គណបក្សភ្លើងទៀនបានលើកឡើងថា អាជ្ញាធរមូលដ្ឋានបានបង្ខំឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួនផ្តិតមេដៃគាំទ្រលើញត្តិថ្កោលទោសលោក សម រង្ស៊ី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកាន់សមាជិកគណបក្សភ្លើងទៀតឲ្យថ្កោលទោសលោក សម រង្ស៊ី បើមិនដូច្នេះ គណបក្សនេះអាចប្រឈមនឹងការរំលាយ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ គណបក្សភ្លើងទៀន បានបដិសេធការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ស្របពេលដែលមេឃុំចំនួនពីរនាក់ក្នុងចំណោមមេឃុំចំនួនបួននាក់របស់គណបក្សសមរង្ស៊ី បាននិយាយថាអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យខ្លួនផ្ដិតមេដៃលើលិខិតថ្កោលទោសលោក សម រង្ស៊ី។ ចំណែកមេឃុំទីបីបដិសេធធ្វើអត្ថាធិប្បាយ ខណៈមេឃុំទីបួនមិនអាចទាក់ទងបាន។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងថាក្រុមប្រឹក្សាឃុំរបស់ខ្លួនស្ថិតក្រោមការគំរាមកំហែងពីអាជ្ញាធរស្រុក បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ កន្លងទៅ។
លោកថ្លែងថា៖ «យើងទទួលបានព័ត៌មានថាមានការចុះគំរាមកំហែងសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្សភ្លើងទៀនស្ទើរទូទាំងប្រទេសឲ្យផ្តិតមេដៃលើលិខិតថ្កោលទោស»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខែមិថុនា កន្លងទៅ គណបក្សភ្លើងទៀនបានឈ្នះតំណែងមេឃុំចំនួន ៤ ខណៈគណបក្សប្រជាជនកម្ពុជាឈ្នះបាន ១ ៦៤៨ ឃុំ-សង្កាត់។ គណបក្សភ្លើងទៀនឈ្នះបានអាសនៈក្រុមប្រឹក្សាបានជាង ២ ០០០រូប ខណៈគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈក្រុមប្រឹក្សាចំនួន ៩ ៣៧៦រូប។
លោក សេដ្ឋា មានប្រសាសន៍ថា គណបក្សនឹងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន។
លោកបន្តថា៖ «ខ្ញុំសូមជំរាបថា ការដែលបង្ខិតបង្ខំនេះជាការខុសច្បាប់ហើយ ហើយយើងនឹងសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃដើម្បីទប់ស្កាត់កំឲ្យមានការគំរាមកំហែបបែបនេះ គេ [អាជ្ញាធរ] ត្រូវគោរពឆន្ទៈរបស់បុគ្គលម្នាក់ៗ មិនត្រូវប្រើអំណាចគំរាមគេបានទេ» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានគណបក្សភ្លើងទៀនថាអាចប្រឈមនឹងការរំលាយបើមានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី។ លោក សម រង្ស៊ី ជាស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ និងគណបក្សសម រង្ស៊ី ផងដែរ ដែលក្រោយមកប្ដូរជាគណបក្សភ្លើងទៀនកាលពីឆ្នាំ២០១៨។
ការលើកឡើងអំពីគណបក្សភ្លើងទៀនបែបនេះ គឺបន្ទាប់ពីសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយបានកំណត់ថាគណបក្សនយោបាយនឹងខុសច្បាប់ បើសិនជាគណបក្សនោះដឹកនាំដោយអ្នកដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋ។ លោក សម រង្ស៊ី ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើនករណី ដែលអ្វីទាំងនេះ លោក សម រង្ស៊ី ចាត់ទុកថាជារឿងនយោបាយ។
លោកនាយរដ្ឋមន្ត្រីថ្លែងថា៖ «សមាជិកគណបក្សភ្លើងទៀន គួរចាកចេញពីគណបក្សឲ្យបានឆាប់ដើម្បីកុំឲ្យមានបញ្ហា»។ លោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យមេដឹកនាំគបក្សភ្លើងទៀនថ្កោលទោសលោក សម រង្ស៊ី បន្ទាប់ពីលោកបានហៅព្រះមហាក្សត្រថា «ជន់ក្បត់ជាតិ»។
នៅប៉ុន្មានសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី បានវាយប្រហារលើលោក សម រង្ស៊ី យ៉ាងខ្លាំង និងបានហៅគាត់ថាជាជនក្បត់ជាតិ គំរាមចាប់ខ្លួនបើសិនបើចូលមកកម្ពុជា និងចោទប្រកាន់លោក សម រង្ស៊ី ថាបានជេរប្រមាថព្រះមហាក្សត្រ។
នៅថ្ងៃព្រហស្បតិ៍ លោក សេដ្ឋា មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់គណបក្សមិនមែនធ្វើឡើងតាមការព្រមានរបស់លោកនាយករដ្ឋមន្ត្រីទេ តែជាការបំភ្លឺទៅសាធារណជនថាគណបក្សមិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ប៉ុណ្ណោះ។
លោកបន្តថា៖ «យើងមិនស្ថិតក្រោមសម្ពាធ ហើយយើងមិនខ្លាចអ្វីទេ យើងមិនមែនបញ្ជាក់ជំហតែជាមួយនាយករដ្ឋមន្ត្រី យើងក៏ត្រូវបញ្ជាក់ជំហជាមួយប្រជាពលរដ្ឋផងដែរ ដើម្បីការពារស្ថាប័នព្រះមហាក្សត្រ និងរបបរាជានិយម»។
បើតាមសេចក្ដីថ្លែងការណ៍ គណបក្សភ្លើងទៀន៖ «ធ្វើសេចក្ដីសម្រេចនានាដោយផ្អែកលើការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតក្រោមការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬគណបក្សណាឡើយ»។
ដោយមិនបានបញ្ចេញឈ្មោះ លោក សម រង្ស៊ី នៅក្នុងខ្លឹមសារ គណបក្សបាននិយាយថា ខ្លួនគោរពព្រះរាជតួនាទីរបស់ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ សេចក្ដីថ្លែងការណ៍បន្តថា៖ «គណបក្សភ្លើងទៀនថ្កោលទោសចំពោះបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់ព្រះមហាក្សត្រ និងរបបរាជានិយម»។
ឆ្លើយតមនឹងសំណួររបស់ខេមបូចាអំពីសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន លោក សម រង្ស៊ី មានប្រសាសន៍ថា៖ «គណបក្សនយោបាយមានសិទ្ធិពេញលេញលើជំហររបស់ពួកគេចំពោះប្រធានបទណាមួយ»។
កាលពីថ្ងៃពុធ លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន កំពុងគំរាមកំហែងរំលាយគណបក្សភ្លើងទៀន ព្រោះលោក ហ៊ុន សែន ខ្លាច «គណបក្សប្រឆាំងដែលធំជាងគេ ហើយគាត់កំពុងតែរកលេសបង្អាក់ការលូតលាស់របស់គណបក្សនេះ»។
ពេលសួរថាតើលោក ឬសមាជិកគណបក្សសង្គ្រោះជាតិណាមួយមានទំនាក់ទំនងជាមួយសមាជិកគណបក្សភ្លើងទៀនដែរទេ លោក សម រង្ស៊ី បានបដិសេធឆ្លើយសំណួរនេះ។ លោកបានឆ្លើយថា៖ «ហេតុអ្វីខ្ញុំត្រូវឆ្លើយសំណួរនេះ? សម្រាប់ Scotland Yard ឬសម្រាប់ KGB?»។
មិនមែនបង្ខំ តែជាការ «ស្ម័គ្រចិត្ត»
លោក យ៉ាប់ យ៉ូត មេឃុំទើបជាប់ឆ្នោតថ្មីរបស់កណបក្សភ្លើងទៀន នៅឃុំក្រយា ខេត្តកំពង់ធំបានឲ្យដឹងថា អាជ្ញាធរប្រាប់ក្រុមប្រឹក្សាឃុំចំនួនបួនរបស់គណបក្សភ្លើងទៀនឲ្យផ្តិតមេដៃលើលិខិតថ្កោលទោសលោក សម រង្ស៊ី។
លោកបន្តថា៖ «ខ្ញុំមិនទាន់បានសម្រេចចិត្តនៅឡើយ ប៉ុន្តែខ្ញុំប្រហែលជាត្រូវធ្វើ ពីព្រោះថាបើមិនធ្វើ នោះមានន័យថាខ្ញុំគាំទ្រលោក សម រង្ស៊ី»។ លោកបន្ថែមថា៖ «គណបក្ស[ភ្លើងទៀន] មិនតម្រូវឲ្យយើងធ្វើបែបនេះទេ ប៉ុន្តែយើង ជាមន្ត្រីថ្នាក់ក្រោម មិនអាចជំទាស់ទេ»។
លោក យ៉ូត បន្តថា លោកនៅតែស្មោះត្រង់នឹងគណបក្សភ្លើងទៀន។ លោកថា៖ «ខ្ញុំមិនចូលជាមួយគណបក្សផ្សេងទេ…ខ្ញុំសុខចិត្តលាឈប់ និងនៅផ្ទះវិញ»។
មេឃុំគណបក្សភ្លើងទៀនផ្សេងទៀតនៅក្នុងឃុំដូង លោក ពឹង សុខហន់ បានឲ្យដឹងថា ញត្តិ ប្រឆាំងលោក សម រង្ស៊ី គឺរៀបចំដោយអាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក។ លោក សុខហន់ បានបន្តថា ក្រុមប្រឹក្សាឃុំដូងពីគណបក្សភ្លើងទៀនផ្សេងទៀតបានផ្ដិតមេដៃរួចហើយ។
លោកបន្តថា៖ «គេបានហៅខ្ញុំទៅជួប និងបានប្រាប់ឲ្យខ្ញុំប្តេជ្ញាចិត្ត គាំទ្ររដ្ឋាភិបាល និងធ្វើតាមរដ្ឋាភិបាល»។ លោកបានបន្ថែមថា៖ «ខ្ញុំត្រូវតែធ្វើបែបនេះ បើខ្ញុំមិនធ្វើខ្ញុំនឹងមានទោស ដោយការមិនស្ដាប់បញ្ជារដ្ឋាភិបាល»។
អភិបាលស្រុកប្រាសាទបល្ល័ង្ក លោក វណ្ណ សុផានិត បានឲ្យដឹងថាមិនមានការបង្ខិតបង្ខំទេ តែគឺជាការ «ស្ម័គ្រចិត្ត»។ លោកបន្ថែមថាក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀនទាំងអស់ក្នុងស្រុកបានយល់ព្រមផ្ដិតមេដៃហើយ។
ញត្តិមួយដែលខាងខេមបូចាទទួលបាន និងចុះកាលបរិច្ឆេទកាលពីថ្ងៃពុធ បានបង្ហាញពីការគាំទ្ររបស់ក្រុមប្រឹក្សាទាំងប្រាំរូបរបស់គណបក្សភ្លើងទៀននៅឃុំដូង។ ញត្តិនោះបានថ្កោលទោសលោក សម រង្ស៊ី ថាជា «ជនក្បត់ជាតិបីជំនាន់» ដែលជាឃ្លាលោកនាយករដ្ឋមន្ត្រីបានប្រើ និងបានផ្សព្វផ្សាយជាសាធារណៈដោយស្ថាប័នរដ្ឋាភិបាល ថ្នាក់ដឹកនាំខាងសាសនា និងយោធា ដែលសុទ្ធតែបានថ្កោលទោសលោក សម រង្ស៊ី។ ក្នុងញត្តិនោះបានបង្ហាញការគាំទ្រដល់លោក ហ៊ុន សែន ក្នុងការ «កម្ទេច» ក្រុមប្រឆាំងដែលជាគូប្រជែង។
ក្នុងញត្តិសរសេថា៖ «យើងសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ទៅលើជនក្បត់ជាតិបីជំនាក់ និងបក្សពួកដែលបានចូលរួមគាំទ្រប្រមាថព្រះមហាក្សត្រ ដោយមិនអាចលើកលែងបាន»។ ញត្តិសរសេរទៀតថា៖ «យើងទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកំចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ បីជំនាន់ឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Local Officials Press Candlelight Councilors to Censure Rainsy