សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន ម៉ាណែត ទំនងយកគំរូវោហាសាស្ត្រនយោបាយតាមឪពុករបស់លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី២០ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី២០ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ចាប់តាំង​ពី​ត្រូវ​បានបោះឆ្នោត​គាំ​ទ្រ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​ធ្នូ ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​តែ​មួយ​គត់​របស់​គណបក្ស​កាន់​អំណាច​នេះមក លោក ហ៊ុន ម៉ាណែត កាន់​តែ​បង្ហាញ​មុខ​ជា​សាធារណៈ ដោយ​ជំនួស​​ឪពុក​របស់​លោកក្នុង​ព្រឹត្តិ​ការណ៍​នានា រាប់​ចាប់​តាំង​​ពី​ការ​សម្ពោធ​អគារ​យោធា រហូត​ដល់​ការ​បើក​សម្ភោធ​ផ្លូវ​។

លោក ម៉ាណែត ដែល​ជា​កូ​ន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បច្ចុប្បន្ន​ជា​មេ​បញ្ជា​ការ​កង​ទ័ពជើងគោក បង្ហាញមុខជាញឹកញាប់ក្នុងការ​ថ្លែង​សុន្ទរ​កថា​នៅ​តាម​មណ្ឌល​សុខ​ភាព វត្ត​អារាម និង​សាលា​រៀនជាដើម។ ដូច​ទៅ​​ឪពុក​​របស់​លោក​​ដែរ លោក​​តែង​​សង្កត់​​ធ្ងន់​​ពី​​សារៈ​សំខាន់​​នៃ​​ការ​​បោះ​ឆ្នោត​​ជ្រើស​រើស​​អ្នក​​ដែល​​អាច​​​ធានា​សន្តិ​ភាព​​ក្នុង​​ប្រទេស ដែល​​នេះជាវោ​ហា​សាស្ត្រ​​នយោបាយ​​របស់​​លោក ហ៊ុន សែន។

លោក ម៉ាណែត កោត​សរសើរ​ឪពុក​របស់​លោក ដោយ​ថាលោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ដែល​បាន​បង្ហាញ​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​ដំណាក់​កាល​ផ្សេងៗ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ហើយ​ឪពុករបស់លោកផ្ទុយ​ពី «អ្នក​នយោបាយ​ជ្រុល​និយម​» ដែល​លោកថា​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា ការ​រើស​អើង និង​ការ​ស្អប់​ខ្ពើម​នៅ​ក្នុង​សង្គម​​ឡើយ។

លោក​បាន​ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​ថា ៖ «​​អរគុណ​សន្តិ​ភាព! ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​តេជោ ហ៊ុន សែន… កាតព្វ​កិច្ច​របស់កម្លាំង​យោធា​គឺ​ការពារ​ប្រមុខ​រដ្ឋា​ភិបាល​»​ ពាក្យ​ថា « អ្នក​នយោ​បាយ​ជ្រុល​និយម​»​​​ ត្រូវ​បាន​គេ​ប្រើ​ជា​ទូ​ទៅ សំដៅ​លើ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការកំពូល ។

លោក ហ៊ុន ម៉ា​ណែត អគ្គ​មេ​បញ្ជា​ការ​រង នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ បន្ទាប់ពីចូល​រួម​ពិធី​បែបសាសនានៅ​វត្ត​មួយ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​។​ រូប​ភាព​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន ម៉ា​ណែត

​ លោក ម៉ាណែត ត្រូវ​បាន​ដំឡើងតំណែង​​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​។​ ក្រៅ​ពី​តួ​នាទី​ជា​មេបញ្ជាការកង​ទ័ពជើងគោក លោក​ក៏​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ​។​

អ្នក​វិភាគ​នយោ​បាយ លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​វោហារ​សាស្ត្រ​របស់​លោក ម៉ាណែត ដូច​​ឪពុក​លោក ដោយ​សារ​តែ​មនោគម​វិជ្ជា​ទាំង​អស់​រប​ស់លោក ហ៊ុន សែន បាន​គ្រប​ដណ្តប់​មក​លើ​គ​ណ​បក្ស​ប្រជាជនកម្ពុជា​​។​

លោក​បាន​មាន​ប្រសាសន៍​ថា​៖​ « លោក ហ៊ុន ម៉ាណែត ជា​អ្នក​ចេះ​ដឹង គួរ​តែ​ចេះ​បង្កើត​នូវ​រូប​ភាព​មួយ​ដែល​ច្បាស់​លាស់​ជា​របស់​ខ្លួន​ផ្ទាល់ មិន​មែន​ជា​របស់​ឪពុក​របស់​គាត់​ឡើយ​» លោក​​បន្ត​ទៀត​​ថា ជា​​ឧទាហរណ៍ លោក ម៉ាណែត អាច​​បង្កើត​​គោលការណ៍ដែលអំ​ណោយ​ផល​​ដល់​​ការ​​អភិវឌ្ឍ​​ពេញ​លេញ​​របស់​​យុវជន​​ជំនាន់​​ក្រោយ​។ 

លោក​បាន​លើក​ឡើង​ថា ៖ «គាត់​អាច​កំណត់​ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន ឱ្យ​លើក​យក​បញ្ហា​សង្គម​ដែល​កំពុង​ជួប​ប្រទះ មក​ជជែក​ពិភាក្សា​ដេញ​ដោល​យ៉ាង​សកម្ម​ជា​មួយ​ពួក​គេ ដើម្បី​រួម​គ្នា​បង្កើត​ជា​គំនិត​​ច្បាស់​លាស់​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ ហើយ​ធ្វើ​ដោយ​របៀប​ណា​»

លោក ម៉ុង ហៃ មាន​ប្រសាសន៍​ថា ជា​ជាង​បិទ​មតិ​រិះ​គន់​រដ្ឋា​ភិបាល លោក ម៉ា​ណែត គួរ​តែ​អំពាវ​នាវ​ដល់​យុវជន​ចូល​រួម​ក្នុង​នយោ​បាយ ដើម្បី​អភិវឌ្ឍន៍​គំនិត និង​សកម្មភាព​របស់​រាជ​រដ្ឋា​ភិបាល​។​

លោក​បាន​បន្ត​ថា ៖ «គាត់​អាច​អំពាវ​នាវ​ដល់​យុវជន និង​ជន​រួម​ជាតិ​ទាំង​អស់ ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​រដ្ឋា​ភិបាល​របស់​លោក ដើម្បី​អនុវត្តន៍​គោល​នយោ​បាយ​ទាំង​នោះ ដែល​ជា​គំនិត​របស់​ពួក​គេ​ផ្ទាល់​។ ​ ដោយលោកបន្ថែមថា៖ «នៅ​ពេល​ដែលបញ្ញវ័ន​ទាំង​អស់​មាន​ការ​ងារ​ពេញ​លេញ ធ្វើ​ការ​រួម​គ្នា​ដោយ​សេរី​ភាព វា​មាន​ន័យ​ថាជា​សន្តិភាព ការ​អភិវឌ្ឍ ​វិបុល​ភាព សាម​គ្គី​ភាព ស្អិត​រមួត និង​ឯក​ភាព​ជាតិ​ហើយ»​​

កាល​​ពី​​ដើម​​ខែ​​ធ្នូ លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ប្រកាស​​ថា លោក ម៉ាណែត នឹង​​ក្លាយ​​ជា​​បេក្ខជន​​នាយក​រដ្ឋ​មន្ត្រី ហើយ​​​លោក​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ឪពុក​របស់​លោក ។ នា​ចុង​​ខែ​​នោះ លោក ម៉ាណែត ត្រូវ​​បាន​​គណៈ​កម្មា​ធិការ​​កណ្តាល​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​គាំ​ទ្រ​​ជា​​ឯកច្ឆ័ន្ទ​​ជា​​បេក្ខជន​​នាយក​​រដ្ឋ​មន្ត្រី​​សម្រាប់អនាគត​។​

បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក​ West Point លោក ម៉ាណែត ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ ជា​ពិសេស​ទំនាក់​ទំនង​យោធា​។

កាល​ពី​ខែ​កុម្ភៈ លោក​បាន​ជួប​ជា​មួយ​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោពល​ភូមិន្ទ​ថៃ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភា​គី​រវាង​កង​កម្លាំង​យោធា​ទាំង​ពីរ​។ នៅ​ក្នុង​ខែ​ដដែល លោក​ក៏​បាន​ទៅ​ទស្សនា​អង្គភាព​ឆ័ត្រ​យោង និង​សាលា​កង​កម្លាំង​ស្វ័យ​ការពារ​របស់​ប្រទេស​ជប៉ុន ហើយ​បាន​ជួប​ជា​មួយ​មេ​ដឹក​នាំ​ជប៉ុន​មួយ​ចំនួន រួម​ទាំង​រដ្ឋ​មន្ត្រី​ការ​បរទេស និងនាយក​រដ្ឋ​មន្ត្រី  គីស៊ីដា ហ្វូមីអូ។

លោក ហ៊ុន ម៉ា​ណែត អគ្គ​មេ​បញ្ជា​ការ​​រង នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ ចូល​រួម​ពិធី​សំ​ណេះ​សំ​ណាល នៅ​សាលា​យោធា​ភូមិ​ភាគ ខេត្ត​កំពង់​ស្ពឺ។ រូបភាព​ពី​ទំព័រ​ហ្វេស​ប៊ុក​លោក ហ៊ុន ម៉ា​ណែត

ប៉ុន្តែ​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា អំពើ​ពុក​រលួយ ជម្លោះ​ដី​ធ្លី និង​ការ​គាប​សង្កត់​ផ្នែក​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​តែជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​របស់​ប្រទេស​​។

ប្រធាន​កម្ម​វិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹម​ហុង មាន​ប្រសាសន៍​ថា ​យុវជន​ត្រូវ​ការ​គោល​​នយោបាយ​ទំ​នើប ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ និង​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​របស់​សង្គម ។

លោក ហ៊ុន សែន ជា​រឿយៗ​ផ្តោត​ទៅ​លើ​ថ្ងៃ ៧ មករា ដែល​ជា​ខួប​នៃ​ការ​ផ្តួល​រំ​លំ​របប​ខ្មែរ​ក្រហម នៅ​ក្នុង​សុន្ទរ​កថា​របស់​លោក ហើយ លោក ម៉ា​ណែត បាន​បន្ទរ​នូវ​វោហា​សាស្ត្រ​នេះ​។

លោក គឹម​ហុង ​បានបន្ថែមថា ការ​និយាយ​អំពី​តម្រូវ​ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេប្រសើរជាង​ការលើក​យក​តែរឿងអតីតកាល ។

លោក​​បាន​​បន្ត​​ថា​​៖ «​​សម្រាប់​​យុវជន​​ពេល​​និយាយ​​ដល់​ [​​គោល​​គំនិត​​] ថ្ងៃ​ ៧ មករា វា​​ដូច​​ជា​​ការ​​ប្រាប់​​រឿង​ព្រេង​​មួយ​​ដែល​​យើង​​មិន​​ធ្លាប់​​ឃើញ​​។ ​បញ្ហា​សង្គម​នា​ពេល​បច្ចុប្បន្ន​ខុស​ពី​ពេល​មុន​ៗ យើង​​ត្រូវ​​ការ​​ប្រកួត​​ប្រជែង​ថ្នាក់​​អន្តរ​ជាតិ និង​​ថ្នាក់​​តំបន់​»

លោក ឯម សុវណ្ណា​រ៉ា អ្នក​វិភាគ​នយោ​បាយ​បាន​និយាយ​ថា អ្នក​​នយោ​បាយ​ថ្មី​ចាំ​បាច់​ត្រូវ​មាន​ទស្សនៈ​នយោ​បាយ​ថ្មី​ដែល​ជា​ផ្នែក​នៃ​អត្ត​សញ្ញាណ​របស់​ពួក​គេ​។

លោក​​បាន​​បន្ត​​ថា​​៖​ «នៅ​​ពេល​​ពួក​គេ​​បន្ត​​ប្រើ​​សារ​​នយោ​បាយ​​ចាស់ ឬ​​វិធី​​ដែល​​បង្កើត​​ដោយ​​មនុស្ស​​ជំនាន់​​មុន ដែល​​ប្រជា​ប្រិយ​ភាព​​របស់​​ពួក​គេ​​បាន​ធ្លាក់​​ចុះ​ ពួក​គេ​​នឹង​​មិន​​ជោគ​ជ័យ​​ក្នុង​​ការ​​ប្រកួត​ប្រជែង​​នយោ​បាយ​​ឡើយ​​»។​ លោកបន្ថែមថា៖ «​យើង​មើល​ឃើញ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា អ្នក​ស្នង​តំណែង​របស់ CPP ត្រូវ​តែ​បង្កើត​អ្វី​ដែល​ថ្មី ដើម្បី​ទាក់​ទាញ ឬ​ទទួល​បាន​ការ​គាំទ្រ ជា​ពិសេស​អ្នក​បោះ​ឆ្នោត​ជំនាន់​ក្រោយ​»

គួរ​រំឮក​ដែល​ថា កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៤៤​%​។ ប៉ុន្មាន​ខែ​ក្រោយ​មក ប្រធាន​គណបក្ស លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ក្បត់​ជាតិ ដែល​គេ​ជឿ​ថា​ជា​រឿង​នយោ​បាយ ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលា​ការ​កំពូល ​ដែល​សមាជិក​ជាង ១០០​នាក់ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោ​បាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។

លោក សុវណ្ណា​រ៉ា បាន​​និយាយ​​ថា យុវជន​​ជំនាន់​​ក្រោយ​​ចង់​​ឃើញ​​សារ​​នយោ​បាយ​​ដែល​​ឆ្លើយ​តប​​នឹង​​តម្រូវ​ការ​​របស់​​ពួក​គេ​។​

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «​​បញ្ហា​សេដ្ឋ​កិច្ច បញ្ហា​ការងារ បញ្ហា​សន្តិ​សុខ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ នឹង​ក្លាយ​ជា​សារ​ដ៏​មាន​សក្តា​នុ​ពល [​ដើម្បី​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​] ជា​ជាង​គ្រាន់​តែ​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​នូវ​គោល​នយោ​បាយ ៧ មករា​»។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណ​បក្ស​នយោ​បាយ​ទាំង​អស់​តែង​តែ​លើក​យក​សមិទ្ធិ​ផល​របស់​ខ្លួន​មក​ផ្សព្វ​ផ្សាយ​ជូន​សាធារណ​ជន ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ ហើយ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​ត្រូវ​តែ​អនុវត្តន៍​តាម​សារ​នយោ​បាយ និង​គោល​នយោ​បាយ​របស់​គណ​បក្ស​។​

លោក បានបន្តថា៖ «មនុស្ស​ជំនាន់​មុន​បាន​បន្សល់​ទុក​នូវ​មរតក និង​បទ​ពិសោធន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​យើងខិតខំជ្រើស​រើស​អ្នក​ស្នង​តំណែង​ដែល​មាន​សមត្ថភាព​ [លោក ​ហ៊ុន ម៉ា​ណែ​ត​]​ ។ ​យើងមិនធ្វើ​ដើម្បីតម្រូវចិត្ត​នរណា​ម្នាក់​ឡើយ យើង​​ធ្វើ​​តាម​​គោល​​ការណ៍​​របស់​​គណ​បក្ស​»​។​

លោក ឥសាន បានបន្ថែមថា៖ «​យើង​​មិន​​មែន​​មាន​​តែ​​សមិទ្ធិ​ផល ​​៧​​មករា​​ទេ។ [​យើង​] បន្ត​​លើក​​កម្ពស់​​សមិទ្ធិ​ផលជាច្រើន​ផ្សេង​​ទៀត ដែល​​បម្រើ​​ផល​​ប្រយោជន៍​​ប្រជា​ជន និង​​ប្រទេស​​ជាតិ​»​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Like father like son, Hun Manet appears to model Hun Sen’s political rhetoric

1,236 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម