ឬអាជីវកម្មក្រោមវិស័យអចលនទ្រព្យត្រូវបានគ្រប់គ្រងដោយស្ថាប័នឯកទេស។
ដូច្នេះ លោកមិនមានព័ត៌មានទាក់ទងនឹងបញ្ហាដីធ្លីទេ។ លោកបានបន្ថែមថា៖ «អ្នកអាចសួរស្ថាប័នជំនាញដែលបានចេញអាជ្ញាបណ្ណ»។
កាលពីថ្ងៃទី១១ ខែសីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឃុំខ្លួនបណ្តោះអាសន្នលោក គឹម ហុង ប្រធានក្រុមប្រឹក្សាភិបាល ពិភពដីមាស និងបក្ខពួក៥នាក់នៅពន្ធនាគារPJ បន្ទាប់ពីការិយាល័យព្រះរាជអាជ្ញាបានបញ្ចប់ការស៊ើបអង្កេត។
សន្តិសុខប្រាំបីនាក់ត្រូវបានដោះលែងដោយហេតុផលថា ពួកគេមិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយឡើយ។ លោក គឹមហុង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងសំណុំរឿងវិនិយោគដីធ្លីដដែល លោក ជា សារ៉ន ត្រូវបានចាប់ខ្លួនកាលពីខែមេសា បន្ទាប់ពីមានពាក្យបណ្តឹងប្តឹងលោក និងសហការីដោយពលរដ្ឋប្រមាណ ២ ០០០គ្រួសារ។ លោកត្រូវបានចោទប្រកាន់ពីបទឆបោកដោយមានស្ថានទម្ងន់ទោស ហើយបញ្ជូនទៅពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី២៧ ខែមេសា។
លោក អំ សំអាត នាយកប្រតិបត្តិការនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់ សារព័ត៌មានខេមបូចា ថា រដ្ឋាភិបាលបានអន្តរាគមន៍ករណីឆបោកដីធ្លីរួចហើយ រួមទាំងការផ្តល់មេធាវីដើម្បីការពារជនរងគ្រោះតាមច្បាប់។ ទោះជាយ៉ាងណា វានឹងត្រូវចំណាយពេលមួយរយៈពេលដែលសំណុំរឿងនេះស្ថិតនៅក្នុងតុលាការ។ ករណីនេះក៏ធំដែរ ព្រោះមានជនរងគ្រោះច្រើន ហើយអាចស្មុគស្មាញ។
លោក សំអាត មានប្រសាសន៍ថា ៖ «ដំណើរការត្រូវការពេលវេលា ដូច្នេះជនរងគ្រោះត្រូវរង់ចាំដំណោះស្រាយ។ ខណៈរង់ចាំដំណោះស្រាយ ជនរងគ្រោះអស់សង្ឃឹម និងព្រួយបារម្ភក្នុងការសងប្រាក់កម្ចីធនាគារ»។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលអាចជំរុញឱ្យតុលាការដោះស្រាយសំណុំរឿងនេះឱ្យបានលឿន ខណៈដែលជនរងគ្រោះកំពុងរង់ចាំដំណោះស្រាយ ហើយមិនអាចព្រងើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួនចំពោះធនាគារ។ សមាជិកគ្រួសារជាច្រើនបានធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាងដើម្បីធ្វើការ ឬបង្ខំកូនៗរបស់ពួកគេឱ្យឈប់រៀន ដើម្បីជួយគ្រួសាររកប្រាក់ចំណូលបន្ថែម។
លោក សំអាត និយាយថា៖ «ខ្ញុំគិតថា ក្រៅតែពីការជួយអន្តរាគមន៍ក្នុងប្រព័ន្ធតុលាការ រដ្ឋាភិបាលគួរតែពិចារណាតាមវិធីសាស្រ្តក្រៅប្រព័ន្ធតុលាការដើម្បីជួយជនរងគ្រោះ»។
នៅខេត្តសៀមរាប អ្នកភូមិជាច្រើននាក់របស់អ្នកស្រី ណារ៉ាន់ រួមទាំងប្តីរបស់គាត់បានចាកចេញពីផ្ទះទៅធ្វើការនៅប្រទេសថៃ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុ និងសងប្រាក់កម្ចីធនាគាររបស់ពួកគេ។ ខណៈពេលដែលមនុស្សមានកម្លាំងពេញធ្វើចំណាកស្រុកដើម្បីរកប្រាក់ ហើយមនុស្សចាស់ភាគច្រើននៅចាំផ្ទះ។
នៅពេលសួរថាហេតុអ្វីបានជាអ្នកស្រីវិនិយោគលើកិច្ចព្រមព្រៀងដីនោះ អ្នកស្រីបាននិយាយថាគឺដោយសារអ្នកស្រីមានជំនឿលើ «បុគ្គលមានឥទ្ធិពល» ក្នុងក្រុមហ៊ុនវិនិយោគ។
អ្នកស្រី ណារ៉ាន់ បានបន្ថែមថា៖ «ដោយសារក្រុមហ៊ុននេះដំណើរការដោយអ្នកមានឥទ្ធិពល ខ្ញុំមិនគិតថាវាជាការបោកប្រាស់ទេ។ ខ្ញុំបានបាត់បង់លុយដែលខ្ញុំបានខ្ចីពីធនាគារ។ ទាំងប្រាក់កម្ចីរបស់ធនាគារ និងឯកជនបានធ្វើឱ្យខ្ញុំមានការធុញទ្រាន់យ៉ាងខ្លាំង ហើយខ្ញុំចង់បញ្ចប់ជីវិតរបស់ខ្ញុំ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Land Investment Scam Victims Struggle with Debts, Plead for Government Solution